១ ធីម៉ូថេ 4:6-16
១ ធីម៉ូថេ 4:6-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើអ្នកបង្ហាញសេចក្ដីទាំងនេះ ឲ្យពួកបងប្អូនស្គាល់ នោះអ្នកនឹងធ្វើជាអ្នកបម្រើដ៏ល្អរបស់ព្រះគ្រីស្ទយេស៊ូវ ដែលព្រះបន្ទូលនៃជំនឿ និងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវបានចិញ្ចឹមអ្នក ដោយអ្នកបានកាន់តាម។ កុំរវល់នឹងរឿងព្រេងឥតខ្លឹមសាររបស់ស្ត្រីចាស់ៗឡើយ តែត្រូវបង្ហាត់ខ្លួនខាងឯការគោរពប្រតិបត្តិដល់ព្រះវិញ ដ្បិតការបង្ហាត់ខ្លួនប្រាណមានប្រយោជន៍បន្តិចបន្តួចប៉ុណ្ណោះ តែឯការគោរពប្រតិបត្តិដល់ព្រះ មានប្រយោជន៍គ្រប់ជំពូកទាំងអស់ ក៏មានសេចក្ដីសន្យា ទាំងសម្រាប់ជីវិតនៅបច្ចុប្បន្ន ទាំងសម្រាប់ជីវិតនៅបរលោក។ ពាក្យនេះពិតប្រាកដមែន ហើយគួរទទួលយកទាំងស្រុង។ ដ្បិតគឺដោយហេតុនេះហើយបានជាយើងធ្វើការនឿយហត់ ហើយតយុទ្ធ ព្រោះយើងមានសង្ឃឹមដល់ព្រះដ៏មានព្រះជន្មរស់ ដែលជាព្រះសង្គ្រោះរបស់មនុស្សទាំងអស់ ជាពិសេសរបស់អស់អ្នកដែលជឿ។ ចូរបង្គាប់ ហើយបង្រៀនសេចក្ដីទាំងនេះចុះ។ កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងនោះឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសម្ដី កិរិយាប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងចិត្តបរិសុទ្ធ។ ចូរឧស្សាហ៍អានគម្ពីរ ដាស់តឿន និងបង្រៀនពួកបងប្អូន ទម្រាំខ្ញុំមកដល់។ កុំធ្វេសប្រហែសនឹងអំណោយទានដែលនៅក្នុងអ្នក ជាអំណោយទានដែលអ្នកបានទទួលដោយសារទំនាយ កាលក្រុមប្រឹក្សាចាស់ទុំបានដាក់ដៃលើ។ ចូរយកចិត្តទុកដាក់នឹងសេចក្ដីទាំងនេះ ហើយបំពេញមុខងារនេះចុះ ដើម្បីឲ្យមនុស្សទាំងអស់បានឃើញការរីកចម្រើនរបស់អ្នក។ ចូរប្រុងប្រយ័ត្ននឹងខ្លួនអ្នក ហើយប្រយ័ត្ននឹងសេចក្ដីបង្រៀនរបស់អ្នក ចូរកាន់ខ្ជាប់តាមសេចក្ដីទាំងនេះ ដ្បិតដែលធ្វើដូច្នោះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នក ទាំងពួកអ្នកដែលស្តាប់អ្នកផង។
១ ធីម៉ូថេ 4:6-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បើអ្នកយកសេចក្ដីទាំងនេះទៅពន្យល់បងប្អូន នោះអ្នកពិតជាបម្រើព្រះគ្រិស្តយេស៊ូយ៉ាងល្អប្រសើរ ស្របតាមការអប់រំអំពីជំនឿ និងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ដែលអ្នកបានខិតខំរៀនយ៉ាងដិតដល់នោះមែន។ កុំរវីរវល់នឹងរឿងព្រេងដ៏ឥតខ្លឹមសាររបស់យាយចាស់ៗឡើយ តែត្រូវហាត់គោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ។ ការហាត់ប្រាណមានប្រយោជន៍តែបន្ដិចបន្តួចប៉ុណ្ណោះ រីឯការគោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ មានប្រយោជន៍គ្រប់ចំពូកទាំងអស់ ហើយផ្ដល់ជីវិតនាបច្ចុប្បន្នកាល និងជីវិតទៅអនាគតកាល តាមព្រះបន្ទូលសន្យា។ ពាក្យដូចតទៅនេះគួរឲ្យជឿ សមនឹងទទួលយកទាំងស្រុង គឺថា: យើងធ្វើការនឿយហត់ យើងខំប្រឹងតយុទ្ធ មកពីយើងសង្ឃឹមលើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ព្រះអង្គជាព្រះសង្គ្រោះរបស់មនុស្សលោកទាំងអស់ ជាពិសេសរបស់អ្នកជឿ។ អ្នកត្រូវដាស់តឿន និងបង្រៀនសេចក្ដីទាំងនេះ។ កុំបណ្ដោយឲ្យនរណាមើលងាយអ្នក ព្រោះអ្នកនៅក្មេង ផ្ទុយទៅវិញ ក្នុងការនិយាយស្ដីក្ដី កិរិយាមារយាទក្ដី ចិត្តស្រឡាញ់ក្ដី ជំនឿក្ដី និងចិត្តបរិសុទ្ធក្ដី ត្រូវធ្វើជាគំរូដល់អស់អ្នកជឿ។ ចូរឧស្សាហ៍អានគម្ពីរ ឧស្សាហ៍ដាស់តឿន និងបង្រៀនបងប្អូនកុំខាន ទម្រាំខ្ញុំមកដល់។ កុំធ្វេសប្រហែសនឹងព្រះអំណោយទានដែលស្ថិតនៅក្នុងអ្នក គឺជាព្រះអំណោយទាន ដែលអ្នកបានទទួល ដោយពាក្យដែលគេបានថ្លែងប្រាប់ក្នុងនាមព្រះអម្ចាស់ និងដោយក្រុមព្រឹទ្ធាចារ្យ*បានដាក់ដៃ*លើ ត្រូវយកចិត្តទុកដាក់បំពេញមុខងារនេះ និងព្យាយាមតទៅមុខទៀត ដើម្បីឲ្យគ្រប់គ្នាឃើញថា អ្នកពិតជាបានចម្រើនឡើងមែន។ ត្រូវប្រយ័ត្នប្រយែងលើខ្លួនឯង ប្រយ័ត្នប្រយែងនឹងសេចក្ដីដែលអ្នកបង្រៀន ដោយព្យាយាមធ្វើដូច្នេះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នកផង ទាំងបងប្អូនដែលស្ដាប់អ្នកផង។
១ ធីម៉ូថេ 4:6-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើអ្នកសំដែងសេចក្ដីទាំងនេះ ដល់ពួកបងប្អូនឲ្យស្គាល់ នោះអ្នកនឹងធ្វើជាជំនួយយ៉ាងល្អ របស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបន្ទូលនៃសេចក្ដីជំនឿ នឹងសេចក្ដីបង្រៀនដ៏ល្អ បានចិញ្ចឹមអ្នក ដោយអ្នកបានកាន់តាមស្មោះចំពោះមែន កុំឲ្យព្រមស្តាប់អស់ទាំងរឿងល្បែងរបស់ស្រីចាស់ៗឡើយ ចូរបង្ហាត់ខ្លួនខាងឯសេចក្ដីគោរពប្រតិបត្តិដល់ព្រះវិញ ដ្បិតការបង្ហាត់ខ្លួនប្រាណ នោះមានប្រយោជន៍តែបន្តិចទេ តែសេចក្ដីគោរពប្រតិបត្តិដល់ព្រះ នោះទើបមានប្រយោជន៍គ្រប់ជំពូកវិញ ក៏មានសេចក្ដីសន្យាឲ្យបានជីវិតនៅជាន់ឥឡូវនេះ ហើយទៅខាងនាយផង ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង ដ្បិតគឺដោយហេតុនោះបានជាយើងខ្ញុំខំធ្វើការ ទាំងត្រូវគេត្មះតិះដៀល ពីព្រោះយើងខ្ញុំមានសេចក្ដីសង្ឃឹម ដល់ព្រះដ៏មានព្រះជន្មរស់ ដែលទ្រង់ជាព្រះអង្គសង្រ្គោះនៃមនុស្សទាំងឡាយ មានមនុស្សដែលជឿជាដើម ចូរផ្តាំគេពីសេចក្ដីទាំងនេះ ហើយបង្ហាត់បង្រៀនចុះ កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះនៅក្មេងនោះឡើយ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសំដី កិរិយាប្រព្រឹត្ត សេចក្ដីស្រឡាញ់ សេចក្ដីជំនឿ នឹងសេចក្ដីបរិសុទ្ធ ចូរឧស្សាហ៍មើលគម្ពីរ ហើយទូន្មាន នឹងបង្រៀនគេ ដរាបដល់ខ្ញុំមក កុំឲ្យធ្វេសនឹងអំណោយទាន ដែលសណ្ឋិតលើអ្នក ដែលបានប្រទានមកអ្នកដោយសេចក្ដីទំនាយ ក្នុងកាលដែលពួកចាស់ទុំបានដាក់ដៃលើអ្នកឡើយ ចូរឧស្សាហ៍ប្រព្រឹត្តតាមសេចក្ដីទាំងនោះ ហើយកាន់ខ្ជាប់ផង ដើម្បីឲ្យមនុស្សទាំងឡាយ បានឃើញសេចក្ដីជំនឿនរបស់អ្នក ចូរប្រុងប្រយ័តនឹងខ្លួនអ្នក ហើយនឹងសេចក្ដីបង្រៀន ចូរកាន់ខ្ជាប់តាមសេចក្ដីទាំងនេះ ដ្បិតដែលធ្វើដូច្នោះ នោះអ្នកនឹងសង្គ្រោះខ្លួនអ្នកបាន ព្រមទាំងពួកអ្នកដែលស្តាប់អ្នកផង។