១ សាំយូអែល 8:1-22
១ សាំយូអែល 8:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលលោកសាំយូអែលចាស់ហើយ នោះលោកតាំងកូនឡើង ឲ្យធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលតទៅ រីឯកូនច្បងរបស់លោកឈ្មោះយ៉ូអែល ហើយកូនបន្ទាប់ឈ្មោះអ័ប៊ីយ៉ា អ្នកទាំងពីរនោះ ជាអ្នកវិនិច្ឆ័យការណ៍ នៅត្រង់បៀរ-សេបា តែគេមិនបានដើរតាមគន្លងរបស់ឪពុកទេ គឺបានងាកបែរទៅរកកម្រៃវិញ ទាំងស៊ីសំណូក ហើយបង្វែរសេចក្ដីយុត្តិធម៌ចេញផង។ នៅគ្រានោះ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ក៏ប្រជុំគ្នាមកឯលោកសាំយូអែលទៅត្រង់រ៉ាម៉ា គេជម្រាបថា៖ «មើល៍ ឥឡូវលោកចាស់ហើយ ពួកកូនលោក គេមិនប្រព្រឹត្តតាមគន្លងរបស់លោកទេ ដូច្នេះ សូមលោកតាំងឲ្យមានស្តេចមួយអង្គ សម្រាប់នឹងគ្រប់គ្រងលើយើងរាល់គ្នា ដូចជាសាសន៍ឯទៀតដែរ»។ តែដំណើរដែលគេសូមឲ្យតាំងស្តេចឡើងសម្រាប់គ្រប់គ្រងលើគេ នោះមិនគាប់ចិត្តដល់សាំយូអែលទេ ហើយលោកក៏អធិស្ឋានដល់ព្រះយេហូវ៉ា ព្រះយេហូវ៉ាមានព្រះបន្ទូលនឹងលោកថា៖ «ចូរស្តាប់តាមគ្រប់ទាំងសេចក្ដីដែលពួកប្រជាជនសូមដល់អ្នកចុះ ដ្បិតគេមិនបានបោះបង់ចោលអ្នកទេ គឺបោះបង់ចោលយើងហើយ មិនឲ្យយើងធ្វើជាស្តេចលើគេទៀត។ គេប្រព្រឹត្តនឹងអ្នក ដូចជាបានប្រព្រឹត្តនឹងយើង ចាប់តាំងពីថ្ងៃដែលយើងបាននាំគេឡើងចេញពីស្រុកអេស៊ីព្ទមក រហូតដល់ថ្ងៃនេះដែរ គឺគេបានបោះបង់ចោលយើង បែរទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ។ ដូច្នេះ ចូរឯងស្តាប់តាមគេឥឡូវនេះចុះ ប៉ុន្តែ អ្នកត្រូវប្រកែកនឹងគេយ៉ាងម៉ឺងម៉ាត់ដែរ ដោយពន្យល់បង្ហាញដល់គេ ពីសណ្ឋានដែលមានស្តេចសោយរាជ្យលើគេនោះជាយ៉ាងណា»។ លោកសាំយូអែលក៏ប្រាប់គ្រប់ទាំងព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដល់ប្រជាជនដែលបានសូមឲ្យលោកតាំងស្តេចឡើងឲ្យគេនោះ ដោយពាក្យថា៖ «ឯសណ្ឋានរបស់ស្តេចដែលសោយរាជ្យលើអ្នករាល់គ្នា នោះនឹងបានដូច្នេះ គឺស្តេចនោះនឹងយកកូនប្រុសៗរបស់អ្នករាល់គ្នា តម្រូវទុកសម្រាប់ទ្រង់ ឲ្យនៅនឹងរាជរថ និងពលសេះរបស់ទ្រង់ គេនឹងត្រូវរត់នៅមុខរាជរថរបស់ទ្រង់ ទ្រង់នឹងតម្រូវខ្លះឲ្យធ្វើជាមេលើមួយពាន់នាក់ និងជាមេលើហាសិបនាក់ ហើយខ្លះឲ្យភ្ជួរស្រែច្រូតចម្រូត ខ្លះទៀតឲ្យធ្វើគ្រឿងសស្ត្រាវុធ និងប្រដាប់សម្រាប់រាជរថទ្រង់ ទ្រង់នឹងយកកូនស្រីៗរបស់អ្នករាល់គ្នា ឲ្យធ្វើជាអ្នកអប់គ្រឿងក្រអូប ជាអ្នកដាំបាយ ហើយដុតនំ។ ទ្រង់នឹងយកស្រែចម្ការ និងដំណាំអូលីវរបស់អ្នករាល់គ្នា គឺរបស់ណាដែលល្អបំផុតផង ចែកឲ្យដល់ពួកមហាតលិកទ្រង់ ក៏នឹងយកមួយភាគក្នុងដប់ពីស្រូវ ហើយពីទំពាំងបាយជូររបស់អ្នករាល់គ្នា ចែកឲ្យដល់ពួកនាម៉ឺន និងអ្នកបម្រើផង។ ស្ដេចនឹងយកអ្នកបម្រើប្រុសស្រីរបស់អ្នករាល់គ្នា ព្រមទាំងពួកយុវជន ដែលល្អបំផុត និងសត្វលារបស់អ្នករាល់គ្នា ទៅប្រើឲ្យធ្វើការរបស់ស្ដេច។ ទ្រង់នឹងយកមួយភាគក្នុងដប់ពីហ្វូងសត្វអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាខ្ញុំកំដររបស់ព្រះអង្គ។ នៅថ្ងៃនោះ អ្នករាល់គ្នានឹងអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះស្តេចដែលអ្នករាល់គ្នានឹងរើសនោះ តែព្រះអង្គមិនព្រមស្តាប់តាមអ្នករាល់គ្នានៅថ្ងៃនោះទេ»។ ប៉ុន្តែ ពួកប្រជាជនមិនព្រមស្តាប់តាមលោកសាំយូអែលឡើយ ដោយប្រកែកថា៖ «ទេ ត្រូវតែមានស្តេចលើយើងរាល់គ្នាវិញ ដើម្បីឲ្យយើងបានដូចសាសន៍ឯទៀតដែរ ហើយឲ្យស្តេចនៃយើងបានគ្រប់គ្រងលើយើង ព្រមទាំងនាំមុខយើងចេញទៅច្បាំងក្នុងចម្បាំងយើងផង»។ លោកសាំយូអែលក៏ស្តាប់អស់ទាំងពាក្យរបស់ពួកប្រជាជន រួចទៅទូលដល់ព្រះយេហូវ៉ាវិញ។ ព្រះយេហូវ៉ាមានព្រះបន្ទូលនឹងលោកសាំយូអែលថា៖ «ចូរស្តាប់តាមពាក្យគេចុះ ហើយតាំងឲ្យមានស្តេចសោយរាជ្យឡើងលើគេទៅ» នោះលោកសាំយូអែលក៏ប្រាប់ដល់ពួកអ៊ីស្រាអែលថា៖ «ចូរអ្នករាល់គ្នាត្រឡប់ទៅទីក្រុងរបស់អ្នករាល់គ្នារៀងខ្លួនទៅ»។
១ សាំយូអែល 8:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលលោកសាំយូអែលមានវ័យកាន់តែចាស់ណាស់ហើយ លោកបានតែងតាំងកូនប្រុសៗរបស់លោកឲ្យគ្រប់គ្រងប្រជាជនអ៊ីស្រាអែល។ កូនប្រុសច្បងរបស់លោកឈ្មោះយ៉ូអែល និងកូនទីពីរឈ្មោះអប៊ីយ៉ា។ អ្នកទាំងពីរគ្រប់គ្រងនៅក្រុងបៀរសេបា។ ប៉ុន្តែ កូនប្រុសរបស់លោកសាំយូអែលពុំបានដើរតាមគន្លងរបស់ឪពុកទេ។ ពួកគេគិតតែពីចង់បានប្រាក់កាស ស៊ីសំណូក និងកាត់ក្ដីដោយអយុត្តិធម៌។ ហេតុនេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលបានប្រជុំគ្នា ហើយទៅជួបលោកសាំយូអែលនៅរ៉ាម៉ា។ ព្រឹទ្ធាចារ្យទាំងនោះជម្រាបលោកថា៖ «ឥឡូវនេះ លោកចាស់ហើយ រីឯកូនរបស់លោកទៀតសោត ក៏ពុំដើរតាមគន្លងរបស់លោកដែរ។ ដូច្នេះ សូមតែងតាំងឲ្យមានស្ដេចមួយអង្គសោយរាជ្យលើយើងខ្ញុំ ដូចប្រជាជាតិទាំងប៉ុន្មានផង»។ ពេលឮពួកព្រឹទ្ធាចារ្យពោលថា «សូមតែងតាំងឲ្យមានស្ដេចមួយអង្គសោយរាជ្យលើយើងខ្ញុំ» ដូច្នេះ លោកសាំយូអែលមិនសប្បាយចិត្តទេ លោកក៏ទូលអង្វរព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលតបមកថា៖ «ចូរស្ដាប់តាមពាក្យសម្ដីទាំងប៉ុន្មានរបស់ប្រជាជនដែលបានទាមទារនោះចុះ។ មិនមែនអ្នកទេដែលពួកគេបោះបង់ចោល គឺយើងទេតើដែលពួកគេបោះបង់ចោល ពួកគេមិនចង់ឲ្យយើងសោយរាជ្យលើពួកគេទៀតឡើយ។ តាំងពីថ្ងៃយើងបាននាំពួកគេចេញពីស្រុកអេស៊ីបមក រហូតដល់ឥឡូវនេះ ពួកគេបានបោះបង់ចោលយើង ដើម្បីទៅគោរពបម្រើព្រះដទៃទៀត។ ពួកគេប្រព្រឹត្តចំពោះអ្នក ដូចពួកគេធ្លាប់ប្រព្រឹត្តចំពោះយើងដែរ។ ដូច្នេះ ចូរស្ដាប់តាមពាក្យសម្ដីពួកគេឥឡូវនេះចុះ ប៉ុន្តែ ចូរព្រមានពួកគេយ៉ាងម៉ឺងម៉ាត់ជាមុន ព្រមទាំងពន្យល់ពួកគេថា ស្ដេចដែលនឹងសោយរាជ្យលើពួកគេនោះ មានសិទ្ធិយ៉ាងណាៗខ្លះ»។ លោកសាំយូអែលបាននាំយកព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់ មកថ្លែងប្រាប់ប្រជាជន ដែលទាមទារសុំឲ្យមានស្ដេចនោះថា៖ «ស្ដេចដែលនឹងសោយរាជ្យលើអ្នករាល់គ្នាមានសិទ្ធិដូចតទៅ គឺស្ដេចនឹងយកកូនប្រុសរបស់អ្នករាល់គ្នាធ្វើជាទាហាន ខ្លះនៅខាងកងរទេះចម្បាំងរបស់ស្ដេច ខ្លះនៅខាងទ័ពសេះរបស់ស្ដេច ខ្លះទៀតរត់នៅមុខរាជរថ។ ស្ដេចនឹងតែងតាំងមេកងឲ្យត្រួតទាហានមួយពាន់នាក់ ឬមេក្រុមដែលត្រួតទាហានហាសិបនាក់។ ស្ដេចប្រើអ្នកខ្លះឲ្យទៅភ្ជួររាស់ ច្រូតកាត់ថ្វាយស្ដេច ហើយខ្លះទៀតផលិតគ្រឿងអាវុធ និងគ្រឿងប្រដាប់រទេះចម្បាំងរបស់ស្ដេច។ ស្ដេចនឹងប្រើកូនស្រីៗរបស់អ្នករាល់គ្នាឲ្យធ្វើជាអ្នកលាបគ្រឿងក្រអូប អ្នកដាំបាយ និងអ្នកធ្វើនំ។ ស្ដេចនឹងយកស្រែ ចម្ការទំពាំងបាយជូរ និងចម្ការអូលីវដ៏ល្អៗរបស់អ្នករាល់គ្នា ប្រគល់ទៅឲ្យមេទ័ពរបស់ខ្លួន។ ស្ដេចនឹងយកពន្ធមួយភាគដប់នៃភោគផលពីស្រូវ ពីចម្ការទំពាំងបាយជូររបស់អ្នករាល់គ្នា ប្រគល់ទៅឲ្យមហាតលិក រាជការ និងរាជបម្រើរបស់ខ្លួន។ ស្ដេចនឹងយកខ្ញុំបម្រើប្រុសស្រី និងពួកយុវជន របស់អ្នករាល់គ្នា គឺអ្នកដែលមានកម្លាំងកំហែងជាងគេ ព្រមទាំងយកសត្វលារបស់អ្នករាល់គ្នា ឲ្យទៅធ្វើការងាររបស់ខ្លួន។ ស្ដេចនឹងយកចៀមចំនួនមួយភាគដប់ ពីហ្វូងចៀមរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងក្លាយជាខ្ញុំបម្រើរបស់ស្ដេច។ ថ្ងៃមួយ អ្នករាល់គ្នានឹងស្រែកអង្វរព្រះអម្ចាស់ ព្រោះតែស្ដេចដែលអ្នករាល់គ្នាបានជ្រើសរើស តែនៅថ្ងៃនោះ ព្រះអង្គមិនឆ្លើយតបមកអ្នករាល់គ្នាឡើយ!»។ ប៉ុន្តែ ប្រជាជនមិនព្រមស្ដាប់តាមពាក្យរបស់លោកសាំយូអែលទេ។ ពួកគេប្រកែកថា៖ «ទេ! យើងចង់បានស្ដេចមួយអង្គសោយរាជ្យលើយើង ដើម្បីឲ្យយើងបានដូចប្រជាជាតិទាំងប៉ុន្មានទៀតដែរ។ ស្ដេចរបស់យើងនឹងគ្រប់គ្រងលើយើង ទ្រង់នឹងយាងនាំមុខយើង ហើយចេញទៅច្បាំងជាមួយយើង»។ កាលលោកសាំយូអែលឮពាក្យសម្ដីទាំងប៉ុន្មានរបស់ប្រជាជន លោកក៏យកទៅទូលព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកសាំយូអែលថា៖ «ចូរស្ដាប់តាមពាក្យរបស់គេ ហើយតែងតាំងស្ដេចមួយអង្គឲ្យគ្រងរាជ្យលើពួកគេចុះ!»។ បន្ទាប់មក លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ចូរនាំគ្នាវិលត្រឡប់ទៅស្រុកភូមិរៀងៗខ្លួនវិញចុះ!»។
១ សាំយូអែល 8:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះកាលសាំយូអែលចាស់ហើយ នោះលោកតាំងកូនឡើង ឲ្យធ្វើជាអ្នកគ្រប់គ្រង លើសាសន៍អ៊ីស្រាអែលតទៅ រីឯកូនច្បងរបស់លោកឈ្មោះយ៉ូអែល ហើយកូនបន្ទាប់ឈ្មោះអ័ប៊ីយ៉ា អ្នកទាំង២នោះ ជាអ្នកវិនិច្ឆ័យការណ៍ នៅត្រង់បៀរ-សេបា តែគេមិនបានដើរតាមគន្លងរបស់ឪពុកទេ គឺបានងាកបែរទៅរកកំរៃវិញ ទាំងស៊ីសំណូក ហើយបង្វែរសេចក្ដីយុត្តិធម៌ចេញផង។ នៅគ្រានោះពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ក៏ប្រជុំគ្នាមកឯសាំយូអែលទៅត្រង់រ៉ាម៉ា គេជំរាបថា មើល ឥឡូវលោកចាស់ហើយ ឯពួកកូនលោក គេមិនប្រព្រឹត្តតាមគន្លងរបស់លោកទេ ដូច្នេះ សូមលោកតាំងឲ្យមានស្តេច១អង្គ សំរាប់នឹងគ្រប់គ្រងលើយើងរាល់គ្នា ដូចជាសាសន៍ឯទៀតដែរ តែដំណើរដែលគេសូមឲ្យតាំងស្តេចឡើងសំរាប់គ្រប់គ្រងលើគេ នោះមិនគាប់ចិត្តដល់សាំយូអែលទេ ហើយលោកក៏អធិស្ឋានដល់ព្រះយេហូវ៉ា ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងលោកថា ចូរស្តាប់តាមគ្រប់ទាំងសេចក្ដី ដែលពួកបណ្តាជនសូមដល់ឯងចុះ ដ្បិតគេមិនបានបោះបង់ចោលឯងទេ គឺបោះបង់ចោលអញវិញ ដើម្បីមិនឲ្យអញធ្វើជាស្តេចលើគេទៀត គេប្រព្រឹត្តនឹងឯង ដូចជាបានប្រព្រឹត្តនឹងអញ ចាប់តាំងពីថ្ងៃដែលអញបាននាំគេឡើងចេញពីស្រុកអេស៊ីព្ទមក ដរាបដល់សព្វថ្ងៃនេះដែរ គឺគេបានបោះបង់ចោលអញ បែរទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ដូច្នេះ ចូរឯងស្តាប់តាមគេឥឡូវនេះចុះ ប៉ុន្តែត្រូវឲ្យឯងប្រកែកនឹងគេយ៉ាងម៉ឺងម៉ាត់ដែរ ដោយពន្យល់បង្ហាញដល់គេ ពីសណ្ឋានដែលមានស្តេចសោយរាជ្យលើគេនោះជាយ៉ាងណា។ សាំយូអែលក៏ប្រាប់គ្រប់ទាំងព្រះបន្ទូល នៃព្រះយេហូវ៉ា ដល់ពួកបណ្តាជន ដែលបានសូមឲ្យលោកតាំងស្តេចឡើងឲ្យគេនោះ ដោយពាក្យថា ឯសណ្ឋានរបស់ស្តេចដែលសោយរាជ្យលើអ្នករាល់គ្នា នោះនឹងបានដូច្នេះ គឺស្តេចនោះនឹងយកកូនប្រុសៗរបស់អ្នករាល់គ្នា ដំរូវទុកសំរាប់ទ្រង់ ឲ្យនៅនឹងរាជរថ ហើយនឹងពលសេះរបស់ទ្រង់ គេនឹងត្រូវរត់នៅមុខរាជរថរបស់ទ្រង់ ទ្រង់នឹងដំរូវខ្លះឲ្យធ្វើជាមេលើ១ពាន់នាក់ នឹងជាមេលើ៥០នាក់ ហើយខ្លះឲ្យភ្ជួរស្រែច្រូតចំរូត ខ្លះទៀតឲ្យធ្វើគ្រឿងសស្ត្រាវុធ នឹងប្រដាប់សំរាប់រាជរថទ្រង់ ទ្រង់នឹងយកកូនស្រីៗរបស់អ្នករាល់គ្នា ឲ្យធ្វើជាអ្នកអប់គ្រឿងក្រអូប ជាអ្នកដាំបាយ ហើយដុតនំ ទ្រង់នឹងយកស្រែចំការ នឹងដំណាំអូលីវរបស់អ្នករាល់គ្នា គឺរបស់ណាដែលល្អបំផុតផង ចែកឲ្យដល់ពួកមហាតលិកទ្រង់ ក៏នឹងយក១ភាគក្នុង១០ពីស្រូវ ហើយពីទំពាំងបាយជូររបស់អ្នករាល់គ្នា ចែកឲ្យដល់ពួកអ្នកបំរើនឹងពួកបាវផង ទ្រង់នឹងយកបាវប្រុសបាវស្រីរបស់អ្នករាល់គ្នា ព្រមទាំងពួកកំឡោះ ដែលល្អបំផុត នឹងសត្វលារបស់អ្នករាល់គ្នា ទៅប្រើឲ្យធ្វើការរបស់ទ្រង់វិញ ទ្រង់នឹងយក១ភាគក្នុង១០ពីហ្វូងសត្វអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាខ្ញុំកំដររបស់ទ្រង់ នៅថ្ងៃនោះ អ្នករាល់គ្នានឹងអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះស្តេចដែលអ្នករាល់គ្នានឹងរើសនោះ តែទ្រង់មិនព្រមស្តាប់តាមអ្នករាល់គ្នានៅថ្ងៃនោះទេ ប៉ុន្តែពួកបណ្តាជនមិនព្រមស្តាប់តាមសាំយូអែលឡើយ ដោយប្រកែកថា ទេ ត្រូវតែមានស្តេចលើយើងរាល់គ្នាវិញ ដើម្បីឲ្យយើងបានដូចសាសន៍ឯទៀតដែរ ហើយឲ្យស្តេចនៃយើងបានគ្រប់គ្រងលើយើង ព្រមទាំងនាំមុខយើងចេញទៅច្បាំងក្នុងចំបាំងយើងផង សាំយូអែលក៏ស្តាប់អស់ទាំងពាក្យរបស់ពួកបណ្តាជនទាំងឡាយ រួចទៅទូលដល់ព្រះយេហូវ៉ាវិញ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងសាំយូអែលថា ចូរស្តាប់តាមពាក្យគេចុះ ហើយតាំងឲ្យមានស្តេចសោយរាជ្យឡើងលើគេទៅ នោះសាំយូអែលក៏ប្រាប់ដល់ពួកអ៊ីស្រាអែលថា ចូរឲ្យអ្នករាល់គ្នាត្រឡប់ទៅឯទីក្រុងរបស់អ្នករាល់គ្នារៀងខ្លួនទៅ។