១ សាំយូអែល 3:7-11
១ សាំយូអែល 3:7-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សាំយូអែលមិនទាន់ស្គាល់ព្រះយេហូវ៉ានៅឡើយទេ ព្រះបន្ទូលរបស់ព្រះអង្គក៏មិនទាន់បានសម្ដែងមកឲ្យដឹងដែរ។ រួចព្រះយេហូវ៉ាហៅម្តងទៀត ជាលើកទីបីថា៖ «នែសាំយូអែលអើយ!» សាំយូអែលក៏ក្រោកឡើង ទៅរកលោកអេលីសួរថា៖ «ខ្ញុំមកហើយ លោកមានការអី» ពេលនោះ លោកអេលីក៏យល់ឃើញថា គឺជាព្រះយេហូវ៉ាហើយ ដែលបានហៅក្មេងនេះ។ លោកក៏ប្រាប់ដល់សាំយូអែលថា៖ «ចូរទៅដេកទៅ បើឮសូរហៅម្តងទៀត នោះត្រូវឆ្លើយថា "បពិត្រ ព្រះយេហូវ៉ាអើយ សូមមានព្រះបន្ទូលមកចុះ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ប្រុងស្តាប់ហើយ"» ដូច្នេះ សាំយូអែលក៏ទៅដេកនៅកន្លែងខ្លួនវិញ។ នៅយប់នោះ ព្រះយេហូវ៉ាយាងមកឈរ ហៅដូចពីមុនថា៖ «សាំយូអែល នែសាំយូអែលអើយ!» សាំយូអែលទូលឆ្លើយថា៖ «សូមព្រះអង្គមានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គប្រុងស្តាប់ហើយ»។ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍! យើងរៀបនឹងធ្វើការមួយនៅក្នុងសាសន៍អ៊ីស្រាអែល ដែលនឹងធ្វើឲ្យអស់អ្នកណាដែលឮ ខ្ទរត្រចៀកទាំងសងខាង។
១ សាំយូអែល 3:7-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កុមារសាំយូអែលមិនទាន់ស្គាល់ព្រះអម្ចាស់ទេ ដ្បិតមកទល់ពេលនោះ ព្រះអង្គពុំធ្លាប់មានព្រះបន្ទូលមកកាន់គេនៅឡើយ។ ព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាំយូអែលម្ដងទៀត ជាលើកទីបី។ កុមារសាំយូអែលក៏ក្រោកឡើង រត់ទៅរកលោកអេលី ទាំងពោលថា៖ «បាទ លោកតាហៅខ្ញុំមានការអ្វី»។ ពេលនោះ លោកអេលីយល់ថាព្រះអម្ចាស់មានព្រះបន្ទូលហៅក្មេងនេះ។ លោកអេលីប្រាប់សាំយូអែលថា៖ «ទៅដេកវិញចុះ ប្រសិនបើមានឮសំឡេងហៅម្ដងទៀត ត្រូវឆ្លើយថា “បពិត្រព្រះអម្ចាស់ សូមមានព្រះបន្ទូលមកចុះ ទូលបង្គំជាអ្នកបម្រើ រង់ចាំស្ដាប់ហើយ”»។ កុមារសាំយូអែលក៏ត្រឡប់ទៅដេកនៅកន្លែងដដែលវិញ។ ព្រះអម្ចាស់យាងមកឈរនៅក្បែរនោះ ហើយមានព្រះបន្ទូលហៅដូចលើកមុនៗថា៖ «សាំយូអែល! សាំយូអែល!» កុមារសាំយូអែលឆ្លើយថា៖ «សូមមានព្រះបន្ទូលមកចុះ ទូលបង្គំជាអ្នកបម្រើ រង់ចាំស្ដាប់ព្រះអង្គហើយ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់កុមារសាំយូអែលថា៖ «មើល៍! យើងនឹងធ្វើឲ្យមានហេតុការណ៍មួយដ៏រន្ធត់ កើតឡើងនៅស្រុកអ៊ីស្រាអែល។ នរណាក៏ដោយឲ្យតែឮគេនិយាយអំពីហេតុការណ៍នេះ ក៏តក់ស្លុតដែរ។
១ សាំយូអែល 3:7-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯសាំយូអែលមិនទាន់ស្គាល់ព្រះយេហូវ៉ានៅឡើយទេ ព្រះបន្ទូលនៃទ្រង់ក៏មិនទាន់បានសំដែងមកឲ្យដឹងដែរ រួចព្រះយេហូវ៉ាទ្រង់ហៅម្តងទៀតជាគំរប់៣ដងថា នែសាំយូអែលអើយ នោះសាំយូអែលក៏ក្រោកឡើង ទៅឯអេលីសួរថា ខ្ញុំមកហើយ លោកមានការអី ដូច្នេះអេលីក៏យល់ឃើញថា គឺជាព្រះយេហូវ៉ាហើយ ដែលបានហៅក្មេងនេះ លោកក៏ប្រាប់ដល់សាំយូអែលថា ចូរឯងដេកទៅ បើឮសូរហៅម្តងទៀត នោះត្រូវឆ្លើយថា បពិត្រ ព្រះយេហូវ៉ាអើយ សូមទ្រង់មានបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ ប្រុងស្តាប់ហើយ ដូច្នេះសាំយូអែលបានទៅដេកនៅដំណេកខ្លួនវិញទៅ។ លំដាប់នោះ ព្រះយេហូវ៉ាទ្រង់យាងមកឈរ ហៅដូចជាជាន់មុនថា សាំយូអែល នែសាំយូអែលអើយ នោះសាំយូអែលទូលឆ្លើយថា សូមទ្រង់មានបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ប្រុងស្តាប់ហើយ ដូច្នេះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញរៀបនឹងធ្វើការ១នៅក្នុងសាសន៍អ៊ីស្រាអែល ដែលនឹងធ្វើឲ្យខ្ទរដល់ត្រចៀកទាំងសងខាង នៃអស់អ្នកណាដែលឮ