១ សាំយូអែល 4:1-11
១ សាំយូអែល 4:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកសាំយូអែលប្រកាសព្រះបន្ទូលប្រាប់សាសន៍អ៊ីស្រាអែលទាំងមូល។ សាសន៍អ៊ីស្រាអែលបានចេញទៅច្បាំងនឹងពួកសាសន៍ភីលីស្ទីន ពួកគេបោះទ័ពនៅជិតអេបេន-អេស៊ើរ ឯពួកភីលីស្ទីនបោះទ័ពនៅត្រង់អាផែក។ ពួកភីលីស្ទីនតម្រៀបទ័ពប្រឈមនឹងអ៊ីស្រាអែល ហើយពេលគេចូលប្រឡូកតដៃគ្នា គឺពួកអ៊ីស្រាអែលបាក់ចាញ់នៅមុខគេ ហើយគេវាយសម្លាប់ពលទ័ពនៅវាល អស់ប្រហែលជាបួនពាន់នាក់។ នៅពេលពួកពលទាហានបានចូលមកក្នុងទីតាំងវិញ នោះពួកចាស់ទុំសាសន៍អ៊ីស្រាអែលពោលថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាព្រះយេហូវ៉ាបណ្ដាយឲ្យយើងបរាជ័យនៅមុខពួកភីលីស្ទីនដូច្នេះ? ចូរយើងនាំយកហិបសញ្ញារបស់ព្រះយេហូវ៉ា ពីស៊ីឡូរមកនៅកណ្ដាលពួកយើង ដើម្បីសង្គ្រោះយើងពីកណ្ដាប់ដៃរបស់ពួកខ្មាំងសត្រូវ»។ ដូច្នេះ គេក៏ចាត់មនុស្សឲ្យទៅស៊ីឡូរ ហើយនាំយកហិបសញ្ញារបស់ព្រះយេហូវ៉ានៃពួកពលបរិវារដែលនៅកណ្ដាលចេរូប៊ីម។ កូនប្រុសលោកអេលីទាំងពីរ គឺហុបនី និងភីនេហាសក៏នៅទីនោះជាមួយហិបសញ្ញារបស់ព្រះដែរ។ ពេលហិបសញ្ញារបស់ព្រះយេហូវ៉ាបានមកដល់ទីបោះទ័ពហើយ នោះស្រាប់តែពួកអ៊ីស្រាអែលទាំងអស់គ្នា គេស្រែកឡើងជាខ្លាំង រហូតដល់ឮខ្ទរផែនដី។ កាលពួកភីលីស្ទីនបានឮសូរសម្រែកដូច្នោះ ក៏សួរគ្នាថា៖ «តើសូរសម្រែកអ្វីខ្លាំងដល់ម៉្លេះ នៅទីបោះទ័ពរបស់ពួកសាសន៍ហេព្រើរ?» ពេលគេយល់ឃើញថា ហិបនៃព្រះយេហូវ៉ាបានមកដល់ទីបោះទ័ពហើយ ពួកភីលីស្ទីនមានសេចក្ដីភ័យ ដោយពោលថា៖ «ព្រះ បានយាងមកក្នុងជំរំទ័ពហើយ» រួចក៏និយាយទៀតថា៖ «វេទនាដល់យើងហើយ! ដ្បិតពីដើមមិនដែលមានដូច្នេះទេ។ វេទនាដល់យើងហើយ! តើមានអ្នកណាអាចជួយយើងឲ្យរួចពីកណ្ដាប់ដៃនៃព្រះដ៏ខ្លាំងពូកែនេះ? គឺព្រះទាំងនោះហើយ ដែលបានវាយពួកសាសន៍អេស៊ីព្ទនៅទីរហោស្ថាន ដោយសេចក្ដីវេទនាគ្រប់យ៉ាង ឱពួកភីលីស្ទីនអើយ ចូរក្លាហានឡើង ធ្វើជាមនុស្សអង់អាច ដើម្បីកុំឲ្យយើងត្រូវធ្លាក់ទៅជាអ្នកបម្រើរបស់ពួកហេព្រើរ ដូចជាគេបានធ្វើជាអ្នកបម្រើយើងនោះឡើយ ចូរមានចិត្តអង់អាច ហើយតដៃនឹងគេចុះ»។ ដូច្នេះ ពួកភីលីស្ទីនក៏ចូលតដៃគ្នា ហើយពួកអ៊ីស្រាអែលត្រូវចាញ់ រត់ទៅផ្ទះរៀងខ្លួនវិញ ក៏មានមនុស្សស្លាប់យ៉ាងសន្ធឹក គឺពួកពលថ្មើរជើងខាងអ៊ីស្រាអែលបានដួលស្លាប់អស់ចំនួនបីម៉ឺននាក់។ ឯហិបរបស់ព្រះ គេក៏ចាប់នាំយកទៅ ចំណែកហុបនី និងភីនេហាស ជាកូនលោកអេលីទាំងពីរក៏ស្លាប់ដែរ។
១ សាំយូអែល 4:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកសាំយូអែលក៏នាំយកព្រះបន្ទូលនេះ ទៅប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលទាំងមូល។ ថ្ងៃមួយ ជនជាតិអ៊ីស្រាអែលបានចេញទៅច្បាំងតទល់នឹងជនជាតិភីលីស្ទីន។ ពួកគេបោះទ័ពនៅជិតអេបេន-អេស៊ើរ រីឯពួកភីលីស្ទីនបោះទ័ពនៅអាផេក។ ជនជាតិភីលីស្ទីនតម្រៀបទ័ពប្រឈមមុខនឹងជនជាតិអ៊ីស្រាអែល ហើយការប្រយុទ្ធក៏ផ្ទុះឡើង។ ជនជាតិភីលីស្ទីនវាយឈ្នះជនជាតិអ៊ីស្រាអែល និងសម្លាប់ទាហានអ៊ីស្រាអែលនៅលើសមរភូមិ អស់ប្រហែលបួនពាន់នាក់។ ទាហានដែលនៅសេសសល់ នាំគ្នាវិលត្រឡប់មកទីតាំងទ័ពវិញ។ ពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែលពោលថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាព្រះអម្ចាស់បណ្ដោយឲ្យយើងចាញ់ពួកភីលីស្ទីនដូច្នេះ? ចូរយើងទៅស៊ីឡូ នាំហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់យកមកជាមួយពួកយើង ដើម្បីឲ្យហិបនោះសង្គ្រោះពួកយើងពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ»។ គេក៏ចាត់មនុស្សឲ្យទៅស៊ីឡូ ហើយនាំយកហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះដែលគង់នៅលើពួកចេរូប៊ីន*។ កូនប្រុសទាំងពីររបស់លោកអេលី គឺហូបនី និងភីនេហាស មកជាមួយហិបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ដែរ។ ពេលគេនាំហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់មកដល់ទីតាំងទ័ព ជនជាតិអ៊ីស្រាអែលទាំងមូលស្រែកជយឃោសយ៉ាងខ្លាំង រហូតដល់ធ្វើឲ្យខ្ទរផែនដី។ កាលពួកភីលីស្ទីនឮសម្រែកជយឃោសយ៉ាងខ្លាំងនេះ ក៏ពោលថា៖ «តើមានរឿងអ្វីបានជាពួកហេប្រឺស្រែកហ៊ោកញ្ជ្រៀវនៅក្នុងជំរំខ្លាំងម៉្លេះ?»។ បន្ទាប់មក ទើបពួកនេះយល់ថាហិបរបស់ព្រះអម្ចាស់មកដល់ជំរំហើយ។ ពួកភីលីស្ទីនក៏ភិតភ័យ ហើយពោលថា៖ «ព្រះរបស់ពួកគេយាងមកដល់ជំរំរបស់គេហើយ។ យើងមុខជាត្រូវវេទនាពុំខាន ដ្បិតពីមុន មិនដែលមានហេតុការណ៍ដូច្នេះទេ។ យើងមុខជាត្រូវវេទនាពុំខាន! តើនរណានឹងរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះដ៏ខ្លាំងពូកែនោះ? គឺព្រះនោះហើយដែលបានវាយជនជាតិអេស៊ីបឲ្យរងទុក្ខវេទនាគ្រប់បែបយ៉ាង នៅវាលរហោស្ថាន។ ភីលីស្ទីនអើយ! ចូរមានកម្លាំង និងចិត្តអង់អាចឡើង ដើម្បីកុំឲ្យធ្លាក់ខ្លួនទៅជាខ្ញុំបម្រើរបស់ពួកហេប្រឺ ដូចពួកគេបានធ្វើជាខ្ញុំបម្រើរបស់យើងដែរ។ ចូរមានចិត្តអង់អាច ហើយប្រយុទ្ធនឹងពួកគេចុះ!»។ ពួកភីលីស្ទីនក៏ចូលប្រយុទ្ធ ហើយវាយជនជាតិអ៊ីស្រាអែលឲ្យបរាជ័យ បាក់ទ័ពរត់ទៅជំរំរបស់គេរៀងៗខ្លួន។ នៅពេលនោះ ពួកអ៊ីស្រាអែលបរាជ័យយ៉ាងធ្ងន់ គឺកងពលថ្មើរជើងរបស់គេស្លាប់អស់បីម៉ឺននាក់។ ហិបរបស់ព្រះជាម្ចាស់ត្រូវខ្មាំងដណ្ដើមយកបាន ហើយកូនប្រុសទាំងពីររបស់លោកអេលី គឺហូបនី និងភីនេហាសក៏បាត់បង់ជីវិតដែរ។
១ សាំយូអែល 4:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯសាសន៍អ៊ីស្រាអែល គេលើកគ្នាចេញទៅច្បាំងនឹងពួកសាសន៍ភីលីស្ទីន បោះទ័ពនៅជិតអេបេន-អេស៊ើរ ឯពួកភីលីស្ទីន ក៏បោះទ័ពនៅត្រង់អាផែក ពួកភីលីស្ទីនគេដំរៀបទ័ពប្រទល់នឹងអ៊ីស្រាអែល រួចកាលគេបានចូលប្រឡូកតដៃគ្នា នោះពួកអ៊ីស្រាអែលបាក់ចាញ់នៅមុខគេ ហើយគេវាយសំឡាប់ពលទ័ពនៅវាល អស់ប្រហែលជា៤ពាន់នាក់ ដូច្នេះកាលពួកពលបានចូលមកក្នុងទីបោះទ័ពវិញ នោះពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលជំនុំគ្នាថា ហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់វាយយើង នៅចំពោះមុខពួកភីលីស្ទីនក្នុងថ្ងៃនេះដូច្នេះ ចូរយើងនាំយកហឹបនៃសញ្ញារបស់ព្រះយេហូវ៉ា ពីស៊ីឡូរមកឯយើង ដើម្បីឲ្យនៅកណ្តាលពួកយើង ហើយជួយសង្គ្រោះយើង ពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ នោះគេក៏ចាត់ឲ្យទៅឯស៊ីឡូរ នាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា នៃពួកពលបរិវារដែលនៅកណ្តាលចេរូប៊ីន ពីទីនោះមក ឯហុបនី នឹងភីនេហាស ជាកូនអេលីទាំង២ ក៏នៅទីនោះ ជាមួយនឹងហឹបនៃសេចក្ដីសញ្ញារបស់ព្រះដែរ។ កាលហឹបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា បានមកដល់ក្នុងទីបោះទ័ពហើយ នោះស្រាប់តែពួកអ៊ីស្រាអែលទាំងអស់គ្នា គេស្រែកឡើងជាខ្លាំង ដល់ម៉្លេះបានជាឮខ្ទរខ្ទារនៅផែនដី លុះពួកភីលីស្ទីនបានឮសូរសព្ទសំរែកដូច្នោះ ក៏សួរគ្នាថា តើសូរសព្ទសំរែកជាខ្លាំងដល់ម៉្លេះ នៅទីបោះទ័ពរបស់ពួកសាសន៍ហេព្រើរជាយ៉ាងណាហ្ន៎ នោះក៏យល់ឃើញថា ហឹបនៃព្រះយេហូវ៉ាបានមកដល់ទីបោះទ័ពហើយ ដូច្នេះ ពួកភីលីស្ទីនមានសេចក្ដីភ័យ ដោយថា ព្រះបានយាងមកក្នុងទីបោះទ័ពគេហើយ រួចក៏ថា វរហើយ យើងរាល់គ្នា ដ្បិតកាលពីដើមមិនដែលមានដូច្នេះឡើយ វរហើយ យើងរាល់គ្នា តើមានអ្នកណានឹងជួយយើង ឲ្យរួចពីកណ្តាប់ដៃនៃព្រះដ៏ខ្លាំងពូកែទាំងនេះ គឺព្រះទាំងប៉ុន្មាននេះហើយ ដែលបានវាយពួកសាសន៍អេស៊ីព្ទនៅទីរហោស្ថាន ដោយសេចក្ដីវេទនាគ្រប់យ៉ាង ឱពួកភីលីស្ទីនអើយ ចូរខំប្រឹងឡើង ហើយសំរេចខ្លួនឲ្យពេញជាមនុស្សចុះ ដើម្បីកុំឲ្យយើងត្រូវធ្លាក់ទៅជាបាវបំរើនៃពួកហេព្រើរ ដូចជាគេបានធ្វើជាបាវបំរើដល់យើងនោះឡើយ ចូរសំរេចខ្លួនឲ្យពេញជាមនុស្ស ហើយតដៃនឹងគេចុះ ដូច្នេះ ពួកភីលីស្ទីនក៏ចូលតដៃគ្នា ហើយពួកអ៊ីស្រាអែលត្រូវចាញ់ដៃ រត់ទៅឯត្រសាលវិញរៀងខ្លួន ក៏មានមនុស្សស្លាប់យ៉ាងសន្ធឹក គឺពួកពលថ្មើរជើងខាងអ៊ីស្រាអែលបានដួលស្លាប់អស់ចំនួន៣ម៉ឺននាក់ ឯហឹបរបស់ព្រះ គេក៏ចាប់នាំយកទៅ ចំណែកហុបនីនឹងភីនេហាស ជាកូនអេលីទាំង២ ក៏ស្លាប់ដែរ។