១ ថេស្សាឡូនិក 4:3-8
១ ថេស្សាឡូនិក 4:3-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះសព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នាញែកជាបរិសុទ្ធ ដើម្បីឲ្យបានចៀសពីអំពើសហាយស្មន់ អ្នករាល់គ្នាម្នាក់ៗត្រូវចេះគ្រប់គ្រងរូបកាយ របស់ខ្លួន ដោយបរិសុទ្ធ និងថ្លៃថ្នូរ មិនមែនដោយរំជួលតាមតណ្ហា ដូចជាសាសន៍ដទៃដែលមិនស្គាល់ព្រះនោះឡើយ ដើម្បីកុំឲ្យអ្នកណាបំពាន ឬធ្វើខុសនឹងបងប្អូនណាម្នាក់ក្នុងការនេះឲ្យសោះ ព្រោះព្រះអម្ចាស់នឹងសងសឹកក្នុងគ្រប់ការទាំងនេះ ដូចយើងបានប្រាប់អ្នករាល់គ្នាពីមុន ក៏បានធ្វើបន្ទាល់រួចស្រេចហើយ។ ដ្បិតព្រះមិនមែនត្រាស់ហៅយើងមកក្នុងសេចក្ដីស្មោកគ្រោកឡើយ គឺមកក្នុងភាពបរិសុទ្ធវិញ។ ដូច្នេះ អ្នកណាដែលបដិសេធសេចក្តីនេះ អ្នកនោះមិនមែនបដិសេធមនុស្សទេ គឺបដិសេធព្រះ ដែលបានប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ មកអ្នករាល់គ្នានោះវិញ។
១ ថេស្សាឡូនិក 4:3-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺឲ្យបងប្អូនបានវិសុទ្ធ* ឲ្យបងប្អូនចៀសវាងអំពើប្រាសចាកសីលធម៌។ ម្នាក់ៗត្រូវចេះរួមរស់ជាមួយភរិយារបស់ខ្លួន ដោយវិសុទ្ធ និងថ្លៃថ្នូរ ឥតបណ្ដោយខ្លួនទៅតាមចំណង់តណ្ហា ដូចសាសន៍ដទៃ ដែលមិនស្គាល់ព្រះជាម្ចាស់នោះឡើយ។ មិនត្រូវឲ្យបងប្អូនណាម្នាក់ប្រព្រឹត្តអ្វីខុសចំពោះបងប្អូនឯទៀតៗ ឬរំលោភលើសិទ្ធិគេក្នុងរឿងនេះឡើយ ដ្បិតព្រះអម្ចាស់នឹងដាក់ទោសអ្នកប្រព្រឹត្តអំពើទាំងនេះ ដូចយើងបាននិយាយ និងបញ្ជាក់រួចស្រេចហើយ។ ព្រះជាម្ចាស់ត្រាស់ហៅយើងមក មិនមែនឲ្យរស់នៅក្នុងអំពើថោកទាបនោះឡើយ គឺឲ្យយើងបានវិសុទ្ធវិញ។ ដូច្នេះ អ្នកណាបដិសេធមិនទទួលដំបូន្មាននេះ មិនត្រឹមតែបដិសេធមិនទទួលមនុស្សប៉ុណ្ណោះទេ គឺបដិសេធមិនទទួលព្រះជាម្ចាស់ ដែលបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គមកបងប្អូននោះតែម្ដង។
១ ថេស្សាឡូនិក 4:3-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នាបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានចៀសពីសេចក្ដីកំផិតចេញ ត្រូវឲ្យអ្នករាល់គ្នានិមួយៗចេះរក្សាអត្តភាពខ្លួន ដោយសេចក្ដីបរិសុទ្ធ នឹងសេចក្ដីប្រសើរ មិនមែនដោយសេចក្ដីរំជួលក្នុងតណ្ហា ដូចជាសាសន៍ដទៃដែលមិនស្គាល់ព្រះនោះឡើយ កុំឲ្យអ្នកណាបំពាន ឬធ្វើខុសនឹងបងប្អូនណាមួយក្នុងការនោះឲ្យសោះ ពីព្រោះព្រះអម្ចាស់ទ្រង់នឹងសងសឹកក្នុងការទាំងនោះ ដូចជាយើងខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាហើយ ព្រមទាំងធ្វើបន្ទាល់សព្វគ្រប់ផង ដ្បិតព្រះមិនបានហៅយើងរាល់គ្នា មកក្នុងសេចក្ដីស្មោកគ្រោកទេ គឺមកក្នុងសេចក្ដីបរិសុទ្ធវិញ ដូច្នេះ អ្នកណាដែលមិនព្រមទទួល នោះមិនមែនបោះបង់ចោលមនុស្ស ឈ្មោះថាបោះបង់ចោលព្រះវិញ ដែលទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់មកយើង។