១ ថេស្សាឡូនិក 2:11-13

១ ថេស្សាឡូនិក 2:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ម្នាក់ៗ ដូច​ជា​ឪពុក​នឹង​កូន ដោយ​ទូន្មាន និង​លើក​ទឹក​ចិត្ត ហើយ​សូម​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ឲ្យ​ស័ក្តិសម​នឹង​ព្រះ ដែល​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​ព្រះរាជ្យ និង​ក្នុង​សិរី‌ល្អ​របស់​ព្រះ‌អង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជា‌និច្ច ព្រោះ​កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ ដែល​យើង​ប្រកាស​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​បាន​ទទួល​យក ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ គឺ​បាន​ទទួល​តាម​ភាព​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ ដែល​ព្រះ‌បន្ទូល​នេះ​កំពុង​ធ្វើ​ការ​ក្នុង​អ្នក​រាល់​គ្នា​ជា​អ្នក​ជឿ។

១ ថេស្សាឡូនិក 2:11-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​ក៏​ជ្រាប​ថា យើង​បាន​ប្រព្រឹត្ត​ចំពោះ​បងប្អូន​ម្នាក់ៗ ដូច​ឪពុក​ប្រព្រឹត្ត​ចំពោះ​កូន​ដែរ គឺ​យើង​បាន​ទូន្មាន និង​លើក​ទឹក​ចិត្ត​បងប្អូន ហើយ​យើង​ក៏​បាន​អង្វរ​ករ​បងប្អូន​ឲ្យ​រស់​នៅ​យ៉ាង​សមរម្យ ស្រប​តាម​ព្រះ‌ជាម្ចាស់ ដែល​បាន​ត្រាស់​ហៅ​បងប្អូន​មក​ចូល​រួម​ក្នុង​ព្រះ‌រាជ្យ* និង​សិរី‌រុងរឿង​របស់​ព្រះអង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ជានិច្ច ព្រោះ​នៅ​ពេល​ដែល​យើង​នាំ​ដំណឹង‌ល្អ​មក​ជូន​បងប្អូន​ស្ដាប់ បងប្អូន​បាន​ទទួល​យក ដោយ​ពុំ​ចាត់​ទុក​ថា​ជា​ពាក្យ​សម្ដី​របស់​មនុស្ស​ទេ គឺ​ទុក​ដូច​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ តាម​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​មែន ហើយ​ព្រះ‌បន្ទូល​នេះ​កំពុង​តែ​បង្កើត​ផល​ក្នុង​បងប្អូន​ជា​អ្នក​ជឿ។

១ ថេស្សាឡូនិក 2:11-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​និមួយៗ ដូច​ជា​ឪពុក​នឹង​កូន ទាំង​ទូន្មាន នឹង​កំសាន្ត​ចិត្ត​ផង ហើយ​ទាំង​ធ្វើ​បន្ទាល់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដើរ​យ៉ាង​គួរ​នឹង​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​នគរ ហើយ​ក្នុង​សិរី‌ល្អ​របស់​ទ្រង់។ ដោយ​ហេតុ​នេះ​ទៀត បាន​ជា​យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ ឥត​មាន​ដាច់ គឺ​ដោយ​ព្រោះ​កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល ជា​ដំណឹង​ពី​ព្រះ​ដោយ‌សារ​យើង​ខ្ញុំ នោះ​មិន​បាន​ទទួល ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ បាន​ទទួល​តាម​ភាព​ដ៏​ពិត​នៃ​ដំណឹង​នោះ​វិញ គឺ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ​ដែល​បណ្តាល​មក​ក្នុង​អ្នក​រាល់​គ្នា​ជា​ពួក​អ្នក​ជឿ