១ សាំយូអែល 3:10-14

១ សាំយូអែល 3:10-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​យប់​នោះ ព្រះ‌យេហូវ៉ា​យាង​មក​ឈរ ហៅ​ដូច​ពី​មុន​ថា៖ «សាំយូ‌អែល នែ​សាំយូ‌អែល​អើយ!» សាំយូ‌អែល​ទូល​ឆ្លើយ​ថា៖ «សូម​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ចុះ ដ្បិត​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ប្រុង​ស្តាប់​ហើយ»។ ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! យើង​រៀប​នឹង​ធ្វើ​ការ​មួយ​នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល ដែល​នឹង​ធ្វើ​ឲ្យ​អស់​អ្នក​ណា​ដែល​ឮ ខ្ទរ​ត្រចៀក​ទាំង​សង​ខាង។ នៅ​ថ្ងៃ​នោះ យើង​សម្រេច​ទាស់​នឹង​អេលី តាម​គ្រប់​ការ​ដែល​យើង​បាន​ព្រមាន​គ្រួសារ​របស់​លោក​ហើយ តាំង​ពី​ដើម៊​រហូត​ដល់​ចុង​បញ្ចប់​ផង។ យើង​បាន​ប្រាប់​លោក​ហើយ​ថា យើង​នឹងដាក់​ទោស​គ្រួសារ​របស់​លោក​ជា​រៀង​រហូត ដោយ​ព្រោះ​កំហុស​ដែល​លោក​បាន​ដឹង​ពី​ពួក​កូន​របស់​លោក ដ្បិត​កូន​របស់​លោក​បាន​ប្រមាថ​ដល់​ព្រះ ហើយ​លោក​មិន​បាន​ហាម​ឃាត់​ដល់​គេ​សោះ។ ហេតុ​នោះ​ហើយ​បាន​ជា​យើង​ស្បថ​ដល់​គ្រួសារ​អេលី​ថា កំហុស​របស់​គ្រួសារ​អេលី​មិន​អាច​លើក​លែង​បាន​ទេ ទោះ​បើ​យក​យញ្ញ‌បូជា ឬ​តង្វាយ​ណា​មក​ថ្វាយ​ក៏​ដោយ»។

ចែក​រំលែក
អាន ១ សាំយូអែល 3

១ សាំយូអែល 3:10-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​យាង​មក​ឈរ​នៅ​ក្បែរ​នោះ ហើយ​មាន​ព្រះ‌បន្ទូល​ហៅ​ដូច​លើក​មុនៗ​ថា៖ «សាំយូ‌អែល! សាំយូ‌អែល!» កុមារ​សាំយូ‌អែល​ឆ្លើយ​ថា៖ «សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូលបង្គំ​ជា​អ្នក​បម្រើ រង់‌ចាំ​ស្ដាប់​ព្រះអង្គ​ហើយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​កុមារ​សាំយូ‌អែល​ថា៖ «មើល៍! យើង​នឹង​ធ្វើ​ឲ្យ​មាន​ហេតុ‌ការណ៍​មួយ​ដ៏​រន្ធត់ កើត​ឡើង​នៅ​ស្រុក​អ៊ីស្រា‌អែល។ នរណា​ក៏​ដោយ​ឲ្យ​តែ​ឮ​គេ​និយាយ​អំពី​ហេតុ‌ការណ៍​នេះ ក៏​តក់‌ស្លុត​ដែរ។ នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អេលី​ស្រប​តាម​សេចក្ដី​ទាំង​អស់ ដែល​យើង​បាន​ព្រមាន​គ្រួសារ​គាត់ តាំង​ពី​ដើម​ដល់​ចប់។ យើង​បាន​ប្រាប់​គាត់​រួច​ហើយ​ថា យើង​នឹង​ដាក់​ទោស​គ្រួសារ​របស់​គាត់​រហូត​ត​ទៅ ព្រោះ​តែ​កំហុស​ដែល​កូនៗ​របស់​គាត់​បាន​ប្រព្រឹត្ត ហើយ​គាត់​ដឹង​យ៉ាង​ច្បាស់​ថា កូនៗ​របស់​គាត់​ប្រមាថ​មើល‌ងាយ​យើង តែ​គាត់​មិន​ស្ដី​បន្ទោស​កូន​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រាប់​ក្រុម​គ្រួសារ​អេលី​យ៉ាង​ម៉ឺង‌ម៉ាត់​ថា យើង​មិន​លើក‌លែង​ទោស​របស់​ពួក​គេ​ទេ ទោះ​បី​ពួក​គេ​យក​យញ្ញ‌បូជា ឬ​តង្វាយ​អ្វី​មក​ថ្វាយ​យើង​ក៏​ដោយ»។

ចែក​រំលែក
អាន ១ សាំយូអែល 3

១ សាំយូអែល 3:10-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លំដាប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​យាង​មក​ឈរ ហៅ​ដូច​ជា​ជាន់​មុន​ថា សាំយូ‌អែល នែ​សាំយូ‌អែល​អើយ នោះ​សាំយូ‌អែល​ទូល​ឆ្លើយ​ថា សូម​ទ្រង់​មាន​បន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ប្រុង​ស្តាប់​ហើយ ដូច្នេះព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ​រៀប​នឹង​ធ្វើ​ការ​១​នៅ​ក្នុង​សាសន៍​អ៊ីស្រាអែល ដែល​នឹង​ធ្វើ​ឲ្យ​ខ្ទរ​ដល់​ត្រចៀក​ទាំង​សង​ខាង នៃ​អស់​អ្នក​ណា​ដែល​ឮ នៅ​ថ្ងៃ​នោះ អញ​នឹង​សំរេច​ទាស់​នឹង​អេលី តាម​គ្រប់​ទាំង​ការ​ដែល​អញ​បាន​និយាយ​ពី​ពួក​គ្រួ​លោក​ហើយ ចាប់​តាំង​ពី​ដើម ដរាប​ដល់​ចុង​ផង ដ្បិត​អញ​បាន​ប្រាប់​លោក​ហើយ​ថា អញ​នឹង​ជំនុំ‌ជំរះ​ពួក​គ្រួ​លោក​ជា​ដរាប​ទៅ ដោយ​ព្រោះ​អំពើ​ដ៏​លាមក​ដែល​លោក​បាន​ដឹង​ពី​ពួក​កូន​លោក ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​បណ្តាសា ហើយ​លោក​មិន​បាន​ហាម​ឃាត់​ដល់​គេ​ទេ គឺ​ដោយ​ហេតុ​នោះ បាន​ជា​អញ​ស្បថ​ដល់​ពួក​គ្រួ​អេលី​ថា ទោះ​បើ​យក​យញ្ញ‌បូជា ឬ​ដង្វាយ​ណា​មក​ថ្វាយ​ក៏​ដោយ គង់​តែ​មិន​បាន​ធួន​នឹង​អំពើ​ដ៏​លាមក​ដែល​ពួក​គ្រួ​លោក​បាន​ប្រព្រឹត្ត​ដែរ នៅ​ជា​ដរាប​ត​ទៅ។

ចែក​រំលែក
អាន ១ សាំយូអែល 3