១ សាំយូអែល 31:1-13

១ សាំយូអែល 31:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​ភីលី‌ស្ទីន​បាន​ចូល​ប្រយុទ្ធ​នឹង​ពួក​អ៊ីស្រា‌អែល ឯ​ពួក​អ៊ីស្រា‌អែល​ក៏​រត់​បាក់​ទ័ព​នៅ​មុខ​ពួក​ភីលី‌ស្ទីន ហើយ​ពួក​អ៊ីស្រា‌អែល​ជា​ច្រើន​បាន​ដួល​ស្លាប់​នៅ​លើ​ភ្នំ​គីល‌បោ។ ពួក​ភីលី‌ស្ទីន​ដេញ​តាម​ស្ដេច​សូល និង​ពួក​បុត្រា​របស់​ព្រះ‌អង្គ​យ៉ាង​ប្រកិត គេ​បាន​សម្លាប់​យ៉ូណា‌ថាន អ័ប៊ី‌ណាដាប់ និង​ម៉ាល‌គី-ស៊ូអា ជា​បុត្រា​សូល។ ចម្បាំង​នោះ​ធ្វើ​ឲ្យ​លំបាក​ដល់​ស្តេច​សូល​ណាស់ ពួក​ពល​ធ្នូ​ក៏​តាម​ទ្រង់​ទាន់ ហើយ​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​តក់‌ស្លុត​ជា​ខ្លាំង។ ស្តេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់​ថា៖ «ចូរ​ហូត​ដាវ​ឯង​មក​ចាក់​ទម្លុះ​យើង​ទៅ ក្រែង​ពួក​មិន​កាត់​ស្បែក​នេះ មក​កាប់​ចាក់ ហើយ​មើល​ងាយ​ដល់​យើង»។ ប៉ុន្តែ អ្នក​កាន់​គ្រឿង​សស្រ្តា‌វុធ​របស់​ទ្រង់​មិន​ហ៊ាន​ទេ ដោយ​គាត់​មាន​សេចក្ដី​ភ័យ​ជា​ខ្លាំង ដូច្នេះ ស្តេច​សូល​ក៏​ហូត​យក​ដាវ​របស់​ទ្រង់​ផ្តួល​ខ្លួន​ទៅ​លើ ពេល​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ព្រះ‌អង្គ​បាន​ឃើញ​ស្ដេច​សូល​បាន​សុគត​ហើយ នោះ​គាត់​ក៏​ផ្តួល​ខ្លួន​ទៅ​លើ​ដាវ​ស្លាប់​ទៅ​ជា‌មួយ​ដែរ។ ដូច្នេះ ស្តេច​សូល បុត្រា​របស់​ទ្រង់​បី​អង្គ អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់ និង​ពួក​ពល​ទាំង​ប៉ុន្មាន​បាន​ស្លាប់​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នោះ។ ពេល​ពួក​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ច្រក​ភ្នំ​ម្ខាង និង​ពួក​អ្នក​នៅ​ត្រើយ​ម្ខាង​ទន្លេ​យ័រ‌ដាន់​បាន​ឃើញ​ពួក​ទ័ព​សាសន៍​អ៊ីស្រា‌អែល​រត់ ហើយ​ស្តេច​សូល និង​ពួក​បុត្រា​ទ្រង់​បាន​សុគត​អស់​ហើយ នោះ​គេ​ក៏​រត់​ចោល​ទី​ក្រុង​អស់​ទៅ ឯ​ពួក​ភីលី‌ស្ទីន​ក៏​មក​តាំង​ទី​លំ‌នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ។ ដល់​ថ្ងៃ​បន្ទាប់ ពេល​ពួក​ភីលី‌ស្ទីន​បាន​ចូល​ទៅ​ដោះ​យក​របស់​ពី​ខ្មោច​ទាំង​ប៉ុន្មាន គេ​ប្រទះ​ឃើញ​សព​ស្តេច​សូល និង​បុត្រា​ទាំង​បី​អង្គ​នៅ​លើ​ភ្នំ​គីល‌បោ។ ពួក​គេ​ក៏​កាត់​ព្រះ‌សិរ​ទ្រង់ ព្រម​ទាំង​ដោះ​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់ ផ្ញើ​ទៅ​គ្រប់​ស្រុក​ភីលី‌ស្ទីន ដើម្បី​ផ្សាយ​ដំណឹង​នោះ ដល់​អស់​ទាំង​វិហារ​នៃ​ពួក​ព្រះ​របស់​គេ ហើយ​ដល់​ប្រជាជន​ផង។ ពួក​គេ​យក​គ្រឿង​សស្ត្រា‌វុធ​នោះ ទៅ​តម្កល់​ទុក​ក្នុង​វិហារ​នៃ​ព្រះអាសថា​រ៉ូត ឯ​សព​របស់​ស្ដេច​ចង​ភ្ជាប់​នឹង​កំផែង​ក្រុង​បេត-សាន។ ប៉ុន្តែ ពេល​ពួក​អ្នក​នៅ​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាត​បាន​ឮ​និយាយ​ពី​ការ​ដែល​ពួក​ភីលី‌ស្ទីន​ធ្វើ​ដល់​សព​របស់​សូល នោះ​ពួក​អ្នក​ក្លាហាន​ទាំង​ប៉ុន្មាន​របស់​គេ ក៏​នាំ​គ្នា​ទៅ​ទាំង​យប់ នាំ​យក​សព​របស់​សូល និង​សព​របស់​ពួក​បុត្រា​ទ្រង់ ពី​កំផែង​បេត-សាន ត្រឡប់​មក​ក្រុង​យ៉ា‌បេស ដើម្បី​បូ​ជា។ បន្ទាប់​មក ពួក​គេ​រើស​អដ្ឋិ​យក​ទៅ​បញ្ចុះ​នៅ​ក្រោម​ដើម​ឈើ​មួយ នៅ​ក្រុង​យ៉ា‌បេស ហើយ​នាំ​គ្នា​តម​អាហារ​កាន់​ទុក្ខ​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។:៚

១ សាំយូអែល 31:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កង‌ទ័ព​ភីលីស្ទីន​វាយ​ប្រហារ​កង‌ទ័ព​អ៊ីស្រា‌អែល។ ពល​ទាហាន​អ៊ីស្រា‌អែល​បាក់​ទ័ព រត់​នៅ​មុខ​ពួក​ភីលីស្ទីន ហើយ​ទាហាន​អ៊ីស្រា‌អែល​ជា​ច្រើន​នាក់​បាន​ស្លាប់​នៅ​លើ​ភ្នំ​គីល‌បោ។ ពួក​ភីលីស្ទីន​ដេញ​តាម​ព្រះ‌បាទ​សូល និង​បុត្រា​យ៉ាង​ប្រកិត ពួក​គេ​សម្លាប់​សម្ដេច​យ៉ូណា‌ថាន សម្ដេច​អប៊ី‌ណាដាប់ និង​សម្ដេច​ម៉ាល់‌គីស៊ូ‌អា ជា​បុត្រ​របស់​ព្រះ‌បាទ​សូល។ បន្ទាប់​មក ពួក​គេ​សម្រុក​ទៅ​លើ​ព្រះ‌បាទ​សូល ទ័ព​បាញ់​ព្រួញ​បាន​ដេញ​តាម​ទាន់​ព្រះ‌បាទ​សូល ធ្វើ​ឲ្យ​ស្ដេច​តក់‌ស្លុត​យ៉ាង​ខ្លាំង។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​សេនា​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ស្ដេច​ថា៖ «ចូរ​ហូត​ដាវ​របស់​ឯង​ចាក់​យើង​មក ព្រោះ​យើង​មិន​ចង់​ស្លាប់​ដោយ​ដៃ​របស់​សាសន៍​ដទៃ ហើយ​ឲ្យ​ពួក​គេ​ប្រមាថ​មើល‌ងាយ​យើង​ទេ»។ ប៉ុន្តែ សេនា​នោះ​មិន​ហ៊ាន​សម្លាប់​ស្ដេច​ឡើយ ព្រោះ​គាត់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ដូច្នេះ ព្រះ‌បាទ​សូល​ក៏​ហូត​ដាវ ហើយ​ផ្ដួល​ខ្លួន​ទៅ​លើ​មុខ​ដាវ​នោះ។ កាល​សេនា​កាន់​គ្រឿង​សស្ត្រា​របស់​ស្ដេច​ឃើញ​ស្ដេច​សោយ​ទិវង្គត​ដូច្នេះ គាត់​ក៏​ហូត​ដាវ រួច​ផ្ដួល​ខ្លួន​ទៅ​លើ​មុខ​ដាវ ស្លាប់​ជា​មួយ​ស្ដេច​ដែរ។ ដូច្នេះ ព្រះ‌បាទ​សូល បុត្រា​ទាំង​បី​អង្គ សេនា​កាន់​គ្រឿង​សស្ត្រា​របស់​ស្ដេច និង​ពល​ទាហាន​ទាំង​អស់ បាន​ស្លាប់​ជា​មួយ​គ្នា ក្នុង​ថ្ងៃ​តែ​មួយ។ កាល​ទ័ព​អ៊ីស្រា‌អែល​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង​ទៀត និង​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ដឹង​ថា អ៊ីស្រា‌អែល​បាក់​ទ័ព ហើយ​ព្រះ‌បាទ​សូល ព្រម​ទាំង​បុត្រា​សុគត​អស់ នោះ​ពួក​គេ​ក៏​បោះ​បង់​ទីក្រុង​ចោល រត់​ភៀស​ខ្លួន​អស់។ កង‌ទ័ព​ភីលីស្ទីន​ចូល​មក​កាន់​កាប់​ក្រុង​ទាំង​នោះ។ ស្អែក​ឡើង ពួក​ភីលីស្ទីន​នាំ​គ្នា​ដើរ​ប្រមូល​របស់​របរ​ដែល​នៅ​ជាប់​នឹង​សាក‌សព ហើយ​ឃើញ​សាក‌សព​របស់​ព្រះ‌បាទ​សូល និង​បុត្រា​ទាំង​បី​អង្គ នៅ​លើ​ភ្នំ​គីល‌បោ។ ពួក​គេ​ក៏​កាត់​ក​ស្ដេច ព្រម​ទាំង​ដោះ​គ្រឿង​សស្ត្រា‌វុធ​ចេញ​ពី​សព​ផង រួច​ផ្ញើ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​ភីលីស្ទីន​ទាំង​មូល។ គេ​ប្រកាស​ដំណឹង​នេះ​នៅ​តាម​វិហារ​នៃ​ព្រះ​របស់​ពួក​គេ និង​ក្នុង​ចំណោម​ប្រជា‌ជន​ផង។ បន្ទាប់​មក ពួក​គេ​យក​គ្រឿង​សស្ត្រា‌វុធ​របស់​ព្រះ‌បាទ​សូល​ទៅ​តម្កល់​ទុក​ក្នុង​វិហារ​នៃ​ព្រះ​អាស្តា‌រ៉ូត ហើយ​យក​សព​របស់​ស្ដេច​ទៅ​ព្យួរ​នៅ​កំពែង​ក្រុង​បេត‌សាន។ អ្នក​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាដ បាន​ដឹង​អំពី​ហេតុ‌ការណ៍​ដែល​ពួក​ភីលីស្ទីន​ប្រព្រឹត្ត​ចំពោះ​ព្រះ‌បាទ​សូល។ ពួក​ទាហាន​ដ៏​អង់‌អាច​នៅ​ក្រុង​នោះ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ ក្រោយ​ពី​ដើរ​អស់​រយៈ​ពេល​ពេញ​មួយ​យប់ ពួក​គេ​បាន​ទៅ​ដល់​ក្រុង​បេត‌សាន ហើយ​ស្រាយ​សព​របស់​ព្រះ‌បាទ​សូល និង​បុត្រា ចុះ​ពី​កំពែង​ក្រុង​នោះ រួច​នាំ​គ្នា​វិល​ត្រឡប់​មក​ក្រុង​យ៉ាបេស​វិញ យក​សព​ទាំង​នោះ​ទៅ​បូជា។ ពួក​គេ​រើស​ធាតុ​យក​ទៅ​បញ្ចុះ​ក្រោម​ដើម​ជ្រៃ​នៅ​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អាហារ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។

១ សាំយូអែល 31:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ពួក​ភីលីស្ទីន គេ​ចូល​ត​នឹង​ពួក​អ៊ីស្រាអែល ពួក​អ៊ីស្រាអែល​ក៏​រត់​ពី​មុខ​ពួក​ភីលីស្ទីន​ទៅ ហើយ​ត្រូវ​គេ​សំឡាប់​នៅ​លើ​ភ្នំ​គីលបោ ពួក​ភីលីស្ទីន​ដេញ​តាម​សូល នឹង​ពួក​បុត្រា​ទ្រង់​យ៉ាង​ប្រកិត គេ​បាន​សំឡាប់​យ៉ូណា‌ថាន អ័ប៊ី‌ណា‌ដាប់ ហើយ​នឹង​ម៉ាលគី-ស៊ូអា ជា​បុត្រា​សូល​ទៅ ចំបាំង​នោះ​ក៏​ប្រែ​ជា​លំបាក​ណាស់​ដល់​សូល ពួក​ពល​ធ្នូ​ក៏​តាម​ទ្រង់​ទាន់ ហើយ​ទ្រង់​មាន​ព្រះ‌ទ័យ​តក់‌ស្លុត​ជា​ខ្លាំង ទើប​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​ដែល​កាន់​គ្រឿង​ទ្រង់​ថា ចូរ​ហូត​ដាវ​ឯង​មក​ចាក់​ទំលុះ​អញ​ទៅ ក្រែង​ពួក​មិន​កាត់​ស្បែក​នេះ គេ​មក​កាប់​ចាក់ ហើយ​មើល‌ងាយ​ដល់​អញ តែ​អ្នក​កាន់​គ្រឿង​របស់​ទ្រង់​មិន​ហ៊ាន​ទេ ដោយ​គាត់​មាន​សេចក្ដី​ភ័យ​ជា​ខ្លាំង ដូច្នេះសូល​ទ្រង់​ក៏​ហូត​យក​ដាវ​របស់​ទ្រង់​ផ្តួល​ខ្លួន​ទៅ​លើ កាល​អ្នក​កាន់​គ្រឿង​របស់​ទ្រង់​បាន​ឃើញ​ថា សូល​បាន​សុគត​ហើយ នោះ​គាត់​ក៏​ផ្តួល​ខ្លួន​ទៅ​លើ​ដាវស្លាប់​ទៅ​ជា​មួយ​ដែរ ដូច្នេះ សូលព្រម​ទាំង​បុត្រា​ទ្រង់​៣​អង្គ នឹង​អ្នក​កាន់​គ្រឿង​របស់​ទ្រង់ ហើយ​នឹង​ពួក​ពល​ទាំង​ប៉ុន្មាន បាន​ស្លាប់​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នោះ​ឯង។ កាល​ពួក​សាសន៍​អ៊ីស្រាអែល ដែល​នៅ​ច្រក​ភ្នំ​នោះ​ម្ខាង នឹង​ពួក​ដែល​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន បាន​ឃើញ​ថា ពួក​ទ័ព​នៃ​សាសន៍​អ៊ីស្រាអែល​បាន​រត់ ហើយ​សូល នឹង​ពួក​បុត្រា​ទ្រង់ បាន​សុគត​អស់​ហើយ នោះ​គេ​ក៏​រត់​ចោល​អស់​ទាំង​ទី​ក្រុង​ទៅ ឯ​ពួក​ភីលីស្ទីន ក៏​មក​តាំង​ទី​លំនៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ ដល់​ថ្ងៃ​ស្អែក កាល​ពួក​ភីលីស្ទីន​បាន​ចូល​ទៅ ដោះ​យក​របស់​ពី​ខ្មោច​ទាំង​ប៉ុន្មាន នោះ​គេ​ប្រទះ​ឃើញ​សព​សូល នឹង​បុត្រា​ទ្រង់​ទាំង​៣​អង្គ​នៅ​លើ​ភ្នំ​គីលបោ ដូច្នេះ គេ​ក៏​កាត់​យក​ព្រះ‌សិរ​ទ្រង់ ព្រម​ទាំង​ដោះ​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់ ផ្ញើ​ទៅ​គ្រប់​ក្នុង​ស្រុក​ភីលីស្ទីន ដើម្បី​នឹង​ផ្សាយ​ដំណឹង​នោះ ដល់​អស់​ទាំង​វិហារ​របស់​ពួក​ព្រះ​នៃ​គេ ហើយ​ដល់​បណ្តាជន​ផង គេ​ដំកល់​ទុក​គ្រឿង​សស្ត្រា‌វុធ​នោះ នៅ​ក្នុង​វិហារ​នៃ​រូប​ព្រះ ឯ​សព​ទ្រង់​គេ​បោះ​ភ្ជាប់​នឹង​កំផែង​ទី​ក្រុង​បេត-សាន តែ​កាល​ពួក​អ្នក​នៅ​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាត បាន​ឮ​និយាយ ពី​ការ​ដែល​ពួក​ភីលីស្ទីន​ធ្វើ​ដល់​សព​របស់​សូល នោះ​ពួក​អ្នក​ក្លាហាន​ទាំង​ប៉ុន្មាន​របស់​គេ ក៏​លើក​គ្នា​ទៅ​ទាំង​យប់ នាំ​យក​សព​របស់​សូល នឹង​សព​នៃ​ពួក​បុត្រា​ទ្រង់ ពី​កំផែង​បេត-សាន ត្រឡប់​ទៅ​ឯ​ក្រុង​យ៉ាបេស បូជា​ភ្លើង​ទៅ រួច​គេ​រើស​អដ្ឋិ យក​ទៅ​បញ្ចុះ នៅ​ក្រោម​ដើម​ឈើ​១ នៅ​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អាហារ កាន់​ទុក្ខ​អស់​៧​ថ្ងៃ។:៚