១ ធីម៉ូថេ 4:11-16

១ ធីម៉ូថេ 4:11-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​បង្គាប់ ហើយ​បង្រៀន​សេចក្ដី​ទាំង​នេះ​ចុះ។ កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​អ្នក ដោយ​ព្រោះ​អ្នក​នៅ​ក្មេង​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សម្ដី កិរិយា​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ ជំនឿ និង​ចិត្ត​បរិសុទ្ធ។ ចូរ​ឧស្សាហ៍​អាន​គម្ពីរ ដាស់​តឿន និង​បង្រៀន​ពួក​បង‌ប្អូន ទម្រាំ​ខ្ញុំ​មក​ដល់។ កុំ​ធ្វេស​ប្រហែស​នឹង​អំណោយ‌ទាន​ដែល​នៅ​ក្នុង​អ្នក ជា​អំណោយ​ទាន​ដែល​អ្នក​បាន​ទទួលដោយ​សារ​ទំនាយ កាល​ក្រុម‌ប្រឹក្សា​ចាស់​ទុំ​បាន​ដាក់​ដៃ​លើ។ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ទាំង​នេះ ហើយ​បំពេញ​មុខ​ងារ​នេះ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ទាំ​ងអស់‌បាន​ឃើញ​ការ​រីក​ចម្រើន​របស់​អ្នក។ ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ខ្លួន​អ្នក ហើយ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​អ្នក ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ទាំង​នេះ ដ្បិត​ដែល​ធ្វើ​ដូច្នោះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក ទាំងពួក​អ្នក​ដែល​ស្តាប់​អ្នក​ផង។

ចែក​រំលែក
អាន ១ ធីម៉ូថេ 4

១ ធីម៉ូថេ 4:11-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ត្រូវ​ដាស់‌តឿន និង​បង្រៀន​សេចក្ដី​ទាំង​នេះ។ កុំ​បណ្ដោយ​ឲ្យ​នរណា​មើល‌ងាយ​អ្នក ព្រោះ​អ្នក​នៅ​ក្មេង ផ្ទុយ​ទៅ​វិញ ក្នុង​ការ​និយាយ​ស្ដី​ក្ដី កិរិយា​មារយាទ​ក្ដី ចិត្ត​ស្រឡាញ់​ក្ដី ជំនឿ​ក្ដី និង​ចិត្ត​បរិសុទ្ធ​ក្ដី ត្រូវ​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ជឿ។ ចូរ​ឧស្សាហ៍​អាន​គម្ពីរ ឧស្សាហ៍​ដាស់‌តឿន និង​បង្រៀន​បងប្អូន​កុំ​ខាន ទម្រាំ​ខ្ញុំ​មក​ដល់។ កុំ​ធ្វេស‌ប្រហែស​នឹង​ព្រះ‌អំណោយ​ទាន​ដែល​ស្ថិត​នៅ​ក្នុង​អ្នក គឺ​ជា​ព្រះ‌អំណោយ​ទាន ដែល​អ្នក​បាន​ទទួល ដោយ​ពាក្យ​ដែល​គេ​បាន​ថ្លែង​ប្រាប់​ក្នុង​នាម​ព្រះ‌អម្ចាស់ និង​ដោយ​ក្រុម​ព្រឹទ្ធា‌ចារ្យ*​បាន​ដាក់​ដៃ*​លើ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំពេញ​មុខងារ​នេះ និង​ព្យាយាម​ត​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​គ្រប់​គ្នា​ឃើញ​ថា អ្នក​ពិត​ជា​បាន​ចម្រើន​ឡើង​មែន។ ត្រូវ​ប្រយ័ត្ន‌ប្រយែង​លើ​ខ្លួន​ឯង ប្រយ័ត្ន‌ប្រយែង​នឹង​សេចក្ដី​ដែល​អ្នក​បង្រៀន ដោយ​ព្យាយាម​ធ្វើ​ដូច្នេះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក​ផង ទាំង​បងប្អូន​ដែល​ស្ដាប់​អ្នក​ផង។

ចែក​រំលែក
អាន ១ ធីម៉ូថេ 4

១ ធីម៉ូថេ 4:11-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ផ្តាំ​គេ​ពី​សេចក្ដី​ទាំង​នេះ ហើយ​បង្ហាត់​បង្រៀន​ចុះ កុំ​ឲ្យ​អ្នក​ណា​មើល‌ងាយ​អ្នក ដោយ​ព្រោះ​នៅ​ក្មេង​នោះ​ឡើយ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សំដី កិរិយា​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ សេចក្ដី​ជំនឿ នឹង​សេចក្ដី​បរិសុទ្ធ ចូរ​ឧស្សាហ៍​មើល​គម្ពីរ ហើយ​ទូន្មាន នឹង​បង្រៀន​គេ ដរាប​ដល់​ខ្ញុំ​មក កុំ​ឲ្យ​ធ្វេស​នឹង​អំណោយ​ទាន ដែល​សណ្ឋិត​លើ​អ្នក ដែល​បាន​ប្រទាន​មក​អ្នក​ដោយ​សេចក្ដី​ទំនាយ ក្នុង​កាល​ដែល​ពួក​ចាស់‌ទុំ​បាន​ដាក់​ដៃ​លើ​អ្នក​ឡើយ ចូរ​ឧស្សាហ៍​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ ហើយ​កាន់​ខ្ជាប់​ផង ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ បាន​ឃើញ​សេចក្ដី​ជំនឿន​របស់​អ្នក ចូរ​ប្រុង​ប្រយ័ត​នឹង​ខ្លួន​អ្នក ហើយ​នឹង​សេចក្ដី​បង្រៀន ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ទាំង​នេះ ដ្បិត​ដែល​ធ្វើ​ដូច្នោះ នោះ​អ្នក​នឹង​សង្គ្រោះ​ខ្លួន​អ្នក​បាន ព្រម​ទាំង​ពួក​អ្នក​ដែល​ស្តាប់​អ្នក​ផង។

ចែក​រំលែក
អាន ១ ធីម៉ូថេ 4