១ សាំយូអែល 9:15-27

១ សាំយូអែល 9:15-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មួយ​ថ្ងៃ​មុន​ដែល​លោក​សូល​បាន​មក​ដល់ នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ប្រាប់​លោកសាំយូ‌អែល​ថា៖ «ថ្ងៃ​ស្អែក ពេល​ថ្មើរ​ណេះ យើង​នឹង​ចាត់​មនុស្ស​ម្នាក់​ពី​ស្រុក​បេនយ៉ាមីន​មក​រក​អ្នក អ្នក​ត្រូវ​ចាក់​ប្រេង​តាំង​អ្នក​នោះ ឲ្យ​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន ដ្បិត​យើង​បាន​ឃើញ​ប្រជា​រាស្ត្រ​របស់​យើង ព្រោះ​សម្រែក​របស់​គេ​បាន​ឮ​មក​ដល់​យើង​ហើយ»។ ដូច្នេះ កាល​លោកសាំយូ‌អែល​បាន​ឃើញ​លោក​សូល នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ហើយ​ជា​មនុស្ស​ដែល​យើង​បាន​ប្រាប់​អ្នក គឺ​អ្នក​នេះ​ឯង ដែល​ត្រូវ​សោយ‌រាជ្យ​លើ​ប្រជា‌រាស្ត្រ​របស់​យើង»។ គ្រា​នោះ លោក​សូល​បាន​ចូល​ទៅ​ជិត​សាំយូ‌អែល នៅ​ត្រង់​កណ្ដាល​ទ្វារ​ក្រុង​សួរ​ថា៖ «សូម​លោក​ប្រាប់​ខ្ញុំ តើ​ផ្ទះ​គ្រូ​ដែល​មើល​ឆុត​នៅ​ឯ​ណា?» នោះ​លោកសាំយូ‌អែល​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ​ជា​អ្នក​មើល​ឆុត ចូរ​អ្នក​ឡើង​ទៅ​ទី​ខ្ពស់​មុន​ខ្ញុំ​ចុះ ដ្បិត​អ្នក​ត្រូវ​បរិ‌ភោគ​ជា‌មួយ​ខ្ញុំ​នៅ​ថ្ងៃ​នេះ រួច​ដល់​ព្រឹក​ឡើង ខ្ញុំ​នឹង​ឲ្យ​អ្នក​អញ្ជើញ​ទៅ ហើយ​នឹង​ប្រាប់​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​អ្នក​ប៉ង​ក្នុង​ចិត្ត​ដែរ ឯ​ហ្វូង​លា​ដែល​បាន​វង្វេង​បាត់​បី​ថ្ងៃ​មក​ហើយ នោះ​កុំ​ឲ្យ​ធុរៈ​ឡើយ ដ្បិត​បាន​ឃើញ​ហើយ មួយ​ទៀត តើ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាសន៍​អ៊ីស្រា‌អែល​សម្រេច​លើ​អ្នក​ណា តើ​មិន​សម្រេច​លើ​អ្នក និង​គ្រួសារ​ឪពុក​អ្នក​ទេ​ឬ?» តែ​លោក​សូល​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​មិន​មែន​ជា​ពួក​បេនយ៉ាមីន ជា​កុល‌សម្ព័ន្ធ​តូច​ជាង​គេ​ក្នុង​បណ្ដា​សាសន៍​អ៊ីស្រា‌អែល​ទេ​ឬ ហើយ​គ្រួសារ​ខ្ញុំ តើ​មិន​មែន​ជា​តូច​ទាប​ជាង​អស់​ទាំង​គ្រួ​ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន​ដែរ​ទេ​ឬ ដូច្នេះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ប្រ‌សាសន៍​នឹង​ខ្ញុំ​យ៉ាង​នេះ»។ លោកសាំយូ‌អែល​ក៏​នាំ​យក​លោក​សូល និង​អ្នក​បម្រើ​ចូល​ទៅ​ក្នុង​រោង​ជំនុំ ឲ្យ​អង្គុយ​នៅ​ទី​លេខ​មួយ​ក្នុង​ពួក​ភ្ញៀវ ដែល​មាន​ចំនួន​ប្រហែល​ជា​សាមសិប​នាក់។ រួច​លោក​ប្រាប់​ទៅ​អ្នក​ចម្អិន​ថា៖ «ចូរ​យក​ចំណែក​មួយ​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក​ដោយ​ប្រាប់​ថា "ចូរ​ទុក​ដោយ​ខ្លួន​នោះ​មក"»។ ដូច្នេះ អ្នក​ចម្អិន​ក៏​យក​ស្មា និង​សាច់​ដែល​នៅ​ជាប់​នោះ មក​ជូន​លោក​សូល រួច​សាំយូ‌អែល​ប្រាប់​ថា៖ «មើល៍! នេះ​ជា​របស់​ដែល​បាន​បម្រុង​ទុក​ឲ្យ​អ្នក អញ្ជើញ​ពិសា​ចុះ ដ្បិត​បាន​បម្រុង​ទុក​ដល់​ពេល​កំណត់​សម្រាប់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​បរិ‌ភោគ​រួម​ជា‌មួយ​ភ្ញៀវ​ដែល​ខ្ញុំ​បាន​អញ្ជើញ»។ ដូច្នេះ លោក​សូល​ក៏​បរិ‌ភោគ​ជា‌មួយ​លោក​សាំយូ‌អែល​នៅ​ថ្ងៃ​នោះ។ កាល​គេ​បាន​ចុះ​ពី​ទី​ខ្ពស់​មក​ក្នុង​ទី​ក្រុង​វិញ លោក​សាំយូ‌អែល និង​លោក​សូល​ក៏​និយាយ​គ្នា​នៅ​លើ​ដំបូល​ផ្ទះ។ គេ​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង លោក​សាំយូ‌អែល​ហៅ​លោក​សូល​នៅ​លើ​ដំបូល​ផ្ទះ​ថា៖ «ក្រោក​ឡើង ដើម្បីឲ្យ​ខ្ញុំ​បានជូន​ដំណើរ​អ្នក​ទៅ» ដូច្នេះ លោក​សូល​ក៏​ក្រោក​ឡើង ហើយ​លោកសាំយូ‌អែល​ក៏​ចេញ​ទៅ​ក្រៅ​ទាំង​ពីរ​នាក់។ កាល​គេ​កំពុង​តែ​ចុះ​ទៅ​ជិត​ដល់​ទី​ចុង​ក្រុង​ហើយ នោះ​លោកសាំយូ‌អែល​ប្រាប់​លោក​សូល​ថា៖ «ចូរ​ប្រាប់​ឲ្យ​អ្នក​បម្រើ​របស់​អ្នក​ដើរ​ទៅ​មុន​យើង​ទៅ ពេល​គេ​ទៅ​ហើយ ចូរ​អ្នក​ឈប់​សិន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង​ពី​ព្រះ‌បន្ទូល​របស់​ព្រះ»។

ចែក​រំលែក
អាន ១ សាំយូអែល 9

១ សាំយូអែល 9:15-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មួយ​ថ្ងៃ​មុន​លោក​សូល​មក​ដល់ ព្រះ‌អម្ចាស់​យាង​មក​ជួប​លោក​សាំយូ‌អែល ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ស្អែក ពេល​ថ្មើរ​ហ្នឹង យើង​នឹង​ចាត់​បុរស​ម្នាក់​ពី​ស្រុក​បេន‌យ៉ាមីន​ឲ្យ​មក​ជួប​អ្នក។ អ្នក​ត្រូវ​ចាក់​ប្រេង​តែង‌តាំង​អ្នក​នោះ ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌ជន​របស់​យើង។ អ្នក​នោះ​នឹង​រំដោះ​ប្រជា‌ជន​យើង ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន ដ្បិត​យើង​បាន​ឃើញ​ទុក្ខ​វេទនា​នៃ​ប្រជា‌ជន​របស់​យើង ហើយ​យើង​ក៏​បាន​ឮ​សម្រែក​របស់​ពួក​គេ​ដែរ»។ ពេល​លោក​សាំយូ‌អែល​ឃើញ​លោក​សូល ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «គឺ​បុរស​នេះ​ហើយ​ដែល​យើង​បាន​ប្រាប់​អ្នក គេ​នឹង​គ្រង​រាជ្យ​លើ​ប្រជា‌ជន​របស់​យើង»។ លោក​សូល​ចូល​ទៅ​ជិត​លោក​សាំយូ‌អែល​នៅ​មាត់​ច្រក ហើយ​សួរ​ថា៖ «សូម​លោក​មេត្តា​ប្រាប់​ខ្ញុំ​បាទ​ផង ផ្ទះ​លោក​គ្រូ​ទាយ​នៅ​ឯ​ណា?»។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​តប​ទៅ​លោក​សូល​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ​គ្រូ​ទាយ។ សូម​អញ្ជើញ​នាំ​មុខ​ខ្ញុំ ឡើង​ទៅ​កន្លែង​សក្ការៈ សូម​លោក​បរិភោគ​អាហារ​ជា​មួយ​ខ្ញុំ​ថ្ងៃ​នេះ ចាំ​ព្រឹក​ស្អែក ខ្ញុំ​នឹង​ជម្រាប​លោក​នូវ​អ្វីៗ​ដែល​លោក​ចង់​ដឹង រួច​សឹម​លោក​អញ្ជើញ​ទៅ​ចុះ! សូម​កុំ​ព្រួយ​បារម្ភ​នឹង​លា​ញី ដែល​វង្វេង​បាត់​កាល​ពី​បី​ថ្ងៃ​មុន​នោះ​ឡើយ ដ្បិត​គេ​រក​វា​ឃើញ​វិញ​ហើយ។ ប៉ុន្តែ សូម​ជ្រាប​ថា បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល គឺ​លោក និង​គ្រួសារ​របស់​លោក​ទាំង​មូល​តែ​ម្ដង»។ លោក​សូល​តប​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ដូច្នេះ? ខ្ញុំ​បាទ​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ដែល​ជា​កុល‌សម្ព័ន្ធ​មួយ​ដ៏​តូច​បំផុត​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​អំបូរ​របស់​ខ្ញុំ​បាទ​ក៏​តូច​ជាង​គេ ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ដែរ»។ លោក​សាំយូ‌អែល​នាំ​លោក​សូល និង​អ្នក​បម្រើ​ចូល​ក្នុង​បន្ទប់ ហើយ​ជូន​កន្លែង​កិត្តិយស​បំផុត​ដល់​លោក នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំង​អស់ ដែល​មាន​ចំនួន​ប្រមាណ​សាម‌សិប​នាក់។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​អ្នក​ដាំ​បាយ​ថា៖ «ចូរ​យក​សាច់​មួយ​ចំណែក ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​ទុក​ដោយ​ឡែក​នោះ​មក»។ អ្នក​ដាំ​បាយ​ក៏​ទៅ​យក​សាច់​ភ្លៅ​ដ៏​ល្អ​បំផុត មក​ដាក់​នៅ​មុខ​លោក​សូល។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ចំណែក​ដែល​យើង​បាន​បម្រុង​ទុក​ជូន​លោក សូម​អញ្ជើញ​ពិសា​សាច់​ដែល​គេ​ដាក់​នៅ​មុខ​លោក​ចុះ ដ្បិត​ខ្ញុំ​ឲ្យ​គេ​ទុក​សាច់​ជូន​លោក​បរិភោគ រួម​ជា​មួយ​ភ្ញៀវ​ដែល​ខ្ញុំ​បាន​អញ្ជើញ សម្រាប់​ឱកាស​នេះ»។ ថ្ងៃ​នោះ លោក​សូល​បរិភោគ​ជា​មួយ​លោក​សាំយូ‌អែល។ បន្ទាប់​មក លោក​ទាំង​ពីរ​ចុះ​ពី​កន្លែង​សក្ការៈ​មក​កាន់​ភូមិ​វិញ ហើយ​លោក​សាំយូ‌អែល​សំណេះ‌សំណាល​ជា​មួយ​លោក​សូល​នៅ​ខាង​លើ​ផ្ទះ។ លោក​សូល និង​អ្នក​បម្រើ​ក្រោក​ឡើង​តាំង​ពី​ព្រលឹម។ នៅ​ពេល​ថ្ងៃ​រះ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សូល​ដែល​នៅ​ខាង​លើ​ផ្ទះ​ថា៖ «សូម​រៀបចំ​ខ្លួន ខ្ញុំ​នឹង​ជូន​ដំណើរ​លោក!»។ កាល​លោក​សូល​រៀបចំ​ខ្លួន​រួច​ហើយ លោក​ទាំង​ពីរ​ក៏​ចេញ​មក​ក្រៅ​ជា​មួយ​គ្នា។ កាល​ធ្វើ​ដំណើរ​ទៅ​ដល់​ចុង​ភូមិ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សូល​ថា៖ «សូម​ប្រាប់​អ្នក​បម្រើ​របស់​លោក​ឲ្យ​ដើរ​ទៅ​មុន​យើង​ចុះ»។ អ្នក​បម្រើ​ក៏​ដើរ​ទៅ​មុន រួច​លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៀត​ថា៖ «ឥឡូវ​នេះ សូម​លោក​ឈប់​សិន ខ្ញុំ​នឹង​ជម្រាប​លោក​ឲ្យ​ដឹង​ពី​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់»។

ចែក​រំលែក
អាន ១ សាំយូអែល 9

១ សាំយូអែល 9:15-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​១​ថ្ងៃ​មុន​ដែល​សូល​បាន​មក​ដល់ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់បាន​មាន​បន្ទូល​ប្រាប់​សាំយូ‌អែល​ថា ដល់​ថ្ងៃ​ស្អែក​ពេល​ថ្មើរ​ណេះ អញ​នឹង​ចាត់​មនុស្ស​ម្នាក់​ពី​ស្រុក​បេន‌យ៉ាមីន​មក​ឯ​ឯង ត្រូវ​ឲ្យ​ឯង​ចាក់​ប្រេង​តាំង​អ្នក​នោះ​ឲ្យ​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​ចុះ អ្នក​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​អញ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន ដ្បិត​អញ​បាន​ក្រឡេក​មើល​ទៅ​រាស្ត្រ​អញ ពី​ព្រោះ​សំរែក​របស់​គេ​បាន​ឮ​មក​ដល់​អញ​ហើយ ដូច្នេះ កាល​សាំយូ‌អែល​បាន​ឃើញ​សូល នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នេះ​ហើយ​ជា​មនុស្ស​ដែល​អញ​បាន​ប្រាប់​ឯង គឺ​អ្នក​នេះ​ឯង ដែល​ត្រូវ​សោយ‌រាជ្យ​លើ​រាស្ត្រ​របស់​អញ គ្រា​នោះ សូល​បាន​ចូល​ទៅ​ជិត​សាំយូ‌អែល នៅ​ត្រង់​កណ្តាល​ទ្វារ​ក្រុង​សួរ​ថា សូម​លោក​ប្រាប់​ខ្ញុំ តើ​ផ្ទះ​គ្រូ​ដែល​មើល‌ឆុត​នៅ​ឯ​ណា នោះ​សាំយូ‌អែល​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ហើយ​ជា​អ្នក​មើល‌ឆុត ចូរ​អ្នក​ឡើង​ទៅ​ឯ​ទី​ខ្ពស់​មុន​ខ្ញុំ​ចុះ ដ្បិត​ត្រូវ​ឲ្យ​អ្នក​បរិភោគ​ជា​មួយ​នឹង​ខ្ញុំ​នៅ​ថ្ងៃ​នេះ រួច​ដល់​ព្រឹក​ឡើងខ្ញុំ​នឹង​ឲ្យ​អ្នក​អញ្ជើញ​ទៅ ហើយ​នឹង​ប្រាប់​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​អ្នក​ប៉ង​ក្នុង​ចិត្ត​ដែរ ឯ​ហ្វូង​លា​ដែល​បាន​វង្វេង​បាត់​៣​ថ្ងៃ​មក​ហើយ នោះ​កុំ​ឲ្យ​ធុរៈ​ឡើយ ដ្បិត​បាន​ឃើញ​ហើយ ១​ទៀត តើ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សាសន៍​អ៊ីស្រាអែល​សំរេច​លើ​អ្នក​ណា តើ​មិន​សំរេច​លើ​អ្នក នឹង​ពួក​គ្រួ​ឪពុក​អ្នក​ទេ​ឬ​អី តែ​សូល​ឆ្លើយ​ថា តើ​ខ្ញុំ​មិន​មែន​ជា​ពួក​បេន‌យ៉ាមីន​ជា​ពូជ​អំបូរ​តូច​ជាង​គេ​ក្នុង​បណ្តា​សាសន៍​អ៊ីស្រាអែល​ទេ​ឬ​អី ហើយ​ពួក​គ្រួ​ខ្ញុំ តើ​មិន​មែន​ជា​តូច​ទាប​ជាង​អស់​ទាំង​គ្រួ ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន​ដែរ​ទេ​ឬ​អី ដូច្នេះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ប្រសាសន៍​នឹង​ខ្ញុំ​យ៉ាង​នេះ។ សាំយូ‌អែល​ក៏​នាំ​យក​សូល នឹង​អ្នក​បំរើ ចូល​ទៅ​ក្នុង​រោង​ជំនុំ ឲ្យ​អង្គុយ​នៅ​ទី​លេខ​១​ក្នុង​ពួក​ភ្ញៀវ ដែល​មាន​ចំនួន​ប្រហែល​ជា​៣០​នាក់ រួច​លោក​ប្រាប់​ទៅ​អ្នក​ធ្វើ​បាយ​ថា ចូរ​យក​ចំណែក​១​ដែល​អញ​បាន​ប្រគល់​ឲ្យ​ឯង​ដោយ​ប្រាប់​ថា ចូរ​ទុក​ដោយ​ខ្លួន​នោះ​មក ដូច្នេះអ្នក​ធ្វើ​បាយ ក៏​យក​ស្មា នឹង​សាច់​ដែល​នៅ​ជាប់​នោះ មក​ដាក់​នៅ​មុខ​សូល រួច​សាំយូ‌អែល​ប្រាប់​ថា មើល នេះ​ជា​របស់​ដែល​បាន​បំរុង​ទុក​ឲ្យ​អ្នក អញ្ជើញ​ពីសា​ចុះ ដ្បិត​បាន​បំរុង​ទុក​ដល់​ពេល​កំណត់​សំរាប់​អ្នក ចាប់​តាំង​ពី​ខ្ញុំ​បាន​អញ្ជើញ​ពួក​ជន​មក ដូច្នេះ សូល​ក៏​បរិភោគ​ជា​មួយ​នឹង​សាំយូ‌អែល​នៅ​ថ្ងៃ​នោះ។ កាល​គេ​បាន​ចុះ​ពី​ទី​ខ្ពស់​មក​ក្នុង​ទី​ក្រុង​វិញ នោះ​សាំយូ‌អែលនឹង​សូល​ក៏​និយាយ​គ្នា​នៅ​លើ​ដំបូល​ផ្ទះ រួច​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង លុះ​ដល់​ថ្ងៃ​រះ នោះ​សាំយូ‌អែល​ហៅ​សូល​ទៅ​លើ​ដំបូល​ផ្ទះ​ប្រាប់​ថា នែ ខ្ញុំ​ឲ្យ​អ្នក​អញ្ជើញ​ទៅ​ហើយ នោះ​សូល​ក្រោក​ឡើង ហើយ​គាត់នឹង​សាំយូ‌អែល​ក៏​ដើរ​ចេញ​ទៅ​ក្រៅ​ទាំង​២​នាក់ កាល​គេ​កំពុង​តែ​ចុះ​ទៅ​ជិត​ដល់​ទី​ចុង​ក្រុង​ហើយ នោះ​សាំយូ‌អែល​ប្រាប់​សូល​ថា ចូរ​ប្រាប់​ដល់​អ្នក​បំរើ​របស់​អ្នក​ឲ្យ​ដើរ​ទៅ​ខាង​មុខ​យើង​ទៅ (វា​ក៏​ទៅ) តែ​ឯ​អ្នក ចូរ​ឈប់​សិន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ។

ចែក​រំលែក
អាន ១ សាំយូអែល 9