១ ថេស្សាឡូនិក 3:1-5

១ ថេស្សាឡូនិក 3:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ កាល​យើង​មិន​អាច​ទ្រាំ​ត​ទៅ​ទៀតបាន យើង​ក៏​សម្រេច​ចិត្ត​ស្នាក់​នៅ​ក្រុង​អាថែន​តែ​គ្នា​យើង ហើយ​យើង​បាន​ចាត់​ធីម៉ូថេ ជា​បង‌ប្អូន និង​ជា​អ្នក​រួម​ការ​ងារ​ជាមួយ​ព្រះ ក្នុង​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ ដើម្បី​ជួយ​ពង្រឹង និង​ដាស់​តឿន​អ្នក​រាល់​គ្នា​ឲ្យ​មាន​ជំនឿ​រឹង​មាំ ក្រែង​អ្នក​ណា​ម្នាក់​រង្គើ​ដោយ​សារ​ទុក្ខ​លំបាក​ទាំង​នេះ ដ្បិត​អ្នក​រាល់​គ្នា​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ​បាន​តម្រូវ​យើង​សម្រាប់​ការ​នេះ​ឯង។ ដ្បិត​កាល​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា យើងបាន​ប្រាប់​អ្នក​រាល់​គ្នាឲ្យ​ដឹង​ជា​មុន​ថា យើង​នឹងត្រូវជួប​ទុក្ខ​លំបាក ហើយ​ទុក្ខ​លំបាក​នោះ​ក៏​កើត​មាន​មែន ដូច​ជា​អ្នក​រាល់​គ្នា​ជ្រាប​ស្រាប់។ ហេតុ​នេះ កាល​ខ្ញុំ​មិន​អាច​ទ្រាំ​ត​ទៅ​ទៀតបាន ខ្ញុំ​ក៏​ចាត់ធីម៉ូថេ​ឲ្យ​មក ដើម្បី​ឲ្យ​ដឹង​អំ​ពី​ជំនឿ​របស់​អ្នក​រាល់​គ្នា ព្រោះ​ក្រែង​មេ​ល្បួង​មក​លួង​លោម​អ្នក​រាល់​គ្នា ហើយ​ការ​នឿយ​ហត់​របស់​យើង បែរ​ទៅ​ជា​ឥត​ប្រយោជន៍​វិញ។

១ ថេស្សាឡូនិក 3:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដោយ​យើង​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន យើង​ក៏​សម្រេច​ចិត្ត​ស្នាក់​នៅ​ក្រុង​អាថែន​តែ​គ្នា​យើង ហើយ​ចាត់​លោក​ធីម៉ូថេ​ជា​បងប្អូន​របស់​យើង ដែល​ធ្វើ​ការ​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់ ក្នុង​ការ​ប្រកាស​ដំណឹង‌ល្អ*​របស់​ព្រះ‌គ្រិស្ដ ឲ្យ​មក​ជួយ​ពង្រឹង និង​ដាស់‌តឿនបងប្អូន​ឲ្យ​មាន​ជំនឿ​រឹង‌ប៉ឹង​ឡើង ដើម្បី​កុំ​ឲ្យ​មាន​នរណា​ម្នាក់​ធ្លាក់​ទឹក​ចិត្ត ព្រោះ​តែ​ទុក្ខ​វេទនា​ដែល​កំពុង​កើត​មាន​នៅ​ពេល​នេះ​ឡើយ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​បាន​តម្រូវ​ឲ្យ​យើង​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​យ៉ាង​នេះ​ឯង។ កាល​យើង​នៅ​ជា​មួយ​បងប្អូន​នៅ​ឡើយ យើង​បាន​ជម្រាប​បងប្អូន​រួច​ហើយ​ថា យើង​មុខ​ជា​នឹង​ជួប​ទុក្ខ​វេទនា។ ទុក្ខ​វេទនា​នេះ​ក៏​កើត​មាន​មែន ដូច​បងប្អូន​ជ្រាប​ស្រាប់។ ហេតុ​នេះ ដោយ​ខ្ញុំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន ខ្ញុំ​ក៏​ចាត់​លោក​ធីម៉ូថេ​ឲ្យ​មក​យក​ដំណឹង​អំពី​ជំនឿ​របស់​បងប្អូន ព្រោះ​ខ្ញុំ​ខ្លាច​ក្រែង​លោ​មេ​ល្បួង​មក​ល្បួង​បងប្អូន​បាន បណ្ដាល​ឲ្យ​ការ​នឿយ‌ហត់​របស់​យើង បែរ​ទៅ​ជា​អសារ‌បង់​វិញ។

១ ថេស្សាឡូនិក 3:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ កាល​ទ្រាំ​មិន​បាន​ទៀត នោះ​យើង​ខ្ញុំ​បាន​គិត​ថា គួរ​ឲ្យ​យើង​ខ្ញុំ​នៅ​ក្រុង​អាថែន​តែ​ម្នាក់​ឯង​ចុះ ដើម្បី​នឹង​ចាត់​ធីម៉ូថេ ជា​បង​ប្អូន គឺ​ជា​អ្នក​បំរើ​នៃ​ព្រះ ដែល​បាន​ធ្វើ​ការ​ជា​មួយ​នឹង​យើង​ខ្ញុំ ក្នុង​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ ឲ្យ​គាត់​បាន​តាំង​អ្នក​រាល់​គ្នា​ឡើង​ជា​មាំ‌មួន ហើយ​ជួយ​ចំរើន​ខាង​ឯ​សេចក្ដី​ជំនឿ​ផង ក្រែង​អ្នក​ណា​កើត​មាន​ចិត្ត​ថប់​ព្រួយ ដោយ​សេចក្ដី​ទុក្ខ​លំបាក​ទាំង​នេះ (ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​ចៀស​ពី​សេចក្ដី​យ៉ាង​នេះ​មិន​រួច​ទេ ព្រោះ​កាល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ នោះ​ក៏​បាន​ប្រាប់​ជា​មុន​ថា យើង​រៀប​នឹង​រង​ទុក្ខ​លំបាក ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ថា មាន​មក​ហើយ) ដោយ​ហេតុ​នោះ កាល​ខ្ញុំ​ទ្រាំ​មិន​បាន​ទៀត នោះ​ខ្ញុំ​បាន​ចាត់​គាត់​មក​ឲ្យ​បាន​ដឹង​ពី​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក្រែង​មេ​ល្បួង​បាន​លួង​នាំ​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​ការ​នឿយ‌ហត់​របស់​យើង​ខ្ញុំ​បាន​ទៅ​ជា​ឥត​អំពើ​វិញ