១ សាំយូអែល 9:1-22

១ សាំយូអែល 9:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​អ្នក​ខាង​បេនយ៉ាមីន​ម្នាក់ ឈ្មោះ​គីស​ជា​កូន​អ័បៀល ដែល​អ័បៀល​ជា​កូន​សេរ៉ោ សេរ៉ោ​ជា​កូន​បេ‌កូរេ បេ‌កូរេ​ជា​កូន​អ័ភី‌យ៉ា អ័ភី‌យ៉ា​ជា​កូន​ពួក​បេនយ៉ាមីន​ម្នាក់ អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន គាត់​មាន​កូន​ប្រុស​ម្នាក់ ឈ្មោះ​សូល ជា​យុវជន​ដែល​មាន​រូប‌ឆោម​ល្អ​ស្អាត ក្នុង​បណ្ដា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គ្មាន​អ្នក​ណា​ល្អ​ជាង​ទេ គាត់​មាន​មាឌ​ខ្ពស់​ជាង​គេ​ទាំង​អស់ ឯ​ពួក​គេ​មាន​កម្ពស់​ត្រឹម​តែ​ស្មា​របស់​គាត់​ទេ។ សម័យ​នោះ ហ្វូង​លា​របស់​គីស ជា​ឪពុក​លោក​សូល បាន​វង្វេង​បាត់​ទៅ នោះ​គីស​និយាយ​ទៅ​លោក​សូល​ជា​កូន​ថា៖ «ចូរ​ឯង និង​បាវ​ម្នាក់​នាំ​គ្នា​ទៅ​រក​ហ្វូង​លា​ទៅ»។ ដូច្នេះ គាត់​បាន​ដើរ​កាត់​ស្រុក​ភ្នំ​អេប្រាអិម និង​ស្រុក​សា‌លី‌សា តែ​រក​ហ្វូង​លា​មិន​ឃើញ​សោះ រួច​នាំ​គ្នា​ដើរ​កាត់​ស្រុក​សា‌លីម តែ​មិន​ឃើញ​នៅ​ស្រុក​នោះ​ដែរ ក៏​ដើរ​កាត់​ស្រុក​បេនយ៉ាមីន​ទៀត តែ​រក​មិន​ឃើញ​សោះ​ឡើយ។ ពេល​បាន​ទៅ​ដល់​ស្រុក​ស៊ូភ​ហើយ នោះ​លោក​សូល​និយាយ​ទៅ​បាវ​ដែល​ទៅ​ជា‌មួយ​ថា៖ «ឥឡូវ​នេះ ចូរ​យើង​វិល​ត្រឡប់​ទៅ​វិញ ក្រែង​ឪពុក​ខ្ញុំ​លែង​គិត​ពី​ហ្វូង​លា ដោយ​ព្រួយ​ចិត្ត​នឹង​យើង»។ បាវ​នោះ​ឆ្លើយ​ថា៖ «មើល៍ មាន​អ្នក​សំណព្វ​របស់​ព្រះ​ម្នាក់​នៅ​ក្រុង​នេះ ជា​អ្នក​ដែល​គេ​រាប់​អាន​គ្រប់​គ្នា ឯ​អស់​ទាំង​សេចក្ដី​ណា​ដែល​លោក​ថា នោះ​រមែង​កើត​មក​ជា​មិន​ខាន ដូច្នេះ សូម​យើង​ទៅ​ឯ​ណោះ​ចុះ ប្រហែល​ជា​លោក​នឹង​ប្រាប់​យើង​ពី​ផ្លូវ​ដែល​ត្រូវ​ទៅ​បាន»។ តែ​លោក​សូល​ឆ្លើយ​ថា៖ «ប្រសិន‌បើ​យើង​ទៅ តើ​យើង​មាន​អ្វី​យក​ទៅ​ជូន​លោក? ដ្បិត​អាហារ​ក្នុង​សំពាយ​របស់​យើង​អស់​រលីង​ហើយ គ្មាន​អ្វី​នឹង​យក​ទៅ​ជូន​ដល់​អ្នក​សំណព្វ​របស់​ព្រះ​នោះ​ទេ តើ​នៅ​មាន​អ្វី​ដែរ​ឬ?» អ្នក​បម្រើ​ជម្រាប​ទៅ​លោក​សូល​ទៀត​ថា៖ «មើល៍ ខ្ញុំ​មាន​ប្រាក់​មួយ​ភាគ​បួន​សេកែល​នៅ​ដៃ ខ្ញុំ​នឹង​ជូន​ដល់​លោក ឲ្យ​លោក​បង្ហាញ​ផ្លូវ​យើង»។ (កាល​ពី​ដើម នៅ​ស្រុក​អ៊ីស្រា‌អែល កាល​ណា​មនុស្ស​ម្នាក់​ទៅ​សួរ​ដល់​ព្រះ នោះ​គេ​តែង​និយាយ​ថា «ចូរ​យើង​ទៅ​ឯ​អ្នក​មើល​ឆុត» ដ្បិត​អ្នក​ដែល​សព្វ​ថ្ងៃ​នេះ​ហៅ​ថា ហោរា នោះ​ពី​ដើម​គេ​ហៅ​ថា អ្នក​មើល​ឆុត​វិញ)។ ដូច្នេះ លោក​សូល​ក៏​ឆ្លើយ​តប​ទៅ​អ្នក​បម្រើ​ថា៖ «អើ ស្រួល​ហើយ ចូរ​យើង​ទៅ​ចុះ!» នោះ​គេ​ក៏​ទៅ​ក្រុង​នោះ ជា​កន្លែង​ដែល​អ្នក​សំណព្វ​របស់​ព្រះ​អា‌ស្រ័យ​នៅ។ កំពុង​ដែល​គេ​ដើរ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​ទី​ក្រុង នោះ​គេ​ជួប​ប្រទះ​នឹង​ពួក​ស្រី​ក្រមុំៗ​ដែល​ចេញ​មក​ដង​ទឹក ហើយ​ក៏​សួរ​ថា៖ «តើ​អ្នក​មើល​ឆុត​នៅ​ទី​នេះ​ឬ​ទេ?» នាង​ទាំង​នោះ​ឆ្លើយ​ថា៖ «ចាស៎ មែន​ហើយ លោក​បាន​ដើរ​ទៅ​ខាង​មុខ​នុ៎ះ អញ្ជើញ​ទៅ​ជា​ប្រញាប់​ទៅ ដ្បិត​ថ្ងៃ​នេះ លោក​ទើប​នឹង​មក​ដល់​ទី​ក្រុង ព្រោះ​ប្រជាជន​គេ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​ទី​ខ្ពស់​នៅ​ថ្ងៃ​នេះ កាល​ណា​អ្នក​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​អ្នក​នឹង​ឃើញ​លោក​ហើយ មុន​ដែល​លោក​ឡើង​ទៅ​ពិសា​នៅ​លើ​ទី​ខ្ពស់​នោះ ដ្បិត​ពួក​ប្រជាជន​មិន​បរិ‌ភោគ​ឡើយ ទាល់​តែ​លោក​អញ្ជើញ​ទៅ​ដល់ ព្រោះ​គឺ​លោក​ហើយ ដែល​ត្រូវ​ឲ្យ​ពរ​ដល់​យញ្ញ‌បូជា​នោះ ទើប​ពួក​ភ្ញៀវ​បរិ‌ភោគ​ជា​ខាង​ក្រោយ ដូច្នេះ អញ្ជើញ​អ្នក​ឡើង​ទៅ​ចុះ ដ្បិត​ថ្មើរ​ណេះ​អ្នក​នឹង​រក​លោក​ឃើញ»។ ដូច្នេះ គេ​ក៏​ឡើង​ទៅ​ទី​ក្រុង កាល​គេ​កំពុង​តែ​ចូល​ទៅ នោះ​មើល៍ លោកសាំយូ‌អែល​ក៏​ចេញ​មក​នៅ​ប្រទល់​មុខ ដើម្បី​នឹង​ឡើង​ទៅ​ឯ​ទី​ខ្ពស់។ មួយ​ថ្ងៃ​មុន​ដែល​លោក​សូល​បាន​មក​ដល់ នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ប្រាប់​លោកសាំយូ‌អែល​ថា៖ «ថ្ងៃ​ស្អែក ពេល​ថ្មើរ​ណេះ យើង​នឹង​ចាត់​មនុស្ស​ម្នាក់​ពី​ស្រុក​បេនយ៉ាមីន​មក​រក​អ្នក អ្នក​ត្រូវ​ចាក់​ប្រេង​តាំង​អ្នក​នោះ ឲ្យ​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន ដ្បិត​យើង​បាន​ឃើញ​ប្រជា​រាស្ត្រ​របស់​យើង ព្រោះ​សម្រែក​របស់​គេ​បាន​ឮ​មក​ដល់​យើង​ហើយ»។ ដូច្នេះ កាល​លោកសាំយូ‌អែល​បាន​ឃើញ​លោក​សូល នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ហើយ​ជា​មនុស្ស​ដែល​យើង​បាន​ប្រាប់​អ្នក គឺ​អ្នក​នេះ​ឯង ដែល​ត្រូវ​សោយ‌រាជ្យ​លើ​ប្រជា‌រាស្ត្រ​របស់​យើង»។ គ្រា​នោះ លោក​សូល​បាន​ចូល​ទៅ​ជិត​សាំយូ‌អែល នៅ​ត្រង់​កណ្ដាល​ទ្វារ​ក្រុង​សួរ​ថា៖ «សូម​លោក​ប្រាប់​ខ្ញុំ តើ​ផ្ទះ​គ្រូ​ដែល​មើល​ឆុត​នៅ​ឯ​ណា?» នោះ​លោកសាំយូ‌អែល​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ​ជា​អ្នក​មើល​ឆុត ចូរ​អ្នក​ឡើង​ទៅ​ទី​ខ្ពស់​មុន​ខ្ញុំ​ចុះ ដ្បិត​អ្នក​ត្រូវ​បរិ‌ភោគ​ជា‌មួយ​ខ្ញុំ​នៅ​ថ្ងៃ​នេះ រួច​ដល់​ព្រឹក​ឡើង ខ្ញុំ​នឹង​ឲ្យ​អ្នក​អញ្ជើញ​ទៅ ហើយ​នឹង​ប្រាប់​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​អ្នក​ប៉ង​ក្នុង​ចិត្ត​ដែរ ឯ​ហ្វូង​លា​ដែល​បាន​វង្វេង​បាត់​បី​ថ្ងៃ​មក​ហើយ នោះ​កុំ​ឲ្យ​ធុរៈ​ឡើយ ដ្បិត​បាន​ឃើញ​ហើយ មួយ​ទៀត តើ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាសន៍​អ៊ីស្រា‌អែល​សម្រេច​លើ​អ្នក​ណា តើ​មិន​សម្រេច​លើ​អ្នក និង​គ្រួសារ​ឪពុក​អ្នក​ទេ​ឬ?» តែ​លោក​សូល​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​មិន​មែន​ជា​ពួក​បេនយ៉ាមីន ជា​កុល‌សម្ព័ន្ធ​តូច​ជាង​គេ​ក្នុង​បណ្ដា​សាសន៍​អ៊ីស្រា‌អែល​ទេ​ឬ ហើយ​គ្រួសារ​ខ្ញុំ តើ​មិន​មែន​ជា​តូច​ទាប​ជាង​អស់​ទាំង​គ្រួ​ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន​ដែរ​ទេ​ឬ ដូច្នេះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ប្រ‌សាសន៍​នឹង​ខ្ញុំ​យ៉ាង​នេះ»។ លោកសាំយូ‌អែល​ក៏​នាំ​យក​លោក​សូល និង​អ្នក​បម្រើ​ចូល​ទៅ​ក្នុង​រោង​ជំនុំ ឲ្យ​អង្គុយ​នៅ​ទី​លេខ​មួយ​ក្នុង​ពួក​ភ្ញៀវ ដែល​មាន​ចំនួន​ប្រហែល​ជា​សាមសិប​នាក់។

ចែក​រំលែក
អាន ១ សាំយូអែល 9

១ សាំយូអែល 9:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន មាន​បុរស​ម្នាក់​ឈ្មោះ​គីស ជា​កូន​របស់​លោក​អបៀល ជា​ចៅ​របស់​លោក​សេរោ ជា​ចៅ‌ទួត​របស់​លោក​បេកូ‌រ៉ា ក្នុង​អំបូរ​អភី‌យ៉ា។ លោក​គីស​ជា​អភិ‌ជន​មួយ​រូប លោក​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​សូល ជា​យុវជន​ដែល​មាន​រូប​សម្បត្តិ​ល្អ​ស្អាត។ ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល គ្មាន​នរណា​ម្នាក់​ល្អ​ស្អាត​ដូច​យុវជន​នេះ​ឡើយ ហើយ​គាត់​មាន​មាឌ​ខ្ពស់​ជាង​គេ​ទាំង​អស់។ ថ្ងៃ​មួយ លា​ញី​មួយ​ចំនួន​របស់​លោក​គីស ជា​ឪពុក​របស់​លោក​សូល វង្វេង​បាត់។ លោក​គីស​ក៏​ប្រាប់​ទៅ​លោក​សូល ជា​កូន​ថា៖ «ចូរ​នាំ​អ្នក​បម្រើ​ម្នាក់​មក ហើយ​ទៅ​តាម​រក​លា​ញី​ទាំង​នោះ​ចុះ»។ លោក​សូល​ដើរ​កាត់​តំបន់​ភ្នំ​អេប្រាអ៊ីម និង​ស្រុក​សាលី‌សា តែ​រក​លា​ពុំ​ឃើញ​ទេ។ គាត់​ក៏​ទៅ​រក​នៅ​ស្រុក​សាលីម នៅ​តែ​រក​ពុំ​ឃើញ ហើយ​ទៅ​ស្រុក​បេន‌យ៉ាមីន ក៏​នៅ​តែ​រក​ពុំ​ឃើញ​ដដែល។ កាល​ទៅ​ដល់​តំបន់​ស៊ូភ លោក​សូល​ពោល​ទៅ​កាន់​អ្នក​បម្រើ ដែល​មក​ជា​មួយ​ថា៖ «ចូរ​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រែង​លោ​ឪពុក​របស់​ខ្ញុំ​លែង​គិត​ដល់​លា​ញី​ទាំង​នោះ ហើយ​បែរ​ជា​ព្រួយ​បារម្ភ​ពី​ពួក​យើង​វិញ»។ អ្នក​បម្រើ​ឆ្លើយ​តប​ថា៖ «នៅ​ភូមិ​ខាង​មុខ​នេះ មាន​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មួយ​រូប ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន។ អ្វីៗ​ដែល​លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​សម្រេច​ទាំង​អស់។ ដូច្នេះ យើង​ទៅ​រក​លោក​មើល៍ លោក​ប្រហែល​ជា​នឹង​ប្រាប់​យើង​ពី​ផ្លូវ​ដែល​ត្រូវ​ទៅ»។ លោក​សូល​ឆ្លើយ​តប​ថា៖ «បើ​យើង​ទៅ​ជួប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ តើ​បាន​អ្វី​យក​ទៅ​ជូន​លោក? ក្នុង​សំពាយ​យើង​គ្មាន​សល់​នំប៉័ង​ទេ ហើយ​យើង​ក៏​គ្មាន​ជំនូន​អ្វី​សម្រាប់​ជូន​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែរ តើ​យើង​មាន​អ្វី?»។ អ្នក​បម្រើ​ពោល​ជម្រាប​លោក​សូល​វិញ​ថា៖ «ខ្ញុំ​ប្របាទ​មាន​ប្រាក់​មួយ​កាក់​ជាប់​នឹង​ខ្លួន​ដែរ ខ្ញុំ​ប្របាទ​នឹង​ជូន​ប្រាក់​នេះ​ទៅ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​ឲ្យ​លោក​បង្ហាញ​ផ្លូវ​យើង»។ ពី​ដើម នៅ​ស្រុក​អ៊ីស្រា‌អែល កាល​ណា​គេ​ទៅ​ទូល​សូម​អ្វី​ពី​ព្រះ‌ជាម្ចាស់ គេ​តែង​ពោល​ថា «មក៍! យើង​ទៅ​រក​គ្រូ​ទាយ!» ដ្បិត​អ្នក​ដែល​យើង​ហៅ​ថា​ព្យាការី​សព្វ​ថ្ងៃ​នេះ នៅ​ជំនាន់​ដើម គេ​តែង​ហៅ​ថា «គ្រូ​ទាយ»។ លោក​សូល​តប​ទៅ​អ្នក​បម្រើ​វិញ​ថា៖ «យោបល់​ល្អ! តោ៎ះ យើង​ទៅ!»។ អ្នក​ទាំង​ពីរ​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភូមិ ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​រស់​នៅ។ ពេល​ឡើង​ភ្នំ​ទៅ​ជិត​ដល់​ភូមិ អ្នក​ទាំង​ពីរ​ជួប​នឹង​ក្រមុំៗ​ដែល​ចេញ​មក​ដង​ទឹក ក៏​សួរ​ថា៖ «តើ​លោក​គ្រូ​ទាយ​នៅ​ទី​នេះ​ឬ​ទេ?»។ នាង​ទាំង​នោះ​ឆ្លើយ​ថា៖ «ចា៎ស! លោក​នៅ​ខាង​មុខ​នុ៎ះ! សូម​ប្រញាប់‌ប្រញាល់​ទៅ ថ្ងៃ​នេះ លោក​អញ្ជើញ​មក​ភូមិ​យើង ព្រោះ​ប្រជា‌ជន​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​នៅ​កន្លែង​សក្ការៈ​លើ​ទួល​ខ្ពស់! ពេល​ចូល​ទៅ​ដល់​ភូមិ អ្នក​ទាំង​ពីរ​នឹង​ជួប​លោក មុន​លោក​ឡើង​ទៅ​កន្លែង​សក្ការៈ ដើម្បី​ពិសា​អាហារ។ ពេល​ណា​លោក​អញ្ជើញ​ទៅ​ដល់ ទើប​ប្រជា‌ជន​អាច​បរិភោគ​បាន ដ្បិត​លោក​ត្រូវ​ឲ្យ​ពរ​យញ្ញ‌បូជា​នោះ​សិន ទើប​ភ្ញៀវ​ទាំង​អស់​បរិភោគ។ ដូច្នេះ សូម​អញ្ជើញ​ភ្លាម​ទៅ អ្នក​ទាំង​ពីរ​មុខ​ជា​បាន​ជួប​លោក​មិន​ខាន»។ អ្នក​ទាំង​ពីរ​បន្ត​ដំណើរ​ទៅ​មុខ ពេល​ចូល​ទៅ​ក្នុង​ភូមិ ពួក​គេ​ជួប​លោក​សាំយូ‌អែល ចំ​ពេល​លោក​ឡើង​ទៅ​កាន់​កន្លែង​សក្ការៈ។ មួយ​ថ្ងៃ​មុន​លោក​សូល​មក​ដល់ ព្រះ‌អម្ចាស់​យាង​មក​ជួប​លោក​សាំយូ‌អែល ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ស្អែក ពេល​ថ្មើរ​ហ្នឹង យើង​នឹង​ចាត់​បុរស​ម្នាក់​ពី​ស្រុក​បេន‌យ៉ាមីន​ឲ្យ​មក​ជួប​អ្នក។ អ្នក​ត្រូវ​ចាក់​ប្រេង​តែង‌តាំង​អ្នក​នោះ ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌ជន​របស់​យើង។ អ្នក​នោះ​នឹង​រំដោះ​ប្រជា‌ជន​យើង ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន ដ្បិត​យើង​បាន​ឃើញ​ទុក្ខ​វេទនា​នៃ​ប្រជា‌ជន​របស់​យើង ហើយ​យើង​ក៏​បាន​ឮ​សម្រែក​របស់​ពួក​គេ​ដែរ»។ ពេល​លោក​សាំយូ‌អែល​ឃើញ​លោក​សូល ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «គឺ​បុរស​នេះ​ហើយ​ដែល​យើង​បាន​ប្រាប់​អ្នក គេ​នឹង​គ្រង​រាជ្យ​លើ​ប្រជា‌ជន​របស់​យើង»។ លោក​សូល​ចូល​ទៅ​ជិត​លោក​សាំយូ‌អែល​នៅ​មាត់​ច្រក ហើយ​សួរ​ថា៖ «សូម​លោក​មេត្តា​ប្រាប់​ខ្ញុំ​បាទ​ផង ផ្ទះ​លោក​គ្រូ​ទាយ​នៅ​ឯ​ណា?»។ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​តប​ទៅ​លោក​សូល​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ​គ្រូ​ទាយ។ សូម​អញ្ជើញ​នាំ​មុខ​ខ្ញុំ ឡើង​ទៅ​កន្លែង​សក្ការៈ សូម​លោក​បរិភោគ​អាហារ​ជា​មួយ​ខ្ញុំ​ថ្ងៃ​នេះ ចាំ​ព្រឹក​ស្អែក ខ្ញុំ​នឹង​ជម្រាប​លោក​នូវ​អ្វីៗ​ដែល​លោក​ចង់​ដឹង រួច​សឹម​លោក​អញ្ជើញ​ទៅ​ចុះ! សូម​កុំ​ព្រួយ​បារម្ភ​នឹង​លា​ញី ដែល​វង្វេង​បាត់​កាល​ពី​បី​ថ្ងៃ​មុន​នោះ​ឡើយ ដ្បិត​គេ​រក​វា​ឃើញ​វិញ​ហើយ។ ប៉ុន្តែ សូម​ជ្រាប​ថា បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល គឺ​លោក និង​គ្រួសារ​របស់​លោក​ទាំង​មូល​តែ​ម្ដង»។ លោក​សូល​តប​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ដូច្នេះ? ខ្ញុំ​បាទ​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ដែល​ជា​កុល‌សម្ព័ន្ធ​មួយ​ដ៏​តូច​បំផុត​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​អំបូរ​របស់​ខ្ញុំ​បាទ​ក៏​តូច​ជាង​គេ ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ដែរ»។ លោក​សាំយូ‌អែល​នាំ​លោក​សូល និង​អ្នក​បម្រើ​ចូល​ក្នុង​បន្ទប់ ហើយ​ជូន​កន្លែង​កិត្តិយស​បំផុត​ដល់​លោក នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំង​អស់ ដែល​មាន​ចំនួន​ប្រមាណ​សាម‌សិប​នាក់។

ចែក​រំលែក
អាន ១ សាំយូអែល 9

១ សាំយូអែល 9:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​មាន​ពួក​បេន‌យ៉ាមីន​ម្នាក់ ឈ្មោះ​គីស ជា​កូន​អ័បៀល ដែល​អ័បៀល​ជា​កូន​សេរ៉ោៗ ជា​កូន​បេ‌កូរ៉ាៗ ជា​កូន​អ័ភីយ៉ាៗ ជា​កូន​ពួក​បេន‌យ៉ាមីន​ម្នាក់ អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន គាត់​មាន​កូន​កំឡោះ​ម្នាក់ ឈ្មោះ​សូល ដែល​មាន​រូប‌ឆោម​ល្អ​ណាស់ ក្នុង​បណ្តា​ពួក​កូន​ចៅ​អ៊ីស្រាអែល គ្មាន​អ្នក​ណា​ល្អ​ជាង​ទេ គាត់​មាន​មាឌ​ខ្ពស់​ជាង​គេ​ទាំង​អស់ ឯ​ពួក​គេ​មាន​កំពស់ ត្រឹម​តែ​ស្មា​របស់​គាត់​ទេ សម័យ​នោះហ្វូង​លា​របស់​គីស ជា​ឪពុក​សូល បាន​វង្វេង​បាត់​ទៅ នោះ​គីស​និយាយ​ទៅ​សូល ជា​កូន​ថា ចូរ​ឯង នឹង​បាវ​ម្នាក់​នាំ​គ្នា​ទៅ​រក​ហ្វូង​លា​ទៅ ដូច្នេះ គាត់​បាន​ដើរ​កាត់​ស្រុក​ភ្នំ​អេប្រា‌អិម នឹង​ស្រុក​សាលីសា តែ​រក​ហ្វូង​លា​មិន​ឃើញ​សោះ រួច​នាំ​គ្នា​ដើរ​កាត់​ស្រុក​សាលីម តែ​មិន​ឃើញ​នៅ​ស្រុក​នោះ​ដែរ ក៏​ដើរ​កាត់​ស្រុក​បេន‌យ៉ាមីន​ទៀត តែ​រក​មិន​ឃើញ​សោះ​ឡើយ។ លុះ​កាល​បាន​ទៅ​ដល់​ស្រុក​ស៊ូភ​ហើយ នោះ​សូល​និយាយ​ទៅ​បាវ​ដែល​ទៅ​ជា​មួយ​ថា ឥឡូវ​នេះ ចូរ​យើង​វិល​ត្រឡប់​ទៅ​វិញ ក្រែង​ឪពុក​អញ​លែង​គិត​ពី​ហ្វូង​លា ដោយ​ព្រួយ​ចិត្ត​នឹង​យើង បាវ​នោះ​ឆ្លើយ​ថា មើល មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់​នៅ​ក្រុង​នេះ ជា​អ្នក​ដែល​គេ​រាប់​អាន​គ្រប់​គ្នា ឯ​អស់​ទាំង​សេចក្ដី​ណា​ដែល​លោក​ថា នោះ​រមែង​កើត​មក​ជា​មិន​ខាន ដូច្នេះសូម​យើង​ទៅ​ឯ​ណោះ​ចុះ ប្រហែល​ជា​លោក​នឹង​ប្រាប់​យើង ពី​ផ្លូវ​ដែល​ត្រូវ​ទៅ​បាន តែ​សូល​ឆ្លើយ​ថា បើ​សិន​ជា​យើង​ទៅ តើ​យើង​មាន​អ្វី​យក​ទៅ​ជូន​លោក ដ្បិត​អាហារ​ក្នុង​សំពាយ​របស់​យើង​អស់​រលីង​ហើយ គ្មាន​អ្វី​នឹង​យក​ទៅ​ជូន​ដល់​អ្នក​សំណប់​របស់​ព្រះ​នោះ​ទេ តើ​នៅ​មាន​អ្វី​ដែរ​ឬ​ទេ បាវ​ឆ្លើយ​ជំរាប​ទៅ​សូល​ម្តង​ទៀត​ថា មើល ខ្ញុំ​មាន​ប្រាក់​២​កាក់​នៅ​ដៃ ខ្ញុំ​នឹង​ជូន​ដល់​លោក ឲ្យ​លោក​បង្ហាញ​ផ្លូវ​យើង (កាល​ពី​ដើម នៅ​ស្រុក​អ៊ីស្រាអែល កាល​ណា​មនុស្ស​ម្នាក់​ទៅ​សួរ​ដល់​ព្រះ នោះ​គេ​តែង​និយាយ​ថា ចូរ​យើង​ទៅ​ឯ​អ្នក​មើល‌ឆុត ដ្បិត​អ្នក​ដែល​សព្វ​ថ្ងៃ​នេះ​ហៅ​ថា ហោរា នោះ​ពី​ដើម​គេ​ហៅ​ថា អ្នក​មើល‌ឆុត​វិញ) ដូច្នេះសូល​ក៏​ឆ្លើយ​តប​ទៅ​បាវ​ថា អើ ស្រួល​ហើយ ចូរ​យើង​ទៅ​ចុះ នោះ​គេ​ក៏​ទៅ​ឯ​ក្រុង​នោះ ជា​កន្លែង​ដែល​អ្នក​សំណប់​របស់​ព្រះ​អាស្រ័យ​នៅ។ កំពុង​ដែល​គេ​ដើរ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​ទី​ក្រុង នោះ​គេ​ជួប​ប្រទះ​នឹង​ពួក​ស្រី​ក្រមុំៗ​ដែល​ចេញ​មក​ដង​ទឹក ហើយ​ក៏​សួរ​ថា តើ​អ្នក​មើល‌ឆុត​នៅ​ទី​នេះ​ឬ​អី នាង​ទាំង​នោះ​ឆ្លើយ​ថា ចាស មែន​ហើយ មើល លោក​បាន​ដើរ​ទៅ​ខាង​មុខ​នុ៎ះ អញ្ជើញ​ទៅ​ជា​ប្រញាប់​ទៅ ដ្បិត​ថ្ងៃ​នេះ​លោក​ទើប​នឹង​មក​ដល់​ទី​ក្រុង ពី​ព្រោះ​បណ្តាជន​គេ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​ទី​ខ្ពស់​នៅ​ថ្ងៃ​នេះ កាល​ណា​អ្នក​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​អ្នក​នឹង​ឃើញ​លោក​ហើយ មុន​ដែល​លោក​ឡើង​ទៅ​ពិសា​នៅ​លើ​ទី​ខ្ពស់​នោះ ដ្បិត​ពួក​បណ្តាជន​មិន​បរិភោគ​ឡើយ ទាល់​តែ​លោក​អញ្ជើញ​ទៅ​ដល់ ពី​ព្រោះ​គឺ​លោក​ហើយ ដែល​ត្រូវ​ឲ្យ​ពរ​ដល់​យញ្ញ‌បូជា​នោះ ទើប​ពួក​ភ្ញៀវ​បរិភោគ​ជា​ខាង​ក្រោយ ដូច្នេះអញ្ជើញ​អ្នក​ឡើង​ទៅ​ចុះ ដ្បិត​ថ្មើរ​ណេះ អ្នក​នឹង​រក​លោក​ឃើញ ដូច្នេះ គេ​ក៏​ឡើង​ទៅ​ឯ​ទី​ក្រុង កាល​គេ​កំពុង​តែ​ចូល​ទៅ នោះ​មើល សាំយូ‌អែល​ក៏​ចេញ​មក​នៅ​ប្រទល់​មុខ ដើម្បី​នឹង​ឡើង​ទៅ​ឯ​ទី​ខ្ពស់។ រីឯ​១​ថ្ងៃ​មុន​ដែល​សូល​បាន​មក​ដល់ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់បាន​មាន​បន្ទូល​ប្រាប់​សាំយូ‌អែល​ថា ដល់​ថ្ងៃ​ស្អែក​ពេល​ថ្មើរ​ណេះ អញ​នឹង​ចាត់​មនុស្ស​ម្នាក់​ពី​ស្រុក​បេន‌យ៉ាមីន​មក​ឯ​ឯង ត្រូវ​ឲ្យ​ឯង​ចាក់​ប្រេង​តាំង​អ្នក​នោះ​ឲ្យ​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​ចុះ អ្នក​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​អញ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន ដ្បិត​អញ​បាន​ក្រឡេក​មើល​ទៅ​រាស្ត្រ​អញ ពី​ព្រោះ​សំរែក​របស់​គេ​បាន​ឮ​មក​ដល់​អញ​ហើយ ដូច្នេះ កាល​សាំយូ‌អែល​បាន​ឃើញ​សូល នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នេះ​ហើយ​ជា​មនុស្ស​ដែល​អញ​បាន​ប្រាប់​ឯង គឺ​អ្នក​នេះ​ឯង ដែល​ត្រូវ​សោយ‌រាជ្យ​លើ​រាស្ត្រ​របស់​អញ គ្រា​នោះ សូល​បាន​ចូល​ទៅ​ជិត​សាំយូ‌អែល នៅ​ត្រង់​កណ្តាល​ទ្វារ​ក្រុង​សួរ​ថា សូម​លោក​ប្រាប់​ខ្ញុំ តើ​ផ្ទះ​គ្រូ​ដែល​មើល‌ឆុត​នៅ​ឯ​ណា នោះ​សាំយូ‌អែល​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ហើយ​ជា​អ្នក​មើល‌ឆុត ចូរ​អ្នក​ឡើង​ទៅ​ឯ​ទី​ខ្ពស់​មុន​ខ្ញុំ​ចុះ ដ្បិត​ត្រូវ​ឲ្យ​អ្នក​បរិភោគ​ជា​មួយ​នឹង​ខ្ញុំ​នៅ​ថ្ងៃ​នេះ រួច​ដល់​ព្រឹក​ឡើងខ្ញុំ​នឹង​ឲ្យ​អ្នក​អញ្ជើញ​ទៅ ហើយ​នឹង​ប្រាប់​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​អ្នក​ប៉ង​ក្នុង​ចិត្ត​ដែរ ឯ​ហ្វូង​លា​ដែល​បាន​វង្វេង​បាត់​៣​ថ្ងៃ​មក​ហើយ នោះ​កុំ​ឲ្យ​ធុរៈ​ឡើយ ដ្បិត​បាន​ឃើញ​ហើយ ១​ទៀត តើ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សាសន៍​អ៊ីស្រាអែល​សំរេច​លើ​អ្នក​ណា តើ​មិន​សំរេច​លើ​អ្នក នឹង​ពួក​គ្រួ​ឪពុក​អ្នក​ទេ​ឬ​អី តែ​សូល​ឆ្លើយ​ថា តើ​ខ្ញុំ​មិន​មែន​ជា​ពួក​បេន‌យ៉ាមីន​ជា​ពូជ​អំបូរ​តូច​ជាង​គេ​ក្នុង​បណ្តា​សាសន៍​អ៊ីស្រាអែល​ទេ​ឬ​អី ហើយ​ពួក​គ្រួ​ខ្ញុំ តើ​មិន​មែន​ជា​តូច​ទាប​ជាង​អស់​ទាំង​គ្រួ ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន​ដែរ​ទេ​ឬ​អី ដូច្នេះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ប្រសាសន៍​នឹង​ខ្ញុំ​យ៉ាង​នេះ។ សាំយូ‌អែល​ក៏​នាំ​យក​សូល នឹង​អ្នក​បំរើ ចូល​ទៅ​ក្នុង​រោង​ជំនុំ ឲ្យ​អង្គុយ​នៅ​ទី​លេខ​១​ក្នុង​ពួក​ភ្ញៀវ ដែល​មាន​ចំនួន​ប្រហែល​ជា​៣០​នាក់

ចែក​រំលែក
អាន ១ សាំយូអែល 9