១ សាំយូអែល 30:1-8

១ សាំយូអែល 30:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​ទី​បី ពេល​ដាវីឌ និង​ពួក​លោក​បាន​មក​ដល់​ស៊ីក‌ឡាក់ ពេល​នោះពួក​អាម៉ាឡេក​បាន​លុក​ចូល​តំបន់​ណេកិប ព្រម​ទាំង​ក្រុង​ស៊ីក‌ឡាក់ គេ​បាន​វាយ​ក្រុង​ស៊ីក‌ឡាក់ និង​ដុត​កម្ទេច​ចោល​អស់​រលីង​ហើយ ក៏​ចាប់​ពួក​ស្រីៗ និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ ទាំង​តូច​ទាំង​ធំ នាំ​ទៅ​ជា​ឈ្លើយ។ គេ​មិន​បាន​សម្លាប់​អ្នក​ណា​ម្នាក់​ឡើយ គឺ​គ្រាន់​តែ​នាំ​យក​ពួកគេ​ទៅជា‌មួយ រួច​បន្ត​ដំណើរ​ទៅ​មុខ។ ពេល​ដាវីឌ និង​ពួក​លោក​បាន​មក​ដល់ ឃើញ​ទី​លំ‌នៅ​បាន​ឆេះ​អស់ ឯ​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​ទាំង​អស់​ដែរ។ ពេល​នោះ ដាវីឌ និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ក៏​ស្រែក​យំ​ជា​ខ្លាំង រហូត​ដល់​គ្មាន​កម្លាំង​នឹង​យំ​ទៀត។ ឯ​ប្រពន្ធ​ដាវីឌ​ទាំង​ពីរ គឺ​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​អ័ប៊ី‌កែល ជា​ប្រពន្ធ​របស់​ខ្មោច​ណា‌បាល​ជា​អ្នក​ស្រុក​កើមែល​នោះ ក៏​ត្រូវ​គេ​ចាប់​ទៅ​ជា​ឈ្លើយ​ដែរ។ ចំណែក​ដាវីឌ លោក​ច្របូក​ច្របល់​ក្នុង​ចិត្ត​ណាស់ ដ្បិត​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​លោក គេ​ចង់​យក​ដុំ​ថ្ម​គប់​លោក ព្រោះ​គ្រប់​គ្នា​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​ជា​ខ្លាំង ដោយ​សារ​កូន​ប្រុស​កូន​ស្រី​របស់​គេ តែ​ដាវីឌ​បាន​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​វិញ។ ដាវីឌ​បាន​និយាយ​ទៅ​អ័បៀ‌ថើរ​ជា​សង្ឃ ជា​កូន​អ័ហ៊ី‌ម៉ាឡេក​ថា៖ «សូម​យក​អេផូឌ​មក​ឲ្យ​ខ្ញុំ​ឯណេះ» នោះ​អ័បៀ‌ថើរ​ក៏​យក​អេផូឌ​មក រួច​ដាវីឌ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ដេញ​តាម​ពួក​នោះ​ឬ​ទេ? តើ​នឹង​បាន​ទាន់​គេ​ឬ​ទេ?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​ដេញ​តាម​ចុះ ដ្បិត​នឹង​បាន​ទាន់​គេ​ជា​ពិត​ប្រាកដ ហើយ​នឹង​ចាប់​បាន​មក​វិញ​ទាំង​អស់​ជា​មិន​ខាន»។

១ សាំយូអែល 30:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​ទី​បី លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​បាន​ទៅ​ដល់​ក្រុង​ស៊ីគ‌ឡាក់។ ប៉ុន្តែ មុន​នោះ ជន‌ជាតិ​អាម៉ា‌ឡេក​បាន​រាត​ត្បាត​តំបន់​ណេកិប និង​ក្រុង​ស៊ីគ‌ឡាក់។ ពួក​គេ​ដុត​កម្ទេច​ក្រុង​ស៊ីគ‌ឡាក់​ចោល ហើយ​កៀរ​ពួក​ស្រីៗ និង​អស់​អ្នក​ដែល​រស់​នៅ​ក្រុង​នោះ ទាំង​ក្មេង ទាំង​ចាស់ នាំ​យក​ទៅ​ជា​ឈ្លើយ។ ពួក​គេ​មិន​បាន​សម្លាប់​នរណា​ម្នាក់​ឡើយ គឺ​គ្រាន់​តែ​កៀរ​យក​ទៅ​ជា​មួយ រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ កាល​លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​មក​ដល់​ទីក្រុង​វិញ ឃើញ​ក្រុង​នោះ​ត្រូវ​គេ​ដុត​បំផ្លាញ ហើយ​ប្រពន្ធ កូន​ប្រុស កូន​ស្រី ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​ដូច្នេះ លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាំ​គ្នា​ស្រែក​ទ្រហោ​យំ រហូត​ទាល់​តែ​លែង​មាន​កម្លាំង​យំ​ទៀត។ ភរិយា​ទាំង​ពីរ​នាក់​របស់​លោក​ដាវីឌ គឺ​នាង​អហ៊ី‌ណោម​ដែល​ជា​អ្នក​ស្រុក​យេសរាល និង​នាង​អប៊ី‌កែល ជា​ប្រពន្ធ​របស់​សព​លោក​ណាបាល អ្នក​ភូមិ​កើមែល ក៏​ត្រូវ​គេ​កៀរ​យក​ទៅ​ដែរ។ ពេល​នោះ លោក​ដាវីឌ​មាន​ទុក្ខ​កង្វល់​យ៉ាង​ខ្លាំង ព្រោះ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​គិត​គ្នា​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក ដ្បិត​ម្នាក់ៗ​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយ​ព្រួយ​បារម្ភ​ដល់​កូន​ប្រុស កូន​ស្រី​របស់​ពួក​គេ។ ប៉ុន្តែ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក​ដាវីឌ ប្រទាន​ឲ្យ​លោក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បូជា‌ចារ្យ​អបៀ‌ថើរ ជា​កូន​របស់​លោក​អហ៊ី‌ម៉ាឡេក​ថា៖ «សូម​យក​អាវ​អេផូដ*​មក​ឲ្យ​ខ្ញុំ!»។ លោក​អបៀ‌ថើរ​ក៏​ទៅ​យក​អាវ​អេផូដ​មក​ជូន។ លោក​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «ប្រសិន​បើ​ទូលបង្គំ​ដេញ​តាម​ពួក​ចោរ​នោះ តើ​ទូលបង្គំ​តាម​ទាន់​ឬ​ទេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ដេញ​តាម​ពួក​គេ​ចុះ អ្នក​នឹង​តាម​ទាន់ ព្រម​ទាំង​រំដោះ​អស់​អ្នក​ដែល​គេ​កៀរ​យក​ទៅ​នោះ​បាន​មក​វិញ​ផង»។

១ សាំយូអែល 30:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ថ្ងៃ​ទី​៣ កាល​ដាវីឌ នឹង​ពួក​លោក​បាន​មក​ដល់​ស៊ីក‌ឡាក់ នោះ​ឃើញ​ថា ពួក​អាម៉ា‌លេក​បាន​លុក​ចូល​ស្រុក​ត្បូង ព្រម​ទាំង​ក្រុង​ស៊ីក‌ឡាក់​ផង គេ​បាន​ទាំង​វាយ​ក្រុង​ស៊ីក‌ឡាក់ ហើយ​ដុត​ដោយ​ភ្លើង​ទៅ ក៏​ចាប់​យក​ពួក​ស្រីៗ​ទាំង​តូច​ទាំង​ធំ ដែល​នៅ​ទី​នោះ នាំ​ទៅ​ជា​ឈ្លើយ ឥត​មាន​សំឡាប់​អ្នក​ណា​ឡើយ គ្រាន់​តែ​ដឹក‌នាំ​ទៅ​ប៉ុណ្ណោះ ដូច្នេះ កាល​ដាវីឌនឹង​ពួក​លោក​បាន​មក​ដល់ នោះ​ក៏​ឃើញ​ទី​លំនៅ​បាន​ឆេះ​អស់​ហើយ ឯ​ប្រពន្ធ នឹង​កូន​ប្រុស​កូន​ស្រី ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​ទាំង​អស់​ផង នោះ​ដាវីឌនឹង​ពួក​មនុស្ស​ដែល​នៅ​ជា​មួយ​ក៏​ឡើង​សំឡេង​យំ​ជា​ខ្លាំង ដរាប​ដល់​គ្មាន​កំឡាំង​នឹង​យំ​ទៀត ឯ​ប្រពន្ធ​ដាវីឌ​ទាំង​២ គឺ​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល នឹង​អ័ប៊ី‌កែល ជា​ប្រពន្ធ​របស់​ខ្មោច​ណាបាល​ដែល​ជា​អ្នក​ស្រុក​កើមែល នោះ​គេ​ក៏​បាន​នាំ​ទៅ​ជា​ឈ្លើយ​ដែរ ចំណែក​ដាវីឌលោក​ច្របល់​ក្នុង​ចិត្ត​ជា​ខ្លាំង ដ្បិត​បណ្តា​ពួក​លោក​គិត​ចោល​នឹង​ថ្ម ពី​ព្រោះ​គ្រប់​គ្នា​មាន​សេចក្ដី​ទំនាស់​ចិត្ត​ជា​ខ្លាំង ដោយ​ព្រោះ​កូន​ប្រុស​កូន​ស្រី​របស់​គេ តែ​ដាវីឌ​បាន​កំឡា​ចិត្ត​ខ្លួន​ឡើង ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​វិញ។ គ្រា​នោះ ដាវីឌ​និយាយ​ទៅ​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ជា​កូន​អ័ហ៊ី‌ម៉ា‌លេក​ថា សូម​យក​អេផូឌ​មក​ឲ្យ​ខ្ញុំ​ឯ​ណេះ នោះ​អ័បៀ‌ថើរ​ក៏​យក​អេផូឌ​មក រួច​ដាវីឌ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ដេញ​តាម​ពួក​នោះ​ឬ​អី តើ​នឹង​បាន​ទាន់​គេ​ឬ​ទេ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ដេញ​តាម​ចុះ ដ្បិត​នឹង​បាន​ទាន់​គេ​ជា​ពិត​ប្រាកដ ហើយ​នឹង​ចាប់​បាន​មក​វិញ​ទាំង​អស់​ជា​មិន​ខាន​ផង