១ សាំយូអែល 28:3-20
១ សាំយូអែល 28:3-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ លោកសាំយូអែលបានស្លាប់ហើយ ពួកអ៊ីស្រាអែលទាំងអស់ក៏កាន់ទុក្ខ ហើយបានបញ្ចុះសពលោកនៅត្រង់រ៉ាម៉ា ក្នុងទីក្រុងរបស់លោករួចជាស្រេច។ ស្តេចសូលបានបណ្តេញពួកគ្រូខាបទាំងអស់ និងពួកគ្រូអន្ទងខ្មោចចេញពីស្រុក។ ពួកភីលីស្ទីនបានប្រមូលគ្នាមកបោះទ័ពនៅត្រង់ស៊ូណែម ហើយស្ដេចសូលក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់ ទៅបោះទ័ពនៅត្រង់គីលបោដែរ។ ពេលស្តេចសូលបានទតឃើញពលទ័ពខាងពួកភីលីស្ទីន ទ្រង់ក៏ភ័យ ហើយមានព្រះហឫទ័យញាប់ញ័រជាខ្លាំង។ នៅពេលស្តេចសូលទូលដល់ព្រះយេហូវ៉ា នោះព្រះអង្គមិនឆ្លើយតបសោះ ទោះបើដោយការពន្យល់សប្តិ ឬដោយសារអ៊ូរីម ឬដោយពួកហោរាក្តី។ ដូច្នេះ ស្ដេចសូលមានរាជឱង្ការទៅពួករាជបម្រើថា៖ «ចូរទៅរកស្ត្រីណាដែលចេះខាបខ្មោចឲ្យយើង ដើម្បីឲ្យយើងបានទៅសួរទំនាយពីនាង» ពួកអ្នកបម្រើរបស់ទ្រង់ទូលឆ្លើយថា៖ «នៅឯអេន-ដោរ មានស្ត្រីម្នាក់ជាអ្នកចេះខាប»។ នោះស្តេចសូលបានក្លែងខ្លួន ហើយផ្លាស់សម្លៀកបំពាក់ចេញទៅ មានមនុស្សពីរនាក់ទៅជាមួយដែរ។ ស្ដេចសូលបានទៅជួបស្ត្រីនោះទាំងយប់ ហើយមានរាជឱង្ការថា៖ «សូមចូលរូប ហើយខាបយកព្រលឹងមនុស្សម្នាក់ ដែលខ្ញុំនឹងប្រាប់អ្នក»។ ស្ត្រីនោះឆ្លើយឡើងថា៖ «លោកជ្រាបច្បាស់ហើយថាស្ដេចសូលបានធ្វើយ៉ាងណា គឺទ្រង់បានបណ្ដេញពួកចេះខាប និងអន្ទងខ្មោចពីស្រុកចេញអស់ហើយ ចុះហេតុអ្វីបានជាលោកដាក់អន្ទាក់ចាប់ជីវិតខ្ញុំឲ្យត្រូវស្លាប់ដូច្នេះ?» ប៉ុន្តែ ស្ដេចសូលបានស្បថឲ្យស្ត្រីនោះ ដោយនូវព្រះយេហូវ៉ាថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា អ្នកមិនមានទោសចំពោះការនេះឡើយ»។ បន្ទាប់មក ស្ត្រីនោះសួរថា៖ «តើចង់ឲ្យខ្ញុំខាបយកអ្នកណាមកឲ្យលោក?» ស្តេចឆ្លើយថា៖ «សូមខាបយកសាំយូអែលមកឲ្យខ្ញុំ»។ ពេលស្ត្រីនោះបានឃើញសាំយូអែល គាត់ក៏ស្រែកឡើងជាខ្លាំង ហើយទូលស្តេចសូលថា៖ «ហេតុអ្វីបានជាបញ្ឆោតខ្ញុំម្ចាស់ដូច្នេះ? លោកនេះហើយ គឺជាស្តេចសូល»។ ស្តេចមានរាជឱង្ការថា៖ «កុំភ័យខ្លាចឡើយ តើអ្នកបានឃើញអ្វី?» ស្ត្រីនោះទូលឆ្លើយថា៖ «ខ្ញុំម្ចាស់បានឃើញពួកព្រះ ឡើងពីដីមក»។ ទ្រង់មានរាជឱង្ការទៀតថា៖ «តើមានរូបរាងដូចម្តេច?»។ គាត់ទូលថា៖ «គឺមនុស្សចាស់ម្នាក់ឃ្លុំអាវឡើងមក»។ នោះស្តេចសូលយល់ថា ជាសាំយូអែលហើយ រួចទ្រង់ក្រាបព្រះភក្ត្រចុះដល់ដីដោយគោរព។ លោកសាំយូអែលទូលសួរថា៖ «ហេតុអ្វីបានជារំខានទូលបង្គំ ដោយហៅទូលបង្គំឡើងមកដូច្នេះ?»។ ស្ដេចសូលមានរាជឱង្ការឆ្លើយថា៖ «ខ្ញុំមានសេចក្ដីទុក្ខខ្លាំងណាស់ ព្រោះពួកសាសន៍ភីលីស្ទីនមកច្បាំងនឹងខ្ញុំ ហើយព្រះបានថយចេញពីខ្ញុំទៅ ព្រះអង្គឥតមានព្រះបន្ទូលឆ្លើយមកខ្ញុំទៀតឡើយ ទោះបើដោយហោរា ឬដោយការពន្យល់សប្តិក្តី ហេតុនេះហើយបានជាខ្ញុំហៅលោកមក ដើម្បីឲ្យលោកបង្ហាញថា តើខ្ញុំគួរធ្វើយ៉ាងណា?» លោកសាំយូអែលឆ្លើយថា៖ «បើព្រះយេហូវ៉ាបានថយចេញពីទ្រង់ទៅ ហើយបានត្រឡប់ជាទាស់ទទឹងនឹងទ្រង់ផង ចុះហេតុអ្វីបានជាទ្រង់សួរដល់ទូលបង្គំដូច្នេះ? ព្រះយេហូវ៉ាបានសម្រេចចំពោះទ្រង់ តាមសេចក្ដីទំនាយដែលបានថ្លែងតាមរយៈទូលបង្គំហើយ គឺបានដករាជ្យពីព្រះហស្តរបស់ទ្រង់ចេញ ប្រគល់ឲ្យដល់អ្នកដទៃម្នាក់ គឺដាវីឌ ព្រោះទ្រង់មិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាឡើយ ក៏មិនបានធ្វើដល់សាសន៍អាម៉ាឡេក តាមសេចក្ដីក្រេវក្រោធរបស់ព្រះដែរ ហេតុនោះបានជានៅថ្ងៃនេះ ព្រះយេហូវ៉ាបានប្រព្រឹត្តចំពោះទ្រង់យ៉ាងដូច្នេះ។ មួយទៀត ព្រះយេហូវ៉ានឹងប្រគល់សាសន៍អ៊ីស្រាអែល ដែលនៅជាមួយទ្រង់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន នៅថ្ងៃស្អែកនេះ ទ្រង់ ព្រមទាំងពួកបុត្រារបស់ទ្រង់ នឹងបានទៅនៅជាមួយទូលបង្គំហើយ ព្រះយេហូវ៉ានឹងប្រគល់ពួកពលទ័ពរបស់សាសន៍អ៊ីស្រាអែលទៅក្នុងកណ្ដាប់ដៃនៃពួកភីលីស្ទីនដែរ»។ រំពេចនោះ ស្តេចសូលក៏ដួលចុះដល់ដីទាំងជំហរ មានសេចក្ដីភ័យខ្លាចជាខ្លាំង ដោយឮពាក្យដែលសាំយូអែលបានប្រាប់ ហើយគ្មានកម្លាំងនៅសល់ទៀតឡើយ ព្រោះមិនបានសោយព្រះស្ងោយអស់ពេញមួយថ្ងៃមួយយប់មកហើយ។
១ សាំយូអែល 28:3-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ លោកសាំយូអែលទទួលមរណភាពផុតទៅហើយ ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាកាន់ទុក្ខ ហើយធ្វើពិធីបញ្ចុះសពលោកនៅរ៉ាម៉ា ជាភូមិកំណើតរបស់លោក។ នៅជំនាន់នោះ ព្រះបាទសូលបានលុបបំបាត់គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹង ចេញពីស្រុកអ៊ីស្រាអែល។ ថ្ងៃមួយ ជនជាតិភីលីស្ទីនប្រមូលផ្ដុំគ្នា មកបោះទ័ពនៅស៊ូណែម។ រីឯព្រះបាទសូលក៏ប្រមូលកងពលអ៊ីស្រាអែលទាំងមូល មកបោះទ័ពនៅគីលបោដែរ។ កាលព្រះបាទសូលឃើញជំរំរបស់កងទ័ពភីលីស្ទីន ទ្រង់ភ័យខ្លាច ហើយញ័ររន្ធត់ជាខ្លាំង។ ព្រះបាទសូលទូលសួរព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គមិនឆ្លើយតបវិញឡើយ ទោះបីតាមការយល់សប្ដិ ការផ្សងយូរីម* ឬតាមរយៈព្យាការីក្ដី។ ព្រះបាទសូលមានរាជឱង្ការទៅកាន់រាជបម្រើថា៖ «ចូរនាំគ្នារកស្ត្រីណាម្នាក់ ដែលចេះអន្ទងខ្មោច យើងនឹងទៅសាកសួរគេ»។ រាជបម្រើទូលស្ដេចវិញថា៖ «នៅឯអេន-ដោរ មានស្ត្រីម្នាក់ចេះអន្ទងខ្មោច»។ ព្រះបាទសូលក្លែងខ្លួន ដោយស្លៀកពាក់ដូចប្រជាជនធម្មតា រួចចេញដំណើរទៅជាមួយសេនាពីរនាក់ទៀត។ ស្ដេចយាងទៅដល់ផ្ទះស្ត្រីនោះនៅពេលយប់ ហើយមានរាជឱង្ការទៅនាងថា៖ «ខ្ញុំចង់ឲ្យនាងចូលរូប ហើយខាបព្រលឹងមនុស្សម្នាក់ ដែលខ្ញុំនឹងប្រាប់នាងឲ្យដឹង»។ ស្ត្រីនោះឆ្លើយថា៖ «លោកដឹងស្រាប់ហើយថា ព្រះបាទសូលបានលុបបំបាត់គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹងចេញពីស្រុក។ ហេតុអ្វីបានជាលោកចង់ដាក់អន្ទាក់ខ្ញុំ លោកចង់ឲ្យខ្ញុំបាត់បង់ជីវិតឬ?»។ ព្រះបាទសូលបានស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា «នាងមិនទទួលទោសអ្វីក្នុងរឿងនោះឡើយ»។ ស្ត្រីនោះសួរថា៖ «តើលោកចង់ឲ្យខ្ញុំខាបព្រលឹងនរណា?»។ ស្ដេចឆ្លើយថា៖ «ចូរហៅលោកសាំយូអែលឲ្យខ្ញុំ!»។ ពេលស្ត្រីនោះឃើញលោកសាំយូអែល នាងស្រែកឡើងយ៉ាងខ្លាំង ហើយទូលសួរព្រះបាទសូលថា៖ «ហេតុអ្វីបានជាព្រះករុណាបញ្ឆោតខ្ញុំម្ចាស់ដូច្នេះ ព្រះករុណាជាព្រះបាទសូលទេតើ!»។ ព្រះរាជាមានរាជឱង្ការថា៖ «កុំខ្លាចអ្វី! ចូរប្រាប់យើងមក តើនាងបានឃើញអ្វីខ្លះ?»។ ស្ត្រីនោះទូលថា៖ «ខ្ញុំម្ចាស់ឃើញវិញ្ញាណមួយ ងើបចេញពីក្នុងដីមក»។ ស្ដេចសួរទៀតថា៖ «តើគេមានទ្រង់ទ្រាយដូចម្ដេចដែរ?»។ នាងទូលថា៖ «គឺមនុស្សចាស់ម្នាក់ដណ្ដប់អាវធំ កំពុងតែឡើងមក»។ ព្រះបាទសូលជ្រាបភ្លាមថាជាលោកសាំយូអែល ស្ដេចក៏ក្រាបចុះ ឱនព្រះភ័ក្ត្រដល់ដី។ លោកសាំយូអែលទូលសួរព្រះបាទសូលថា៖ «ហេតុអ្វីបានជាព្រះករុណារំខានទូលបង្គំ ដោយហៅទូលបង្គំឡើងមកដូច្នេះ?»។ ព្រះបាទសូលមានរាជឱង្ការតបថា៖ «ខ្ញុំមានទុក្ខធុរៈធ្ងន់ណាស់ ព្រោះពួកភីលីស្ទីននាំគ្នាមកធ្វើសង្គ្រាមនឹងខ្ញុំ ហើយព្រះជាម្ចាស់បោះបង់ខ្ញុំចោល ព្រះអង្គលែងឆ្លើយតបមកខ្ញុំទៀតហើយ ទោះបីតាមរយៈព្យាការី ឬការយល់សប្ដិក្ដី។ ហេតុនេះហើយបានជាខ្ញុំអញ្ជើញលោកមក ដើម្បីឲ្យលោកប្រាប់ខ្ញុំថា តើត្រូវធ្វើយ៉ាងណា?»។ លោកសាំយូអែលទូលថា៖ «ហេតុអ្វីបានជាព្រះករុណាសួរយោបល់ពីទូលបង្គំដូច្នេះ? ព្រះអម្ចាស់បានបោះបង់ព្រះករុណាចោល ហើយព្រះអង្គក្លាយទៅជាបច្ចាមិត្តរបស់ព្រះករុណា។ ព្រះអម្ចាស់ប្រព្រឹត្តចំពោះព្រះករុណា ស្របតាមព្រះបន្ទូលដែលទូលបង្គំទូលថ្វាយរួចស្រេចហើយ។ ព្រះអង្គបានដកហូតយករាជសម្បត្តិពីព្រះករុណា ដើម្បីប្រគល់ទៅឲ្យលោកដាវីឌ ដ្បិតព្រះករុណាពុំបានគោរពតាមព្រះបន្ទូលរបស់ព្រះអង្គទេ គឺព្រះករុណាពុំបានបំផ្លាញជនជាតិអាម៉ាឡេក តាមព្រះពិរោធរបស់ព្រះអម្ចាស់ឡើយ។ ហេតុនេះហើយបានជាព្រះអម្ចាស់ប្រព្រឹត្តដូច្នេះ ចំពោះព្រះករុណានៅថ្ងៃនេះ។ ព្រះអម្ចាស់នឹងប្រគល់ព្រះករុណា ព្រមទាំងអ៊ីស្រាអែល ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន។ ស្អែក ព្រះករុណា ព្រមទាំងបុត្រារបស់ព្រះករុណា នឹងទៅជួបទូលបង្គំនៅស្ថានមនុស្សស្លាប់ ហើយព្រះអម្ចាស់នឹងប្រគល់កងទ័ពអ៊ីស្រាអែលទៅក្នុងកណ្ដាប់ដៃពួកភីលីស្ទីន»។ រំពេចនោះ ព្រះបាទសូលដួលទាំងជំហរ ព្រោះពាក្យរបស់លោកសាំយូអែលធ្វើឲ្យស្ដេចភ័យតក់ស្លុតយ៉ាងខ្លាំង។ មួយវិញទៀត ព្រះបាទសូលអស់កម្លាំង ព្រោះទ្រង់ពុំបានសោយព្រះស្ងោយមួយថ្ងៃមួយយប់មកហើយ។
១ សាំយូអែល 28:3-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯសាំយូអែល លោកបានស្លាប់ហើយ ពួកអ៊ីស្រាអែលទាំងអស់ក៏កាន់ទុក្ខនឹងលោក ហើយបានបញ្ចុះសពលោកនៅត្រង់រ៉ាម៉ា ក្នុងទីក្រុងរបស់លោករួចជាស្រេច ហើយសូលទ្រង់បានបណ្តេញអស់ទាំងពួកគ្រូខាប នឹងពួកគ្រូអន្ទងខ្មោចពីស្រុកចេញ គ្រានោះពួកភីលីស្ទីនគេប្រមូលគ្នាមកបោះទ័ពនៅត្រង់ស៊ូណែម ហើយសូលទ្រង់ក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់ ទៅបោះទ័ពនៅត្រង់គីលបោដែរ កាលសូលទ្រង់ទតឃើញពលទ័ពខាងពួកភីលីស្ទីន នោះទ្រង់ក៏ភ័យ ហើយមានព្រះទ័យញាប់ញ័រជាខ្លាំង តែកាលសូលទូលសួរដល់ព្រះយេហូវ៉ា នោះទ្រង់មិនឆ្លើយតបមកឡើយ ទោះបើដោយការពន្យល់សប្តិ ឬដោយសារយូរីម ឬដោយពួកហោរាក្តី ដូច្នេះ សូលទ្រង់មានបន្ទូលប្រាប់ទៅពួកអ្នកបំរើទ្រង់ថា ចូរទៅរកស្រីដែលចេះខាបខ្មោចឲ្យអញចុះ ដើម្បីឲ្យអញបានទៅសួរទំនាយពីស្រីនោះ ពួកអ្នកបំរើទ្រង់ក៏ទូលឆ្លើយថា មើលនៅឯអេន-ដោរ មានស្ត្រីម្នាក់ជាអ្នកចេះខាប។ នោះសូលទ្រង់ក៏ក្លែងខ្លួន ហើយផ្លាស់សំលៀកបំពាក់ រួចចេញទៅ មានមនុស្ស២នាក់ទៅជាមួយផង ក៏បានដល់ទៅស្រីនោះនៅពេលយប់ ហើយមានបន្ទូលថា សូមទាយប្រាប់ខ្ញុំដោយនូវខ្មោចចុះ ហើយសូមខាបយកអ្នក១ ដែលខ្ញុំនឹងប្រាប់អ្នកឲ្យមកឯខ្ញុំផង ស្ត្រីនោះឆ្លើយឡើងថា លោកជ្រាបហើយពីការដែលស្តេចសូលបានធ្វើជាយ៉ាងណា គឺទ្រង់បានបណ្តេញពួកចេះខាប នឹងពួកអន្ទងខ្មោចពីស្រុកចេញ ចុះហេតុអ្វីបានជាលោកដាក់អន្ទាក់ចាប់ជីវិតខ្ញុំឲ្យត្រូវស្លាប់ដូច្នេះ នោះសូលក៏ស្បថឲ្យស្ត្រីនោះ ដោយនូវព្រះយេហូវ៉ាថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា អ្នកមិនត្រូវមានទោសក្នុងការនេះឡើយ រួចស្រីនោះសួរថា តើចង់ឲ្យខ្ញុំខាបយកអ្នកណាមកឲ្យលោក នោះទ្រង់មានបន្ទូលថា សូមខាបយកសាំយូអែលមកឲ្យខ្ញុំចុះ កាលស្ត្រីនោះបានឃើញសាំយូអែល នោះក៏ស្រែកឡើងជាខ្លាំង រួចទូលសូលថា ហេតុអ្វីបានជាបញ្ឆោតខ្ញុំម្ចាស់ដូច្នេះ ដ្បិតខ្លួនលោកនេះហើយ គឺជាសូល តែទ្រង់មានបន្ទូលថា កុំឲ្យភ័យខ្លាចឡើយ តើអ្នកបានឃើញអ្វី រួចស្ត្រីនោះទូលឆ្លើយថា ខ្ញុំម្ចាស់បានឃើញពួកព្រះឡើងពីដីមក ទ្រង់មានបន្ទូលទៀតថា តើមានភាពយ៉ាងដូចម្តេច គាត់ឆ្លើយថា មានភាពជាមនុស្សចាស់គ្រលុំដោយអាវដែលឡើងមក នោះសូលទ្រង់យល់ថា ជាសាំយូអែលហើយ រួចទ្រង់ក្រាបព្រះភក្ត្រចុះដល់ដីដោយគោរព។ ឯសាំយូអែល លោកទូលសួរថា ហេតុអ្វីបានជាធ្វើឲ្យទូលបង្គំរំខាន ដោយហៅឲ្យទូលបង្គំឡើងមកដូច្នេះ សូលមានបន្ទូលឆ្លើយថា ខ្ញុំមានសេចក្ដីវេទនាជាខ្លាំង ពីព្រោះពួកសាសន៍ភីលីស្ទីនគេមកច្បាំងនឹងខ្ញុំ ហើយព្រះទ្រង់បានថយចេញពីខ្ញុំទៅ ទ្រង់ឥតមានបន្ទូលឆ្លើយមកខ្ញុំទៀតឡើយ ទោះបើដោយហោរា ឬដោយការពន្យល់សប្តិក្តី ហេតុនោះបានជាខ្ញុំហៅលោកមក ដើម្បីឲ្យលោកបង្ហាញការ ដែលខ្ញុំគួរធ្វើជាយ៉ាងណា នោះសាំយូអែលឆ្លើយថា បើព្រះយេហូវ៉ាបានថយចេញពីទ្រង់ទៅ ហើយបានត្រឡប់ជាទាស់ទទឹងនឹងទ្រង់ផង ចុះហេតុអ្វីបានជាទ្រង់សួរដល់ទូលបង្គំវិញដូច្នេះ ព្រះយេហូវ៉ាបានសំរេចដល់ទ្រង់ តាមសេចក្ដីទំនាយ ដែលទាយដោយសារទូលបង្គំហើយ គឺបានដករាជ្យពីព្រះហស្តទ្រង់ចេញ ប្រគល់ឲ្យដល់អ្នកដទៃម្នាក់ គឺដាវីឌ ពីព្រោះទ្រង់មិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាឡើយ ក៏មិនបានធ្វើដល់សាសន៍អាម៉ាលេក តាមសេចក្ដីក្រេវក្រោធរបស់ព្រះផង ហេតុនោះបានជានៅថ្ងៃនេះ ព្រះយេហូវ៉ាបានប្រព្រឹត្តនឹងទ្រង់យ៉ាងដូច្នេះ មួយទៀត ព្រះយេហូវ៉ានឹងប្រគល់សាសន៍អ៊ីស្រាអែល ជាមួយនឹងទ្រង់ ទៅក្នុងកណ្តាប់នៃពួកភីលីស្ទីនដែរ ស្អែកនេះ ទ្រង់ ព្រមទាំងពួកបុត្រាទ្រង់ នឹងបាននៅជាមួយនឹងទូលបង្គំហើយ ព្រះយេហូវ៉ា ទ្រង់នឹងប្រគល់ពួកពលទ័ពរបស់សាសន៍អ៊ីស្រាអែលទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ។ ខណនោះ ស្រាប់តែសូលទ្រង់ដួលស្រប៉ាបចុះនៅដី មានសេចក្ដីភ័យជាខ្លាំង ដោយពាក្យដែលសាំយូអែលបានប្រាប់នោះ ហើយគ្មានកំឡាំងនៅសល់ទៀតទេ ពីព្រោះមិនបានសោយព្រះស្ងោយអស់ពេញ១ថ្ងៃ១យប់នោះហើយ