១ ធីម៉ូថេ 5:1-8
១ ធីម៉ូថេ 5:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កុំស្តីបន្ទោសមនុស្សចាស់ឡើយ តែត្រូវដាស់តឿនគាត់ទុកដូចជាឪពុក ហើយមនុស្សដែលក្មេងជាងអ្នក ត្រូវទុកដូចជាប្អូន ស្ត្រីចាស់ៗ ទុកដូចជាម្តាយ ស្ត្រីដែលក្មេងជាងអ្នក ទុកដូចជាប្អូន ដោយចិត្តបរិសុទ្ធទាំងស្រុង។ ត្រូវគោរពស្ត្រីមេម៉ាយ ដែលពិតជាស្ត្រីមេម៉ាយ មែន តែបើស្ត្រីមេម៉ាយណាមានកូន ឬមានចៅ ត្រូវឲ្យកូនចៅទាំងនោះរៀនបំពេញករណីយកិច្ចដល់ក្រុមគ្រួសាររបស់ខ្លួន ហើយចេះសងគុណឪពុកម្តាយ ដ្បិតធ្វើដូច្នេះ ទើបព្រះសព្វព្រះហឫទ័យ។ រីឯស្ត្រីណាដែលពិតជាមេម៉ាយ ហើយនៅតែម្នាក់ឯង ស្ត្រីនោះសង្ឃឹមលើព្រះតែប៉ុណ្ណោះ ក៏ព្យាយាមក្នុងការទូលអង្វរ និងអធិស្ឋានទាំងយប់ទាំងថ្ងៃ តែស្ត្រីមេម៉ាយណាដែលគិតតែពីស្រើបស្រាល ទោះបើនៅរស់ក៏ដោយ ក៏ឈ្មោះថាស្លាប់ដែរ។ ចូរបង្គាប់សេចក្ដីទាំងនេះ ដើម្បីកុំឲ្យគេមានកន្លែងបន្ទោសបាន។ បើអ្នកណាមិនផ្គត់ផ្គង់ញាតិសន្តានរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន អ្នកនោះឈ្មោះថាបានបោះបង់ចោលជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
១ ធីម៉ូថេ 5:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កុំស្ដីបន្ទោសមនុស្សចាស់តឹងរ៉ឹងពេក តែត្រូវទូន្មានគាត់ទុកដូចជាឪពុក ត្រូវទូន្មានក្មេងៗទុកដូចជាប្អូន ទូន្មានស្ត្រីចាស់ៗទុកដូចជាម្ដាយ និងស្ត្រីក្មេងៗទុកដូចជាប្អូន ដោយចិត្តបរិសុទ្ធទាំងស្រុង។ ត្រូវជួយស្ត្រីមេម៉ាយណាដែលគ្មានទីពឹង។ ប្រសិនបើស្ត្រីមេម៉ាយណាមានកូន ឬមានចៅ ត្រូវឲ្យកូនចៅទាំងនោះរៀនបំពេញករណីយកិច្ចរបស់ខ្លួនចំពោះក្រុមគ្រួសារ និងចេះសងគុណឪពុកម្ដាយ ធ្វើដូច្នេះ ទើបបានគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ចំពោះស្ត្រីមេម៉ាយណាដែលគ្មានទីពឹង រស់នៅតែម្នាក់ឯង ស្ត្រីមេម៉ាយនោះសង្ឃឹមលើព្រះជាម្ចាស់ ហើយព្យាយាមទូលអង្វរ និងអធិស្ឋាន*ទាំងយប់ ទាំងថ្ងៃ។ រីឯស្ត្រីមេម៉ាយណាដែលគិតតែពីស្រើបស្រាល ថ្វីដ្បិតតែនៅរស់ក៏ដោយ ក៏ហាក់ដូចជាស្លាប់ដែរ។ អ្នកត្រូវដាស់តឿននាងតាមសេចក្ដីទាំងនេះ ដើម្បីកុំឲ្យនាងមានកំហុស។ អ្នកណាមិនរវល់ថែទាំសាច់ញាតិរបស់ខ្លួន ជាពិសេស មិនថែទាំអ្នកដែលនៅក្នុងក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ អ្នកនោះបានក្បត់ជំនឿរបស់ខ្លួន ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
១ ធីម៉ូថេ 5:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យស្តីបន្ទោសដល់មនុស្សចាស់ៗឡើយ ចូរទូន្មានគាត់ទុកដូចជាឪពុកចុះ ហើយមនុស្សដែលក្មេងជាងអ្នក នោះទុកដូចជាប្អូនវិញ ឯស្ត្រីចាស់ៗទុកដូចជាម្តាយ ហើយពួកស្ត្រីដែលក្មេងជាងអ្នក ទុកដូចជាប្អូនដែរ ដោយសេចក្ដីបរិសុទ្ធសព្វគ្រប់ ចូរគោរពដល់ពួកស្ត្រីដែលពិតជាមេម៉ាយមែន តែបើស្រីមេម៉ាយណាមានកូនចៅ នោះត្រូវឲ្យកូនចៅនោះរៀនឲ្យចេះគោរពប្រតិបត្តិ ដល់ពួកផ្ទះខ្លួនជាដើម ទាំងសងគុណឪពុកម្តាយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យយ៉ាងដូច្នោះ រីឯស្ត្រីណាដែលពិតជាមេម៉ាយ ហើយនៅតែឯង នោះសង្ឃឹមតែដល់ព្រះ ក៏ព្យាយាមក្នុងសេចក្ដីទូលអង្វរ នឹងសេចក្ដីអធិស្ឋានទាំងយប់ទាំងថ្ងៃ តែមេម៉ាយណាដែលនៅតែស្រើបស្រាល នោះទោះបើរស់នៅក៏ដោយ ក៏ឈ្មោះថាស្លាប់ហើយ ចូរហាមគេពីសេចក្ដីទាំងនេះ ដើម្បីកុំឲ្យគេមានកន្លែងបន្ទោសបានឡើយ បើមានអ្នកណា ដែលមិនផ្គត់ផ្គង់ឲ្យពួកញាតិសន្តានខ្លួន គឺឲ្យពួកអ្នកផ្ទះខ្លួនជាដើម អ្នកនោះឈ្មោះថាបានបោះបង់ចោលសេចក្ដីជំនឿហើយ ក៏អាក្រក់ជាងមនុស្សដែលមិនបានជឿទៅទៀត