១ សាំយូអែល 7:10-14
១ សាំយូអែល 7:10-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលលោកសាំយូអែលកំពុងតែថ្វាយតង្វាយដុត នោះពួកភីលីស្ទីនចូលមកដល់ជិត ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលហើយ តែនៅថ្ងៃនោះ ព្រះយេហូវ៉ាធ្វើឲ្យមានផ្គរលាន់ ជាយ៉ាងខ្លាំងត្រង់ពីលើពួកភីលីស្ទីន ឲ្យគេបាក់ទ័ពខ្ចាត់ខ្ចាយចេញ ហើយគេត្រូវពួកអ៊ីស្រាអែលកាប់សម្លាប់។ ពួកអ៊ីស្រាអែលក៏ចេញពីមីសប៉ា ដេញតាមពួកភីលីស្ទីនទៅ ទាំងប្រហារជីវិតគេរហូតដល់បេត-ការ។ ពេលនោះ លោកសាំយូអែលយកថ្មដាក់នៅកណ្ដាលមីសប៉ា និងសេន ហើយក៏ហៅថ្មនោះថា អេបេន-អេស៊ើរ ដោយពោលថា៖ «ព្រះយេហូវ៉ាបានជួយយើងខ្ញុំរហូតដល់ឥឡូវនេះ»។ ដូច្នេះ ពួកភីលីស្ទីនត្រូវទទួលចុះចាញ់ គេមិនបានទន្ទ្រានចូលមកក្នុងដែនស្រុកអ៊ីស្រាអែលទៀត ហើយព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងពួកភីលីស្ទីន នៅគ្រប់មួយជីវិតលោកសាំយូអែល។ ឯអស់ទាំងទីក្រុងណាដែលពួកភីលីស្ទីនបានចាប់យកពីពួកអ៊ីស្រាអែលទៅ នោះក៏បានប្រគល់មកអ៊ីស្រាអែលវិញ ចាប់តាំងពីក្រុងអេក្រុនរហូតដល់ក្រុងកាថ ហើយគ្រប់ដែនស្រុកនោះ ពួកអ៊ីស្រាអែលក៏បានដោះឲ្យរួចពីកណ្ដាប់ដៃនៃពួកភីលីស្ទីនដែរ នៅជាន់នោះ សាសន៍អ៊ីស្រាអែល និងសាសន៍អាម៉ូរី មានសេចក្ដីមេត្រីនឹងគ្នា។
១ សាំយូអែល 7:10-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលលោកសាំយូអែលកំពុងតែថ្វាយតង្វាយដុត កងទ័ពភីលីស្ទីនចូលមកវាយលុកជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ នៅថ្ងៃនោះ ព្រះអម្ចាស់ធ្វើឲ្យមានផ្គរលាន់ឮយ៉ាងខ្លាំងពីលើពួកភីលីស្ទីន បណ្ដាលឲ្យពួកគេជ្រួលច្របល់ បាក់ទ័ពរត់នៅមុខជនជាតិអ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែលចេញពីមីសប៉ា ដេញតាមប្រហារពួកភីលីស្ទីន រហូតដល់បេតកា។ លោកសាំយូអែលបានយកថ្មមកដាក់នៅចន្លោះមីសប៉ា និងសេន ហើយដាក់ឈ្មោះថ្មនោះថាអេបេន-អេស៊ើរ ដោយពោលថា ព្រះអម្ចាស់បានសង្គ្រោះយើងរហូតដល់ពេលនេះ។ កងទ័ពភីលីស្ទីនបាក់ស្បាតលែងហ៊ានលុកលុយទឹកដីអ៊ីស្រាអែលទៀត។ ព្រះអម្ចាស់បានសម្តែងឫទ្ធានុភាព ប្រឆាំងនឹងជនជាតិភីលីស្ទីន អស់មួយជីវិតរបស់លោកសាំយូអែល។ ក្រុងទាំងប៉ុន្មាន ដែលពួកភីលីស្ទីនវាយដណ្ដើមយកពីអ៊ីស្រាអែលនោះ គឺចាប់តាំងពីក្រុងអេក្រុនរហូតដល់កាថ និងតំបន់ជិតខាង បានត្រឡប់មកជាកម្មសិទ្ធិរបស់អ៊ីស្រាអែល ជនជាតិអ៊ីស្រាអែលរំដោះយកទឹកដីទាំងនោះ ពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីន។ មួយវិញទៀត ជនជាតិអ៊ីស្រាអែល និងជនជាតិអាម៉ូរី ក៏រស់នៅយ៉ាងសុខសាន្តជាមួយគ្នាដែរ។
១ សាំយូអែល 7:10-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលសាំយូអែលកំពុងតែថ្វាយដង្វាយដុត នោះពួកភីលីស្ទីនចូលមកដល់ជិត ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលហើយ តែនៅថ្ងៃនោះ ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានផ្គរលាន់ ជាយ៉ាងខ្លាំងត្រង់ពីលើពួកភីលីស្ទីន ឲ្យគេបាក់ទ័ពខ្ចាត់ខ្ចាយចេញ ហើយគេត្រូវពួកអ៊ីស្រាអែលកាប់សំឡាប់ ពួកអ៊ីស្រាអែលក៏ចេញពីមីសប៉ា ដេញតាមពួកភីលីស្ទីនទៅ ទាំងប្រហារជីវិតគេរហូតដល់បេត-ការ។ នោះសាំយូអែល លោកយកថ្ម ដាក់នៅកណ្តាលមីសប៉ា នឹងស៊េន ហើយក៏ហៅថ្មនោះ ឈ្មោះថា អេបេន-អេស៊ើរ ដោយថា ព្រះយេហូវ៉ាទ្រង់បានជួយយើងខ្ញុំ ដរាបដល់ឥឡូវនេះ ដូច្នេះ ពួកភីលីស្ទីនត្រូវទទួលចុះចាញ់ គេមិនបានទន្ទ្រានចូលមក ក្នុងដែនស្រុកអ៊ីស្រាអែលទៀត ហើយព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងពួកភីលីស្ទីន នៅគ្រប់១ជីវិតសាំយូអែល ឯអស់ទាំងទីក្រុងណាដែលពួកភីលីស្ទីនបានចាប់យកពីពួកអ៊ីស្រាអែលទៅ នោះក៏បានប្រគល់មកអ៊ីស្រាអែលវិញ ចាប់តាំងពីក្រុងអេក្រុនរហូតដល់ក្រុងកាថ ហើយគ្រប់ដែនស្រុកនោះ ពួកអ៊ីស្រាអែលក៏បានដោះឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ នៅជាន់នោះសាសន៍អ៊ីស្រាអែល នឹងសាសន៍អាម៉ូរី មានសេចក្ដីមេត្រីនឹងគ្នា។