១ ថេស្សាឡូនិក 5:6-11
១ ថេស្សាឡូនិក 5:6-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ យើងត្រូវចាំយាម ហើយដឹងខ្លួន មិនត្រូវដេកលក់ដូចជាអ្នកឯទៀតទេ។ ដ្បិតអស់អ្នកដែលដេកលក់ គេតែងដេកនៅពេលយប់ ហើយអស់អ្នកដែលស្រវឹងស្រា ក៏តែងស្រវឹងនៅពេលយប់ដែរ។ ប៉ុន្ដែ យើងដែលជាពួកថ្ងៃ យើងត្រូវដឹងខ្លួន ទាំងយកជំនឿ និងសេចក្ដីស្រឡាញ់មកពាក់ជាអាវក្រោះ ហើយយកសេចក្ដីសង្ឃឹមនៃការសង្គ្រោះ មកពាក់ជាមួកសឹក។ ដ្បិតព្រះមិនបានតម្រូវយើងសម្រាប់សេចក្ដីក្រោធទេ គឺសម្រាប់ឲ្យបានទទួលការសង្គ្រោះវិញ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង ដែលទ្រង់សុគតជួសយើង ដើម្បីឲ្យយើងបានរស់នៅជាមួយព្រះអង្គ ទោះបើយើងនៅរស់ ឬដេកលក់ក្តី។ ដូច្នេះ ចូរលើកទឹកចិត្តគ្នា ហើយស្អាងចិត្តគ្នាទៅវិញទៅមក ដូចដែលអ្នករាល់គ្នាកំពុងតែធ្វើនេះស្រាប់។
១ ថេស្សាឡូនិក 5:6-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ យើងមិនត្រូវដេកលក់ដូចអ្នកឯទៀតៗឡើយ ផ្ទុយទៅវិញ ត្រូវប្រុងស្មារតី ហើយភ្ញាក់ខ្លួនជានិច្ច។ អស់អ្នកដែលដេកលក់តែងដេកលក់នៅពេលយប់ ហើយអស់អ្នកស្រវឹងស្រាក៏តែងស្រវឹងនៅពេលយប់ដែរ។ រីឯយើងដែលមានថ្ងៃនៅក្នុងខ្លួនវិញ យើងត្រូវភ្ញាក់ខ្លួនដោយយកជំនឿ និងសេចក្ដីស្រឡាញ់មកពាក់ធ្វើជាអាវក្រោះ ព្រមទាំងយកសេចក្ដីសង្ឃឹមលើការសង្គ្រោះ មកពាក់ធ្វើជាមួកដែក ដ្បិតព្រះជាម្ចាស់មិនបានតម្រូវឲ្យយើងទទួលទោសឡើយ គឺព្រះអង្គឲ្យយើងទទួលការសង្គ្រោះ ដោយសារព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង បានសោយទិវង្គតសម្រាប់យើង ដើម្បីឲ្យយើងរស់រួមជាមួយព្រះអង្គ ទោះបីយើងនៅរស់ក្ដី ស្លាប់ក្ដី។ ដូច្នេះ ចូរលើកទឹកចិត្តគ្នា និងអប់រំគ្នាទៅវិញទៅមក ដូចបងប្អូនកំពុងតែធ្វើនេះស្រាប់។
១ ថេស្សាឡូនិក 5:6-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ត្រូវឲ្យយើងចាំយាម ហើយដឹងខ្លួន មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ ដ្បិតពួកអ្នកដែលដេកលក់ នោះគេតែងដេកនៅពេលយប់ ហើយពួកអ្នកដែលស្រវឹងស្រា ក៏តែងស្រវឹងនៅពេលយប់ដែរ តែយើងដែលជាពួកនៃថ្ងៃ យើងត្រូវដឹងខ្លួន ទាំងប្រដាប់កាយដោយសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់ ទុកជាប្រដាប់បាំងដើមទ្រូង ហើយសេចក្ដីសង្ឃឹមរបស់ផងសេចក្ដីសង្គ្រោះ ទុកជាមួកសឹក ដ្បិតព្រះទ្រង់មិនបានដំរូវយើង ទុកសំរាប់សេចក្ដីក្រោធទេ គឺសំរាប់ឲ្យបានសេចក្ដីសង្គ្រោះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់សុគតជំនួសយើង ដើម្បីឲ្យយើងរាល់គ្នាបានរស់នៅជាមួយនឹងទ្រង់ ទោះបើចាំយាមឬដេកលក់ក្តី ដូច្នេះ ចូរកំសាន្ត ហើយស្អាងចិត្តគ្នា ទៅវិញទៅមក ដូចជាអ្នករាល់គ្នាកំពុងតែធ្វើហើយនោះដែរ។