១ ធីម៉ូថេ 1:1-10

១ ធីម៉ូថេ 1:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុល ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ តាម​បញ្ជា​របស់​ព្រះ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង និង​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ទី​សង្ឃឹម​នៃ​យើង មក​ដល់​ធីម៉ូថេ ជា​កូន​ដ៏​ពិត​របស់​ខ្ញុំ​ក្នុង​ជំនឿ។ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​សុខ​សាន្ត ពី​ព្រះ ជា​ព្រះ‌វរ‌បិតា និង​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់នៃ​យើង។ កាល​ខ្ញុំ​រៀប​នឹង​ទៅ​ស្រុក​ម៉ា‌សេ‌ដូន ខ្ញុំ​បានសុំ​ឲ្យ​អ្នក​នៅ​តែ​ក្នុង​ក្រុង​អេភេ‌សូរ ដើម្បី​ឲ្យ​បាន​ហាម​ប្រាម​អ្នក​ខ្លះ កុំ​ឲ្យ​បង្រៀន​គោល​លទ្ធិ​ណា​ផ្សេង ឬ​ស្តាប់​តាម​រឿង​ព្រេង និង​ពង្សា‌វតារ ដែល​មិន​ចេះ​អស់​មិន​ចេះ​ហើយ​នោះ​ឡើយ រឿង​ទាំង​នោះ​បង្ក​ឲ្យ​តែ​មាន​ការ​ជជែក​ដេញ​ដោល ជា​ជាង​កិច្ច‌ការ​របស់​ព្រះ​ដែល​យើង​ស្គាល់ដោយ​ជំនឿ។ ហេតុ​ដែល​ហាម​ប្រាម​ដូច្នេះ គឺ​ក្នុង​គោល​បំណង​ចង់​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ដែល​កើត​ពី​ចិត្ត​ស្អាត ពី​មន‌សិការ​ជ្រះ​ថ្លា និង​ពី​ជំនឿ​ដ៏​ស្មោះ​ត្រង់។ អ្នក​ខ្លះ​បាន​បែរ​ចេញ​ពី​សេចក្ដី​នោះ​ទៅ​ហើយ ទាំង​ងាក​ទៅ​រក​ពាក្យ​សម្ដី​ឥត​ប្រយោជន៍ គេ​ចង់​ធ្វើ​ជា​គ្រូ​ខាង​ក្រឹត្យ‌វិន័យ តែ​គេ​មិន​ទាំង​យល់​សេចក្ដី​ដែល​គេ​និយាយ ឬ​សេចក្ដី​ដែល​គេ​ប្រកាន់យក​នោះ​ផង។ រីឯ​យើង​វិញ យើង​ដឹង​ថា ក្រឹត្យ‌វិន័យ​ល្អ​មែន ប្រសិន‌បើ​គេ​ប្រើ​បាន​ត្រឹម​ត្រូវ ដោយ​ដឹង​ដូច្នេះ​ថា ក្រឹត្យ‌វិន័យ​មិន​មែន​តាំង​សម្រាប់​មនុស្ស​សុចរិត​ទេ គឺ​សម្រាប់​មនុស្ស​ទទឹង​ច្បាប់ និង​មនុស្ស​រឹង​ចចេស សម្រាប់​មនុស្ស​ទមិឡ​ល្មើស និង​មនុស្ស​បាប សម្រាប់​មនុស្ស​មិន​បរិសុទ្ធ និង​មនុស្ស​មិន​គោរព​ព្រះ សម្រាប់​ពួកអ្នក​សម្លាប់​ឪពុក​ម្តាយ មនុស្ស​សម្លាប់​គេ ពួក​សហាយ‌ស្មន់ ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ជួញ​ដូរ​មនុស្ស ពួក​ភូត​កុហក ពួក​ស្បថ​បំពាន និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អ្វីៗ​ផ្សេង​ទៀត ផ្ទុយ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ

ចែក​រំលែក
អាន ១ ធីម៉ូថេ 1

១ ធីម៉ូថេ 1:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ ប៉ូល ជា​សាវ័ក​របស់​ព្រះគ្រិស្ត‌យេស៊ូ តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង និង​តាម​បញ្ជា​របស់​ព្រះគ្រិស្ត‌យេស៊ូ ជា​ទី​សង្ឃឹម​នៃ​យើង មក​ដល់​ធីម៉ូថេ ជា​កូន​ដ៏​ពិត​ប្រាកដ​របស់​ខ្ញុំ​ក្នុង​ជំនឿ។ សូម​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា និង​ព្រះគ្រិស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង ប្រទាន​ព្រះ‌គុណ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក។ ខ្ញុំ​បាន​ផ្ដែ‌ផ្ដាំ​អ្នក នៅ​ពេល​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេ‌ដូន​រួច​ហើយ​ថា ចូរ​ស្នាក់​នៅ​ក្រុង​អេភេសូ​នេះ ដើម្បី​ហាម‌ប្រាម​អ្នក​ខ្លះ​កុំ​ឲ្យ​បង្រៀន​គោល‌លទ្ធិ​ណា​ផ្សេង​ទៀត​ឡើយ ហើយ​ក៏​កុំ​ឲ្យ​ជាប់​ចិត្ត​ទៅ​លើ​រឿង​ព្រេង និង​ទៅ​លើ​បញ្ជី​វង្ស​ត្រកូល​ដ៏​វែង​អន្លាយ​នោះ​ដែរ។ រឿង​ទាំង​នេះ​បង្ក​ឲ្យ​តែ​មាន​ការ​ជជែក​វែក​ញែក ជា​ជាង​គិត​អំពី​គម្រោង‌ការ​របស់​ព្រះ‌ជាម្ចាស់ ដែល​យើង​ស្គាល់​តាម​ជំនឿ។ ហេតុ​ដែល​ខ្ញុំ​ឲ្យ​ហាម‌ប្រាម​ដូច្នេះ គឺ​ក្នុង​គោល​បំណង​ចង់​ឲ្យ​គេ​មាន​សេចក្ដី​ស្រឡាញ់​ផុស​ចេញ​ពី​ចិត្ត​បរិសុទ្ធ* ពី​មន‌សិការ​ជ្រះ‌ថ្លា និង​ពី​ជំនឿ​ឥត​ពុត‌ត្បុត។ អ្នក​ខ្លះ​បាន​ងាក​ចេញ​ពី​គោល‌ការណ៍​នេះ ហើយ​ក៏​ត្រូវ​វង្វេង​វង្វាន់ និយាយ​ពាក្យ​សម្ដី​ឥត​ខ្លឹម‌សារ គេ​ចង់​តាំង​ខ្លួន​ជា​អ្នក​ប្រាជ្ញ​ខាង​វិន័យ* តែ​គេ​មិន​យល់​ទាំង​ពាក្យ​ដែល​ខ្លួន​និយាយ ទាំង​សេចក្ដី​ដែល​ខ្លួន​បញ្ជាក់​ថា​ពិត​នោះ​ផង។ យើង​ដឹង​ហើយ​ថា ក្រឹត្យ‌វិន័យ*​ល្អ​ប្រសើរ លុះ​ត្រា​តែ​យើង​ប្រើ​តាម​ក្បួន​ខ្នាត។ យើង​តោង​ដឹង​ទៀត​ថា ក្រឹត្យ‌វិន័យ​មិន​មែន​ចែង​ទុក សម្រាប់​មនុស្ស​សុចរិត*​ទេ គឺ​សម្រាប់​មនុស្ស​ដែល​គ្មាន​ក្រឹត្យ‌វិន័យ មនុស្ស​មិន​ស្ដាប់​បង្គាប់ មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ មនុស្ស​បាប ពួក​អ្នក​បំផ្លាញ និង​ប្រមាថ​ទីសក្ការៈ ពួក​អ្នក​សម្លាប់​ឪពុក‌ម្ដាយ សម្លាប់​គេ ពួក​ប្រាស‌ចាក​សីលធម៌ ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ឈ្មួញ​មនុស្ស ពួក​កុហក ពួក​ស្បថ​បំពាន និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អ្វីៗ​ប្រឆាំង​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​ដ៏​ត្រឹម​ត្រូវ

ចែក​រំលែក
អាន ១ ធីម៉ូថេ 1

១ ធីម៉ូថេ 1:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវក​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ តាម​បង្គាប់​របស់​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង នឹង​ព្រះ‌យេស៊ូវ​គ្រីស្ទ​ដ៏​ជា​ទី​សង្ឃឹម​នៃ​យើង​រាល់​គ្នា ខ្ញុំ​ផ្ញើ​មក​អ្នក​ធីម៉ូថេ ជា​កូន​ពិត​ក្នុង​សេចក្ដី​ជំនឿ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ សេចក្ដី​មេត្តា‌ករុណា នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង ហើយ​អំពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។ កាល​ខ្ញុំ​រៀប​នឹង​ទៅ​ឯ​ស្រុក​ម៉ាសេដូន នោះ​ខ្ញុំ​បាន​សូម​ឲ្យ​អ្នក​នៅ​តែ​ក្នុង​ក្រុង​អេភេសូរ​ចុះ ដើម្បី​ឲ្យ​អ្នក​បាន​ហាម‌ប្រាម​ដល់​អ្នក​ខ្លះ កុំ​ឲ្យ​គេ​បង្រៀន​ពី​សេចក្ដី​ណា​ផ្សេង​ទៀត ឬ​ស្តាប់​តាម​រឿង​ព្រេង នឹង​ពង្សាវតារ ដែល​មិន​ចេះ​អស់​មិន​ចេះ​ហើយ​នោះ​ឡើយ ដែល​រឿង​ទាំង​នោះ​តែង​បង្កើត​ឲ្យ​មាន​សេចក្ដី​ដេញ‌ដោល ជា​ជាង​ចំរើន​ការ​នៃ​ព្រះ​ក្នុង​សេចក្ដី​ជំនឿ ហេតុ​ដែល​ហាម​យ៉ាង​ដូច្នោះ នោះ​គឺ​ប្រយោជន៍​ចង់​ឲ្យ​បាន​សេចក្ដី​ស្រឡាញ់ ដែល​កើត​ពី​ចិត្ត​ស្អាត ពី​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា ហើយ​ពី​សេចក្ដី​ជំនឿ​ដ៏​ស្មោះ‌ត្រង់​វិញ ព្រោះ​អ្នក​ខ្លះ​បាន​ជ្រួស​ចេញ​ពី​សេចក្ដី​នោះ​ទៅ​ហើយ ព្រម​ទាំង​បែរ​ចេញ ទៅ​ខាង​ពាក្យ​សំដី ដែល​ឥត​ប្រយោជន៍​ផង គេ​ចង់​ធ្វើ​ជា​គ្រូ​នៃ​ក្រិត្យ‌វិន័យ តែ​គេ​មិន​ទាំង​យល់​សេចក្ដី​ដែល​គេ​និយាយ ឬ​ពី​សេចក្ដី​ដែល​គេ​ប្រកាន់​នោះ​ផង រីឯ​យើងៗ​ដឹង​ថា ក្រិត្យ‌វិន័យ​ល្អ​មែន បើ​អ្នក​ណា​ប្រើ​តាម​ត្រឹម‌ត្រូវ ដោយ​ដឹង​ថា ក្រិត្យ‌វិន័យ​មិន​មែន​តាំង​សំរាប់​មនុស្ស​សុចរិត​ទេ គឺ​សំរាប់​មនុស្ស​ទទឹង​ច្បាប់ នឹង​មនុស្ស​រឹង‌ចចេស មនុស្ស​ទមិល​ល្មើស នឹង​មនុស្ស​ដែល​មាន​បាប គឺ​ជា​មនុស្ស​មិន​បរិសុទ្ធ នឹង​មនុស្ស​មិន​រាប់​ព្រះ មនុស្ស​ដែល​វាយ​ឪពុក​ម្តាយ នឹង​មនុស្ស​ដែល​សំឡាប់​គេ មនុស្ស​កំផិត លេង​កូន​ជឹង ចាប់​មនុស្ស​លក់ ភូត‌កុហក ហើយ​ស្បថ​បំពាន​វិញ ព្រម​ទាំង​ការ​អ្វី​ដែល​ទាស់​ទទឹង​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម‌ត្រូវ​ដែរ

ចែក​រំលែក
អាន ១ ធីម៉ូថេ 1