១ ថេស្សាឡូនិក 5:14-22

១ ថេស្សាឡូនិក 5:14-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ យើង​ដាស់​តឿន​អ្នក​រាល់​គ្នា​ឲ្យ​បន្ទោស​អស់​អ្នក​ដែល​ខ្ជិល​ច្រអូស លើក​ទឹក​ចិត្ត​ពួក​អ្នក​ដែល​បាក់​ទឹក​ចិត្ត ជួយ​ពួក​អ្នក​ដែល​ទន់​ខ្សោយ ហើយ​អត់​ធ្មត់ចំពោះ​មនុស្ស​ទាំង​អស់។ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​អាក្រក់ ស្នង​នឹង​អំពើ​អាក្រក់​ឡើយ ចូរ​សង្វាត​ធ្វើ​អំពើ​ល្អ​ជា‌និច្ច ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ដល់​មនុស្ស​គ្រប់​គ្នា។ ចូរ​អរ​សប្បាយ​ជា‌និច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះ‌គុណ​ក្នុង​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ ដ្បិត​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ កុំ​ឲ្យ​ពន្លត់​ព្រះ‌វិញ្ញាណ កុំ​មើល​ងាយ​សេចក្ដី​ទំនាយ ចូរ​ល្បង​មើល​អ្វីៗ​ទាំង​អស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ត្រឹម​ត្រូវ ចូរ​ចៀស​ចេញ​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។

១ ថេស្សាឡូនិក 5:14-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ យើង​សូម​ដាស់‌តឿន​បងប្អូន​ថា ចូរ​ព្រមាន​អស់​អ្នក​ដែល​រស់​គ្មាន​សណ្ដាប់‌ធ្នាប់ ចូរ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​បាក់​ទឹក​ចិត្ត ជួយ​ទ្រ‌ទ្រង់​អស់​អ្នក​ទន់​ខ្សោយ និង​មាន​ចិត្ត​អត់‌ធ្មត់ ចំពោះ​មនុស្ស​ទួទៅ​ផង។ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់​ឡើយ តែ​ត្រូវ​សង្វាត​ធ្វើ​អំពើ​ល្អ​ជានិច្ច គឺ​ធ្វើ​ចំពោះ​បងប្អូន​គ្នា​ឯង និង​ចំពោះ​មនុស្ស​ទួទៅ។ ចូរ​មាន​អំណរ​សប្បាយ​ជានិច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ដ្បិត​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​បងប្អូន ដែល​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ​ធ្វើ​ដូច្នេះ​ឯង។ កុំ​រារាំង​សកម្ម‌ភាព​របស់​ព្រះ‌វិញ្ញាណ​ឡើយ កុំ​មើល‌ងាយ​ការ​ថ្លែង​ព្រះ‌បន្ទូល ចូរ​ពិចារណា​មើល​គ្រប់​សេចក្ដី​ទាំង​អស់ ហើយ​ស្រង់​យក​នូវ​សេចក្ដី​ណា​ដែល​ល្អ។ ត្រូវ​ចៀស​ចេញ​ឲ្យ​ផុត​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។

១ ថេស្សាឡូនិក 5:14-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​អើយ យើង​ខ្ញុំ​ទូន្មាន​ឲ្យ​អ្នក​រាល់​គ្នា​បន្ទោស ដល់​ពួក​អ្នក​ដែល​គ្មាន​សណ្តាប់‌ធ្នាប់ ហើយ​ជួយ​កំសាន្ត​ដល់​ពួក​អ្នក​ណា​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត ទាំង​គាំពារ​ពួក​អ្នក​ដែល​ខ្សោយ នឹង​អត់​ឱន​ចំពោះ​មនុស្ស​ទាំង​អស់ ចូរ​ប្រយ័ត កុំ​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​អាក្រក់ ស្នង​នឹង​អំពើ​អាក្រក់​ឡើយ ចូរ​ដេញ​តាម​ការ​ល្អ​ជា​ដរាប ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ដល់​មនុស្ស​ផង​ទាំង‌ឡាយ​ដែរ ចូរ​អរ​សប្បាយ​ជានិច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះ‌គុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយ​នូវ​ព្រះ‌គ្រីស្ទ​យេស៊ូវ កុំ​ឲ្យ​ពន្លត់​ព្រះ‌វិញ្ញាណ កុំ​ឲ្យ​មើល‌ងាយ​ការ​អធិប្បាយ​ឡើយ ចូរ​ល​មើល​គ្រប់​ទាំង​អស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ចូរ​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង។

១ ថេស្សាឡូនិក 5:14-22

១ ថេស្សាឡូនិក 5:14-22 គខប១ ថេស្សាឡូនិក 5:14-22 គខប