១ ថេស្សាឡូនិក 2:1-6
១ ថេស្សាឡូនិក 2:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនអើយ អ្នករាល់គ្នាដឹងស្រាប់ហើយថា ដែលយើងមករកអ្នករាល់គ្នា នោះមិនឥតប្រយោជន៍ទេ។ ប៉ុន្តែ ក្រោយដែលយើងបានរងទុក្ខ និងត្រូវគេជេរប្រមាថយ៉ាងអាម៉ាស់នៅក្រុងភីលីពនោះមក ដូចអ្នករាល់គ្នាដឹងស្រាប់ហើយ យើងមានចិត្តក្លាហាន ដោយសារព្រះនៃយើង ដើម្បីផ្សាយដំណឹងល្អពីព្រះដល់អ្នករាល់គ្នា ទោះជាមានការតយុទ្ធយ៉ាងខ្លាំងក៏ដោយ។ ដ្បិតអ្វីដែលយើងទូន្មាន នោះមិនមែនមកពីការបោកប្រាស់ អំពើស្មោកគ្រោក ឬល្បិចកលនោះទេ តែតាមដែលព្រះសាកល្បងយើង ឃើញថា គួរផ្ញើព្រះបន្ទូលទុកនឹងយើងជាយ៉ាងណា យើងក៏និយាយយ៉ាងនោះដែរ មិនមែនដូចជាចង់ផ្គាប់ចិត្តមនុស្សទេ គឺផ្គាប់ព្រះហឫទ័យព្រះ ដែលទ្រង់ល្បងលចិត្តយើងនោះវិញ។ អ្នករាល់គ្នាដឹងហើយថា យើងមិនដែលប្រើពាក្យបញ្ចើចបញ្ជើ ឬប្រព្រឹត្តដោយចិត្តលោភលន់ឡើយ ដ្បិតមានព្រះជាសាក្សីស្រាប់។ យើងមិនស្វែងរកការសរសើរពីមនុស្សឡើយ ទោះពីអ្នករាល់គ្នា ឬពីអ្នកណាទៀតក្តី
១ ថេស្សាឡូនិក 2:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ បងប្អូនផ្ទាល់ក៏ជ្រាបស្រាប់ហើយថា យើងមករកបងប្អូនមិនមែនឥតប្រយោជន៍ទេ គឺក្រោយពេលយើងបានរងទុក្ខលំបាក និងត្រូវគេជេរប្រមាថនៅក្រុងភីលីពនោះមក ដូចបងប្អូនជ្រាបស្រាប់ ព្រះជាម្ចាស់បានប្រទានឲ្យយើងមានចិត្តអង់អាចប្រកាសដំណឹងល្អ*របស់ព្រះអង្គដល់បងប្អូន ទោះបីត្រូវតយុទ្ធពុះពារខ្លាំងយ៉ាងណាក៏ដោយ។ សេចក្ដីដែលយើងទូន្មានមិនមែនមកពីការភាន់ច្រឡំ មកពីគោលបំណងមិនល្អ ឬកលល្បិចណាឡើយ។ មុននឹងប្រគល់មុខងារផ្សាយដំណឹងល្អមកយើង ព្រះជាម្ចាស់បានល្បងមើលចិត្តយើងយ៉ាងណា យើងក៏និយាយយ៉ាងនោះដែរ យើងមិននិយាយ ដើម្បីផ្គាប់ចិត្តមនុស្សទេ គឺដើម្បីឲ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដែលល្បងមើលចិត្តយើងនោះវិញ។ បងប្អូនជ្រាបហើយថា យើងមិនដែលពោលពាក្យបញ្ចើចបញ្ចើទាល់តែសោះ យើងក៏មិនដែលធ្វើអ្វី ដោយលាក់គំនិតលោភលន់ចង់បានប្រាក់ដែរ មានព្រះជាម្ចាស់ជាសាក្សីស្រាប់។ យើងពុំបានស្វែងរកកិត្តិយសដែលមកពីមនុស្សទេ ទោះបីពីសំណាក់បងប្អូន ឬពីសំណាក់អ្នកឯទៀតៗក្ដី។
១ ថេស្សាឡូនិក 2:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតបងប្អូនអើយ អ្នករាល់គ្នាដឹងហើយ ពីបែបដែលយើងខ្ញុំចូលមកឯអ្នករាល់គ្នាថា មិនមែនជាឥតកើតផលទេ ឯក្រោយដែលយើងខ្ញុំបានរងទុក្ខ នឹងត្រូវគេជេរប្រមាថ នៅក្រុងភីលីព ដូចជាអ្នករាល់គ្នាដឹងស្រាប់ហើយ នោះយើងខ្ញុំមានចិត្តក្លាហាន ដោយសារព្រះនៃយើងខ្ញុំ ដើម្បីនឹងផ្សាយដំណឹងល្អពីព្រះ មកដល់អ្នករាល់គ្នាដែរ ទាំងមានសេចក្ដីតយុទ្ធជាច្រើនផង ដ្បិតសេចក្ដីដែលយើងខ្ញុំទូន្មាន នោះមិនមែនកើតពីសេចក្ដីខុសឆ្គង ឬពីសេចក្ដីស្មោកគ្រោក ឬពីសេចក្ដីឆបោកនោះទេ តែតាមដែលព្រះទ្រង់ល្បងលឃើញថា គួរនឹងផ្ញើព្រះបន្ទូលទុកនឹងយើងខ្ញុំជាយ៉ាងណា នោះយើងខ្ញុំបានអធិប្បាយតាមបែបយ៉ាងនោះឯង មិនមែនដូចជាចង់ផ្គាប់ដល់ចិត្តមនុស្សទេ គឺផ្គាប់ដល់ព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ល្បងលចិត្តរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំមិនដែលប្រើពាក្យបញ្ចើច ដូចជាអ្នករាល់គ្នាដឹងស្រាប់ ឬប្រព្រឹត្តដោយចិត្តលោភឡើយ សឹងមានព្រះទ្រង់ជាសាក្សីហើយ ហើយទោះបើយើងខ្ញុំមានអំណាច នឹងនៅជាបន្ទុកលើអ្នករាល់គ្នា ទុកដូចជាសាវកនៃព្រះគ្រីស្ទក៏ដោយ គង់តែយើងខ្ញុំមិនរកឲ្យមនុស្សគោរពប្រតិបត្តិដល់យើងខ្ញុំឡើយ ទោះអ្នករាល់គ្នា ឬអ្នកណាទៀតក្តី