១ សាំយូអែល 3:3-9
១ សាំយូអែល 3:3-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្នុងពេលដែលចង្កៀងនៃព្រះមិនទាន់រលត់នៅឡើយ កុមារសាំយូអែលដេកនៅក្នុងព្រះវិហារព្រះយេហូវ៉ា ជាកន្លែងដែលមានហិបនៃព្រះ ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលហៅថា៖ «សាំយូអែល! សាំយូអែលអើយ!» សាំយូអែលឆ្លើយថា៖ «បាទ!» រួចក៏រត់ទៅរកលោកអេលី សួរថា៖ «ខ្ញុំមកហើយ លោកមានការអី?» តែលោកអេលីឆ្លើយទៅថា៖ «ខ្ញុំមិនបានហៅឯងទេ ទៅដេកវិញទៅ» សាំយូអែលក៏ទៅដេកវិញ។ ព្រះយេហូវ៉ាមានព្រះបន្ទូលហៅម្តងទៀត៖ «នែសាំយូអែល» រួចសាំយូអែលក្រោកឡើង ទៅរកលោកអេលីសួរថា៖ «ខ្ញុំមកហើយ លោកមានការអី» តែអេលីឆ្លើយថា៖ «កូនអើយ ខ្ញុំគ្មានហៅឯងទេ ចូរទៅដេកវិញទៅ»។ សាំយូអែលមិនទាន់ស្គាល់ព្រះយេហូវ៉ានៅឡើយទេ ព្រះបន្ទូលរបស់ព្រះអង្គក៏មិនទាន់បានសម្ដែងមកឲ្យដឹងដែរ។ រួចព្រះយេហូវ៉ាហៅម្តងទៀត ជាលើកទីបីថា៖ «នែសាំយូអែលអើយ!» សាំយូអែលក៏ក្រោកឡើង ទៅរកលោកអេលីសួរថា៖ «ខ្ញុំមកហើយ លោកមានការអី» ពេលនោះ លោកអេលីក៏យល់ឃើញថា គឺជាព្រះយេហូវ៉ាហើយ ដែលបានហៅក្មេងនេះ។ លោកក៏ប្រាប់ដល់សាំយូអែលថា៖ «ចូរទៅដេកទៅ បើឮសូរហៅម្តងទៀត នោះត្រូវឆ្លើយថា "បពិត្រ ព្រះយេហូវ៉ាអើយ សូមមានព្រះបន្ទូលមកចុះ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ប្រុងស្តាប់ហើយ"» ដូច្នេះ សាំយូអែលក៏ទៅដេកនៅកន្លែងខ្លួនវិញ។
១ សាំយូអែល 3:3-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯចង្កៀងដែលគេដុតក្នុងទីសក្ការៈ មិនទាន់រលត់នៅឡើយ ហើយកុមារសាំយូអែលដេកក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ត្រង់កន្លែងតម្កល់ហិបនៃសម្ពន្ធមេត្រី*របស់ព្រះជាម្ចាស់។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាំយូអែល កុមារសាំយូអែលក៏ឆ្លើយ «បាទ!» ហើយរត់ទៅរកលោកអេលី ទាំងពោលថា៖ «បាទ! លោកតាហៅខ្ញុំមានការអ្វី»។ លោកអេលីឆ្លើយថា៖ «តាមិនបានហៅឯងទេ ទៅដេកវិញទៅ!»។ កុមារសាំយូអែលក៏ត្រឡប់ទៅដេកវិញ។ ព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាំយូអែលម្ដងទៀត សាំយូអែលក្រោកឡើង រត់ទៅរកលោកអេលី ទាំងពោលថា៖ «បាទ! លោកតាហៅខ្ញុំមានការអ្វី»។ លោកឆ្លើយថា៖ «តាមិនបានហៅឯងទេ ទៅដេកវិញទៅ កូនអើយ!»។ កុមារសាំយូអែលមិនទាន់ស្គាល់ព្រះអម្ចាស់ទេ ដ្បិតមកទល់ពេលនោះ ព្រះអង្គពុំធ្លាប់មានព្រះបន្ទូលមកកាន់គេនៅឡើយ។ ព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារសាំយូអែលម្ដងទៀត ជាលើកទីបី។ កុមារសាំយូអែលក៏ក្រោកឡើង រត់ទៅរកលោកអេលី ទាំងពោលថា៖ «បាទ លោកតាហៅខ្ញុំមានការអ្វី»។ ពេលនោះ លោកអេលីយល់ថាព្រះអម្ចាស់មានព្រះបន្ទូលហៅក្មេងនេះ។ លោកអេលីប្រាប់សាំយូអែលថា៖ «ទៅដេកវិញចុះ ប្រសិនបើមានឮសំឡេងហៅម្ដងទៀត ត្រូវឆ្លើយថា “បពិត្រព្រះអម្ចាស់ សូមមានព្រះបន្ទូលមកចុះ ទូលបង្គំជាអ្នកបម្រើ រង់ចាំស្ដាប់ហើយ”»។ កុមារសាំយូអែលក៏ត្រឡប់ទៅដេកនៅកន្លែងដដែលវិញ។
១ សាំយូអែល 3:3-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយសាំយូអែលក៏ដេក នៅក្នុងព្រះវិហារព្រះយេហូវ៉ាដែរ ជាកន្លែងដែលមានហឹបនៃព្រះ ក្នុងកាលដែលចង្កៀងនៃព្រះមិនទាន់រលត់នៅឡើយ នោះព្រះយេហូវ៉ាទ្រង់ហៅមកសាំយូអែល ហើយសាំយូអែលតបថា ប្របាទ រួចក៏រត់ទៅឯអេលីសួរថា ខ្ញុំមកហើយ លោកមានការអី តែអេលីឆ្លើយទៅថា អញគ្មានហៅឯងទេ ចូរទៅដេកវិញទៅ សាំយូអែលក៏ទៅដេកវិញ នោះព្រះយេហូវ៉ាទ្រង់ហៅម្តងទៀតថា នែសាំយូអែល រួចសាំយូអែលក្រោកឡើង ទៅឯអេលីសួរថា ខ្ញុំមកហើយ លោកមានការអី តែអេលីឆ្លើយថា កូនអើយ អញគ្មានហៅឯងទេ ចូរទៅដេកវិញទៅ ឯសាំយូអែលមិនទាន់ស្គាល់ព្រះយេហូវ៉ានៅឡើយទេ ព្រះបន្ទូលនៃទ្រង់ក៏មិនទាន់បានសំដែងមកឲ្យដឹងដែរ រួចព្រះយេហូវ៉ាទ្រង់ហៅម្តងទៀតជាគំរប់៣ដងថា នែសាំយូអែលអើយ នោះសាំយូអែលក៏ក្រោកឡើង ទៅឯអេលីសួរថា ខ្ញុំមកហើយ លោកមានការអី ដូច្នេះអេលីក៏យល់ឃើញថា គឺជាព្រះយេហូវ៉ាហើយ ដែលបានហៅក្មេងនេះ លោកក៏ប្រាប់ដល់សាំយូអែលថា ចូរឯងដេកទៅ បើឮសូរហៅម្តងទៀត នោះត្រូវឆ្លើយថា បពិត្រ ព្រះយេហូវ៉ាអើយ សូមទ្រង់មានបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ ប្រុងស្តាប់ហើយ ដូច្នេះសាំយូអែលបានទៅដេកនៅដំណេកខ្លួនវិញទៅ។