១ ធីម៉ូថេ 4:1-10
១ ធីម៉ូថេ 4:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះវិញ្ញាណមានព្រះបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ អ្នកខ្លះនឹងងាកចេញពីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្ដីបង្រៀនរបស់អារក្ស ដោយសារពុតត្បុតរបស់ពួកមនុស្សកុហក ដែលមនសិការរបស់គេស្ពឹក គេហាមប្រាមមិនឲ្យយកប្តីប្រពន្ធ ហើយឲ្យតមអាហារដែលព្រះបានបង្កើតមក ដើម្បីឲ្យអស់អ្នកដែលជឿ និងអស់អ្នកដែលស្គាល់សេចក្ដីពិត បានទទួលដោយអរព្រះគុណ។ ដ្បិតអ្វីៗទាំងអស់ដែលព្រះបានបង្កើតមក សុទ្ធតែល្អទាំងអស់ ហើយមិនត្រូវចោលមួយណាឡើយ ឲ្យគ្រាន់តែទទួលដោយអរព្រះគុណប៉ុណ្ណោះ ព្រោះអាហារទាំងនោះបានញែកជាបរិសុទ្ធ ដោយសារព្រះបន្ទូលរបស់ព្រះ និងសេចក្ដីអធិស្ឋាន។ ប្រសិនបើអ្នកបង្ហាញសេចក្ដីទាំងនេះ ឲ្យពួកបងប្អូនស្គាល់ នោះអ្នកនឹងធ្វើជាអ្នកបម្រើដ៏ល្អរបស់ព្រះគ្រីស្ទយេស៊ូវ ដែលព្រះបន្ទូលនៃជំនឿ និងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវបានចិញ្ចឹមអ្នក ដោយអ្នកបានកាន់តាម។ កុំរវល់នឹងរឿងព្រេងឥតខ្លឹមសាររបស់ស្ត្រីចាស់ៗឡើយ តែត្រូវបង្ហាត់ខ្លួនខាងឯការគោរពប្រតិបត្តិដល់ព្រះវិញ ដ្បិតការបង្ហាត់ខ្លួនប្រាណមានប្រយោជន៍បន្តិចបន្តួចប៉ុណ្ណោះ តែឯការគោរពប្រតិបត្តិដល់ព្រះ មានប្រយោជន៍គ្រប់ជំពូកទាំងអស់ ក៏មានសេចក្ដីសន្យា ទាំងសម្រាប់ជីវិតនៅបច្ចុប្បន្ន ទាំងសម្រាប់ជីវិតនៅបរលោក។ ពាក្យនេះពិតប្រាកដមែន ហើយគួរទទួលយកទាំងស្រុង។ ដ្បិតគឺដោយហេតុនេះហើយបានជាយើងធ្វើការនឿយហត់ ហើយតយុទ្ធ ព្រោះយើងមានសង្ឃឹមដល់ព្រះដ៏មានព្រះជន្មរស់ ដែលជាព្រះសង្គ្រោះរបស់មនុស្សទាំងអស់ ជាពិសេសរបស់អស់អ្នកដែលជឿ។
១ ធីម៉ូថេ 4:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះវិញ្ញាណមានព្រះបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ នឹងមានអ្នកខ្លះបោះបង់ចោលជំនឿ ទៅជាប់ចិត្តនឹងវិញ្ញាណបោកបញ្ឆោត ហើយទៅជាប់ចិត្តនឹងសេចក្ដីប្រៀនប្រដៅរបស់អារក្ស។ គេចាញ់បោកពុតត្បុតរបស់មេបោកប្រាស់។ មនសិការរបស់អ្នកទាំងនោះជាប់ជាខ្ញុំបម្រើរបស់អារក្ស។ ពួកគេហាមប្រាមមិនឲ្យយកប្ដីប្រពន្ធ មិនឲ្យបរិភោគអាហារខ្លះដែលព្រះជាម្ចាស់បានបង្កើតមក ដើម្បីឲ្យអ្នកជឿដែលស្គាល់សេចក្ដីពិតបរិភោគ ទាំងអរព្រះគុណ។ អ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកសុទ្ធតែល្អទាំងអស់ មិនត្រូវចោលណាមួយឡើយ គឺត្រូវទទួល ទាំងអរព្រះគុណវិញ ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពាក្យអរព្រះគុណ បានធ្វើឲ្យអាហារទាំងអស់ទៅជាវិសុទ្ធហើយ។ បើអ្នកយកសេចក្ដីទាំងនេះទៅពន្យល់បងប្អូន នោះអ្នកពិតជាបម្រើព្រះគ្រិស្តយេស៊ូយ៉ាងល្អប្រសើរ ស្របតាមការអប់រំអំពីជំនឿ និងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ដែលអ្នកបានខិតខំរៀនយ៉ាងដិតដល់នោះមែន។ កុំរវីរវល់នឹងរឿងព្រេងដ៏ឥតខ្លឹមសាររបស់យាយចាស់ៗឡើយ តែត្រូវហាត់គោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ។ ការហាត់ប្រាណមានប្រយោជន៍តែបន្ដិចបន្តួចប៉ុណ្ណោះ រីឯការគោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ មានប្រយោជន៍គ្រប់ចំពូកទាំងអស់ ហើយផ្ដល់ជីវិតនាបច្ចុប្បន្នកាល និងជីវិតទៅអនាគតកាល តាមព្រះបន្ទូលសន្យា។ ពាក្យដូចតទៅនេះគួរឲ្យជឿ សមនឹងទទួលយកទាំងស្រុង គឺថា: យើងធ្វើការនឿយហត់ យើងខំប្រឹងតយុទ្ធ មកពីយើងសង្ឃឹមលើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ព្រះអង្គជាព្រះសង្គ្រោះរបស់មនុស្សលោកទាំងអស់ ជាពិសេសរបស់អ្នកជឿ។
១ ធីម៉ូថេ 4:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែព្រះវិញ្ញាណ ទ្រង់មានបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាកចាកចេញពីសេចក្ដីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត នឹងសេចក្ដីបង្រៀនរបស់ពួកអារក្ស ដោយសារពុតមាយារបស់ពួកអ្នក ដែលពោលតែពាក្យកុហក ទាំងមានបញ្ញាចិត្តរលាក ព្រមទាំងហាមប្រាមមិនឲ្យយកប្ដីប្រពន្ធ ហើយឲ្យត្រូវតមអាហារ ដែលព្រះបានបង្កើតមក សំរាប់ពួកអ្នកជឿ នឹងពួកអ្នកដែលស្គាល់សេចក្ដីពិត ឲ្យបានទទួលដោយអរព្រះគុណ ដ្បិតសត្វទាំងអស់ដែលព្រះទ្រង់បង្កើតមក នោះសុទ្ធតែល្អ ហើយមិនត្រូវចោល១ឡើយ ឲ្យគ្រាន់តែទទួលដោយអរព្រះគុណប៉ុណ្ណោះ ដ្បិតបានញែកជាបរិសុទ្ធ ដោយសារព្រះបន្ទូល ហើយសេចក្ដីអធិស្ឋាន។ បើអ្នកសំដែងសេចក្ដីទាំងនេះ ដល់ពួកបងប្អូនឲ្យស្គាល់ នោះអ្នកនឹងធ្វើជាជំនួយយ៉ាងល្អ របស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបន្ទូលនៃសេចក្ដីជំនឿ នឹងសេចក្ដីបង្រៀនដ៏ល្អ បានចិញ្ចឹមអ្នក ដោយអ្នកបានកាន់តាមស្មោះចំពោះមែន កុំឲ្យព្រមស្តាប់អស់ទាំងរឿងល្បែងរបស់ស្រីចាស់ៗឡើយ ចូរបង្ហាត់ខ្លួនខាងឯសេចក្ដីគោរពប្រតិបត្តិដល់ព្រះវិញ ដ្បិតការបង្ហាត់ខ្លួនប្រាណ នោះមានប្រយោជន៍តែបន្តិចទេ តែសេចក្ដីគោរពប្រតិបត្តិដល់ព្រះ នោះទើបមានប្រយោជន៍គ្រប់ជំពូកវិញ ក៏មានសេចក្ដីសន្យាឲ្យបានជីវិតនៅជាន់ឥឡូវនេះ ហើយទៅខាងនាយផង ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង ដ្បិតគឺដោយហេតុនោះបានជាយើងខ្ញុំខំធ្វើការ ទាំងត្រូវគេត្មះតិះដៀល ពីព្រោះយើងខ្ញុំមានសេចក្ដីសង្ឃឹម ដល់ព្រះដ៏មានព្រះជន្មរស់ ដែលទ្រង់ជាព្រះអង្គសង្រ្គោះនៃមនុស្សទាំងឡាយ មានមនុស្សដែលជឿជាដើម