១ ធីម៉ូថេ 1:9-18
១ ធីម៉ូថេ 1:9-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដោយដឹងដូច្នេះថា ក្រឹត្យវិន័យមិនមែនតាំងសម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សទទឹងច្បាប់ និងមនុស្សរឹងចចេស សម្រាប់មនុស្សទមិឡល្មើស និងមនុស្សបាប សម្រាប់មនុស្សមិនបរិសុទ្ធ និងមនុស្សមិនគោរពព្រះ សម្រាប់ពួកអ្នកសម្លាប់ឪពុកម្តាយ មនុស្សសម្លាប់គេ ពួកសហាយស្មន់ ពួករួមសង្វាសនឹងភេទដូចគ្នា ពួកជួញដូរមនុស្ស ពួកភូតកុហក ពួកស្បថបំពាន និងពួកអ្នកដែលប្រព្រឹត្តអ្វីៗផ្សេងទៀត ផ្ទុយនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ស្របតាមដំណឹងល្អដ៏រុងរឿងរបស់ព្រះដ៏មានពរ ជាដំណឹងល្អដែលព្រះផ្ញើទុកនឹងខ្ញុំ។ ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលទ្រង់បានចម្រើនកម្លាំងខ្ញុំ គឺព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង ព្រោះព្រះអង្គបានរាប់ខ្ញុំជាមនុស្សស្មោះត្រង់ ទាំងតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ ទោះបីពីដើមខ្ញុំជាមនុស្សប្រមាថ បៀតបៀន និងជាមនុស្សព្រហើន ក៏ព្រះអង្គអាណិតមេត្តាខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំបានប្រព្រឹត្តដោយល្ងង់ខ្លៅ គ្មានជំនឿ ហើយព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានចម្រើនហូរហៀរដល់ខ្ញុំ ទាំងប្រោសឲ្យខ្ញុំមានជំនឿ និងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។ ពាក្យនេះពិតប្រាកដមែន ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដែលខ្ញុំរូបនេះជាលេខមួយ។ ដោយហេតុនេះ ព្រះមានព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំ ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទ បានសម្តែងព្រះហឫទ័យអត់ធ្មត់របស់ព្រះអង្គក្នុងខ្ញុំ ដែលជាអ្នកលេខមួយនេះ ឲ្យខ្ញុំបានធ្វើជាគំរូដល់អស់អ្នកដែលនឹងជឿដល់ព្រះអង្គ សម្រាប់ជីវិតអស់កល្បជានិច្ច។ សូមព្រះមហាក្សត្រដ៏អស់កល្ប ដែលមានព្រះជន្មមិនចេះសាបសូន្យ ហើយមនុស្សមិនអាចមើលឃើញ ជាព្រះតែមួយព្រះអង្គ បានប្រកបដោយព្រះកិត្តិនាម និងសិរីល្អអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។ ធីម៉ូថេ កូនអើយ ខ្ញុំសូមប្រគល់ពាក្យបណ្ដាំនេះទុកនឹងអ្នក តាមទំនាយដែលបានថ្លែងអំពីអ្នកកាលពីមុន ដើម្បីឲ្យអ្នកបានតយុទ្ធយ៉ាងល្អ ដោយសារសេចក្ដីទាំងនេះ
១ ធីម៉ូថេ 1:9-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងតោងដឹងទៀតថា ក្រឹត្យវិន័យមិនមែនចែងទុក សម្រាប់មនុស្សសុចរិត*ទេ គឺសម្រាប់មនុស្សដែលគ្មានក្រឹត្យវិន័យ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ មនុស្សបាប ពួកអ្នកបំផ្លាញ និងប្រមាថទីសក្ការៈ ពួកអ្នកសម្លាប់ឪពុកម្ដាយ សម្លាប់គេ ពួកប្រាសចាកសីលធម៌ ពួករួមសង្វាសនឹងភេទដូចគ្នា ពួកឈ្មួញមនុស្ស ពួកកុហក ពួកស្បថបំពាន និងពួកអ្នកដែលប្រព្រឹត្តអ្វីៗប្រឆាំងនឹងសេចក្ដីប្រៀនប្រដៅដ៏ត្រឹមត្រូវ ស្របតាមដំណឹងល្អស្ដីអំពីព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង និងសុភមង្គលជាដំណឹងល្អ ដែលព្រះអង្គបានផ្ញើទុកនឹងខ្ញុំ។ ខ្ញុំសូមអរព្រះគុណព្រះគ្រិស្តយេស៊ូជាអម្ចាស់នៃយើង ដែលបានប្រទានកម្លាំងមកខ្ញុំ ព្រះអង្គបានរាប់ខ្ញុំជាមនុស្សគួរឲ្យទុកចិត្ត ហើយតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ។ ទោះបីពីដើមខ្ញុំធ្លាប់ប្រមាថ បៀតបៀន និងប្រព្រឹត្តអំពើឃោរឃៅក៏ដោយ ក៏ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំគ្មានជំនឿ ហើយមិនយល់កិច្ចការដែលខ្ញុំប្រព្រឹត្ត។ ប៉ុន្តែ ព្រះគុណរបស់ព្រះអម្ចាស់នៃយើងមានច្រើនពន់ប្រមាណ ព្រះអង្គប្រោសឲ្យខ្ញុំមានជំនឿ និងមានសេចក្ដីស្រឡាញ់ ដោយរួមក្នុងអង្គព្រះគ្រិស្តយេស៊ូ។ ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថាព្រះគ្រិស្តយេស៊ូបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដូចរូបខ្ញុំនេះជាអាទិ៍។ ព្រះជាម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំដូច្នេះ ដើម្បីឲ្យព្រះគ្រិស្តយេស៊ូសម្តែងព្រះហឫទ័យអត់ធ្មត់គ្រប់ចំពូកដល់ខ្ញុំមុនគេ និងឲ្យខ្ញុំធ្វើជាគំរូដល់អស់អ្នកដែលនឹងជឿលើព្រះអង្គ ហើយទទួលជីវិតអស់កល្បជានិច្ច។ សូមឲ្យព្រះមហាក្សត្រ ដែលគង់នៅអស់កល្បជានិច្ច ជាព្រះជាម្ចាស់តែមួយព្រះអង្គ មានព្រះជន្មមិនចេះសាបសូន្យ ដែលមនុស្សមើលពុំឃើញ បានប្រកបដោយព្រះកិត្តិនាម និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន! ធីម៉ូថេ កូនសម្លាញ់អើយ ខ្ញុំសូមផ្ដាំផ្ញើមកអ្នក ស្របតាមព្រះបន្ទូលដែលគេថ្លែងទុកអំពីអ្នកស្រាប់។ ចូរពឹងផ្អែកលើព្រះបន្ទូលនេះ ដើម្បីពុះពារតយុទ្ធឲ្យបានល្អប្រសើរ
១ ធីម៉ូថេ 1:9-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដោយដឹងថា ក្រិត្យវិន័យមិនមែនតាំងសំរាប់មនុស្សសុចរិតទេ គឺសំរាប់មនុស្សទទឹងច្បាប់ នឹងមនុស្សរឹងចចេស មនុស្សទមិលល្មើស នឹងមនុស្សដែលមានបាប គឺជាមនុស្សមិនបរិសុទ្ធ នឹងមនុស្សមិនរាប់ព្រះ មនុស្សដែលវាយឪពុកម្តាយ នឹងមនុស្សដែលសំឡាប់គេ មនុស្សកំផិត លេងកូនជឹង ចាប់មនុស្សលក់ ភូតកុហក ហើយស្បថបំពានវិញ ព្រមទាំងការអ្វីដែលទាស់ទទឹងនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវដែរ នោះគឺតាមដំណឹងពីសិរីល្អនៃព្រះដ៏មានពរ ជាដំណឹង ដែលផ្ញើទុកនឹងខ្ញុំ។ ខ្ញុំអរព្រះគុណដល់ព្រះ ដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ គឺជាព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ពីព្រោះទ្រង់បានរាប់ខ្ញុំទុកជាស្មោះត្រង់ ទាំងតាំងខ្ញុំឲ្យមានការងារ ដែលពីដើមខ្ញុំជាអ្នកប្រមាថ ធ្វើទុក្ខបៀតបៀន ហើយព្រហើនឈ្លានពាន តែទ្រង់បានអាណិតមេត្តាដល់ខ្ញុំ ពីព្រោះខ្ញុំបានប្រព្រឹត្តដោយខ្លៅល្ងង់ ឥតមានសេចក្ដីជំនឿ តែព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានចំរើនជាបរិបូរហូរហៀរឡើង ព្រមទាំងសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវផង ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ ដោយហេតុនោះបានជាទ្រង់អាណិតមេត្តាដល់ខ្ញុំ ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទបានសំដែងចេញ គ្រប់ទាំងសេចក្ដីអត់ធន់របស់ទ្រង់ក្នុងខ្លួនខ្ញុំ ដែលជាអ្នកលេខ១នោះ ឲ្យខ្ញុំបានធ្វើជាក្បួនដល់ពួកអ្នក ដែលនឹងជឿដល់ទ្រង់ ប្រយោជន៍ឲ្យគេបានជីវិតអស់កល្បជានិច្ច រីឯស្តេចនៃអស់ទាំងកល្ប ដែលទ្រង់មិនចេះសុគត ហើយមើលទ្រង់មិនឃើញ គឺជាព្រះតែ១ព្រះអង្គ នោះសូមឲ្យទ្រង់បានល្បីព្រះនាម នឹងសិរីល្អអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។ ឱធីម៉ូថេ ជាកូនអើយ ខ្ញុំប្រគល់ពាក្យបណ្តាំនេះទុកនឹងអ្នក តាមសេចក្ដីទំនាយដែលបានទាយពីអ្នកជាមុន ដើម្បីឲ្យអ្នកបានច្បាំងជាចំបាំងយ៉ាងល្អ ដោយសារសេចក្ដីទាំងនោះ