១ សាំយូអែល 29:1-11

១ សាំយូអែល 29:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​ផ្តុំ​ពល​ទ័ព​ទាំង​អស់​នៅ​ត្រង់​អាផែក ហើយ​ពួក​អ៊ីស្រា‌អែល​បាន​បោះ​ទ័ព​នៅ​ត្រង់​រន្ធ​ទឹក​យេស‌រាល។ រីឯ​ពួក​មេ​ដឹក​នាំ​របស់​សាសន៍​ភីលី‌ស្ទីន​បាន​នាំ​ពល​ទ័ព​របស់​គេ​ទាំង​រយ ទាំង​ពាន់​ទៅ​ខាង​មុខ ហើយ​ដាវីឌ និង​ពួក​លោក បាន​នាំ​គ្នា​ដើរ​តាម​ក្រោយ​ទៅ​ជា‌មួយ​ព្រះបាទ​អ័គីស ពួក​មេ​ដឹក​នាំ​របស់​សាសន៍​ភីលី‌ស្ទីន​សួរ​ថា៖ «តើ​ពួក​សាសន៍​ហេព្រើរ​ទាំង​នេះ​កំពុង​ធ្វើ​អី?»។ អ័គីស​ឆ្លើយ​តប​ថា៖ «តើ​នេះ​មិន​មែន​ជា​ដាវីឌ អ្នក​បម្រើ​របស់​ស្តេច​សូល​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ជា‌មួយ​ខ្ញុំ ជា​យូរ​ថ្ងៃ​យូរ​ឆ្នាំ​មក​ហើយ​ទេ​ឬ? ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​ទោស​អ្វី​សោះ ចាប់​តាំង​ពី​ពេល​ដែល​គាត់​មក រហូត​ដល់​ថ្ងៃ​នេះ»។ តែ​ពួក​មេ​ដឹកនាំ​របស់​ពួក​ភីលី‌ស្ទីន​ខឹង​នឹង​ទ្រង់ រួច​ទូល​ថា៖ «ចូរ​ឲ្យ​មនុស្ស​នេះ​ទៅ​វិញ​ទៅ ឲ្យ​ត្រឡប់​ទៅ​កន្លែង​ដែល​ទ្រង់​បាន​ឲ្យ​នៅ​នោះ​ទៅ កុំ​ឲ្យ​ចុះ​ទៅ​ទី​ចម្បាំង​ជា‌មួយ​យើង​ឡើយ ក្រែង​លោ​កំពុង​តែ​ច្បាំង គេ​បែរ​ជា​ត្រឡប់​មក​ទាស់​នឹង​យើង​វិញ នោះ​តើ​គេ​មិន​បាន​មេត្រី​នឹង​ចៅ‌ហ្វាយ​គេ ដោយ‌សារ​យក​ក្បាល​របស់​មនុស្ស​ទាំង​នេះ​ទេ​ឬ? តើ​នេះ​មិន​មែន​ដាវីឌ ជា​អ្នក​ដែល​គេ​បាន​ច្រៀង​ឆ្លើយ​គ្នា​ពី​គាត់​ក្នុង​ចម្បាំង​របស់​គេ​ថា "សូល​បាន​សម្លាប់​ទាំង​ពាន់ តែ​ដាវីឌ​ទាំង​ម៉ឺន​ទេ​ឬ"?»។ ព្រះបាទ​អ័គីស​បាន​ហៅ​ដាវីឌ​មក​មាន​រាជ‌ឱង្ការ​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា អ្នក​ជា​មនុស្ស​ស្មោះ​ត្រង់ ហើ​យ​ដែល​អ្នក​ចេញ​ចូល​ក្នុង​ពល​ទ័ព​ជា‌មួយ​យើង យើង​ពេញ​ចិត្ត​ណាស់ ដោយ​មិន​ឃើញ​ថា​អ្នក​មាន​ទោស​អ្វី​ឡើយ ចាប់​តាំង​ពី​ពេល​ដែល​អ្នក​មក​រហូត​ដល់​ថ្ងៃ​នេះ ប៉ុន្តែ ពួក​មេ​ដឹកនាំ​របស់​យើង​មិន​ចូល​ចិត្ត​អ្នក​ទេ។ ដូច្នេះ សូម​អ្នក​ត្រឡប់​ទៅ​វិញ​ដោយ​សុខ‌សាន្ត​ចុះ ក្រែង​នាំ​ឲ្យ​ពួក​មេ​ដឹកនាំ​សាសន៍​ភីលី‌ស្ទីន​ទាំង​នោះ​អាក់​អន់​ចិត្ត»។ ដាវីឌ​ទូល​សួរ​ព្រះបាទ​អ័គីស​ថា៖ «តើ​ទូល‌បង្គំ​បាន​ធ្វើ​ខុស​អ្វី​ខ្លះ? ចាប់​តាំង​ពី​ទូល‌បង្គំ​មក​នៅ​ចំពោះ​ទ្រង់ រហូត​ដល់​ថ្ងៃ​នេះ តើ​ទ្រង់​បាន​ឃើញ​ទូល‌បង្គំ​មាន​ទោស​យ៉ាង​ណា បាន​ជា​មិន​ឲ្យ​ទូល‌បង្គំ​ទៅ​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​របស់​ស្តេច ជា​ចៅ‌ហ្វាយ​នៃ​ទូល‌បង្គំ​ដូច្នេះ?»។ ព្រះបាទ​អ័គីស​មាន​រាជ‌ឱង្ការ​តប​ទៅ​ដាវីឌ​ថា៖ «យើង​ដឹង​ហើយ​ថា អ្នក​ជា​មនុស្ស​ល្អ​នៅ​ចំពោះ​យើង ប្រៀប​ដូច​ជា​ទេវតា​របស់​ព្រះ ប៉ុន្តែ ពួក​មេ​ដឹកនាំ​ភីលី‌ស្ទីន​បាន​សម្រេច​ថា "អ្នក​មិន​ត្រូវ​ឡើង​ទៅ​ទី​ចម្បាំង​ជា‌មួយ​យើង​ឡើយ"។ ហេតុ​នេះ ចូរ​អ្នក ព្រម​ទាំង​ពួក​អ្នក​បម្រើ​របស់​ចៅ‌ហ្វាយ​អ្នក​ដែល​មក​ជា‌មួយ ក្រោក​ពី​ព្រលឹម [ហើយ​ធ្វើ​ដំណើរ​ទៅ​កន្លែង​មួយ ដែល​យើង​បានតម្រូវ​ទុក​ឲ្យ​អ្នក។ ឯ​ដំណឹង​អាក្រក់ សូម​កុំ​អំពល់អ្វី​ឡើយ ដ្បិត​អ្នក​បាន​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ​នៅ​ចំពោះ​យើង​ហើយ] ។ ចូរ​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ហើយ​ចេញ​ដំណើរ​ទៅ នៅ​ពេលថ្ងៃរះ​ចុះ»។ ដូច្នេះ ដាវីឌ និង​ពួក​លោក​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ដើម្បី​កាល​ណា​ភ្លឺ​ស្រាង​ឡើង នោះ​បាន​វិល​ត្រឡប់​ទៅ​ស្រុក​ភីលី‌ស្ទីន​វិញ តែ​ពួក​ភីលី‌ស្ទីន​គេ​ក៏​នាំ​គ្នា​ឡើង​ទៅ​យេស‌រាល​ទៅ។

១ សាំយូអែល 29:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជន‌ជាតិ​ភីលីស្ទីន​បាន​ប្រមូល​ផ្ដុំ​ទ័ព​ទាំង​មូល​របស់​ពួក​គេ នៅ​អាផេក។ ចំណែក​ឯ​ពួក​អ៊ីស្រា‌អែល​វិញ បោះ​ទ័ព​ជិត​ប្រភព​ទឹក នៅ​យេស‌រាល។ ពួក​ស្ដេច​ត្រាញ់​នៃ​ជន‌ជាតិ​ភីលីស្ទីន​បាន​នាំ​កង‌ពល​តូច និង​កង‌ពល​ធំ​ដើរ​ទៅ​មុខ រីឯ​លោក​ដាវីឌ និង​ទាហាន​របស់​លោក នាំ​គ្នា​ហែ‌ហម​ព្រះ‌បាទ​អគីស​នៅ​ខាង​ក្រោយ។ ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ភីលីស្ទីន​សួរ​ថា៖ «តើ​ពួក​ហេប្រឺ​នេះ​មក​ធ្វើ​អ្វី​ដែរ?»។ ព្រះ‌បាទ​អគីស​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អស់​លោក​មិន​ស្គាល់​ដាវីឌ​ទេ​ឬ? គាត់​ជា​អ្នក​បម្រើ​របស់​សូល ជា​ស្ដេច​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ គាត់​មក​នៅ​ជា​មួយ​ខ្ញុំ​ប្រហែល​មួយ​ឆ្នាំ ពីរ​ឆ្នាំ​ហើយ។ តាំង​ពី​ពេល​គាត់​រត់​មក​នៅ​ជា​មួយ​ខ្ញុំ រហូត​ដល់​សព្វ​ថ្ងៃ ខ្ញុំ​មិន​ឃើញ​ថា​គាត់​ធ្វើ​អ្វី​ខុស​ឡើយ»។ ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​ភីលីស្ទីន​ខឹង​នឹង​ព្រះ‌បាទ​អគីស ហើយ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​ដេញ​ជន​នេះ​ឲ្យ​វិល​ត្រឡប់​ទៅ​ក្រុង ដែល​ស្ដេច​បាន​ឲ្យ​គេ​ស្នាក់​នៅ​នោះ​វិញ​ទៅ! មិន​ត្រូវ​ឲ្យ​គេ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​យើង​ឡើយ ព្រោះ​គេ​អាច​បែរ​ខ្នង​មក​ប្រឆាំង​នឹង​យើង​វិញ ក្នុង​ពេល​កំពុង​ច្បាំង។ ជន​នេះ​មុខ​ជា​បំពេញ​ចិត្ត​ចៅហ្វាយ​ចាស់​របស់​គេ ដោយ​សម្លាប់​ទាហាន​របស់​យើង។ គឺ​លោក​ដាវីឌ​នេះ​ហើយ ដែល​គេ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ថា: “ព្រះ‌បាទ​សូល​ប្រហារ​បាន​រាប់​ពាន់​នាក់ រីឯ​លោក​ដាវីឌ​ប្រហារ​បាន​រាប់​ម៉ឺន​នាក់”»។ ព្រះ‌បាទ​អគីស​ក៏​ហៅ​លោក​ដាវីឌ​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា លោក​ពិត​ជា​មនុស្ស​ត្រឹម​ត្រូវ​មែន។ យើង​ពេញ​ចិត្ត​នឹង​ឲ្យ​លោក​ចេញ​ទៅ​ច្បាំង​ជា​មួយ​យើង ព្រោះ​តាំង​ពី​ពេល​លោក​ស្នាក់​នៅ​នឹង​យើង​រហូត​ដល់​ពេល​នេះ យើង​ពុំ​ដែល​ឃើញ​លោក​ប្រព្រឹត្ត​អ្វី​ខុស​ឆ្គង​ឡើយ។ ប៉ុន្តែ ពួក​ស្ដេច​ត្រាញ់​ឯ​ទៀតៗ​នៃ​ជន‌ជាតិ​ភីលីស្ទីន ពុំ​ពេញ​ចិត្ត​នឹង​លោក​ទេ។ ដូច្នេះ សូម​លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឥឡូវ​នេះ​ចុះ។ សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត មិន​ត្រូវ​ធ្វើ​ឲ្យ​ស្ដេច​ត្រាញ់​ទាំង​នោះ​ទាស់​ចិត្ត​ឡើយ»។ លោក​ដាវីឌ​ទូល​ព្រះ‌បាទ​អគីស​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ តើ​ទូលបង្គំ​ធ្វើ​អ្វី​ខ្លះ? ចាប់​តាំង​ពី​ពេល​ទូលបង្គំ​មក​បម្រើ​ព្រះ‌ករុណា រហូត​ដល់​ពេល​នេះ តើ​ទ្រង់​ទត​ឃើញ​ថា ទូលបង្គំ​មាន​កំហុស​អ្វី​ខ្លះ​ដែរ បាន​ជា​ទូលបង្គំ​មិន​អាច​ចេញ​ទៅ​ច្បាំង​នឹង​សត្រូវ​របស់​ព្រះ‌ករុណា​ដូច្នេះ?»។ ព្រះ‌បាទ​អគីស​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ដាវីឌ​ថា៖ «យើង​ដឹង​ហើយ យើង​ពេញ​ចិត្ត​នឹង​លោក ដូច​ពេញ​ចិត្ត​នឹង​ទេវតា​របស់​ព្រះ‌ជាម្ចាស់ ប៉ុន្តែ ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ភីលីស្ទីន​បាន​សម្រេច​ថា មិន​ឲ្យ​លោក​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​ពួក​យើង​ឡើយ។ ដូច្នេះ លោក និង​ទាហាន​របស់​ស្ដេច​សូល​ដែល​នៅ​ជា​មួយ​លោក ត្រូវ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ នៅ​ពេល​ថ្ងៃ​រះ»។ ព្រឹក​ឡើង​លោក​ដាវីឌ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ក្រោក​ពី​ព្រលឹម វិល​ត្រឡប់​ទៅ​ស្រុក​ភីលីស្ទីន​វិញ។ ចំណែក​ឯ​កង‌ទ័ព​ភីលីស្ទីន​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​ដល់​យេស‌រាល។

១ សាំយូអែល 29:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ពួក​ភីលីស្ទីន គេ​ប្រមូល​ពួក​ពល​ទាំង​អស់​មក​នៅ​ត្រង់​អាផែក ហើយ​ពួក​អ៊ីស្រាអែល គេ​បោះ​ទ័ព​នៅ​ត្រង់​រន្ធ​ទឹក​យេស‌រាល ឯ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ក៏​នាំ​ពល​ទ័ព​គេ​ទាំង​រយ​ទាំង​ពាន់​ទៅ​ខាង​មុខ ហើយ​ដាវីឌ នឹង​ពួក​លោក ក៏​នាំ​គ្នា​ដើរ​តាម​ក្រោយ ទៅ​ជា​មួយ​នឹង​អ័គីស នោះ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​សួរ​ថា ពួក​សាសន៍​ហេព្រើរ​ទាំង​នេះ​មក​ធ្វើ​អី រួច​អ័គីស​ឆ្លើយ​តប​ថា នេះ​តើ​មិន​មែន​ដាវីឌ ជា​អ្នក​បំរើ​របស់​សូល ស្តេច​សាសន៍​អ៊ីស្រាអែល ដែល​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ ជា​យូរ​ថ្ងៃ​យូរ​ឆ្នាំ​មក​ហើយ​ទេ​ឬ​អី ហើយ​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​នៅ​ក្នុង​គាត់ ចាប់​តាំង​ពី​វេលា​ដែល​គាត់​មក ដរាប​ដល់​ថ្ងៃ​នេះ តែ​ពួក​មេ​ភីលីស្ទីន​គេ​ខឹង​នឹង​ទ្រង់ រួច​ទូល​ថា ចូរ​ឲ្យ​មនុស្ស​នេះ​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​ត្រឡប់​ទៅ​ឯ​កន្លែង​ដែល​ទ្រង់​បាន​ដំរូវ​ឲ្យ​នៅ​នោះ កុំ​ឲ្យ​ចុះ​ទៅ​ឯ​ចំបាំង​ជា​មួយ​នឹង​យើង​ឡើយ ក្រែង​លោ​កំពុង​តែ​ច្បាំង នោះ​វា​ត្រឡប់​ជា​ទាស់​នឹង​យើង​វិញ ដ្បិត​វា​នឹង​បាន​ជា​មេត្រី​នឹង​ចៅហ្វាយ​វា​យ៉ាង​ណា​បាន បើ​មិន​មែន​ដោយ‌សារ​យក​ក្បាល​នៃ​មនុស្ស​ទាំង​នេះ​ទេ តើ​នេះ​មិន​មែន​ដាវីឌ​ទេ​ឬ​អី ជា​អ្នក​ដែល​គេ​បាន​ច្រៀង​ឆ្លើយ​គ្នា​ពី​ដំណើរ​វា​ក្នុង​របាំង​គេ​ថា សូល​បាន​សំឡាប់​ទាំង​ពាន់ តែ​ដាវីឌ​ទាំង​ម៉ឺន។ នោះ​អ័គីស ទ្រង់​ហៅ​ដាវីឌ​មក​មាន​បន្ទូល​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា អ្នក​ជា​មនុស្ស​ស្មោះ‌ត្រង់ ហើយ​ដែល​អ្នក​ចេញ​ចូល​ក្នុង​ពល​ទ័ព​ជា​មួយ​នឹង​ខ្ញុំ នោះ​ក៏​ជា​ទី​ពេញ​ចិត្ត​ខ្ញុំ​ណាស់ ដោយ​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​នៅ​ក្នុង​អ្នក​ឡើយ ចាប់​តាំង​ពី​វេលា​ដែល​អ្នក​មក​ឯ​ខ្ញុំ​ដរាប​ដល់​ថ្ងៃ​នេះ ប៉ុន្តែពួក​មេ​របស់​យើង​គេ​មិន​ចូល​ចិត្ត​នឹង​អ្នក​ទេ ដូច្នេះ សូម​អ្នក​ត្រឡប់​វិល​ទៅ​វិញ​ដោយ​សុខ‌សាន្ត​ចុះ ក្រែង​នាំ​ឲ្យ​បង្អាក់​ដល់​ចិត្ត​នៃ​ពួក​មេ​សាសន៍​ភីលីស្ទីន​ទាំង​ប៉ុន្មាន។ នោះ​ដាវីឌ​ទូល​សួរ​អ័គីស​ថា តើ​ទូលបង្គំ​បាន​ធ្វើ​ខុស​អ្វី​ខ្លះ ចាប់​តាំង​ពី​ទូលបង្គំ​មក​នៅ​ចំពោះ​ទ្រង់ ដរាប​ដល់​ថ្ងៃ​នេះ នោះ​តើ​ទ្រង់​បាន​ឃើញ​ទូលបង្គំ​មាន​ទោស​យ៉ាង​ណា បាន​ជា​មិន​ឲ្យ​ទូលបង្គំ​ទៅ​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​របស់​ស្តេច ជា​ចៅហ្វាយ​នៃ​ទូលបង្គំ​ដូច្នេះ អ័គីស​ទ្រង់​ឆ្លើយ​ថា ខ្ញុំ​ដឹង​ហើយ​ថា អ្នក​ជា​មនុស្ស​ល្អ​នៅ​ចំពោះ​ខ្ញុំ ប្រៀប​ដូច​ជា​ទេវតា​នៃ​ព្រះ​ផង ប៉ុន្តែពួក​មេ​ភីលីស្ទីន​គេ​បាន​សំរេច​ថា មិន​ត្រូវ​ឲ្យ​អ្នក​ឡើង​ទៅ​ឯ​ចំបាំង​ជា​មួយ​នឹង​យើង​ឡើយ ហេតុ​នោះ​ចូរ​ឲ្យ​អ្នក​ក្រោក​ឡើង​ពី​ព្រលឹម ព្រម​ទាំង​ពួក​បំរើ​របស់​ចៅហ្វាយ​អ្នក​ដែល​មក​ជា​មួយ​គ្នា លុះ​បាន​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង​ដូច្នេះ ហើយ​មាន​ពន្លឺ​ល្មម នោះ​សូម​ចេញ​ទៅ​ចុះ ដូច្នេះដាវីឌនឹង​ពួក​លោក​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ដើម្បី​កាល​ណា​ភ្លឺ​ស្រាង​ឡើង នោះ​ឲ្យ​បាន​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​ភីលីស្ទីន​វិញ តែ​ឯ​ពួក​ភីលីស្ទីន​គេ​ក៏​នាំ​គ្នា​ឡើង​ទៅ​ឯ​យេស‌រាល​ទៅ។