១ សាំយូអែល 8:11-19 - Compare All Versions

១ សាំយូអែល 8:11-19 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ដោយ​ពាក្យ​ថា៖ «ឯ​សណ្ឋាន​របស់​ស្តេច​ដែល​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា នោះ​នឹង​បាន​ដូច្នេះ គឺ​ស្តេច​នោះ​នឹង​យក​កូន​ប្រុសៗ​របស់​អ្នក​រាល់​គ្នា តម្រូវ​ទុក​សម្រាប់​ទ្រង់ ឲ្យ​នៅ​នឹង​រាជ‌រថ និង​ពល​សេះ​របស់​ទ្រង់ គេ​នឹង​ត្រូវ​រត់​នៅ​មុខ​រាជ‌រថ​របស់​ទ្រង់ ទ្រង់​នឹង​តម្រូវ​ខ្លះ​ឲ្យ​ធ្វើ​ជា​មេ​លើ​មួយ​ពាន់​នាក់ និង​ជា​មេ​លើ​ហាសិប​នាក់ ហើយ​ខ្លះ​ឲ្យ​ភ្ជួរ​ស្រែ​ច្រូត​ចម្រូត ខ្លះ​ទៀត​ឲ្យ​ធ្វើ​គ្រឿង​សស្ត្រា‌វុធ និង​ប្រដាប់​សម្រាប់​រាជ‌រថ​ទ្រង់ ទ្រង់​នឹង​យក​កូន​ស្រីៗ​របស់​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​អប់​គ្រឿង​ក្រអូប ជា​អ្នក​ដាំ​បាយ ហើយ​ដុត​នំ។ ទ្រង់​នឹង​យក​ស្រែ​ចម្ការ និង​ដំណាំ​អូលីវ​របស់​អ្នក​រាល់​គ្នា គឺ​របស់​ណា​ដែល​ល្អ​បំផុត​ផង ចែក​ឲ្យ​ដល់​ពួក​មហា‌តលិក​ទ្រង់ ក៏​នឹង​យក​មួយ​ភាគ​ក្នុង​ដប់​ពី​ស្រូវ ហើយ​ពី​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​រាល់​គ្នា ចែក​ឲ្យ​ដល់​ពួក​នាម៉ឺន និង​អ្នក​បម្រើ​ផង។ ស្ដេច​នឹង​យក​អ្នក​បម្រើ​ប្រុស​ស្រី​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​យុវជន ដែល​ល្អ​បំផុត និង​សត្វ​លា​របស់​អ្នក​រាល់​គ្នា ទៅ​ប្រើ​ឲ្យ​ធ្វើ​ការ​របស់​ស្ដេច។ ទ្រង់​នឹង​យក​មួយ​ភាគ​ក្នុង​ដប់​ពី​ហ្វូង​សត្វ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ខ្ញុំ​កំដរ​របស់​ព្រះ‌អង្គ។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ស្តេច​ដែល​អ្នក​រាល់​គ្នា​នឹង​រើស​នោះ តែ​ព្រះ‌អង្គ​មិន​ព្រម​ស្តាប់​តាម​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នោះ​ទេ»។ ប៉ុន្តែ ពួក​ប្រជាជន​មិន​ព្រម​ស្តាប់​តាម​លោកសាំយូ‌អែល​ឡើយ ដោយ​ប្រកែក​ថា៖ «ទេ ត្រូវ​តែ​មាន​ស្តេច​លើ​យើង​រាល់​គ្នា​វិញ

១ សាំយូអែល 8:11-19 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

«ស្ដេច​ដែល​នឹង​សោយ​រាជ្យ​លើ​អ្នក​រាល់​គ្នា​មាន​សិទ្ធិ​ដូច​ត​ទៅ គឺ​ស្ដេច​នឹង​យក​កូន​ប្រុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាហាន ខ្លះ​នៅ​ខាង​កង​រទេះ​ចម្បាំង​របស់​ស្ដេច ខ្លះ​នៅ​ខាង​ទ័ព​សេះ​របស់​ស្ដេច ខ្លះ​ទៀត​រត់​នៅ​មុខ​រាជ‌រថ។ ស្ដេច​នឹង​តែង‌តាំង​មេ​កង​ឲ្យ​ត្រួត​ទាហាន​មួយ​ពាន់​នាក់ ឬ​មេ​ក្រុម​ដែល​ត្រួត​ទាហាន​ហា‌សិប​នាក់។ ស្ដេច​ប្រើ​អ្នក​ខ្លះ​ឲ្យ​ទៅ​ភ្ជួរ​រាស់ ច្រូត​កាត់​ថ្វាយ​ស្ដេច ហើយ​ខ្លះ​ទៀត​ផលិត​គ្រឿង​អាវុធ និង​គ្រឿង​ប្រដាប់​រទេះ​ចម្បាំង​របស់​ស្ដេច។ ស្ដេច​នឹង​ប្រើ​កូន​ស្រីៗ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ជា​អ្នក​លាប​គ្រឿង​ក្រអូប អ្នក​ដាំ​បាយ និង​អ្នក​ធ្វើ​នំ។ ស្ដេច​នឹង​យក​ស្រែ ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​អូលីវ​ដ៏​ល្អៗ​របស់​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​មេ‌ទ័ព​របស់​ខ្លួន។ ស្ដេច​នឹង​យក​ពន្ធ​មួយ​ភាគ​ដប់​នៃ​ភោគ‌ផល​ពី​ស្រូវ ពី​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​មហា‌តលិក រាជការ និង​រាជ​បម្រើ​របស់​ខ្លួន។ ស្ដេច​នឹង​យក​ខ្ញុំ​បម្រើ​ប្រុស​ស្រី និង​ពួក​យុវជន របស់​អ្នក​រាល់​គ្នា គឺ​អ្នក​ដែល​មាន​កម្លាំង​កំហែង​ជាង​គេ ព្រម​ទាំង​យក​សត្វ​លា​របស់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ធ្វើ​ការ‌ងារ​របស់​ខ្លួន។ ស្ដេច​នឹង​យក​ចៀម​ចំនួន​មួយ​ភាគ​ដប់ ពី​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ក្លាយ​ជា​ខ្ញុំ​បម្រើ​របស់​ស្ដេច។ ថ្ងៃ​មួយ អ្នក​រាល់​គ្នា​នឹង​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រោះ​តែ​ស្ដេច​ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស តែ​នៅ​ថ្ងៃ​នោះ ព្រះអង្គ​មិន​ឆ្លើយ​តប​មក​អ្នក​រាល់​គ្នា​ឡើយ!»។ ប៉ុន្តែ ប្រជា‌ជន​មិន​ព្រម​ស្ដាប់​តាម​ពាក្យ​របស់​លោក​សាំយូ‌អែល​ទេ។ ពួក​គេ​ប្រកែក​ថា៖ «ទេ! យើង​ចង់​បាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​យើង

ចែក​រំលែក
១ សាំយូអែល 8 គខប

១ សាំយូអែល 8:11-19 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ដោយ​ពាក្យ​ថា ឯ​សណ្ឋាន​របស់​ស្តេច​ដែល​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា នោះ​នឹង​បាន​ដូច្នេះ គឺ​ស្តេច​នោះ​នឹង​យក​កូន​ប្រុសៗ​របស់​អ្នក​រាល់​គ្នា ដំរូវ​ទុក​សំរាប់​ទ្រង់ ឲ្យ​នៅ​នឹង​រាជ‌រថ ហើយ​នឹង​ពល​សេះ​របស់​ទ្រង់ គេ​នឹង​ត្រូវ​រត់​នៅ​មុខ​រាជ‌រថ​របស់​ទ្រង់ ទ្រង់​នឹង​ដំរូវ​ខ្លះ​ឲ្យ​ធ្វើ​ជា​មេ​លើ​១​ពាន់​នាក់ នឹង​ជា​មេ​លើ​៥០​នាក់ ហើយ​ខ្លះ​ឲ្យ​ភ្ជួរ​ស្រែ​ច្រូត​ចំរូត ខ្លះ​ទៀត​ឲ្យ​ធ្វើ​គ្រឿង​សស្ត្រា‌វុធ នឹង​ប្រដាប់​សំរាប់​រាជ‌រថ​ទ្រង់ ទ្រង់​នឹង​យក​កូន​ស្រីៗ​របស់​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​អប់​គ្រឿង​ក្រអូប ជា​អ្នក​ដាំ​បាយ ហើយ​ដុត​នំ ទ្រង់​នឹង​យក​ស្រែ​ចំការ នឹង​ដំណាំ​អូលីវ​របស់​អ្នក​រាល់​គ្នា គឺ​របស់​ណា​ដែល​ល្អ​បំផុត​ផង ចែក​ឲ្យ​ដល់​ពួក​មហា‌តលិក​ទ្រង់ ក៏​នឹង​យក​១​ភាគ​ក្នុង​១០​ពី​ស្រូវ ហើយ​ពី​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​រាល់​គ្នា ចែក​ឲ្យ​ដល់​ពួក​អ្នក​បំរើនឹង​ពួក​បាវ​ផង ទ្រង់​នឹង​យក​បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​កំឡោះ ដែល​ល្អ​បំផុត នឹង​សត្វ​លា​របស់​អ្នក​រាល់​គ្នា ទៅ​ប្រើ​ឲ្យ​ធ្វើ​ការ​របស់​ទ្រង់​វិញ ទ្រង់​នឹង​យក​១​ភាគ​ក្នុង​១០​ពី​ហ្វូង​សត្វ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ខ្ញុំ​កំដរ​របស់​ទ្រង់ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ស្តេច​ដែល​អ្នក​រាល់​គ្នា​នឹង​រើស​នោះ តែ​ទ្រង់​មិន​ព្រម​ស្តាប់​តាម​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នោះ​ទេ ប៉ុន្តែពួក​បណ្តាជន​មិន​ព្រម​ស្តាប់​តាម​សាំយូ‌អែល​ឡើយ ដោយ​ប្រកែក​ថា ទេ ត្រូវ​តែ​មាន​ស្តេច​លើ​យើង​រាល់​គ្នា​វិញ

ចែក​រំលែក
១ សាំយូអែល 8 ពគប