១ ថេស្សាឡូនិក 4:7-11
១ ថេស្សាឡូនិក 4:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតព្រះមិនមែនត្រាស់ហៅយើងមកក្នុងសេចក្ដីស្មោកគ្រោកឡើយ គឺមកក្នុងភាពបរិសុទ្ធវិញ។ ដូច្នេះ អ្នកណាដែលបដិសេធសេចក្តីនេះ អ្នកនោះមិនមែនបដិសេធមនុស្សទេ គឺបដិសេធព្រះ ដែលបានប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ មកអ្នករាល់គ្នានោះវិញ។ រីឯសេចក្ដីស្រឡាញ់ជាបងប្អូន មិនចាំបាច់ឲ្យអ្នកណាសរសេរប្រាប់អ្នករាល់គ្នាទេ ដ្បិតព្រះបានបង្រៀនអ្នករាល់គ្នាឲ្យស្រឡាញ់គ្នាទៅវិញទៅមក ហើយអ្នករាល់គ្នាក៏បានស្រឡាញ់ពួកបងប្អូនទាំងអស់នៅក្នុងស្រុកម៉ាសេដូនទាំងមូលដែរ។ ប៉ុន្ដែ បងប្អូនអើយ យើងសូមទូន្មានអ្នករាល់គ្នាឲ្យមានសេចក្ដីស្រឡាញ់យ៉ាងនោះ កាន់តែខ្លាំងឡើងថែមទៀត ហើយខំប្រឹងរស់នៅដោយស្រគត់ស្រគំ គិតតែកិច្ចការរបស់ខ្លួន និងធ្វើការដោយដៃខ្លួនឯង ដូចយើងបានបង្គាប់អ្នករាល់គ្នាហើយ
១ ថេស្សាឡូនិក 4:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់ត្រាស់ហៅយើងមក មិនមែនឲ្យរស់នៅក្នុងអំពើថោកទាបនោះឡើយ គឺឲ្យយើងបានវិសុទ្ធវិញ។ ដូច្នេះ អ្នកណាបដិសេធមិនទទួលដំបូន្មាននេះ មិនត្រឹមតែបដិសេធមិនទទួលមនុស្សប៉ុណ្ណោះទេ គឺបដិសេធមិនទទួលព្រះជាម្ចាស់ ដែលបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គមកបងប្អូននោះតែម្ដង។ រីឯការស្រឡាញ់គ្នាជាបងប្អូនវិញ យើងមិនចាំបាច់សរសេរមកទូន្មានបងប្អូនទេ ដ្បិតបងប្អូនបានរៀនពីព្រះជាម្ចាស់ឲ្យចេះស្រឡាញ់គ្នាទៅវិញទៅមក ដូចបងប្អូនបានស្រឡាញ់បងប្អូនទាំងអស់នៅស្រុកម៉ាសេដូនទាំងមូលស្រាប់ហើយ។ ក៏ប៉ុន្តែ បងប្អូនអើយ យើងសូមដាស់តឿនបងប្អូនថា សូមស្រឡាញ់ឲ្យបានប្រសើរលើសនេះទៅទៀត!។ ចូរយកចិត្តទុកដាក់រស់នៅឲ្យបានស្រគត់ស្រគំ គិតតែពីកិច្ចការខ្លួនឯង និងធ្វើការដោយកម្លាំងខ្លួនឯងផ្ទាល់ ដូចយើងបានផ្ដាំផ្ញើបងប្អូនរួចស្រេចហើយ។
១ ថេស្សាឡូនិក 4:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតព្រះមិនបានហៅយើងរាល់គ្នា មកក្នុងសេចក្ដីស្មោកគ្រោកទេ គឺមកក្នុងសេចក្ដីបរិសុទ្ធវិញ ដូច្នេះ អ្នកណាដែលមិនព្រមទទួល នោះមិនមែនបោះបង់ចោលមនុស្ស ឈ្មោះថាបោះបង់ចោលព្រះវិញ ដែលទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់មកយើង។ រីឯសេចក្ដីស្រឡាញ់ជាបងប្អូន នោះមិនចាំបាច់ឲ្យខ្ញុំសរសេរមកអ្នករាល់គ្នាទេ ពីព្រោះព្រះទ្រង់បង្រៀន ឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកហើយ អ្នករាល់គ្នាក៏ស្រឡាញ់ដល់អស់ទាំងពួកបងប្អូន នៅគ្រប់ក្នុងស្រុកម៉ាសេដូនដែរ តែបងប្អូនអើយ យើងខ្ញុំសូមទូន្មាន ឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់នោះ កាន់តែខ្លាំងឡើងចុះ ហើយខំប្រឹងឲ្យអស់ពីចិត្ត នឹងនៅដោយស្រគត់ស្រគំ ទាំងប្រព្រឹត្តតែរឿងជារបស់ផងខ្លួន ហើយធ្វើការដោយដៃខ្លួនឯងផង ដូចជាយើងខ្ញុំបានបង្គាប់ហើយ