១ សាំយូអែល 3:7-19

១ សាំយូអែល 3:7-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សាំយូ‌អែល​មិន​ទាន់​ស្គាល់​ព្រះ‌យេហូវ៉ា​នៅ​ឡើយ​ទេ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ក៏​មិន​ទាន់​បាន​សម្ដែង​មក​ឲ្យ​ដឹង​ដែរ។ រួច​ព្រះ‌យេហូវ៉ា​ហៅ​ម្តង​ទៀត ជា​លើក​ទី​បី​ថា៖ «នែ​សាំយូ‌អែល​អើយ!» សាំយូ‌អែល​ក៏​ក្រោក​ឡើង ទៅ​រក​លោកអេលី​សួរ​ថា៖ «ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី» ពេល​នោះ លោកអេលី​ក៏​យល់​ឃើញ​ថា គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ ដែល​បាន​ហៅ​ក្មេង​នេះ។ លោក​ក៏​ប្រាប់​ដល់​សាំយូ‌អែល​ថា៖ «ចូរ​ទៅ​ដេក​ទៅ បើ​ឮ​សូរ​ហៅ​ម្តង​ទៀត នោះ​ត្រូវ​ឆ្លើយ​ថា "បពិត្រ ព្រះ‌យេហូវ៉ា​អើយ សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ប្រុង​ស្តាប់​ហើយ"» ដូច្នេះ សាំយូ‌អែល​ក៏​ទៅ​ដេក​នៅ​កន្លែង​ខ្លួន​វិញ។ នៅ​យប់​នោះ ព្រះ‌យេហូវ៉ា​យាង​មក​ឈរ ហៅ​ដូច​ពី​មុន​ថា៖ «សាំយូ‌អែល នែ​សាំយូ‌អែល​អើយ!» សាំយូ‌អែល​ទូល​ឆ្លើយ​ថា៖ «សូម​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ចុះ ដ្បិត​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ប្រុង​ស្តាប់​ហើយ»។ ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! យើង​រៀប​នឹង​ធ្វើ​ការ​មួយ​នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល ដែល​នឹង​ធ្វើ​ឲ្យ​អស់​អ្នក​ណា​ដែល​ឮ ខ្ទរ​ត្រចៀក​ទាំង​សង​ខាង។ នៅ​ថ្ងៃ​នោះ យើង​សម្រេច​ទាស់​នឹង​អេលី តាម​គ្រប់​ការ​ដែល​យើង​បាន​ព្រមាន​គ្រួសារ​របស់​លោក​ហើយ តាំង​ពី​ដើម៊​រហូត​ដល់​ចុង​បញ្ចប់​ផង។ យើង​បាន​ប្រាប់​លោក​ហើយ​ថា យើង​នឹងដាក់​ទោស​គ្រួសារ​របស់​លោក​ជា​រៀង​រហូត ដោយ​ព្រោះ​កំហុស​ដែល​លោក​បាន​ដឹង​ពី​ពួក​កូន​របស់​លោក ដ្បិត​កូន​របស់​លោក​បាន​ប្រមាថ​ដល់​ព្រះ ហើយ​លោក​មិន​បាន​ហាម​ឃាត់​ដល់​គេ​សោះ។ ហេតុ​នោះ​ហើយ​បាន​ជា​យើង​ស្បថ​ដល់​គ្រួសារ​អេលី​ថា កំហុស​របស់​គ្រួសារ​អេលី​មិន​អាច​លើក​លែង​បាន​ទេ ទោះ​បើ​យក​យញ្ញ‌បូជា ឬ​តង្វាយ​ណា​មក​ថ្វាយ​ក៏​ដោយ»។ សាំយូ‌អែល​ក៏​ដេក​ដល់​ព្រឹក រួច​បើក​ទ្វារ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ហើយ​សាំយូ‌អែល​ខ្លាច​មិន​ហ៊ាន​ជម្រាប​ពី​ការ​ជាក់​ស្តែង​នោះ​ដល់​លោកអេលី​ទេ។ លោកអេលី​ហៅ​សាំយូ‌អែល​ថា៖ «សាំយូ‌អែល កូន​អើយ!» សាំយូ‌អែល​ឆ្លើយ​ថា៖ «បាទ!» លោកអេលី​សួរ​ថា៖ «តើ​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​អ្នក​អ្វី​ខ្លះ? សូម​កុំ​លាក់​នឹង​ខ្ញុំ បើ​អ្នក​លាក់​ខ្ញុំ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​អ្នក សូម​ព្រះ​ធ្វើ​ដល់​អ្នក​ដូច្នោះ​ដែរ និង​លើស​ទៅ​ទៀត​ផង»។ សាំយូ‌អែល​ក៏​ជម្រាប​ដល់​លោក​ទាំង​អស់ ឥត​មាន​លាក់​អ្វី​ឡើយ រួច​លោកអេលី​និយាយ​ថា៖ «នោះ​គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ សូម​ព្រះ‌អង្គ​សម្រេច​តាម​ដែល​ព្រះ‌អង្គ​គិត​ឃើញ​ថា​ល្អ​ចុះ»។ សាំយូ‌អែល​កាន់​តែ​ធំ​ឡើង ព្រះ‌យេហូវ៉ា​ក៏​គង់​ជា‌មួយ ហើយ​មិន​ឲ្យ​ពាក្យ​ទំនាយ​ណា​មួយ​របស់​លោក​ជ្រុះ​ធ្លាក់​បាត់​ឡើយ

ចែក​រំលែក
អាន ១ សាំយូអែល 3

១ សាំយូអែល 3:7-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កុមារ​សាំយូ‌អែល​មិន​ទាន់​ស្គាល់​ព្រះ‌អម្ចាស់​ទេ ដ្បិត​មក​ទល់​ពេល​នោះ ព្រះអង្គ​ពុំ​ធ្លាប់​មាន​ព្រះ‌បន្ទូល​មក​កាន់​គេ​នៅ​ឡើយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​កុមារ​សាំយូ‌អែល​ម្ដង​ទៀត ជា​លើក​ទី​បី។ កុមារ​សាំយូ‌អែល​ក៏​ក្រោក​ឡើង រត់​ទៅ​រក​លោក​អេលី ទាំង​ពោល​ថា៖ «បាទ លោក​តា​ហៅ​ខ្ញុំ​មាន​ការ​អ្វី»។ ពេល​នោះ លោក​អេលី​យល់​ថា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​ក្មេង​នេះ។ លោក​អេលី​ប្រាប់​សាំយូ‌អែល​ថា៖ «ទៅ​ដេក​វិញ​ចុះ ប្រសិន​បើ​មាន​ឮ​សំឡេង​ហៅ​ម្ដង​ទៀត ត្រូវ​ឆ្លើយ​ថា “បពិត្រ​ព្រះ‌អម្ចាស់ សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូលបង្គំ​ជា​អ្នក​បម្រើ រង់‌ចាំ​ស្ដាប់​ហើយ”»។ កុមារ​សាំយូ‌អែល​ក៏​ត្រឡប់​ទៅ​ដេក​នៅ​កន្លែង​ដដែល​វិញ។ ព្រះ‌អម្ចាស់​យាង​មក​ឈរ​នៅ​ក្បែរ​នោះ ហើយ​មាន​ព្រះ‌បន្ទូល​ហៅ​ដូច​លើក​មុនៗ​ថា៖ «សាំយូ‌អែល! សាំយូ‌អែល!» កុមារ​សាំយូ‌អែល​ឆ្លើយ​ថា៖ «សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូលបង្គំ​ជា​អ្នក​បម្រើ រង់‌ចាំ​ស្ដាប់​ព្រះអង្គ​ហើយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​កុមារ​សាំយូ‌អែល​ថា៖ «មើល៍! យើង​នឹង​ធ្វើ​ឲ្យ​មាន​ហេតុ‌ការណ៍​មួយ​ដ៏​រន្ធត់ កើត​ឡើង​នៅ​ស្រុក​អ៊ីស្រា‌អែល។ នរណា​ក៏​ដោយ​ឲ្យ​តែ​ឮ​គេ​និយាយ​អំពី​ហេតុ‌ការណ៍​នេះ ក៏​តក់‌ស្លុត​ដែរ។ នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អេលី​ស្រប​តាម​សេចក្ដី​ទាំង​អស់ ដែល​យើង​បាន​ព្រមាន​គ្រួសារ​គាត់ តាំង​ពី​ដើម​ដល់​ចប់។ យើង​បាន​ប្រាប់​គាត់​រួច​ហើយ​ថា យើង​នឹង​ដាក់​ទោស​គ្រួសារ​របស់​គាត់​រហូត​ត​ទៅ ព្រោះ​តែ​កំហុស​ដែល​កូនៗ​របស់​គាត់​បាន​ប្រព្រឹត្ត ហើយ​គាត់​ដឹង​យ៉ាង​ច្បាស់​ថា កូនៗ​របស់​គាត់​ប្រមាថ​មើល‌ងាយ​យើង តែ​គាត់​មិន​ស្ដី​បន្ទោស​កូន​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រាប់​ក្រុម​គ្រួសារ​អេលី​យ៉ាង​ម៉ឺង‌ម៉ាត់​ថា យើង​មិន​លើក‌លែង​ទោស​របស់​ពួក​គេ​ទេ ទោះ​បី​ពួក​គេ​យក​យញ្ញ‌បូជា ឬ​តង្វាយ​អ្វី​មក​ថ្វាយ​យើង​ក៏​ដោយ»។ កុមារ​សាំយូ‌អែល​ដេក​រហូត​ដល់​ព្រឹក រួច​ក៏​បើក​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ កុមារ​សាំយូ‌អែល​មិន​ហ៊ាន​ជម្រាប​លោក​អេលី អំពី​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ឲ្យ​ខ្លួន​ឃើញ​ឡើយ។ លោក​អេលី​ហៅ​កុមារ​សាំយូ‌អែល​ថា៖ «កូន​សាំយូ‌អែល​អើយ!»។ សាំយូ‌អែល​ឆ្លើយ «បាទ!»។ លោក​សួរ​ថា៖ «តើ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កូន​ឯង​ដូច​ម្ដេច​ខ្លះ? កុំ​លាក់​នឹង​តា​អី ប្រសិន​បើ​កូន​លាក់​ពាក្យ‌ពេចន៍​ណា​មួយ​ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​នោះ សូម​ព្រះអង្គ​ដាក់​ទោស​កូន​យ៉ាង​ធ្ងន់​ចុះ!»។ កុមារ​សាំយូ‌អែល​ក៏​រៀប​រាប់​ព្រះ‌បន្ទូល​ទាំង​អស់​ប្រាប់​លោក​អេលី ដោយ​ឥត​លាក់‌លៀម​ពាក្យ​ណា​មួយ​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះអង្គ​ជា​ព្រះ‌អម្ចាស់ សូម​ព្រះអង្គ​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ចុះ!»។ សាំយូ‌អែល​មាន​វ័យ​ចម្រើន​ធំ​ឡើង ព្រះ‌អម្ចាស់គង់​ជា​មួយ​លោក ហើយ​គ្រប់​សេចក្ដី​ដែល​លោក​ថ្លែង​ក្នុង​ព្រះ‌នាម​របស់​ព្រះអង្គ សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។

ចែក​រំលែក
អាន ១ សាំយូអែល 3

១ សាំយូអែល 3:7-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​សាំយូ‌អែល​មិន​ទាន់​ស្គាល់​ព្រះ‌យេហូវ៉ា​នៅ​ឡើយ​ទេ ព្រះ‌បន្ទូល​នៃ​ទ្រង់​ក៏​មិន​ទាន់​បាន​សំដែង​មក​ឲ្យ​ដឹង​ដែរ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ហៅ​ម្តង​ទៀត​ជា​គំរប់​៣​ដង​ថា នែ​សាំយូ‌អែល​អើយ នោះ​សាំយូ‌អែល​ក៏​ក្រោក​ឡើង ទៅ​ឯ​អេលី​សួរ​ថា ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី ដូច្នេះអេលី​ក៏​យល់​ឃើញ​ថា គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ ដែល​បាន​ហៅ​ក្មេង​នេះ លោក​ក៏​ប្រាប់​ដល់​សាំយូ‌អែល​ថា ចូរ​ឯង​ដេក​ទៅ បើ​ឮ​សូរ​ហៅ​ម្តង​ទៀត នោះ​ត្រូវ​ឆ្លើយ​ថា បពិត្រ ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​មាន​បន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ប្រុង​ស្តាប់​ហើយ ដូច្នេះសាំយូ‌អែល​បាន​ទៅ​ដេក​នៅ​ដំណេក​ខ្លួន​វិញ​ទៅ។ លំដាប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​យាង​មក​ឈរ ហៅ​ដូច​ជា​ជាន់​មុន​ថា សាំយូ‌អែល នែ​សាំយូ‌អែល​អើយ នោះ​សាំយូ‌អែល​ទូល​ឆ្លើយ​ថា សូម​ទ្រង់​មាន​បន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ប្រុង​ស្តាប់​ហើយ ដូច្នេះព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ​រៀប​នឹង​ធ្វើ​ការ​១​នៅ​ក្នុង​សាសន៍​អ៊ីស្រាអែល ដែល​នឹង​ធ្វើ​ឲ្យ​ខ្ទរ​ដល់​ត្រចៀក​ទាំង​សង​ខាង នៃ​អស់​អ្នក​ណា​ដែល​ឮ នៅ​ថ្ងៃ​នោះ អញ​នឹង​សំរេច​ទាស់​នឹង​អេលី តាម​គ្រប់​ទាំង​ការ​ដែល​អញ​បាន​និយាយ​ពី​ពួក​គ្រួ​លោក​ហើយ ចាប់​តាំង​ពី​ដើម ដរាប​ដល់​ចុង​ផង ដ្បិត​អញ​បាន​ប្រាប់​លោក​ហើយ​ថា អញ​នឹង​ជំនុំ‌ជំរះ​ពួក​គ្រួ​លោក​ជា​ដរាប​ទៅ ដោយ​ព្រោះ​អំពើ​ដ៏​លាមក​ដែល​លោក​បាន​ដឹង​ពី​ពួក​កូន​លោក ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​បណ្តាសា ហើយ​លោក​មិន​បាន​ហាម​ឃាត់​ដល់​គេ​ទេ គឺ​ដោយ​ហេតុ​នោះ បាន​ជា​អញ​ស្បថ​ដល់​ពួក​គ្រួ​អេលី​ថា ទោះ​បើ​យក​យញ្ញ‌បូជា ឬ​ដង្វាយ​ណា​មក​ថ្វាយ​ក៏​ដោយ គង់​តែ​មិន​បាន​ធួន​នឹង​អំពើ​ដ៏​លាមក​ដែល​ពួក​គ្រួ​លោក​បាន​ប្រព្រឹត្ត​ដែរ នៅ​ជា​ដរាប​ត​ទៅ។ ស្រេច​ហើយ សាំយូ‌អែល​ក៏​ដេក​ដល់​ព្រឹក រួច​បើក​ទ្វារ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា តែ​ខ្លាច​មិន​ហ៊ាន​ជំរាប​ពី​ការ​ជាក់​ស្តែង​នោះ ដល់​អេលី​ទេ ដូច្នេះអេលី​ហៅ​សាំយូ‌អែល​មក​ថា សាំយូ‌អែល កូន​អើយ សាំយូ‌អែល​ឆ្លើយ​ថា ប្របាទ រួច​អេលី​សួរ​ថា ព្រះ‌ទ្រង់​បាន​មាន​បន្ទូល​នឹង​ឯង​យ៉ាង​ដូច​ម្តេច​ខ្លះ សូម​កុំ​លាក់​នឹង​អញ​ឡើយ បើ​ឯង​លាក់​ការ​អ្វី​នឹង​អញ ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​ឯង នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​ឯង​ដូច្នោះ​ដែរ ហើយ​លើស​ទៅ​ទៀត​ផង សាំយូ‌អែល​ក៏​ជំរាប​ដល់​លោក​ទាំង​អស់ ឥត​មាន​លាក់​អ្វី​ឡើយ រួច​អេលី​និយាយ​ថា នោះ​គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ សូម​ឲ្យ​ទ្រង់​សំរេច​តាម​តែ​ទ្រង់​គិត​ឃើញ​ថា​ល្អ​ចុះ។ សាំយូ‌អែ​ល​កាន់​តែ​ធំ​ឡើង ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​គង់​នៅ​ជា​មួយ ហើយ​មិន​ឲ្យ​ពាក្យ​ទំនាយ​ណា​មួយ​របស់​លោក​ជ្រុះ​ធ្លាក់​បាត់​ឡើយ

ចែក​រំលែក
អាន ១ សាំយូអែល 3