១ ថេស្សាឡូនិក 1:6-8
១ ថេស្សាឡូនិក 1:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នករាល់គ្នាក៏បានយកតម្រាប់តាមយើង និងតាមព្រះអម្ចាស់ ដ្បិតទោះបើមានទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏អ្នករាល់គ្នាបានទទួលព្រះបន្ទូលដោយអំណរ មកពីព្រះវិញ្ញាណបរិសុទ្ធដែរ ហេតុនេះហើយបានជាអ្នករាល់គ្នាបានត្រឡប់ជាគំរូ ដល់អស់អ្នកដែលជឿនៅស្រុកម៉ាសេដូន និងស្រុកអាខៃ។ ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់ បានផ្សាយចេញពីអ្នករាល់គ្នា មិនមែនតែក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់អ្នករាល់គ្នាចំពោះព្រះ បានចេញទៅគ្រប់កន្លែង ដូច្នេះ យើងមិនបាច់និយាយអ្វីទៀតឡើយ។
១ ថេស្សាឡូនិក 1:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនបានយកតម្រាប់តាមយើង និងយកតម្រាប់តាមព្រះអម្ចាស់ គឺទោះបីបងប្អូនជួបប្រទះនឹងទុក្ខវេទនាធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏បងប្អូនបានទទួលព្រះបន្ទូលទាំងមានអំណរមកពីព្រះវិញ្ញាណដ៏វិសុទ្ធដែរ។ ហេតុនេះ បងប្អូនបានទៅជាគំរូដល់អ្នកជឿទាំងអស់នៅស្រុកម៉ាសេដូន និងស្រុកអាខៃ ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលចេញពីបងប្អូនទៅនោះ មិនត្រឹមតែលាន់ឮសុសសាយក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់បងប្អូនលើព្រះជាម្ចាស់បានឮខ្ចរខ្ចាយទៅគ្រប់ទីកន្លែង។ ដូច្នេះ យើងមិនបាច់និយាយអ្វីទៀតឡើយ។
១ ថេស្សាឡូនិក 1:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នករាល់គ្នាក៏បានត្រាប់តាមយើងខ្ញុំ ហើយនឹងព្រះអម្ចាស់ ដោយបានទទួលព្រះបន្ទូល ដោយសេចក្ដីអំណររបស់ព្រះវិញ្ញាណបរិសុទ្ធក្នុងកាលដែលកំពុងតែកើតទុក្ខលំបាកជាខ្លាំងផង ដល់ម៉្លេះបានជាអ្នករាល់គ្នាបានត្រឡប់ជាគំរូដល់អស់អ្នកដែលជឿនៅស្រុកម៉ាសេដូន នឹងស្រុកអាខៃ ដ្បិតព្រះបន្ទូលនៃព្រះអម្ចាស់បានផ្សាយចេញពីអ្នករាល់គ្នា មិនមែនតែក្នុងស្រុកម៉ាសេដូន នឹងស្រុកអាខៃប៉ុណ្ណោះទេ គឺរហូតដល់គ្រប់ទាំងកន្លែង ដែលឮនិយាយពីសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះថែមទៀតផង បានជាមិនចាំបាច់ឲ្យយើងខ្ញុំនិយាយអ្វីទៀតទេ