១ សាំយូអែល 30:1-20

១ សាំយូអែល 30:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​ទី​បី ពេល​ដាវីឌ និង​ពួក​លោក​បាន​មក​ដល់​ស៊ីក‌ឡាក់ ពេល​នោះពួក​អាម៉ាឡេក​បាន​លុក​ចូល​តំបន់​ណេកិប ព្រម​ទាំង​ក្រុង​ស៊ីក‌ឡាក់ គេ​បាន​វាយ​ក្រុង​ស៊ីក‌ឡាក់ និង​ដុត​កម្ទេច​ចោល​អស់​រលីង​ហើយ ក៏​ចាប់​ពួក​ស្រីៗ និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ ទាំង​តូច​ទាំង​ធំ នាំ​ទៅ​ជា​ឈ្លើយ។ គេ​មិន​បាន​សម្លាប់​អ្នក​ណា​ម្នាក់​ឡើយ គឺ​គ្រាន់​តែ​នាំ​យក​ពួកគេ​ទៅជា‌មួយ រួច​បន្ត​ដំណើរ​ទៅ​មុខ។ ពេល​ដាវីឌ និង​ពួក​លោក​បាន​មក​ដល់ ឃើញ​ទី​លំ‌នៅ​បាន​ឆេះ​អស់ ឯ​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​ទាំង​អស់​ដែរ។ ពេល​នោះ ដាវីឌ និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ក៏​ស្រែក​យំ​ជា​ខ្លាំង រហូត​ដល់​គ្មាន​កម្លាំង​នឹង​យំ​ទៀត។ ឯ​ប្រពន្ធ​ដាវីឌ​ទាំង​ពីរ គឺ​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​អ័ប៊ី‌កែល ជា​ប្រពន្ធ​របស់​ខ្មោច​ណា‌បាល​ជា​អ្នក​ស្រុក​កើមែល​នោះ ក៏​ត្រូវ​គេ​ចាប់​ទៅ​ជា​ឈ្លើយ​ដែរ។ ចំណែក​ដាវីឌ លោក​ច្របូក​ច្របល់​ក្នុង​ចិត្ត​ណាស់ ដ្បិត​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​លោក គេ​ចង់​យក​ដុំ​ថ្ម​គប់​លោក ព្រោះ​គ្រប់​គ្នា​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​ជា​ខ្លាំង ដោយ​សារ​កូន​ប្រុស​កូន​ស្រី​របស់​គេ តែ​ដាវីឌ​បាន​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​វិញ។ ដាវីឌ​បាន​និយាយ​ទៅ​អ័បៀ‌ថើរ​ជា​សង្ឃ ជា​កូន​អ័ហ៊ី‌ម៉ាឡេក​ថា៖ «សូម​យក​អេផូឌ​មក​ឲ្យ​ខ្ញុំ​ឯណេះ» នោះ​អ័បៀ‌ថើរ​ក៏​យក​អេផូឌ​មក រួច​ដាវីឌ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ដេញ​តាម​ពួក​នោះ​ឬ​ទេ? តើ​នឹង​បាន​ទាន់​គេ​ឬ​ទេ?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​ដេញ​តាម​ចុះ ដ្បិត​នឹង​បាន​ទាន់​គេ​ជា​ពិត​ប្រាកដ ហើយ​នឹង​ចាប់​បាន​មក​វិញ​ទាំង​អស់​ជា​មិន​ខាន»។ ដូច្នេះ ដាវីឌ និង​ពួក​ប្រាំ​មួយ‌រយ​នាក់​ដែល​នៅ​ជា‌មួយ ក៏​លើក​គ្នា​ចេញ​ទៅ កាល​ទៅ​ដល់​ជ្រោះ​បេសោរ នោះ​ក៏​ទុក​អ្នក​ខ្លះ​ឲ្យ​នៅ​ទី​នោះ ប៉ុន្តែ ដាវីឌ និង​បួនរយ​នាក់​ចេះ​តែ​ខំ​ដេញ​តាម​ទៅ​ទៀត ទុក​ពីរ​រយ​នាក់​ឲ្យ​នៅ ដោយ​គេ​ល្វើយ និង​ឆ្លង​ជ្រោះ​បេសោរ​ទៅ​មិន​បាន។ នៅ​វាល គេ​ប្រទះ​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ ហើយ​នាំ​វា​មក​ជួប​ដាវីឌ ពួក​គេ​បាន​ឲ្យ​នំបុ័ង និង​ទឹក​បរិ‌ភោគ ក៏​ឲ្យ​ផ្លែ​ល្វា​ក្រៀម​មួយ និង​ផ្លែ​ទំពាំង‌បាយ‌ជូរ​ក្រៀម​ពីរ​ចង្កោម​ដែរ ពេល​បាន​បរិ‌ភោគ​ហើយ ក៏​មាន​កម្លាំង​ឡើង​វិញ ព្រោះ​មិន​បាន​បរិ‌ភោគ​អាហារ និង​ទឹក​អស់​បី​ថ្ងៃ​បី​យប់​មក​ហើយ។ ដាវីឌ​សួរ​គាត់​ថា៖ «តើ​ឯង​ជា​អ្នក​បម្រើ​របស់​អ្នក​ណា? តើ​អ្នក​មក​ពី​ណា?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​សាសន៍​អេស៊ីព្ទ ជា​អ្នក​បម្រើ​របស់​សាសន៍​អាម៉ាឡេក​ម្នាក់ ចៅ‌ហ្វាយ​ខ្ញុំ​បាន​បោះ​បង់​ខ្ញុំ​ចោល​បី​ថ្ងៃ​មក​ហើយ ព្រោះ​ខ្ញុំ​មាន​ជំងឺ។ យើង​ខ្ញុំ​បាន​លុក​ចូល​តំបន់​ណេកិប​របស់​ពួក​កេរេ‌ធីម ស្រុក​របស់​ពួក​យូដា និង​តំបន់​ណេកិប ជា​ស្រុក​របស់​កាលែប ហើយ​ដុត​ក្រុង​ស៊ីក‌ឡាក់​ចោល​ផង»។ ដាវីឌ​សួរ​គាត់​ថា៖ «តើ​ឯង​នឹង​នាំ​យើង​ចុះ​ទៅ​រក​ពួក​នោះ​បាន​ឬ​ទេ?» គាត់​ឆ្លើយ​ថា៖ «សូម​ស្បថ​នឹង​ខ្ញុំ​ដោយ​នូវ​ព្រះ ថា​លោក​មិន​សម្លាប់​ខ្ញុំ​ឡើយ ក៏​មិន​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​ចៅ‌ហ្វាយ​របស់​ខ្ញុំ​វិញ​ដែរ នោះ​ខ្ញុំ​នឹង​នាំ​លោក​ចុះ​ទៅ​រក​គេ»។ ពេល​គាត់​បាន​នាំ​ទៅ​ដល់​ហើយ នោះ​ឃើញ​គេ​នៅ​ពាស‌ពេញ​លើ​ដី​កំពុង​តែ​ស៊ី​ផឹក ហើយ​លោត​កព្ឆោង​ដោយ​ព្រោះ​របឹប​ជា​ច្រើន ដែល​គេ​ចាប់​បាន នាំ​យក​មក​ពី​ស្រុក​ភីលី‌ស្ទីន និង​ស្រុក​យូដា​នោះ។ ដាវីឌ​ក៏​ប្រហារ​គេ​ចាប់​តាំង​ពី​ពេល​ព្រលប់​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​បន្ទាប់ ឥត​មាន​អ្នក​ណា​រត់​រួច​ឡើយ លើក​លែង​តែ​ពួក​យុវជន​បួនរយ​នាក់​ដែល​ជិះ​សត្វ​អូដ្ឋ​រត់​ទៅ​ប៉ុណ្ណោះ។ ដាវីឌ​ចាប់​បាន​របស់​ទាំង​អស់ ដែល​សាសន៍​អាម៉ាឡេក​បាន​ប្លន់​យក​ទៅ​នោះ ក៏​បាន​ប្រពន្ធ​ទាំង​ពីរ​មក​វិញ​ដែ​រ។ គ្មាន​បាត់​អ្វី​ឡើយ ទោះ​តូច ឬ​ធំ កូន​ប្រុស កូន​ស្រី ឬ​របឹប​ទាំង​ប៉ុន្មាន​ដែល​គេ​ប្លន់​យក​ទៅ​នោះ ដាវីឌ​បាន​យក​មក​វិញ​ទាំង​អស់។ ដាវីឌ​ក៏​បាន​ចាប់​យក​ហ្វូង​ចៀម និង​ហ្វូង​គោ​ដែរ ដែល​ពួក​គង្វាល​ដេញ​សត្វ​ទាំង​នោះ​នៅ​មុខ​គេ ក៏​និយាយ​ថា៖ «នេះ​ជា​របឹប​របស់​ដាវីឌ»។

១ សាំយូអែល 30:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​ទី​បី លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​បាន​ទៅ​ដល់​ក្រុង​ស៊ីគ‌ឡាក់។ ប៉ុន្តែ មុន​នោះ ជន‌ជាតិ​អាម៉ា‌ឡេក​បាន​រាត​ត្បាត​តំបន់​ណេកិប និង​ក្រុង​ស៊ីគ‌ឡាក់។ ពួក​គេ​ដុត​កម្ទេច​ក្រុង​ស៊ីគ‌ឡាក់​ចោល ហើយ​កៀរ​ពួក​ស្រីៗ និង​អស់​អ្នក​ដែល​រស់​នៅ​ក្រុង​នោះ ទាំង​ក្មេង ទាំង​ចាស់ នាំ​យក​ទៅ​ជា​ឈ្លើយ។ ពួក​គេ​មិន​បាន​សម្លាប់​នរណា​ម្នាក់​ឡើយ គឺ​គ្រាន់​តែ​កៀរ​យក​ទៅ​ជា​មួយ រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ កាល​លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​មក​ដល់​ទីក្រុង​វិញ ឃើញ​ក្រុង​នោះ​ត្រូវ​គេ​ដុត​បំផ្លាញ ហើយ​ប្រពន្ធ កូន​ប្រុស កូន​ស្រី ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​ដូច្នេះ លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាំ​គ្នា​ស្រែក​ទ្រហោ​យំ រហូត​ទាល់​តែ​លែង​មាន​កម្លាំង​យំ​ទៀត។ ភរិយា​ទាំង​ពីរ​នាក់​របស់​លោក​ដាវីឌ គឺ​នាង​អហ៊ី‌ណោម​ដែល​ជា​អ្នក​ស្រុក​យេសរាល និង​នាង​អប៊ី‌កែល ជា​ប្រពន្ធ​របស់​សព​លោក​ណាបាល អ្នក​ភូមិ​កើមែល ក៏​ត្រូវ​គេ​កៀរ​យក​ទៅ​ដែរ។ ពេល​នោះ លោក​ដាវីឌ​មាន​ទុក្ខ​កង្វល់​យ៉ាង​ខ្លាំង ព្រោះ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​គិត​គ្នា​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក ដ្បិត​ម្នាក់ៗ​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយ​ព្រួយ​បារម្ភ​ដល់​កូន​ប្រុស កូន​ស្រី​របស់​ពួក​គេ។ ប៉ុន្តែ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក​ដាវីឌ ប្រទាន​ឲ្យ​លោក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បូជា‌ចារ្យ​អបៀ‌ថើរ ជា​កូន​របស់​លោក​អហ៊ី‌ម៉ាឡេក​ថា៖ «សូម​យក​អាវ​អេផូដ*​មក​ឲ្យ​ខ្ញុំ!»។ លោក​អបៀ‌ថើរ​ក៏​ទៅ​យក​អាវ​អេផូដ​មក​ជូន។ លោក​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «ប្រសិន​បើ​ទូលបង្គំ​ដេញ​តាម​ពួក​ចោរ​នោះ តើ​ទូលបង្គំ​តាម​ទាន់​ឬ​ទេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ដេញ​តាម​ពួក​គេ​ចុះ អ្នក​នឹង​តាម​ទាន់ ព្រម​ទាំង​រំដោះ​អស់​អ្នក​ដែល​គេ​កៀរ​យក​ទៅ​នោះ​បាន​មក​វិញ​ផង»។ លោក​ដាវីឌ និង​ទាហាន​ទាំង​ប្រាំ​មួយ​រយ​នាក់​ដែល​នៅ​ជា​មួយ​លោក នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ លុះ​ទៅ​ដល់​ទឹក​ជ្រោះ​បេសោរ ទាហាន​មួយ​ក្រុម​ឈប់​នៅ​ទី​នោះ។ លោក​ដាវីឌ និង​ទាហាន​បួន​រយ​នាក់​បន្ត​ដំណើរ​ទៅ​ទៀត ដោយ​ទុក​ទាហាន​ពីរ​រយ​នាក់​ឲ្យ​នៅ​ខាង​ក្រោយ ព្រោះ​ពួក​គេ​ហេវ‌ហត់​ពេក ពុំ​អាច​ឆ្លង​ទឹក​ជ្រោះ​បេសោរ​នោះ​បាន។ ពួក​គេ​បាន​ប្រទះ​ឃើញ​ជន‌ជាតិ​អេស៊ីប​ម្នាក់ នៅ​ឯ​វាល ហើយ​នាំ​មក​ជូន​លោក​ដាវីឌ។ គេ​យក​នំប៉័ង និង​ទឹក​ឲ្យ​គាត់​បរិភោគ ព្រម​ទាំង​ឲ្យ​នំ​ធ្វើ​ពី​ផ្លែ​ឧទុម្ពរ​ក្រៀម និង​ផ្លែ​ទំពាំង‌បាយជូរ​ក្រៀម​ពីរ​កញ្ចប់​មក​គាត់​ដែរ។ ក្រោយ​ពី​បាន​បរិភោគ​រួច​ហើយ គាត់​ក៏​មាន​កម្លាំង​ឡើង​វិញ ដ្បិត​គាត់​អត់​បាយ​អត់​ទឹក​ចំនួន​បី​ថ្ងៃ​បី​យប់​មក​ហើយ។ លោក​ដាវីឌ​សួរ​គាត់​ថា៖ «តើ​អ្នក​ជា​កូន​ចៅ​នរណា? ហើយ​មក​ពី​ណា​ដែរ?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​ជា​យុវជន‌ជាតិ​អេស៊ីប និង​ជា​បាវ​បម្រើ​របស់​ជន‌ជាតិ​អាម៉ា‌ឡេក​ម្នាក់។ ម្ចាស់​របស់​ខ្ញុំ​បាទ​បោះ​បង់​ខ្ញុំ​បាទ​ចោល​ចំនួន​បី​ថ្ងៃ​មក​ហើយ ព្រោះ​ខ្ញុំ​បាទ​មាន​ជំងឺ។ កាល​ពី​មុន ពួក​យើង​បាន​ទៅ​រាត​ត្បាត​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​របស់​ជន‌ជាតិ​កេរេ‌ធីម ទឹក​ដី​ជន‌ជាតិ​យូដា និង​ខាង​ត្បូង​ស្រុក​កាលែប ហើយ​ដុត​ក្រុង​ស៊ីគ‌ឡាក់​ចោល​ផង»។ លោក​ដាវីឌ​សួរ​ទៀត​ថា៖ «តើ​អ្នក​អាច​នាំ​ខ្ញុំ​ទៅ​រក​ពួក​ចោរ​នោះ​បាន​ឬ​ទេ?»។ បុរស​នោះ​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​អាច​នាំ​លោក​ទៅ​រក​ពួក​គេ​បាន តែ​សូម​លោក​មេត្តា​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់​ថា លោក​មិន​សម្លាប់​ខ្ញុំ​បាទ​ចោល​ទេ ហើយ​ក៏​មិន​ប្រគល់​ខ្ញុំ​បាទ​ទៅ​ឲ្យ​ម្ចាស់​របស់​ខ្ញុំ​បាទ​វិញ​ដែរ»។ បុរស​នោះ​នាំ​លោក​ដាវីឌ​ទៅ​ដល់​ពួក​អាម៉ា‌ឡេក ដែល​ស្នាក់​នៅ​ពាស‌ពេញ​ក្នុង​តំបន់​នោះ ហើយ​កំពុង​តែ​ស៊ី​ផឹក​សប្បាយ ដោយ‌សារ​គេ​រឹប​យក​បាន​ជយ‌ភណ្ឌ​ដ៏​សន្ធឹក​សន្ធាប់ ពី​ស្រុក​ភីលីស្ទីន និង​ស្រុក​យូដា។ លោក​ដាវីឌ​វាយ​ប្រហារ​ពួក​នោះ នៅ​ថ្ងៃ​បន្ទាប់ តាំង​ពី​ព្រលឹម​រហូតទល់​ព្រលប់។ គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ លើក‌លែង​តែ​ពួក​យុវជន​បួន​រយ​នាក់ ដែល​ជិះ​អូដ្ឋ​គេច​ខ្លួន​ចេញ​ទៅ។ លោក​ដាវីឌ​រំដោះ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ពួក​អាម៉ា‌ឡេក​ប្លន់​យក​ទៅ ហើយ​លោក​ក៏​រំដោះ​ភរិយា​ទាំង​ពីរ​របស់​លោក​មក​វិញ​ដែរ។ លោក​ដាវីឌ​បាន​ដណ្ដើម​យក​អ្វីៗ​ទាំង​អស់​មក​វិញ។ ពួក​លោក​មិន​បាត់​បង់​នរណា​ម្នាក់​សោះ​ឡើយ គឺ​គេ​បាន​នាំ​ក្រុម​គ្រួសារ​របស់​ខ្លួន ទាំង​ក្មេង ទាំង​ចាស់ ទាំង​កូន​ប្រុស ទាំង​កូន​ស្រី ហើយ​ដណ្ដើម​ជយ‌ភណ្ឌ និង​អ្វីៗ​ដែល​ខ្មាំង​សត្រូវ​នាំ​យក​ទៅ​នោះ​មក​វិញ​ដែរ។ លោក​ដាវីឌ​រឹប​អូស​យក​បាន​ហ្វូង​ចៀម និង​ហ្វូង​គោ​ទាំង​អស់។ អស់​អ្នក​ដែល​ដឹក​នាំ​ហ្វូង​សត្វ​ទាំង​នោះ​ពោល​ថា៖ «នេះ​ហើយ​ជា​ជយ‌ភណ្ឌ​របស់​លោក​ដាវីឌ»។

១ សាំយូអែល 30:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ថ្ងៃ​ទី​៣ កាល​ដាវីឌ នឹង​ពួក​លោក​បាន​មក​ដល់​ស៊ីក‌ឡាក់ នោះ​ឃើញ​ថា ពួក​អាម៉ា‌លេក​បាន​លុក​ចូល​ស្រុក​ត្បូង ព្រម​ទាំង​ក្រុង​ស៊ីក‌ឡាក់​ផង គេ​បាន​ទាំង​វាយ​ក្រុង​ស៊ីក‌ឡាក់ ហើយ​ដុត​ដោយ​ភ្លើង​ទៅ ក៏​ចាប់​យក​ពួក​ស្រីៗ​ទាំង​តូច​ទាំង​ធំ ដែល​នៅ​ទី​នោះ នាំ​ទៅ​ជា​ឈ្លើយ ឥត​មាន​សំឡាប់​អ្នក​ណា​ឡើយ គ្រាន់​តែ​ដឹក‌នាំ​ទៅ​ប៉ុណ្ណោះ ដូច្នេះ កាល​ដាវីឌនឹង​ពួក​លោក​បាន​មក​ដល់ នោះ​ក៏​ឃើញ​ទី​លំនៅ​បាន​ឆេះ​អស់​ហើយ ឯ​ប្រពន្ធ នឹង​កូន​ប្រុស​កូន​ស្រី ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​ទាំង​អស់​ផង នោះ​ដាវីឌនឹង​ពួក​មនុស្ស​ដែល​នៅ​ជា​មួយ​ក៏​ឡើង​សំឡេង​យំ​ជា​ខ្លាំង ដរាប​ដល់​គ្មាន​កំឡាំង​នឹង​យំ​ទៀត ឯ​ប្រពន្ធ​ដាវីឌ​ទាំង​២ គឺ​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល នឹង​អ័ប៊ី‌កែល ជា​ប្រពន្ធ​របស់​ខ្មោច​ណាបាល​ដែល​ជា​អ្នក​ស្រុក​កើមែល នោះ​គេ​ក៏​បាន​នាំ​ទៅ​ជា​ឈ្លើយ​ដែរ ចំណែក​ដាវីឌលោក​ច្របល់​ក្នុង​ចិត្ត​ជា​ខ្លាំង ដ្បិត​បណ្តា​ពួក​លោក​គិត​ចោល​នឹង​ថ្ម ពី​ព្រោះ​គ្រប់​គ្នា​មាន​សេចក្ដី​ទំនាស់​ចិត្ត​ជា​ខ្លាំង ដោយ​ព្រោះ​កូន​ប្រុស​កូន​ស្រី​របស់​គេ តែ​ដាវីឌ​បាន​កំឡា​ចិត្ត​ខ្លួន​ឡើង ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​វិញ។ គ្រា​នោះ ដាវីឌ​និយាយ​ទៅ​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ជា​កូន​អ័ហ៊ី‌ម៉ា‌លេក​ថា សូម​យក​អេផូឌ​មក​ឲ្យ​ខ្ញុំ​ឯ​ណេះ នោះ​អ័បៀ‌ថើរ​ក៏​យក​អេផូឌ​មក រួច​ដាវីឌ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ដេញ​តាម​ពួក​នោះ​ឬ​អី តើ​នឹង​បាន​ទាន់​គេ​ឬ​ទេ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ដេញ​តាម​ចុះ ដ្បិត​នឹង​បាន​ទាន់​គេ​ជា​ពិត​ប្រាកដ ហើយ​នឹង​ចាប់​បាន​មក​វិញ​ទាំង​អស់​ជា​មិន​ខាន​ផង ដូច្នេះ ដាវីឌ ព្រម​ទាំង​ពួក​៦០០​នាក់ ដែល​នៅ​ជា​មួយ ក៏​លើក​គ្នា​ចេញ​ទៅ កាល​ទៅ​ដល់​ជ្រោះ​បេសោរ​ហើយ នោះ​ក៏​ទុក​អ្នក​ខ្លះ​ឲ្យ​នៅ​ទី​នោះ ដ្បិត​មាន​២០០​នាក់​ឈប់​នៅ ដោយ​គេ​ល្វើយ នឹង​ឆ្លង​ជ្រោះ​បេសោរ​ទៅ​មិន​បាន តែ​ឯ​ដាវីឌនឹង​៤០០​នាក់​ឯ​ទៀត ចេះ​តែ​ខំ​ដេញ​តាម​ទៅ​ទៀត។ រីឯ​នៅ​វាល គេ​ប្រទះ​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ ហើយ​ក៏​នាំ​វា​មក​ឯ​ដាវីឌ រួច​ឲ្យ​នំបុ័ងនឹង​ទឹក​បរិភោគ ក៏​ឲ្យ​ផ្លែ​ល្វា​ក្រៀម​១​ផែន ហើយ​នឹង​ផ្លែ​ទំពាំង‌បាយ‌ជូរ​ក្រៀម​២​ចង្កោម​ដែរ កាល​វា​បាន​បរិភោគ​ហើយ នោះ​ក៏​មាន​កំឡាំង​ឡើង ពី​ព្រោះ​មិន​បាន​បរិភោគ ទោះ​អាហារឬ​ទឹក​អស់​៣​ថ្ងៃ​៣​យប់​មក​ហើយ ដាវីឌ​សួរ​វា​ថា ឯង​ជា​បាវ​របស់​អ្នក​ណា ហើយ​មក​ពី​ណា វា​ឆ្លើយ​តប​ថា ខ្ញុំ​ជា​សាសន៍​អេស៊ីព្ទ ជា​អ្នក​បំរើ​របស់​សាសន៍​អាម៉ា‌លេក​ម្នាក់ ចៅហ្វាយ​ខ្ញុំ​បាន​លះ‌ចោល​ខ្ញុំ​៣​ថ្ងៃ​មក​ហើយ ពី​ព្រោះ​ខ្ញុំ​ឈឺ យើង​ខ្ញុំ​បាន​លុក​ចូល​ស្រុក​ត្បូង​របស់​ពួក​កេរេ‌ធីម នឹង​ស្រុក​របស់​ពួក​យូដា ហើយ​នឹង​ស្រុក​ត្បូង ជា​ស្រុក​របស់​កាលែប ក៏​ដុត​ក្រុង​ស៊ីក‌ឡាក់​ដោយ​ភ្លើង នោះ​ដាវីឌ​សួរ​ថា ឯង​ចូល​ចិត្ត​នឹង​នាំ​យើង​ចុះ​ទៅ​ឯ​ពួក​នោះ​ឬ​ទេ វា​ឆ្លើយ​ថា សូម​ស្បថ​នឹង​ខ្ញុំ​ដោយ​នូវ​ព្រះ​ចុះ ថា​លោក​មិន​សំឡាប់​ខ្ញុំ​ឡើយ ក៏​មិន​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​ចៅហ្វាយ​ខ្ញុំ​វិញ​ដែរ នោះ​ខ្ញុំ​នឹង​នាំ​លោក​ចុះ​ទៅ​ឲ្យ​ដល់​គេ។ កាល​វា​បាន​នាំ​ចុះ​ទៅ​ដល់​ហើយ នោះ​ឃើញ​គេ​នៅ​ពាស‌ពេញ​លើ​ដី​កំពុង​តែ​ស៊ី​ផឹក ហើយ​លោត‌កញ្ឆេង​ដោយ​ព្រោះ​របឹប​ជា​ច្រើន ដែល​គេ​ចាប់​បាន នាំ​យក​មក​ពី​ស្រុក​ភីលីស្ទីន នឹង​ស្រុក​យូដា​នោះ ដាវីឌ​ក៏​ប្រហារ​គេ​ចាប់​តាំង​ពី​ពេល​ព្រលប់​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​ក្រោយ ឥត​មាន​អ្នក​ណា​រត់​រួច​ឡើយ លើក​តែ​ពួក​កំឡោះ​៤០០​នាក់​ដែល​ជិះ​សត្វ​អូដ្ឋ​រត់​ទៅ​ប៉ុណ្ណោះ ដូច្នេះ ដាវីឌ​ចាប់​យក​បាន​របស់​ទាំង​អស់ ដែល​សាសន៍​អាម៉ា‌លេក​បាន​ប្លន់​យក​ទៅ​នោះ ក៏​បាន​ប្រពន្ធ​ទាំង​២​មក​វិញ​ដែរ ឯ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ប្លន់​យក​ទៅ​នោះ គ្មាន​ខ្វះ​អ្វី​សោះ ទោះ​តូចឬ​ធំ កូន​ប្រុស កូន​ស្រី ឬ​របឹប​ណា​ក្តី ដាវីឌ​បាន​នាំ​យក​ទាំង​អស់​មក​វិញ លោក​ក៏​ចាប់​យក​ហ្វូង​ចៀម នឹង​ហ្វូង​គោ​ដែរ ហើយ​ពួក​អ្នក​គង្វាល​ដែល​ដេញ​សត្វ​ទាំង​នោះ​នៅ​មុខ​គេ ក៏​និយាយ​ថា នេះ​ជា​របឹប​នៃ​ដាវីឌ។