១ សាំយូអែល 7:3-13
១ សាំយូអែល 7:3-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅវេលានោះ លោកសាំយូអែលប្រាប់ដល់ពួកវង្សអ៊ីស្រាអែលទាំងអស់ថា៖ «បើអ្នករាល់គ្នាវិលត្រឡប់មកឯព្រះយេហូវ៉ាវិញដោយអស់ពីចិត្ត នោះត្រូវយកអស់ទាំងព្រះដទៃ និងរូបព្រះទាំងប៉ុន្មានពីពួកអ្នករាល់គ្នាចេញ ហើយបាញ់ចិត្តតម្រង់ចំពោះព្រះយេហូវ៉ា ព្រមទាំងគោរពប្រតិបត្តិដល់ព្រះអង្គតែមួយ ព្រះអង្គនឹងជួយដោះអ្នករាល់គ្នា ឲ្យរួចចេញពីកណ្ដាប់ដៃនៃពួកភីលីស្ទីន»។ ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏យកព្រះបាល និងរូបព្រះទាំងប៉ុន្មានចោលចេញ វិលមកគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយវិញ។ លោកសាំយូអែលក៏ប្រាប់ថា៖ «ចូរឲ្យប្រមូលពួកអ៊ីស្រាអែលទាំងអស់មកឯមីសប៉ាចុះ ខ្ញុំនឹងអធិស្ឋានដល់ព្រះយេហូវ៉ាសម្រាប់អ្នករាល់គ្នា»។ គេក៏ប្រជុំគ្នានៅត្រង់មីសប៉ា រួចដងទឹកយកទៅចាក់នៅចំពោះព្រះយេហូវ៉ា ហើយតមនៅថ្ងៃនោះ ដោយនិយាយថា៖ «យើងរាល់គ្នាបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ» នោះលោកសាំយូអែលក៏វិនិច្ឆ័យរឿងរបស់ពួកកូនចៅអ៊ីស្រាអែលនៅត្រង់មីសប៉ា។ ពេលពួកភីលីស្ទីនឮថា ពួកកូនចៅអ៊ីស្រាអែលបានប្រជុំគ្នានៅមីសប៉ាដូច្នោះ នោះពួកមេនៃសាសន៍ភីលីស្ទីនក៏ឡើងមកទាស់នឹងគេ កាលពួកកូនចៅអ៊ីស្រាអែលបានដឹង នោះគេភ័យខ្លាចនឹងពួកភីលីស្ទីន។ ហើយក៏អង្វរលោកសាំយូអែលថា៖ «សូមលោកកុំឈប់អំពាវនាវដល់ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាឡើយ ដើម្បីឲ្យព្រះអង្គសង្គ្រោះយើងរាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃនៃពួកភីលីស្ទីន»។ ដូច្នេះ លោកសាំយូអែលក៏យកកូនចៀមដែលនៅបៅ មកដុតទាំងមូលថ្វាយដល់ព្រះយេហូវ៉ា ហើយអំពាវនាវដល់ទ្រង់ឲ្យពួកអ៊ីស្រាអែល នោះព្រះយេហូវ៉ាក៏យល់ព្រមតាម។ កាលលោកសាំយូអែលកំពុងតែថ្វាយតង្វាយដុត នោះពួកភីលីស្ទីនចូលមកដល់ជិត ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលហើយ តែនៅថ្ងៃនោះ ព្រះយេហូវ៉ាធ្វើឲ្យមានផ្គរលាន់ ជាយ៉ាងខ្លាំងត្រង់ពីលើពួកភីលីស្ទីន ឲ្យគេបាក់ទ័ពខ្ចាត់ខ្ចាយចេញ ហើយគេត្រូវពួកអ៊ីស្រាអែលកាប់សម្លាប់។ ពួកអ៊ីស្រាអែលក៏ចេញពីមីសប៉ា ដេញតាមពួកភីលីស្ទីនទៅ ទាំងប្រហារជីវិតគេរហូតដល់បេត-ការ។ ពេលនោះ លោកសាំយូអែលយកថ្មដាក់នៅកណ្ដាលមីសប៉ា និងសេន ហើយក៏ហៅថ្មនោះថា អេបេន-អេស៊ើរ ដោយពោលថា៖ «ព្រះយេហូវ៉ាបានជួយយើងខ្ញុំរហូតដល់ឥឡូវនេះ»។ ដូច្នេះ ពួកភីលីស្ទីនត្រូវទទួលចុះចាញ់ គេមិនបានទន្ទ្រានចូលមកក្នុងដែនស្រុកអ៊ីស្រាអែលទៀត ហើយព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងពួកភីលីស្ទីន នៅគ្រប់មួយជីវិតលោកសាំយូអែល។
១ សាំយូអែល 7:3-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ពូជពង្សអ៊ីស្រាអែលទាំងមូលថា៖ «បើសិនជាអ្នករាល់គ្នាវិលមករកព្រះអម្ចាស់វិញ ដោយស្មោះ ចូរបោះបង់ចោលព្រះរបស់សាសន៍ដទៃ និងព្រះអាស្តារ៉ូត* ហើយផ្ចង់ចិត្តគំនិតទៅរកព្រះអម្ចាស់ និងគោរពបម្រើតែព្រះអង្គមួយប៉ុណ្ណោះ នោះព្រះអង្គនឹងរំដោះអ្នករាល់គ្នាពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីនជាមិនខាន»។ ជនជាតិអ៊ីស្រាអែលបាននាំគ្នាបោះបង់ចោលព្រះបាល* និងព្រះអាស្តារ៉ូត ហើយគោរពបម្រើតែព្រះអម្ចាស់ប៉ុណ្ណោះ។ លោកសាំយូអែលមានប្រសាសន៍ថា៖ «ចូរប្រមូលផ្ដុំជនជាតិអ៊ីស្រាអែលទាំងអស់ នៅមីសប៉ា រួចហើយខ្ញុំនឹងទូលអង្វរព្រះអម្ចាស់ឲ្យអ្នករាល់គ្នា»។ ជនជាតិអ៊ីស្រាអែលក៏ប្រជុំគ្នានៅមីសប៉ា ពួកគេបានដងទឹកយកទៅចាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយតមអាហារនៅថ្ងៃនោះ។ ពួកគេសារភាពថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់ព្រះអម្ចាស់»។ លោកសាំយូអែលគ្រប់គ្រងប្រជាជនអ៊ីស្រាអែល នៅមីសប៉ា។ កាលជនជាតិភីលីស្ទីនបានឮដំណឹងថា ជនជាតិអ៊ីស្រាអែលប្រជុំគ្នានៅមីសប៉ា ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនក៏លើកទ័ពទៅវាយជនជាតិអ៊ីស្រាអែល។ ដំណឹងនេះបានធ្វើឲ្យជនជាតិអ៊ីស្រាអែលភ័យខ្លាចជាខ្លាំង។ ពួកគេជម្រាបលោកសាំយូអែលថា៖ «សូមកុំបោះបង់ចោលយើងខ្ញុំឡើយ! តែសូមទូលអង្វរព្រះអម្ចាស់ ជាព្រះនៃយើង ដើម្បីឲ្យព្រះអង្គសង្គ្រោះយើងពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន»។ លោកសាំយូអែលបានយកកូនចៀមមួយដែលនៅបៅ មកថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់ រួចទូលអង្វរសូមព្រះអម្ចាស់ជួយជនជាតិអ៊ីស្រាអែល ព្រះអង្គក៏ឆ្លើយតបមកលោកវិញ។ នៅពេលលោកសាំយូអែលកំពុងតែថ្វាយតង្វាយដុត កងទ័ពភីលីស្ទីនចូលមកវាយលុកជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ នៅថ្ងៃនោះ ព្រះអម្ចាស់ធ្វើឲ្យមានផ្គរលាន់ឮយ៉ាងខ្លាំងពីលើពួកភីលីស្ទីន បណ្ដាលឲ្យពួកគេជ្រួលច្របល់ បាក់ទ័ពរត់នៅមុខជនជាតិអ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែលចេញពីមីសប៉ា ដេញតាមប្រហារពួកភីលីស្ទីន រហូតដល់បេតកា។ លោកសាំយូអែលបានយកថ្មមកដាក់នៅចន្លោះមីសប៉ា និងសេន ហើយដាក់ឈ្មោះថ្មនោះថាអេបេន-អេស៊ើរ ដោយពោលថា ព្រះអម្ចាស់បានសង្គ្រោះយើងរហូតដល់ពេលនេះ។ កងទ័ពភីលីស្ទីនបាក់ស្បាតលែងហ៊ានលុកលុយទឹកដីអ៊ីស្រាអែលទៀត។ ព្រះអម្ចាស់បានសម្តែងឫទ្ធានុភាព ប្រឆាំងនឹងជនជាតិភីលីស្ទីន អស់មួយជីវិតរបស់លោកសាំយូអែល។
១ សាំយូអែល 7:3-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅវេលានោះ សាំយូអែលប្រាប់ដល់ពួកវង្សអ៊ីស្រាអែលទាំងអស់ថា បើអ្នករាល់គ្នាវិលត្រឡប់មកឯព្រះយេហូវ៉ាវិញដោយអស់ពីចិត្ត នោះត្រូវយកអស់ទាំងព្រះដទៃ នឹងរូបព្រះទាំងប៉ុន្មានពីពួកអ្នករាល់គ្នាចេញ ហើយបាញ់ចិត្តដំរង់ចំពោះព្រះយេហូវ៉ា ព្រមទាំងគោរពប្រតិបត្តិដល់ទ្រង់តែ១ នោះទ្រង់នឹងជួយដោះអ្នករាល់គ្នា ឲ្យរួចចេញពីកណ្តាប់ដៃនៃពួកភីលីស្ទីន ដូច្នេះពួកកូនចៅអ៊ីស្រាអែលក៏យកព្រះបាល នឹងរូបព្រះទាំងប៉ុន្មានចោលចេញ វិលមកគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែ១វិញ។ សាំយូអែលក៏ប្រាប់ថា ចូរឲ្យប្រមូលពួកអ៊ីស្រាអែលទាំងអស់មកឯមីសប៉ាចុះ ខ្ញុំនឹងអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យអ្នករាល់គ្នា គេក៏ប្រជុំគ្នានៅត្រង់មីសប៉ា រួចដងទឹកយកទៅចាក់នៅចំពោះព្រះយេហូវ៉ា ហើយតមនៅថ្ងៃនោះ ដោយថា យើងរាល់គ្នាបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ នោះសាំយូអែលក៏វិនិច្ឆ័យរឿងរបស់ពួកកូនចៅអ៊ីស្រាអែលនៅត្រង់មីសប៉ា លុះពួកភីលីស្ទីនឮថា ពួកកូនចៅអ៊ីស្រាអែលបានប្រជុំគ្នានៅមីសប៉ាដូច្នោះ នោះពួកមេនៃសាសន៍ភីលីស្ទីនក៏ឡើងមកទាស់នឹងគេ កាលពួកកូនចៅអ៊ីស្រាអែលបានដឹង នោះគេភ័យខ្លាចនឹងពួកភីលីស្ទីន ហើយក៏អង្វរសាំយូអែលថា សូមកុំឲ្យលោកឈប់លែងអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាឡើយ ដើម្បីឲ្យទ្រង់ជួយសង្គ្រោះយើងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន ដូច្នោះ សាំយូអែលក៏យកកូនចៀមដែលនៅបៅ មកដុតទាំងមូលថ្វាយដល់ព្រះយេហូវ៉ា ហើយអំពាវនាវដល់ទ្រង់ឲ្យពួកអ៊ីស្រាអែល នោះព្រះយេហូវ៉ាទ្រង់ក៏យល់ព្រមតាម កាលសាំយូអែលកំពុងតែថ្វាយដង្វាយដុត នោះពួកភីលីស្ទីនចូលមកដល់ជិត ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលហើយ តែនៅថ្ងៃនោះ ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានផ្គរលាន់ ជាយ៉ាងខ្លាំងត្រង់ពីលើពួកភីលីស្ទីន ឲ្យគេបាក់ទ័ពខ្ចាត់ខ្ចាយចេញ ហើយគេត្រូវពួកអ៊ីស្រាអែលកាប់សំឡាប់ ពួកអ៊ីស្រាអែលក៏ចេញពីមីសប៉ា ដេញតាមពួកភីលីស្ទីនទៅ ទាំងប្រហារជីវិតគេរហូតដល់បេត-ការ។ នោះសាំយូអែល លោកយកថ្ម ដាក់នៅកណ្តាលមីសប៉ា នឹងស៊េន ហើយក៏ហៅថ្មនោះ ឈ្មោះថា អេបេន-អេស៊ើរ ដោយថា ព្រះយេហូវ៉ាទ្រង់បានជួយយើងខ្ញុំ ដរាបដល់ឥឡូវនេះ ដូច្នេះ ពួកភីលីស្ទីនត្រូវទទួលចុះចាញ់ គេមិនបានទន្ទ្រានចូលមក ក្នុងដែនស្រុកអ៊ីស្រាអែលទៀត ហើយព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងពួកភីលីស្ទីន នៅគ្រប់១ជីវិតសាំយូអែល