១ សាំយូអែល 28:1-20

១ សាំយូអែល 28:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​ពល​ទ័ព​មក ដើម្បី​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល ហើយ​ព្រះបាទ​អ័គីស​មាន​រាជ‌ឱង្ការ​ទៅ​ដាវីឌ​ថា៖ «អ្នក​ដឹង​ហើយ​ថា អ្នក និង​ពួក​ពល​របស់​អ្នក​ត្រូវ​ចេញ​ទៅ​ក្នុង​កង‌ទ័ព​ជា‌មួយ​យើង»។ ដាវីឌ​ទូល​ឆ្លើយ​ថា៖ «បើ​ដូច្នេះ ព្រះ‌ករុណា​នឹង​ជ្រាប​ថា​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​អាច​ធ្វើ​អ្វី​មួយ​បាន​មិន​ខាន»។ នោះ​ព្រះបាទ​អ័គីស​មាន​រាជ‌ឱង្ការ​តប​ថា៖ «ល្អ​ណាស់ យើង​នឹង​តាំង​លោក​ជា​អង្គរក្ស​ការពារ​យើង​រហូត​ត​ទៅ»។ ពេល​នោះ លោកសាំយូ‌អែល​បាន​ស្លាប់​ហើយ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​កាន់​ទុក្ខ ហើយ​បាន​បញ្ចុះ​សព​លោក​នៅ​ត្រង់​រ៉ាម៉ា ក្នុង​ទី​ក្រុង​របស់​លោក​រួច​ជា​ស្រេច។ ស្តេច​សូល​បាន​បណ្តេញ​ពួក​គ្រូ​ខាប​ទាំង​អស់ និង​ពួក​គ្រូ​អន្ទង​ខ្មោច​ចេញ​ពី​ស្រុក។ ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​គ្នា​មក​បោះ​ទ័ព​នៅ​ត្រង់​ស៊ូណែម ហើយ​ស្ដេច​សូល​ក៏​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ទៅ​បោះ​ទ័ព​នៅ​ត្រង់​គីល‌បោ​ដែរ។ ពេល​ស្តេច​សូល​បាន​ទត​ឃើញ​ពល​ទ័ព​ខាង​ពួក​ភីលី‌ស្ទីន ទ្រង់​ក៏​ភ័យ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​ញាប់‌ញ័រ​ជា​ខ្លាំង។ នៅ​ពេល​ស្តេច​សូល​ទូល​ដល់​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​សោះ ទោះ​បើ​ដោយ​ការ​ពន្យល់​សប្តិ ឬ​ដោយ‌សារ​អ៊ូរីម ឬ​ដោយ​ពួក​ហោរា​ក្តី។ ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​ពួក​រាជ​បម្រើ​ថា៖ «ចូរ​ទៅ​រក​ស្ត្រី​ណា​ដែល​ចេះ​ខាប​ខ្មោច​ឲ្យ​យើង ដើម្បី​ឲ្យ​យើង​បាន​ទៅ​សួរ​ទំនាយ​ពី​នាង» ពួក​អ្នក​បម្រើ​របស់​ទ្រង់​ទូល​ឆ្លើយ​ថា៖ «នៅ​ឯ​អេន-ដោរ មាន​ស្ត្រី​ម្នាក់​ជា​អ្នក​ចេះ​ខាប»។ នោះ​ស្តេច​សូល​បាន​ក្លែង​ខ្លួន ហើយ​ផ្លាស់​សម្លៀក‌បំពាក់​ចេញ​ទៅ មាន​មនុស្ស​ពីរ​នាក់​ទៅ​ជា‌មួយ​ដែរ។ ស្ដេច​សូល​បាន​ទៅ​ជួប​ស្ត្រី​នោះ​ទាំង​យប់ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ចូល​រូប ហើយ​ខាប​យក​ព្រលឹង​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​នឹង​ប្រាប់​អ្នក»។ ស្ត្រី​នោះ​ឆ្លើយ​ឡើង​ថា៖ «លោក​ជ្រាប​ច្បាស់​ហើយ​ថា​ស្ដេច​សូល​បាន​ធ្វើ​យ៉ាង​ណា គឺ​ទ្រង់​បាន​បណ្ដេញ​ពួក​ចេះ​ខាប និង​អន្ទង​ខ្មោច​ពី​ស្រុក​ចេញ​អស់​ហើយ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​ដាក់​អន្ទាក់​ចាប់​ជីវិត​ខ្ញុំ​ឲ្យ​ត្រូវ​ស្លាប់​ដូច្នេះ?» ប៉ុន្តែ ស្ដេច​សូល​បាន​ស្បថ​ឲ្យ​ស្ត្រី​នោះ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា អ្នក​មិន​មាន​ទោស​ចំពោះ​ការ​នេះ​ឡើយ»។ បន្ទាប់​មក ស្ត្រី​នោះ​សួរ​ថា៖ «តើ​ចង់​ឲ្យ​ខ្ញុំ​ខាប​យក​អ្នក​ណា​មក​ឲ្យ​លោក?» ស្តេច​ឆ្លើយ​ថា៖ «សូម​ខាប​យក​សាំយូ‌អែល​មក​ឲ្យ​ខ្ញុំ»។ ពេល​ស្ត្រី​នោះ​បាន​ឃើញ​សាំយូ‌អែល គាត់​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ហើយ​ទូល​ស្តេច​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​បញ្ឆោត​ខ្ញុំ​ម្ចាស់​ដូច្នេះ? លោក​នេះ​ហើយ គឺ​ជា​ស្តេច​សូល»។ ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «កុំ​ភ័យ​ខ្លាច​ឡើយ តើ​អ្នក​បាន​ឃើញ​អ្វី?» ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​ម្ចាស់​បាន​ឃើញ​ពួក​ព្រះ ឡើង​ពី​ដី​មក»។ ទ្រង់​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «តើ​មាន​រូប​រាង​ដូច​ម្តេច?»។ គាត់​ទូល​ថា៖ «គឺ​មនុស្ស​ចាស់​ម្នាក់​ឃ្លុំ​អាវ​ឡើង​មក»។ នោះ​ស្តេច​សូល​យល់​ថា ជា​សាំយូ‌អែល​ហើយ រួច​ទ្រង់​ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី​ដោយ​គោរព។ លោកសាំយូ‌អែល​ទូល​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​រំខាន​ទូល‌បង្គំ ដោយ​ហៅ​ទូល‌បង្គំ​ឡើង​មក​ដូច្នេះ?»។ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ឆ្លើយ​ថា៖ «ខ្ញុំ​មាន​សេចក្ដី​ទុក្ខ​ខ្លាំង​ណាស់ ព្រោះ​ពួក​សាសន៍​ភីលី‌ស្ទីន​មក​ច្បាំង​នឹង​ខ្ញុំ ហើយ​ព្រះ​បាន​ថយ​ចេញ​ពី​ខ្ញុំ​ទៅ ព្រះ‌អង្គ​ឥត​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​ខ្ញុំ​ទៀត​ឡើយ ទោះ​បើ​ដោយ​ហោរា ឬ​ដោយ​ការ​ពន្យល់​សប្តិ​ក្តី ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ហៅ​លោក​មក ដើម្បី​ឲ្យ​លោក​បង្ហាញ​ថា តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា?» លោក​សាំយូ‌អែល​ឆ្លើយ​ថា៖ «បើ​ព្រះ‌យេហូវ៉ា​បាន​ថយ​ចេញ​ពី​ទ្រង់​ទៅ ហើយ​បាន​ត្រឡប់​ជា​ទាស់​ទទឹង​នឹង​ទ្រង់​ផង ចុះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​សួរ​ដល់​ទូល‌បង្គំ​ដូច្នេះ? ព្រះ‌យេហូវ៉ា​បាន​សម្រេច​ចំពោះ​ទ្រង់ តាម​សេចក្ដី​ទំនាយ​ដែល​បាន​ថ្លែង​តាម​រយៈ​ទូល‌បង្គំ​ហើយ គឺ​បាន​ដក​រាជ្យ​ពី​ព្រះ‌ហស្ត​របស់​ទ្រង់​ចេញ ប្រគល់​ឲ្យ​ដល់​អ្នក​ដទៃ​ម្នាក់ គឺ​ដាវីឌ ព្រោះ​ទ្រង់​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ឡើយ ក៏​មិន​បាន​ធ្វើ​ដល់​សាសន៍​អាម៉ា‌ឡេក តាម​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ​ដែរ ហេតុ​នោះ​បាន​ជា​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ប្រព្រឹត្ត​ចំពោះ​ទ្រង់​យ៉ាង​ដូច្នេះ។ មួយ​ទៀត ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ជា‌មួយ​ទ្រង់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន នៅ​ថ្ងៃ​ស្អែក​នេះ ទ្រង់ ព្រម​ទាំង​ពួក​បុត្រា​របស់​ទ្រង់ នឹង​បាន​ទៅ​នៅ​ជា‌មួយ​ទូល‌បង្គំ​ហើយ ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ពួក​ពល‌ទ័ព​របស់​សាសន៍​អ៊ីស្រា‌អែល​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន​ដែរ»។ រំពេច​នោះ ស្តេច​សូល​ក៏​ដួល​ចុះ​ដល់​ដី​ទាំង​ជំហរ មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយ​ឮ​ពាក្យ​ដែល​សាំយូ‌អែល​បាន​ប្រាប់ ហើយ​គ្មាន​កម្លាំង​នៅ​សល់​ទៀត​ឡើយ ព្រោះ​មិន​បាន​សោយ​ព្រះ‌ស្ងោយ​អស់​ពេញ​មួយ​ថ្ងៃ​មួយ​យប់​មក​ហើយ។

១ សាំយូអែល 28:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ ជន‌ជាតិ​ភីលីស្ទីន​បាន​ប្រមូល​កង‌ពល​របស់​ពួក​គេ​មក​ផ្ដុំ​គ្នា​ជា​កង‌ទ័ព​តែ​មួយ ដើម្បី​ចេញ​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។ ព្រះ‌បាទ​អគីស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «លោក​ដឹង​ច្បាស់​ហើយ​ថា លោក និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ត្រូវ​ចូល​រួម​ក្នុង​កង‌ពល​របស់​យើង»។ លោក​ដាវីឌ​ទូល​តប​ថា៖ «ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ស្រាប់​ហើយ ដូច្នេះ ព្រះ‌ករុណា​ជ្រាប​ថា ទូលបង្គំ​អាច​បំពេញ​មុខងារ​ណា​មួយ​បាន»។ ព្រះ‌បាទ​អគីស​មាន​រាជ‌ឱង្ការ​តប​ថា៖ «ល្អ​ហើយ! យើង​នឹង​តែង‌តាំង​លោក​ជា​អង្គ‌រក្ស​របស់​យើង​រហូត​ត​ទៅ»។ នៅ​គ្រា​នោះ លោក​សាំយូ‌អែល​ទទួល​មរណ‌ភាព​ផុត​ទៅ​ហើយ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ហើយ​ធ្វើ​ពិធី​បញ្ចុះ​សព​លោក​នៅ​រ៉ាម៉ា ជា​ភូមិ​កំណើត​របស់​លោក។ នៅ​ជំនាន់​នោះ ព្រះ‌បាទ​សូល​បាន​លុប​បំបាត់​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ខាប​ព្រលឹង ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល។ ថ្ងៃ​មួយ ជន‌ជាតិ​ភីលីស្ទីន​ប្រមូល​ផ្ដុំ​គ្នា មក​បោះ​ទ័ព​នៅ​ស៊ូ‌ណែម។ រីឯ​ព្រះ‌បាទ​សូល​ក៏​ប្រមូល​កង‌ពល​អ៊ីស្រា‌អែល​ទាំង​មូល មក​បោះ​ទ័ព​នៅ​គីល‌បោ​ដែរ។ កាល​ព្រះ‌បាទ​សូល​ឃើញ​ជំរំ​របស់​កង‌ទ័ព​ភីលីស្ទីន ទ្រង់​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​ជា​ខ្លាំង។ ព្រះ‌បាទ​សូល​ទូល​សួរ​ព្រះ‌អម្ចាស់ ប៉ុន្តែ ព្រះអង្គ​មិន​ឆ្លើយ​តប​វិញ​ឡើយ ទោះ​បី​តាម​ការ​យល់​សប្ដិ ការ​ផ្សង​យូរីម* ឬ​តាម​រយៈ​ព្យាការី​ក្ដី។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​រាជ​បម្រើ​ថា៖ «ចូរ​នាំ​គ្នា​រក​ស្ត្រី​ណា​ម្នាក់ ដែល​ចេះ​អន្ទង​ខ្មោច យើង​នឹង​ទៅ​សាក​សួរ​គេ»។ រាជ​បម្រើ​ទូល​ស្ដេច​វិញ​ថា៖ «នៅ​ឯ​អេន-‌ដោរ មាន​ស្ត្រី​ម្នាក់​ចេះ​អន្ទង​ខ្មោច»។ ព្រះ‌បាទ​សូល​ក្លែង​ខ្លួន ដោយ​ស្លៀក​ពាក់​ដូច​ប្រជា‌ជន​ធម្មតា រួច​ចេញ​ដំណើរ​ទៅ​ជា​មួយ​សេនា​ពីរ​នាក់​ទៀត។ ស្ដេច​យាង​ទៅ​ដល់​ផ្ទះ​ស្ត្រី​នោះ​នៅ​ពេល​យប់ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​នាង​ថា៖ «ខ្ញុំ​ចង់​ឲ្យ​នាង​ចូល​រូប ហើយ​ខាប​ព្រលឹង​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​នឹង​ប្រាប់​នាង​ឲ្យ​ដឹង»។ ស្ត្រី​នោះ​ឆ្លើយ​ថា៖ «លោក​ដឹង​ស្រាប់​ហើយ​ថា ព្រះ‌បាទ​សូល​បាន​លុប​បំបាត់​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ខាប​ព្រលឹង​ចេញ​ពី​ស្រុក។ ហេតុ​អ្វី​បាន​ជា​លោក​ចង់​ដាក់​អន្ទាក់​ខ្ញុំ លោក​ចង់​ឲ្យ​ខ្ញុំ​បាត់​បង់​ជីវិត​ឬ?»។ ព្រះ‌បាទ​សូល​បាន​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា «នាង​មិន​ទទួល​ទោស​អ្វី​ក្នុង​រឿង​នោះ​ឡើយ»។ ស្ត្រី​នោះ​សួរ​ថា៖ «តើ​លោក​ចង់​ឲ្យ​ខ្ញុំ​ខាប​ព្រលឹង​នរណា?»។ ស្ដេច​ឆ្លើយ​ថា៖ «ចូរ​ហៅ​លោក​សាំយូ‌អែល​ឲ្យ​ខ្ញុំ!»។ ពេល​ស្ត្រី​នោះ​ឃើញ​លោក​សាំយូ‌អែល នាង​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​ទូល​សួរ​ព្រះ‌បាទ​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​បញ្ឆោត​ខ្ញុំ​ម្ចាស់​ដូច្នេះ ព្រះ‌ករុណា​ជា​ព្រះ‌បាទ​សូល​ទេ​តើ!»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «កុំ​ខ្លាច​អ្វី! ចូរ​ប្រាប់​យើង​មក តើ​នាង​បាន​ឃើញ​អ្វី​ខ្លះ?»។ ស្ត្រី​នោះ​ទូល​ថា៖ «ខ្ញុំ​ម្ចាស់​ឃើញ​វិញ្ញាណ​មួយ ងើប​ចេញ​ពី​ក្នុង​ដី​មក»។ ស្ដេច​សួរ​ទៀត​ថា៖ «តើ​គេ​មាន​ទ្រង់‌ទ្រាយ​ដូច​ម្ដេច​ដែរ?»។ នាង​ទូល​ថា៖ «គឺ​មនុស្ស​ចាស់​ម្នាក់​ដណ្ដប់​អាវ​ធំ កំពុង​តែ​ឡើង​មក»។ ព្រះ‌បាទ​សូល​ជ្រាប​ភ្លាម​ថា​ជា​លោក​សាំយូ‌អែល ស្ដេច​ក៏​ក្រាប​ចុះ ឱន​ព្រះ‌ភ័ក្ត្រ​ដល់​ដី។ លោក​សាំយូ‌អែល​ទូល​សួរ​ព្រះ‌បាទ​សូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​រំខាន​ទូលបង្គំ ដោយ​ហៅ​ទូលបង្គំ​ឡើង​មក​ដូច្នេះ?»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​តប​ថា៖ «ខ្ញុំ​មាន​ទុក្ខ‌ធុរៈ​ធ្ងន់​ណាស់ ព្រោះ​ពួក​ភីលីស្ទីន​នាំ​គ្នា​មក​ធ្វើ​សង្គ្រាម​នឹង​ខ្ញុំ ហើយ​ព្រះ‌ជាម្ចាស់​បោះ​បង់​ខ្ញុំ​ចោល ព្រះអង្គ​លែង​ឆ្លើយ​តប​មក​ខ្ញុំ​ទៀត​ហើយ ទោះ​បី​តាម​រយៈ​ព្យាការី ឬ​ការ​យល់​សប្ដិ​ក្ដី។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​លោក​មក ដើម្បី​ឲ្យ​លោក​ប្រាប់​ខ្ញុំ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?»។ លោក​សាំយូ‌អែល​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​សួរ​យោបល់​ពី​ទូលបង្គំ​ដូច្នេះ? ព្រះ‌អម្ចាស់​បាន​បោះ​បង់​ព្រះ‌ករុណា​ចោល ហើយ​ព្រះអង្គ​ក្លាយ​ទៅ​ជា​បច្ចា‌មិត្ត​របស់​ព្រះ‌ករុណា។ ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ចំពោះ​ព្រះ‌ករុណា ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ទូលបង្គំ​ទូល​ថ្វាយ​រួច​ស្រេច​ហើយ។ ព្រះអង្គ​បាន​ដក​ហូត​យក​រាជ​សម្បត្តិ​ពី​ព្រះ‌ករុណា ដើម្បី​ប្រគល់​ទៅ​ឲ្យ​លោក​ដាវីឌ ដ្បិត​ព្រះ‌ករុណា​ពុំ​បាន​គោរព​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ទេ គឺ​ព្រះ‌ករុណា​ពុំ​បាន​បំផ្លាញ​ជន‌ជាតិ​អាម៉ា‌ឡេក តាម​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ព្រះ‌ករុណា​នៅ​ថ្ងៃ​នេះ។ ព្រះ‌អម្ចាស់​នឹង​ប្រគល់​ព្រះ‌ករុណា ព្រម​ទាំង​អ៊ីស្រា‌អែល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន។ ស្អែក ព្រះ‌ករុណា ព្រម​ទាំង​បុត្រា​របស់​ព្រះ‌ករុណា នឹង​ទៅ​ជួប​ទូលបង្គំ​នៅ​ស្ថាន​មនុស្ស​ស្លាប់ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រគល់​កង‌ទ័ព​អ៊ីស្រា‌អែល​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ភីលីស្ទីន»។ រំពេច​នោះ ព្រះ‌បាទ​សូល​ដួល​ទាំង​ជំហរ ព្រោះ​ពាក្យ​របស់​លោក​សាំយូ‌អែល​ធ្វើ​ឲ្យ​ស្ដេច​ភ័យ​តក់‌ស្លុត​យ៉ាង​ខ្លាំង។ មួយ​វិញ​ទៀត ព្រះ‌បាទ​សូល​អស់​កម្លាំង ព្រោះ​ទ្រង់​ពុំ​បាន​សោយ​ព្រះ‌ស្ងោយ​មួយ​ថ្ងៃ​មួយ​យប់​មក​ហើយ។

១ សាំយូអែល 28:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ ពួក​ភីលីស្ទីន គេ​ប្រមូល​ពល​ទ័ព​គេ​មក ដើម្បី​ច្បាំង​នឹង​សាសន៍​អ៊ីស្រាអែល ហើយ​អ័គីស​មាន​បន្ទូល​ទៅ​ដាវីឌ​ថា ចូរ​ឲ្យ​អ្នក​ដឹង​ថា ត្រូវ​ឲ្យ​អ្នក ព្រម​ទាំង​ពួក​ពល​របស់​អ្នក​ផង ចេញ​ទៅ​ក្នុង​កង‌ទ័ព​ជា​មួយ​នឹង​យើង ដាវីឌ​ទូល​ឆ្លើយ​ថា បើ​ដូច្នេះ ទ្រង់​នឹង​បាន​ជ្រាប​ការ​ដែល​ទូលបង្គំ ជា​បាវ​ទ្រង់ នឹង​ធ្វើ​ជា​យ៉ាង​ណា នោះ​អ័គីស​មាន​បន្ទូល​តប​ថា បើ​ដូច្នោះ​មែន យើង​នឹង​តាំង​អ្នក​ឲ្យ​ការ‌ពារ​យើង​ជា​ដរាប​ត​ទៅ។ រីឯ​សាំយូ‌អែល លោក​បាន​ស្លាប់​ហើយ ពួក​អ៊ីស្រាអែល​ទាំង​អស់​ក៏​កាន់​ទុក្ខ​នឹង​លោក ហើយ​បាន​បញ្ចុះ​សព​លោក​នៅ​ត្រង់​រ៉ាម៉ា ក្នុង​ទី​ក្រុង​របស់​លោក​រួច​ជា​ស្រេច ហើយ​សូល​ទ្រង់​បាន​បណ្តេញ​អស់​ទាំង​ពួក​គ្រូ​ខាប នឹង​ពួក​គ្រូ​អន្ទង​ខ្មោច​ពី​ស្រុក​ចេញ គ្រា​នោះពួក​ភីលីស្ទីន​គេ​ប្រមូល​គ្នា​មក​បោះ​ទ័ព​នៅ​ត្រង់​ស៊ូណែម ហើយ​សូល​ទ្រង់​ក៏​ប្រមូល​ពួក​អ៊ីស្រាអែល​ទាំង​អស់ ទៅ​បោះ​ទ័ព​នៅ​ត្រង់​គីលបោ​ដែរ កាល​សូល​ទ្រង់​ទត​ឃើញ​ពល​ទ័ព​ខាង​ពួក​ភីលីស្ទីន នោះ​ទ្រង់​ក៏​ភ័យ ហើយ​មាន​ព្រះ‌ទ័យ​ញាប់‌ញ័រ​ជា​ខ្លាំង តែ​កាល​សូល​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​មិន​ឆ្លើយ​តប​មក​ឡើយ ទោះ​បើ​ដោយ​ការ​ពន្យល់​សប្តិ ឬ​ដោយ‌សារ​យូរីម ឬ​ដោយ​ពួក​ហោរា​ក្តី ដូច្នេះ សូល​ទ្រង់​មាន​បន្ទូល​ប្រាប់​ទៅ​ពួក​អ្នក​បំរើ​ទ្រង់​ថា ចូរ​ទៅ​រក​ស្រី​ដែល​ចេះ​ខាប​ខ្មោច​ឲ្យ​អញ​ចុះ ដើម្បី​ឲ្យ​អញ​បាន​ទៅ​សួរ​ទំនាយ​ពី​ស្រី​នោះ ពួក​អ្នក​បំរើ​ទ្រង់​ក៏​ទូល​ឆ្លើយ​ថា មើល​នៅ​ឯ​អេន-ដោរ មាន​ស្ត្រី​ម្នាក់​ជា​អ្នក​ចេះ​ខាប។ នោះ​សូល​ទ្រង់​ក៏​ក្លែង​ខ្លួន ហើយ​ផ្លាស់​សំលៀក‌បំពាក់ រួច​ចេញ​ទៅ មាន​មនុស្ស​២​នាក់​ទៅ​ជា​មួយ​ផង ក៏​បាន​ដល់​ទៅ​ស្រី​នោះ​នៅ​ពេល​យប់ ហើយ​មាន​បន្ទូល​ថា សូម​ទាយ​ប្រាប់​ខ្ញុំ​ដោយ​នូវ​ខ្មោច​ចុះ ហើយ​សូម​ខាប​យក​អ្នក​១ ដែល​ខ្ញុំ​នឹង​ប្រាប់​អ្នក​ឲ្យ​មក​ឯ​ខ្ញុំ​ផង ស្ត្រី​នោះ​ឆ្លើយ​ឡើង​ថា លោក​ជ្រាប​ហើយ​ពី​ការ​ដែល​ស្តេច​សូល​បាន​ធ្វើ​ជា​យ៉ាង​ណា គឺ​ទ្រង់​បាន​បណ្តេញ​ពួក​ចេះ​ខាប នឹងពួក​អន្ទង​ខ្មោច​ពី​ស្រុក​ចេញ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​ដាក់​អន្ទាក់​ចាប់​ជីវិត​ខ្ញុំ​ឲ្យ​ត្រូវ​ស្លាប់​ដូច្នេះ នោះ​សូល​ក៏​ស្បថ​ឲ្យ​ស្ត្រី​នោះ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា អ្នក​មិន​ត្រូវ​មាន​ទោស​ក្នុង​ការ​នេះ​ឡើយ រួច​ស្រី​នោះ​សួរ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ខាប​យក​អ្នក​ណា​មក​ឲ្យ​លោក នោះ​ទ្រង់​មាន​បន្ទូល​ថា សូម​ខាប​យក​សាំយូ‌អែល​មក​ឲ្យ​ខ្ញុំ​ចុះ កាល​ស្ត្រី​នោះ​បាន​ឃើញ​សាំយូ‌អែល នោះ​ក៏​ស្រែក​ឡើង​ជា​ខ្លាំង រួច​ទូល​សូល​ថា ហេតុ​អ្វី​បាន​ជា​បញ្ឆោត​ខ្ញុំ​ម្ចាស់​ដូច្នេះ ដ្បិត​ខ្លួន​លោក​នេះ​ហើយ គឺ​ជា​សូល តែ​ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ តើ​អ្នក​បាន​ឃើញ​អ្វី រួច​ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​ម្ចាស់​បាន​ឃើញ​ពួក​ព្រះ​ឡើង​ពី​ដី​មក ទ្រង់​មាន​បន្ទូល​ទៀត​ថា តើ​មាន​ភាព​យ៉ាង​ដូច​ម្តេច គាត់​ឆ្លើយ​ថា មាន​ភាព​ជា​មនុស្ស​ចាស់​គ្រលុំ​ដោយ​អាវ​ដែល​ឡើង​មក នោះ​សូល​ទ្រង់​យល់​ថា ជា​សាំយូ‌អែល​ហើយ រួច​ទ្រង់​ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី​ដោយ​គោរព។ ឯ​សាំយូ‌អែល លោក​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ឲ្យ​ទូលបង្គំ​រំខាន ដោយ​ហៅ​ឲ្យ​ទូលបង្គំ​ឡើង​មក​ដូច្នេះ សូល​មាន​បន្ទូល​ឆ្លើយ​ថា ខ្ញុំ​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង ពី​ព្រោះ​ពួក​សាសន៍​ភីលីស្ទីន​គេ​មក​ច្បាំង​នឹង​ខ្ញុំ ហើយ​ព្រះ‌ទ្រង់​បាន​ថយ​ចេញ​ពី​ខ្ញុំ​ទៅ ទ្រង់​ឥត​មាន​បន្ទូល​ឆ្លើយ​មក​ខ្ញុំ​ទៀត​ឡើយ ទោះ​បើ​ដោយ​ហោរា ឬ​ដោយ​ការ​ពន្យល់​សប្តិ​ក្តី ហេតុ​នោះ​បាន​ជា​ខ្ញុំ​ហៅ​លោក​មក ដើម្បី​ឲ្យលោក​បង្ហាញ​ការ ដែល​ខ្ញុំ​គួរ​ធ្វើ​ជាយ៉ាង​ណា នោះ​សាំយូ‌អែល​ឆ្លើយ​ថា បើ​ព្រះ‌យេហូវ៉ា​បាន​ថយ​ចេញ​ពី​ទ្រង់​ទៅ ហើយ​បាន​ត្រឡប់​ជា​ទាស់​ទទឹង​នឹង​ទ្រង់​ផង ចុះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​សួរ​ដល់​ទូលបង្គំ​វិញ​ដូច្នេះ ព្រះ‌យេហូវ៉ា​បាន​សំរេច​ដល់​ទ្រង់ តាម​សេចក្ដី​ទំនាយ ដែល​ទាយ​ដោយ‌សារ​ទូលបង្គំ​ហើយ គឺ​បាន​ដក​រាជ្យ​ពី​ព្រះ‌ហស្ត​ទ្រង់​ចេញ ប្រគល់​ឲ្យ​ដល់​អ្នក​ដទៃ​ម្នាក់ គឺ​ដាវីឌ ពី​ព្រោះ​ទ្រង់​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ឡើយ ក៏​មិន​បាន​ធ្វើ​ដល់​សាសន៍​អាម៉ា‌លេក តាម​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ​ផង ហេតុ​នោះ​បាន​ជា​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ប្រព្រឹត្ត​នឹង​ទ្រង់​យ៉ាង​ដូច្នេះ មួយ​ទៀត ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​សាសន៍​អ៊ីស្រាអែល ជា​មួយ​នឹង​ទ្រង់ ទៅ​ក្នុង​កណ្តាប់​នៃ​ពួក​ភីលីស្ទីន​ដែរ ស្អែក​នេះ ទ្រង់ ព្រម​ទាំង​ពួក​បុត្រា​ទ្រង់ នឹង​បាន​នៅ​ជា​មួយ​នឹង​ទូលបង្គំ​ហើយ ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ប្រគល់​ពួក​ពល‌ទ័ព​របស់​សាសន៍​អ៊ីស្រាអែល​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​ដែរ។ ខណ​នោះ ស្រាប់​តែ​សូល​ទ្រង់​ដួល​ស្រប៉ាប​ចុះ​នៅ​ដី មាន​សេចក្ដី​ភ័យ​ជា​ខ្លាំង ដោយ​ពាក្យ​ដែល​សាំយូ‌អែល​បាន​ប្រាប់​នោះ ហើយ​គ្មាន​កំឡាំង​នៅ​សល់​ទៀត​ទេ ពី​ព្រោះ​មិន​បាន​សោយ​ព្រះ‌ស្ងោយ​អស់​ពេញ​១​ថ្ងៃ​១​យប់​នោះ​ហើយ