១ សាំយូអែល 8:4-9
១ សាំយូអែល 8:4-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ក៏ប្រជុំគ្នាមកឯលោកសាំយូអែលទៅត្រង់រ៉ាម៉ា គេជម្រាបថា៖ «មើល៍ ឥឡូវលោកចាស់ហើយ ពួកកូនលោក គេមិនប្រព្រឹត្តតាមគន្លងរបស់លោកទេ ដូច្នេះ សូមលោកតាំងឲ្យមានស្តេចមួយអង្គ សម្រាប់នឹងគ្រប់គ្រងលើយើងរាល់គ្នា ដូចជាសាសន៍ឯទៀតដែរ»។ តែដំណើរដែលគេសូមឲ្យតាំងស្តេចឡើងសម្រាប់គ្រប់គ្រងលើគេ នោះមិនគាប់ចិត្តដល់សាំយូអែលទេ ហើយលោកក៏អធិស្ឋានដល់ព្រះយេហូវ៉ា ព្រះយេហូវ៉ាមានព្រះបន្ទូលនឹងលោកថា៖ «ចូរស្តាប់តាមគ្រប់ទាំងសេចក្ដីដែលពួកប្រជាជនសូមដល់អ្នកចុះ ដ្បិតគេមិនបានបោះបង់ចោលអ្នកទេ គឺបោះបង់ចោលយើងហើយ មិនឲ្យយើងធ្វើជាស្តេចលើគេទៀត។ គេប្រព្រឹត្តនឹងអ្នក ដូចជាបានប្រព្រឹត្តនឹងយើង ចាប់តាំងពីថ្ងៃដែលយើងបាននាំគេឡើងចេញពីស្រុកអេស៊ីព្ទមក រហូតដល់ថ្ងៃនេះដែរ គឺគេបានបោះបង់ចោលយើង បែរទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ។ ដូច្នេះ ចូរឯងស្តាប់តាមគេឥឡូវនេះចុះ ប៉ុន្តែ អ្នកត្រូវប្រកែកនឹងគេយ៉ាងម៉ឺងម៉ាត់ដែរ ដោយពន្យល់បង្ហាញដល់គេ ពីសណ្ឋានដែលមានស្តេចសោយរាជ្យលើគេនោះជាយ៉ាងណា»។
១ សាំយូអែល 8:4-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលបានប្រជុំគ្នា ហើយទៅជួបលោកសាំយូអែលនៅរ៉ាម៉ា។ ព្រឹទ្ធាចារ្យទាំងនោះជម្រាបលោកថា៖ «ឥឡូវនេះ លោកចាស់ហើយ រីឯកូនរបស់លោកទៀតសោត ក៏ពុំដើរតាមគន្លងរបស់លោកដែរ។ ដូច្នេះ សូមតែងតាំងឲ្យមានស្ដេចមួយអង្គសោយរាជ្យលើយើងខ្ញុំ ដូចប្រជាជាតិទាំងប៉ុន្មានផង»។ ពេលឮពួកព្រឹទ្ធាចារ្យពោលថា «សូមតែងតាំងឲ្យមានស្ដេចមួយអង្គសោយរាជ្យលើយើងខ្ញុំ» ដូច្នេះ លោកសាំយូអែលមិនសប្បាយចិត្តទេ លោកក៏ទូលអង្វរព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលតបមកថា៖ «ចូរស្ដាប់តាមពាក្យសម្ដីទាំងប៉ុន្មានរបស់ប្រជាជនដែលបានទាមទារនោះចុះ។ មិនមែនអ្នកទេដែលពួកគេបោះបង់ចោល គឺយើងទេតើដែលពួកគេបោះបង់ចោល ពួកគេមិនចង់ឲ្យយើងសោយរាជ្យលើពួកគេទៀតឡើយ។ តាំងពីថ្ងៃយើងបាននាំពួកគេចេញពីស្រុកអេស៊ីបមក រហូតដល់ឥឡូវនេះ ពួកគេបានបោះបង់ចោលយើង ដើម្បីទៅគោរពបម្រើព្រះដទៃទៀត។ ពួកគេប្រព្រឹត្តចំពោះអ្នក ដូចពួកគេធ្លាប់ប្រព្រឹត្តចំពោះយើងដែរ។ ដូច្នេះ ចូរស្ដាប់តាមពាក្យសម្ដីពួកគេឥឡូវនេះចុះ ប៉ុន្តែ ចូរព្រមានពួកគេយ៉ាងម៉ឺងម៉ាត់ជាមុន ព្រមទាំងពន្យល់ពួកគេថា ស្ដេចដែលនឹងសោយរាជ្យលើពួកគេនោះ មានសិទ្ធិយ៉ាងណាៗខ្លះ»។
១ សាំយូអែល 8:4-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ក៏ប្រជុំគ្នាមកឯសាំយូអែលទៅត្រង់រ៉ាម៉ា គេជំរាបថា មើល ឥឡូវលោកចាស់ហើយ ឯពួកកូនលោក គេមិនប្រព្រឹត្តតាមគន្លងរបស់លោកទេ ដូច្នេះ សូមលោកតាំងឲ្យមានស្តេច១អង្គ សំរាប់នឹងគ្រប់គ្រងលើយើងរាល់គ្នា ដូចជាសាសន៍ឯទៀតដែរ តែដំណើរដែលគេសូមឲ្យតាំងស្តេចឡើងសំរាប់គ្រប់គ្រងលើគេ នោះមិនគាប់ចិត្តដល់សាំយូអែលទេ ហើយលោកក៏អធិស្ឋានដល់ព្រះយេហូវ៉ា ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងលោកថា ចូរស្តាប់តាមគ្រប់ទាំងសេចក្ដី ដែលពួកបណ្តាជនសូមដល់ឯងចុះ ដ្បិតគេមិនបានបោះបង់ចោលឯងទេ គឺបោះបង់ចោលអញវិញ ដើម្បីមិនឲ្យអញធ្វើជាស្តេចលើគេទៀត គេប្រព្រឹត្តនឹងឯង ដូចជាបានប្រព្រឹត្តនឹងអញ ចាប់តាំងពីថ្ងៃដែលអញបាននាំគេឡើងចេញពីស្រុកអេស៊ីព្ទមក ដរាបដល់សព្វថ្ងៃនេះដែរ គឺគេបានបោះបង់ចោលអញ បែរទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ដូច្នេះ ចូរឯងស្តាប់តាមគេឥឡូវនេះចុះ ប៉ុន្តែត្រូវឲ្យឯងប្រកែកនឹងគេយ៉ាងម៉ឺងម៉ាត់ដែរ ដោយពន្យល់បង្ហាញដល់គេ ពីសណ្ឋានដែលមានស្តេចសោយរាជ្យលើគេនោះជាយ៉ាងណា។