១ ថេស្សាឡូនិក 2:3-6

១ ថេស្សាឡូនិក 2:3-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​អ្វី​ដែល​យើង​ទូន្មាន នោះ​មិន​មែន​មក​ពី​ការ​បោក​ប្រាស់ អំពើ​ស្មោក‌គ្រោក ឬ​ល្បិច‌កល​នោះ​ទេ តែ​តាម​ដែល​ព្រះ​សាក‌ល្បង​យើង ឃើញ​ថា គួរ​ផ្ញើ​ព្រះ‌បន្ទូល​ទុក​នឹង​យើង​ជា​យ៉ាង​ណា យើងក៏​និយាយ​យ៉ាង​នោះ​ដែរ មិន​មែន​ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ទេ គឺ​ផ្គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ ដែល​ទ្រង់​ល្បង​ល​ចិត្ត​យើង​នោះ​វិញ។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​មិន​ដែល​ប្រើ​ពាក្យ​បញ្ចើច​បញ្ជើ ឬ​ប្រព្រឹត្ត​ដោយ​ចិត្ត​លោភ‌លន់​ឡើយ ដ្បិត​មាន​ព្រះ​ជា​សាក្សី​ស្រាប់។ យើង​មិន​ស្វែង​រក​ការសរសើរ​ពី​មនុស្ស​ឡើយ ទោះ​ពី​អ្នក​រាល់​គ្នា ឬ​ពី​អ្នក​ណា​ទៀត​ក្តី

១ ថេស្សាឡូនិក 2:3-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សេចក្ដី​ដែល​យើង​ទូន្មាន​មិន​មែន​មក​ពី​ការ​ភាន់‌ច្រឡំ មក​ពី​គោល​បំណង​មិន​ល្អ ឬ​កល‌ល្បិច​ណា​ឡើយ។ មុន​នឹង​ប្រគល់​មុខងារ​ផ្សាយ​ដំណឹង‌ល្អ​មក​យើង ព្រះ‌ជាម្ចាស់​បាន​ល្បង​មើល​ចិត្ត​យើង​យ៉ាង​ណា យើង​ក៏​និយាយ​យ៉ាង​នោះ​ដែរ យើង​មិន​និយាយ ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ទេ គឺ​ដើម្បី​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ដែល​ល្បង​មើល​ចិត្ត​យើង​នោះ​វិញ។ បងប្អូន​ជ្រាប​ហើយ​ថា យើង​មិន​ដែល​ពោល​ពាក្យ​បញ្ចើច‌បញ្ចើ​ទាល់​តែ​សោះ យើង​ក៏​មិន​ដែល​ធ្វើ​អ្វី ដោយ​លាក់​គំនិត​លោភ‌លន់​ចង់​បាន​ប្រាក់​ដែរ មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់។ យើង​ពុំ​បាន​ស្វែង​រក​កិត្តិយស​ដែល​មក​ពី​មនុស្ស​ទេ ទោះ​បី​ពី​សំណាក់​បងប្អូន ឬ​ពី​សំណាក់​អ្នក​ឯ​ទៀតៗ​ក្ដី។

១ ថេស្សាឡូនិក 2:3-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​សេចក្ដី​ដែល​យើង​ខ្ញុំ​ទូន្មាន នោះ​មិន​មែន​កើត​ពី​សេចក្ដី​ខុស‌ឆ្គង ឬ​ពី​សេចក្ដី​ស្មោក‌គ្រោក ឬ​ពី​សេចក្ដី​ឆ‌បោក​នោះ​ទេ តែ​តាម​ដែល​ព្រះ‌ទ្រង់​ល្បង​ល​ឃើញ​ថា គួរ​នឹង​ផ្ញើ​ព្រះ‌បន្ទូល​ទុក​នឹង​យើង​ខ្ញុំ​ជា​យ៉ាង​ណា នោះ​យើង​ខ្ញុំ​បាន​អធិប្បាយ​តាម​បែប​យ៉ាង​នោះ​ឯង មិន​មែន​ដូច​ជា​ចង់​ផ្គាប់​ដល់​ចិត្ត​មនុស្ស​ទេ គឺ​ផ្គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ល្បង​ល​ចិត្ត​របស់​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​មិន​ដែល​ប្រើ​ពាក្យ​បញ្ចើច ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់ ឬ​ប្រព្រឹត្ត​ដោយ​ចិត្ត​លោភ​ឡើយ សឹង​មាន​ព្រះ‌ទ្រង់​ជា​សាក្សី​ហើយ ហើយ​ទោះ​បើ​យើង​ខ្ញុំ​មាន​អំណាច នឹង​នៅ​ជា​បន្ទុក​លើ​អ្នក​រាល់​គ្នា ទុក​ដូច​ជា​សាវក​នៃ​ព្រះ‌គ្រីស្ទ​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​មិន​រក​ឲ្យ​មនុស្ស​គោរព​ប្រតិ‌បត្តិ​ដល់​យើង​ខ្ញុំ​ឡើយ ទោះ​អ្នក​រាល់​គ្នា ឬ​អ្នក​ណា​ទៀត​ក្តី