១ ធីម៉ូថេ 5:1-16
១ ធីម៉ូថេ 5:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កុំស្តីបន្ទោសមនុស្សចាស់ឡើយ តែត្រូវដាស់តឿនគាត់ទុកដូចជាឪពុក ហើយមនុស្សដែលក្មេងជាងអ្នក ត្រូវទុកដូចជាប្អូន ស្ត្រីចាស់ៗ ទុកដូចជាម្តាយ ស្ត្រីដែលក្មេងជាងអ្នក ទុកដូចជាប្អូន ដោយចិត្តបរិសុទ្ធទាំងស្រុង។ ត្រូវគោរពស្ត្រីមេម៉ាយ ដែលពិតជាស្ត្រីមេម៉ាយ មែន តែបើស្ត្រីមេម៉ាយណាមានកូន ឬមានចៅ ត្រូវឲ្យកូនចៅទាំងនោះរៀនបំពេញករណីយកិច្ចដល់ក្រុមគ្រួសាររបស់ខ្លួន ហើយចេះសងគុណឪពុកម្តាយ ដ្បិតធ្វើដូច្នេះ ទើបព្រះសព្វព្រះហឫទ័យ។ រីឯស្ត្រីណាដែលពិតជាមេម៉ាយ ហើយនៅតែម្នាក់ឯង ស្ត្រីនោះសង្ឃឹមលើព្រះតែប៉ុណ្ណោះ ក៏ព្យាយាមក្នុងការទូលអង្វរ និងអធិស្ឋានទាំងយប់ទាំងថ្ងៃ តែស្ត្រីមេម៉ាយណាដែលគិតតែពីស្រើបស្រាល ទោះបើនៅរស់ក៏ដោយ ក៏ឈ្មោះថាស្លាប់ដែរ។ ចូរបង្គាប់សេចក្ដីទាំងនេះ ដើម្បីកុំឲ្យគេមានកន្លែងបន្ទោសបាន។ បើអ្នកណាមិនផ្គត់ផ្គង់ញាតិសន្តានរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន អ្នកនោះឈ្មោះថាបានបោះបង់ចោលជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។ ស្ត្រីមេម៉ាយដែលត្រូវកត់ចូលក្នុងបញ្ជី ត្រូវមានអាយុហុកសិបឆ្នាំឡើងទៅ ហើយធ្លាប់មានប្តីតែមួយប៉ុណ្ណោះ គាត់ត្រូវមានគេធ្វើបន្ទាល់ពីអំពើល្អ ជាស្ត្រីដែលបានចិញ្ចឹមអប់រំកូន ទទួលអ្នកដទៃដោយរាក់ទាក់ លាងជើងពួកបរិសុទ្ធ ជួយទុក្ខធុរៈអ្នកមានទុក្ខលំបាក ហើយយកចិត្តទុកដាក់ប្រព្រឹត្តអំពើល្អគ្រប់បែបយ៉ាង។ តែចំពោះស្ត្រីមេម៉ាយដែលក្មេងជាងនេះ មិនត្រូវកត់ចូលក្នុងបញ្ជីឡើយ ដ្បិតនៅពេលពួកនាងមានចិត្តស្រើបស្រាល ពួកនាងនឹងឃ្លាតចេញពីព្រះគ្រីស្ទ ហើយចង់រៀបការទៀត ដូច្នេះ ពួកនាងត្រឡប់ជាមានទោស ព្រោះបានបំពានសេចក្ដីសន្យាពីមុន។ មួយវិញទៀត ពួកនាងទម្លាប់នៅដៃទំនេរ ទាំងដើរពីផ្ទះមួយទៅផ្ទះមួយ ហើយមិនត្រឹមតែនៅដៃទំនេរប៉ុណ្ណោះ គឺថែមទាំងនិយាយប៉ប៉ាច់ប៉ប៉ោច ហើយបេះបួយ ក៏និយាយសេចក្ដីដែលមិនគួរនិយាយ។ ដូច្នេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយដែលនៅក្មេងរៀបការទៅ ដើម្បីបង្កើតកូន ហើយគ្រប់គ្រងផ្ទះសំបែងរបស់ខ្លួន កុំឲ្យអ្នកប្រឆាំងមានឱកាសនឹងនិយាយបង្ខូច។ ដ្បិតមានពួកនាងខ្លះបានងាកបែរទៅតាមអារក្សសាតាំងរួចទៅហើយ។ ប្រសិនបើស្ដ្រីណាជាអ្នកជឿ មានសាច់ញាតិដែលជាស្ត្រីមេម៉ាយ ត្រូវឲ្យនាងជួយទំនុកបម្រុងស្ត្រីមេម៉ាយទាំងនោះ មិនត្រូវឲ្យក្រុមជំនុំមានបន្ទុកឡើយ ធ្វើដូច្នេះ ដើម្បីឲ្យក្រុមជំនុំអាចជួយដល់អ្នកដែលជាស្ត្រីមេម៉ាយពិតប្រាកដ។
១ ធីម៉ូថេ 5:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កុំស្ដីបន្ទោសមនុស្សចាស់តឹងរ៉ឹងពេក តែត្រូវទូន្មានគាត់ទុកដូចជាឪពុក ត្រូវទូន្មានក្មេងៗទុកដូចជាប្អូន ទូន្មានស្ត្រីចាស់ៗទុកដូចជាម្ដាយ និងស្ត្រីក្មេងៗទុកដូចជាប្អូន ដោយចិត្តបរិសុទ្ធទាំងស្រុង។ ត្រូវជួយស្ត្រីមេម៉ាយណាដែលគ្មានទីពឹង។ ប្រសិនបើស្ត្រីមេម៉ាយណាមានកូន ឬមានចៅ ត្រូវឲ្យកូនចៅទាំងនោះរៀនបំពេញករណីយកិច្ចរបស់ខ្លួនចំពោះក្រុមគ្រួសារ និងចេះសងគុណឪពុកម្ដាយ ធ្វើដូច្នេះ ទើបបានគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ចំពោះស្ត្រីមេម៉ាយណាដែលគ្មានទីពឹង រស់នៅតែម្នាក់ឯង ស្ត្រីមេម៉ាយនោះសង្ឃឹមលើព្រះជាម្ចាស់ ហើយព្យាយាមទូលអង្វរ និងអធិស្ឋាន*ទាំងយប់ ទាំងថ្ងៃ។ រីឯស្ត្រីមេម៉ាយណាដែលគិតតែពីស្រើបស្រាល ថ្វីដ្បិតតែនៅរស់ក៏ដោយ ក៏ហាក់ដូចជាស្លាប់ដែរ។ អ្នកត្រូវដាស់តឿននាងតាមសេចក្ដីទាំងនេះ ដើម្បីកុំឲ្យនាងមានកំហុស។ អ្នកណាមិនរវល់ថែទាំសាច់ញាតិរបស់ខ្លួន ជាពិសេស មិនថែទាំអ្នកដែលនៅក្នុងក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ អ្នកនោះបានក្បត់ជំនឿរបស់ខ្លួន ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។ ស្ត្រីដែលអ្នកត្រូវរាប់បញ្ចូលទៅក្នុងបញ្ជីស្ត្រីមេម៉ាយ តោងមានអាយុពីហុកសិបឆ្នាំឡើងទៅ ហើយធ្លាប់មានប្ដីតែមួយប៉ុណ្ណោះ។ គាត់ត្រូវមានឈ្មោះថាបានប្រព្រឹត្តអំពើល្អ គឺបានអប់រំចិញ្ចឹមកូនចៅ បានទទួលភ្ញៀវ បានលាងជើងជូនប្រជាជនដ៏វិសុទ្ធ* បានជួយធុរៈអ្នកដែលមានទុក្ខលំបាក និងយកចិត្តទុកដាក់ ប្រព្រឹត្តអំពើល្អសព្វបែបយ៉ាង។ ចំពោះស្ត្រីមេម៉ាយដែលនៅក្មេងវិញ កុំចុះក្នុងបញ្ជីឡើយ ដ្បិតនៅពេលដែលនាងស្រើបស្រាលចង់បានប្ដីទៀតនោះ នាងមុខជាដាច់ចេញពីព្រះគ្រិស្តមិនខាន ហើយបណ្ដាលឲ្យខ្លួនមានទោស ដោយផ្ដាច់ពាក្យដែលខ្លួនបានសន្យាពីមុន។ មួយវិញទៀត ពួកនាងមិនធ្វើការអ្វីទេ គឺមានទម្លាប់ដើរពីផ្ទះមួយទៅផ្ទះមួយ។ ពួកនាងមិនគ្រាន់តែអត់ធ្វើអ្វីប៉ុណ្ណោះទេ គឺថែមទាំងនិយាយប៉ប៉ាច់ប៉ប៉ោច និយាយបេះបួយ និងនិយាយពីការផ្សេងៗដែលមិនត្រូវនិយាយ។ ហេតុនេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយ ដែលនៅក្មេងរៀបការសាជាថ្មី ឲ្យមានកូនចៅ និងមើលការខុសត្រូវក្នុងផ្ទះរបស់ខ្លួនទៅ ដើម្បីកុំឲ្យអ្នកប្រឆាំងមានឱកាសចាប់កំហុសឡើយ ដ្បិតមាននាងខ្លះបានឃ្លាតចាកពីមាគ៌ាល្អ បែរទៅតាមមារ*សាតាំងរួចទៅហើយ។ ប្រសិនបើស្ត្រីម្នាក់ ដែលជាអ្នកជឿ មានស្ត្រីមេម៉ាយខ្លះក្នុងក្រុមញាតិរបស់គាត់ គាត់ត្រូវជួយទំនុកបម្រុងនាងទាំងនោះផង មិនត្រូវទុកឲ្យក្រុមជំនុំ*ពិបាកផ្គត់ផ្គង់នាងឡើយ ធ្វើដូច្នេះ ក្រុមជំនុំអាចនឹងជួយទំនុកបម្រុងស្ត្រីមេម៉ាយដែលគ្មានទីពឹង។
១ ធីម៉ូថេ 5:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កុំឲ្យស្តីបន្ទោសដល់មនុស្សចាស់ៗឡើយ ចូរទូន្មានគាត់ទុកដូចជាឪពុកចុះ ហើយមនុស្សដែលក្មេងជាងអ្នក នោះទុកដូចជាប្អូនវិញ ឯស្ត្រីចាស់ៗទុកដូចជាម្តាយ ហើយពួកស្ត្រីដែលក្មេងជាងអ្នក ទុកដូចជាប្អូនដែរ ដោយសេចក្ដីបរិសុទ្ធសព្វគ្រប់ ចូរគោរពដល់ពួកស្ត្រីដែលពិតជាមេម៉ាយមែន តែបើស្រីមេម៉ាយណាមានកូនចៅ នោះត្រូវឲ្យកូនចៅនោះរៀនឲ្យចេះគោរពប្រតិបត្តិ ដល់ពួកផ្ទះខ្លួនជាដើម ទាំងសងគុណឪពុកម្តាយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យយ៉ាងដូច្នោះ រីឯស្ត្រីណាដែលពិតជាមេម៉ាយ ហើយនៅតែឯង នោះសង្ឃឹមតែដល់ព្រះ ក៏ព្យាយាមក្នុងសេចក្ដីទូលអង្វរ នឹងសេចក្ដីអធិស្ឋានទាំងយប់ទាំងថ្ងៃ តែមេម៉ាយណាដែលនៅតែស្រើបស្រាល នោះទោះបើរស់នៅក៏ដោយ ក៏ឈ្មោះថាស្លាប់ហើយ ចូរហាមគេពីសេចក្ដីទាំងនេះ ដើម្បីកុំឲ្យគេមានកន្លែងបន្ទោសបានឡើយ បើមានអ្នកណា ដែលមិនផ្គត់ផ្គង់ឲ្យពួកញាតិសន្តានខ្លួន គឺឲ្យពួកអ្នកផ្ទះខ្លួនជាដើម អ្នកនោះឈ្មោះថាបានបោះបង់ចោលសេចក្ដីជំនឿហើយ ក៏អាក្រក់ជាងមនុស្សដែលមិនបានជឿទៅទៀត ចូរឲ្យកត់ចុះក្នុងបញ្ជីមេម៉ាយ ចំពោះតែឈ្មោះស្ត្រីណា ដែលមានអាយុពី៦០ឆ្នាំឡើងទៅលើប៉ុណ្ណោះ ហើយដែលបានមានប្ដីតែមួយផង ត្រូវមានគេធ្វើបន្ទាល់ពីការល្អរបស់ស្ត្រីនោះដែរ បើបានចិញ្ចឹមកូន ទទួលអ្នកដទៃឲ្យស្នាក់ លាងជើងពួកបរិសុទ្ធ ជួយដោះទុក្ខ ដល់ពួកអ្នកដែលមានសេចក្ដីវេទនា បើបានឧស្សាហ៍តាមគ្រប់ទាំងការល្អ នោះទើបចុះបាន ឯស្រីមេម៉ាយដែលក្មេងជាង នោះមិនត្រូវទទួលទេ ដ្បិតបើកាលណាគេកើតមានចិត្តរឹងទទឹងនឹងព្រះគ្រីស្ទ នោះគេនឹងចង់យកប្ដីទៀត គេនឹងមានទោស ដោយព្រោះបានបោះបង់ចោលសេចក្ដីជំនឿដើម ក៏នឹងទំលាប់នៅដៃទំនេរ ទាំងដើរពីផ្ទះមួយទៅផ្ទះមួយ មិនត្រឹមតែនៅដៃទំនេរតែប៉ុណ្ណោះ គឺមានទាំងមាត់ប៉ប៉ាច់ប៉ប៉ោច ហើយបេះបួយ ក៏និយាយសេចក្ដីដែលមិនគួរគប្បីទៀតផង ដូច្នេះ ខ្ញុំចង់ឲ្យស្រីមេម៉ាយដែលនៅក្មេង បានយកប្ដីទៅ ដើម្បីនឹងបង្កើតកូន ហើយគ្រប់គ្រងនៅទីផ្ទះ ឥតបើកឱកាសឲ្យពួកអ្នក ដែលរករឿង បានត្មះតិះដៀលឡើយ ដ្បិតមានអ្នកខ្លះងាកបែរទៅ តាមអារក្សសាតាំងហើយ បើមានអ្នកជឿណា ទោះប្រុសឬស្រី ដែលមានម្តាយមេម៉ាយ នោះត្រូវជួយផ្គត់ផ្គង់ឲ្យផង កុំឲ្យផ្ទុកលើពួកជំនុំឡើយ ដើម្បីឲ្យពួកជំនុំបានផ្គត់ផ្គង់ដល់ពួកអ្នក ដែលពិតជាមេម៉ាយនោះវិញ។