១ ថេស្សាឡូនិក 2:9-16
១ ថេស្សាឡូនិក 2:9-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការលំបាក និងការនឿយហត់ ដែលយើងបានធ្វើទាំងយប់ទាំងថ្ងៃ ដោយមិនចង់ឲ្យអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាពិបាកនឹងយើងឡើយ ក្នុងកាលយើងផ្សាយដំណឹងល្អអំពីព្រះដល់អ្នករាល់គ្នា។ អ្នករាល់គ្នា និងព្រះផងដែរជាស្មរបន្ទាល់ អំពីរបៀបដែលយើងប្រព្រឹត្តចំពោះអ្នករាល់គ្នាដែលជាអ្នកជឿ គឺយើងប្រព្រឹត្តដោយបរិសុទ្ធ សុចរិត និងឥតកន្លែងបន្ទោសបាន ដូចអ្នករាល់គ្នាដឹងហើយថា យើងបានប្រព្រឹត្តនឹងអ្នករាល់គ្នាម្នាក់ៗ ដូចជាឪពុកនឹងកូន ដោយទូន្មាន និងលើកទឹកចិត្ត ហើយសូមឲ្យអ្នករាល់គ្នារស់នៅឲ្យស័ក្តិសមនឹងព្រះ ដែលត្រាស់ហៅអ្នករាល់គ្នាមកក្នុងព្រះរាជ្យ និងក្នុងសិរីល្អរបស់ព្រះអង្គ។ ហេតុនេះហើយបានជាយើងអរព្រះគុណដល់ព្រះជានិច្ច ព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះ ដែលយើងប្រកាសដល់អ្នករាល់គ្នា អ្នករាល់គ្នាមិនបានទទួលយក ទុកដូចជាពាក្យរបស់មនុស្សទេ គឺបានទទួលតាមភាពពិតជាព្រះបន្ទូលរបស់ព្រះ ដែលព្រះបន្ទូលនេះកំពុងធ្វើការក្នុងអ្នករាល់គ្នាជាអ្នកជឿ។ ដ្បិតបងប្អូនអើយ អ្នករាល់គ្នាបានយកតម្រាប់តាមក្រុមជំនុំរបស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវនៅស្រុកយូដា ព្រោះអ្នករាល់គ្នាបានរងទុក្ខលំបាកដូចគ្នា ដោយសារដៃជនរួមជាតិរបស់ខ្លួន ដូចជាក្រុមជំនុំទាំងនោះបានរងទុក្ខ ដោយសារសាសន៍យូដាដែរ គេបានសម្លាប់ព្រះអម្ចាស់យេស៊ូវ និងពួកហោរា ព្រមទាំងបណ្តេញពួកយើងទៀតផង។ អ្នកទាំងនោះមិនគាប់ព្រះហឫទ័យព្រះទេ ហើយគេទាស់ទទឹងនឹងមនុស្សទាំងអស់ គេបានរាំងរាយើងមិនឲ្យប្រកាសប្រាប់ពួកសាសន៍ដទៃ ដើម្បីឲ្យគេបានសង្គ្រោះទេ គឺគេបំពេញតែអំពើបាបរបស់គេជានិច្ច តែទីបំផុតសេចក្ដីក្រោធរបស់ព្រះបានធ្លាក់មកលើគេ។
១ ថេស្សាឡូនិក 2:9-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ បងប្អូនពិតជានឹកចាំកិច្ចការដែលយើងបានធ្វើ ទាំងនឿយហត់នោះមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់បងប្អូន យើងខំធ្វើការទាំងយប់ ទាំងថ្ងៃ ដើម្បីកុំឲ្យនរណាម្នាក់ក្នុងចំណោមបងប្អូនពិបាកនឹងផ្គត់ផ្គង់យើង។ យើងបានរស់នៅជាមួយបងប្អូនជាអ្នកជឿ ដោយឥរិយាបថដ៏ល្អវិសុទ្ធ* សុចរិត* ឥតកំហុស យើងមានទាំងបងប្អូន ទាំងព្រះជាម្ចាស់ជាសាក្សីស្រាប់។ បងប្អូនក៏ជ្រាបថា យើងបានប្រព្រឹត្តចំពោះបងប្អូនម្នាក់ៗ ដូចឪពុកប្រព្រឹត្តចំពោះកូនដែរ គឺយើងបានទូន្មាន និងលើកទឹកចិត្តបងប្អូន ហើយយើងក៏បានអង្វរករបងប្អូនឲ្យរស់នៅយ៉ាងសមរម្យ ស្របតាមព្រះជាម្ចាស់ ដែលបានត្រាស់ហៅបងប្អូនមកចូលរួមក្នុងព្រះរាជ្យ* និងសិរីរុងរឿងរបស់ព្រះអង្គ។ ហេតុនេះហើយបានជាយើងចេះតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះនៅពេលដែលយើងនាំដំណឹងល្អមកជូនបងប្អូនស្ដាប់ បងប្អូនបានទទួលយក ដោយពុំចាត់ទុកថាជាពាក្យសម្ដីរបស់មនុស្សទេ គឺទុកដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមពិតជាព្រះបន្ទូលរបស់ព្រះអង្គមែន ហើយព្រះបន្ទូលនេះកំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ។ បងប្អូនអើយ បងប្អូនបានយកតម្រាប់តាមក្រុមជំនុំ*របស់ព្រះជាម្ចាស់នៅស្រុកយូដា ដែលរួមក្នុងអង្គព្រះគ្រិស្តយេស៊ូនោះដែរ ដ្បិតបងប្អូនបានរងទុក្ខលំបាក ដោយជនរួមជាតិរបស់បងប្អូនធ្វើបាប ដូចអ្នកនៅស្រុកយូដា ត្រូវជនជាតិយូដាធ្វើបាបដែរ។ អ្នកទាំងនោះបានធ្វើគុតព្រះអម្ចាស់យេស៊ូ និងសម្លាប់ពួកព្យាការី* ព្រមទាំងធ្វើទុក្ខបៀតបៀនយើងទៀតផង។ អ្នកទាំងនោះមិនគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ ហើយគេក៏ជាខ្មាំងសត្រូវនឹងមនុស្សលោកទាំងអស់! ពួកគេបានរារាំងយើងមិនឲ្យប្រកាសដំណឹងល្អដល់ជាតិសាសន៍ដទៃទេ ដើម្បីកុំឲ្យជាតិសាសន៍ទាំងនោះទទួលការសង្គ្រោះ ធ្វើដូច្នេះ អំពើបាបរបស់ពួកគេចេះតែកើនឡើងៗដល់កម្រិត ហើយនៅទីបំផុត ពួកគេនឹងត្រូវទទួលទោសមិនខាន។
១ ថេស្សាឡូនិក 2:9-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការយ៉ាងធ្ងន់ ហើយនឿយហត់ ដែលយើងខ្ញុំបានធ្វើ ដោយមិនចង់ឲ្យអ្នកណាព្រួយ ដោយសារយើងខ្ញុំទេ យើងខ្ញុំបានផ្សាយដំណឹងល្អពីព្រះ មកអ្នករាល់គ្នា ដោយខំធ្វើការទាំងយប់ទាំងថ្ងៃ អ្នករាល់គ្នា ហើយព្រះផង ជាស្មរបន្ទាល់អំពីយើងខ្ញុំ ដែលយើងខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នា ជាពួកអ្នកជឿ បែបយ៉ាងណា ដោយបរិសុទ្ធ សុចរិត ហើយឥតកន្លែងបន្ទោសបាន ដូចជាអ្នករាល់គ្នាដឹងហើយថា យើងខ្ញុំបានប្រព្រឹត្តនឹងអ្នករាល់គ្នានិមួយៗ ដូចជាឪពុកនឹងកូន ទាំងទូន្មាន នឹងកំសាន្តចិត្តផង ហើយទាំងធ្វើបន្ទាល់ឲ្យអ្នករាល់គ្នាបានដើរយ៉ាងគួរនឹងព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមកក្នុងនគរ ហើយក្នុងសិរីល្អរបស់ទ្រង់។ ដោយហេតុនេះទៀត បានជាយើងខ្ញុំអរព្រះគុណដល់ព្រះ ឥតមានដាច់ គឺដោយព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូល ជាដំណឹងពីព្រះដោយសារយើងខ្ញុំ នោះមិនបានទទួល ទុកដូចជាពាក្យរបស់មនុស្សទេ បានទទួលតាមភាពដ៏ពិតនៃដំណឹងនោះវិញ គឺជាព្រះបន្ទូលនៃព្រះដែលបណ្តាលមកក្នុងអ្នករាល់គ្នាជាពួកអ្នកជឿ ដ្បិតបងប្អូនអើយ អ្នករាល់គ្នាបានត្រាប់តាមអស់ទាំងពួកជំនុំនៃព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នៅស្រុកយូដា ពីព្រោះបានរងទុក្ខ នៅដៃនៃពួកអ្នកស្រុករបស់អ្នករាល់គ្នា ដូចជាពួកជំនុំទាំងនោះបានរងទុក្ខ នៅដៃនៃពួកសាសន៍យូដាដែរ ដែលគេបានសំឡាប់ទាំងព្រះអម្ចាស់យេស៊ូវ នឹងពួកហោរាផង ក៏បានបណ្តេញយើងខ្ញុំទៀត ពួកនោះមិនជាទីគាប់ដល់ព្រះហឫទ័យរបស់ព្រះទេ ហើយក៏ទាស់ទទឹងនឹងមនុស្សទាំងអស់ដែរ គេហាមមិនឲ្យយើងខ្ញុំថ្លែងប្រាប់ដល់ពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានសង្គ្រោះឡើយ គឺដើម្បីតែនឹងបំពេញអំពើបាបរបស់ខ្លួនគេជានិច្ចប៉ុណ្ណោះ តែសេចក្ដីក្រោធបានមកលើគេពេញទីហើយ។