១ ថេស្សាឡូនិក 5:2-8
១ ថេស្សាឡូនិក 5:2-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់។ កាលគេកំពុងនិយាយថា «មានសេចក្ដីសុខសាន្តហើយ មានសន្ដិសុខហើយ!» ពេលនោះ នឹងមានមហន្តរាយកើតមានដល់គេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺចាប់នឹងសម្រាល ហើយពុំអាចគេចផុតបានឡើយ។ ប៉ុន្តែ បងប្អូនអើយ អ្នករាល់គ្នាមិននៅក្នុងសេចក្ដីងងឹត ដែលបណ្តាលឲ្យថ្ងៃនោះមកដល់អ្នករាល់គ្នា ដូចជាចោរនោះទេ ដ្បិតអ្នករាល់គ្នាជាកូននៃពន្លឺ និងជាកូននៃថ្ងៃ យើងមិនមែនជាពួកយប់ ឬជាពួកសេចក្តីងងឹតឡើយ។ ដូច្នេះ យើងត្រូវចាំយាម ហើយដឹងខ្លួន មិនត្រូវដេកលក់ដូចជាអ្នកឯទៀតទេ។ ដ្បិតអស់អ្នកដែលដេកលក់ គេតែងដេកនៅពេលយប់ ហើយអស់អ្នកដែលស្រវឹងស្រា ក៏តែងស្រវឹងនៅពេលយប់ដែរ។ ប៉ុន្ដែ យើងដែលជាពួកថ្ងៃ យើងត្រូវដឹងខ្លួន ទាំងយកជំនឿ និងសេចក្ដីស្រឡាញ់មកពាក់ជាអាវក្រោះ ហើយយកសេចក្ដីសង្ឃឹមនៃការសង្គ្រោះ មកពាក់ជាមួកសឹក។
១ ថេស្សាឡូនិក 5:2-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតបងប្អូនផ្ទាល់ជ្រាបច្បាស់ហើយថា ថ្ងៃដែលព្រះអម្ចាស់យាងមក ប្រៀបបីដូចជាចោរចូលលួចនៅពេលយប់។ ពេលណាមនុស្សម្នាពោលថា “មានសន្តិភាពហើយ! មានសន្តិសុខហើយ!” ពេលនោះ មហន្តរាយនឹងកើតមានដល់គេមួយរំពេច ពុំអាចគេចផុតបានឡើយ គឺប្រៀបបីដូចជាស្ត្រីឈឺផ្ទៃមុនសម្រាលកូនដែរ។ រីឯបងប្អូនវិញ បងប្អូនអើយ បងប្អូនមិនមែនស្ថិតនៅក្នុងសេចក្ដីងងឹត បណ្ដោយឲ្យថ្ងៃនោះមកដល់ ដោយមិនដឹងខ្លួន ដូចជាពេលចោរចូលលួចនោះឡើយ។ បងប្អូនទាំងអស់គ្នាមានពន្លឺនៅក្នុងខ្លួន មានថ្ងៃនៅក្នុងខ្លួន យើងមិនមែនរស់នៅក្នុងយប់អន្ធការ និងក្នុងសេចក្ដីងងឹតទេ។ ហេតុនេះ យើងមិនត្រូវដេកលក់ដូចអ្នកឯទៀតៗឡើយ ផ្ទុយទៅវិញ ត្រូវប្រុងស្មារតី ហើយភ្ញាក់ខ្លួនជានិច្ច។ អស់អ្នកដែលដេកលក់តែងដេកលក់នៅពេលយប់ ហើយអស់អ្នកស្រវឹងស្រាក៏តែងស្រវឹងនៅពេលយប់ដែរ។ រីឯយើងដែលមានថ្ងៃនៅក្នុងខ្លួនវិញ យើងត្រូវភ្ញាក់ខ្លួនដោយយកជំនឿ និងសេចក្ដីស្រឡាញ់មកពាក់ធ្វើជាអាវក្រោះ ព្រមទាំងយកសេចក្ដីសង្ឃឹមលើការសង្គ្រោះ មកពាក់ធ្វើជាមួកដែក
១ ថេស្សាឡូនិក 5:2-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់ ដ្បិតកាលណាគេកំពុងតែនិយាយថា មានសេចក្ដីសុខសាន្ត មានសេចក្ដីរៀបរយហើយ នោះលោតែមានសេចក្ដីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺនឹងសំរាល ហើយគេចមិនរួចឡើយ តែបងប្អូនអើយ អ្នករាល់គ្នាមិនមែននៅក្នុងសេចក្ដីងងឹត ឲ្យថ្ងៃនោះបានមកដល់អ្នករាល់គ្នា ដូចជាចោរនោះទេ អ្នករាល់គ្នាសុទ្ធតែជាពួកនៃពន្លឺ ហើយជាពួកនៃថ្ងៃ យើងមិនមែនជាពួកនៃយប់ ឬនៃសេចក្ដីងងឹតឡើយ ដូច្នេះ ត្រូវឲ្យយើងចាំយាម ហើយដឹងខ្លួន មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ ដ្បិតពួកអ្នកដែលដេកលក់ នោះគេតែងដេកនៅពេលយប់ ហើយពួកអ្នកដែលស្រវឹងស្រា ក៏តែងស្រវឹងនៅពេលយប់ដែរ តែយើងដែលជាពួកនៃថ្ងៃ យើងត្រូវដឹងខ្លួន ទាំងប្រដាប់កាយដោយសេចក្ដីជំនឿ នឹងសេចក្ដីស្រឡាញ់ ទុកជាប្រដាប់បាំងដើមទ្រូង ហើយសេចក្ដីសង្ឃឹមរបស់ផងសេចក្ដីសង្គ្រោះ ទុកជាមួកសឹក