១ សាំយូអែល 28:1-11
១ សាំយូអែល 28:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ ពួកភីលីស្ទីនបានប្រមូលពលទ័ពមក ដើម្បីច្បាំងនឹងសាសន៍អ៊ីស្រាអែល ហើយព្រះបាទអ័គីសមានរាជឱង្ការទៅដាវីឌថា៖ «អ្នកដឹងហើយថា អ្នក និងពួកពលរបស់អ្នកត្រូវចេញទៅក្នុងកងទ័ពជាមួយយើង»។ ដាវីឌទូលឆ្លើយថា៖ «បើដូច្នេះ ព្រះករុណានឹងជ្រាបថាទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណាអាចធ្វើអ្វីមួយបានមិនខាន»។ នោះព្រះបាទអ័គីសមានរាជឱង្ការតបថា៖ «ល្អណាស់ យើងនឹងតាំងលោកជាអង្គរក្សការពារយើងរហូតតទៅ»។ ពេលនោះ លោកសាំយូអែលបានស្លាប់ហើយ ពួកអ៊ីស្រាអែលទាំងអស់ក៏កាន់ទុក្ខ ហើយបានបញ្ចុះសពលោកនៅត្រង់រ៉ាម៉ា ក្នុងទីក្រុងរបស់លោករួចជាស្រេច។ ស្តេចសូលបានបណ្តេញពួកគ្រូខាបទាំងអស់ និងពួកគ្រូអន្ទងខ្មោចចេញពីស្រុក។ ពួកភីលីស្ទីនបានប្រមូលគ្នាមកបោះទ័ពនៅត្រង់ស៊ូណែម ហើយស្ដេចសូលក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់ ទៅបោះទ័ពនៅត្រង់គីលបោដែរ។ ពេលស្តេចសូលបានទតឃើញពលទ័ពខាងពួកភីលីស្ទីន ទ្រង់ក៏ភ័យ ហើយមានព្រះហឫទ័យញាប់ញ័រជាខ្លាំង។ នៅពេលស្តេចសូលទូលដល់ព្រះយេហូវ៉ា នោះព្រះអង្គមិនឆ្លើយតបសោះ ទោះបើដោយការពន្យល់សប្តិ ឬដោយសារអ៊ូរីម ឬដោយពួកហោរាក្តី។ ដូច្នេះ ស្ដេចសូលមានរាជឱង្ការទៅពួករាជបម្រើថា៖ «ចូរទៅរកស្ត្រីណាដែលចេះខាបខ្មោចឲ្យយើង ដើម្បីឲ្យយើងបានទៅសួរទំនាយពីនាង» ពួកអ្នកបម្រើរបស់ទ្រង់ទូលឆ្លើយថា៖ «នៅឯអេន-ដោរ មានស្ត្រីម្នាក់ជាអ្នកចេះខាប»។ នោះស្តេចសូលបានក្លែងខ្លួន ហើយផ្លាស់សម្លៀកបំពាក់ចេញទៅ មានមនុស្សពីរនាក់ទៅជាមួយដែរ។ ស្ដេចសូលបានទៅជួបស្ត្រីនោះទាំងយប់ ហើយមានរាជឱង្ការថា៖ «សូមចូលរូប ហើយខាបយកព្រលឹងមនុស្សម្នាក់ ដែលខ្ញុំនឹងប្រាប់អ្នក»។ ស្ត្រីនោះឆ្លើយឡើងថា៖ «លោកជ្រាបច្បាស់ហើយថាស្ដេចសូលបានធ្វើយ៉ាងណា គឺទ្រង់បានបណ្ដេញពួកចេះខាប និងអន្ទងខ្មោចពីស្រុកចេញអស់ហើយ ចុះហេតុអ្វីបានជាលោកដាក់អន្ទាក់ចាប់ជីវិតខ្ញុំឲ្យត្រូវស្លាប់ដូច្នេះ?» ប៉ុន្តែ ស្ដេចសូលបានស្បថឲ្យស្ត្រីនោះ ដោយនូវព្រះយេហូវ៉ាថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា អ្នកមិនមានទោសចំពោះការនេះឡើយ»។ បន្ទាប់មក ស្ត្រីនោះសួរថា៖ «តើចង់ឲ្យខ្ញុំខាបយកអ្នកណាមកឲ្យលោក?» ស្តេចឆ្លើយថា៖ «សូមខាបយកសាំយូអែលមកឲ្យខ្ញុំ»។
១ សាំយូអែល 28:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ ជនជាតិភីលីស្ទីនបានប្រមូលកងពលរបស់ពួកគេមកផ្ដុំគ្នាជាកងទ័ពតែមួយ ដើម្បីចេញច្បាំងនឹងជនជាតិអ៊ីស្រាអែល។ ព្រះបាទអគីសមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «លោកដឹងច្បាស់ហើយថា លោក និងអស់អ្នកដែលនៅជាមួយលោក ត្រូវចូលរួមក្នុងកងពលរបស់យើង»។ លោកដាវីឌទូលតបថា៖ «ទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណាស្រាប់ហើយ ដូច្នេះ ព្រះករុណាជ្រាបថា ទូលបង្គំអាចបំពេញមុខងារណាមួយបាន»។ ព្រះបាទអគីសមានរាជឱង្ការតបថា៖ «ល្អហើយ! យើងនឹងតែងតាំងលោកជាអង្គរក្សរបស់យើងរហូតតទៅ»។ នៅគ្រានោះ លោកសាំយូអែលទទួលមរណភាពផុតទៅហើយ ប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាកាន់ទុក្ខ ហើយធ្វើពិធីបញ្ចុះសពលោកនៅរ៉ាម៉ា ជាភូមិកំណើតរបស់លោក។ នៅជំនាន់នោះ ព្រះបាទសូលបានលុបបំបាត់គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹង ចេញពីស្រុកអ៊ីស្រាអែល។ ថ្ងៃមួយ ជនជាតិភីលីស្ទីនប្រមូលផ្ដុំគ្នា មកបោះទ័ពនៅស៊ូណែម។ រីឯព្រះបាទសូលក៏ប្រមូលកងពលអ៊ីស្រាអែលទាំងមូល មកបោះទ័ពនៅគីលបោដែរ។ កាលព្រះបាទសូលឃើញជំរំរបស់កងទ័ពភីលីស្ទីន ទ្រង់ភ័យខ្លាច ហើយញ័ររន្ធត់ជាខ្លាំង។ ព្រះបាទសូលទូលសួរព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គមិនឆ្លើយតបវិញឡើយ ទោះបីតាមការយល់សប្ដិ ការផ្សងយូរីម* ឬតាមរយៈព្យាការីក្ដី។ ព្រះបាទសូលមានរាជឱង្ការទៅកាន់រាជបម្រើថា៖ «ចូរនាំគ្នារកស្ត្រីណាម្នាក់ ដែលចេះអន្ទងខ្មោច យើងនឹងទៅសាកសួរគេ»។ រាជបម្រើទូលស្ដេចវិញថា៖ «នៅឯអេន-ដោរ មានស្ត្រីម្នាក់ចេះអន្ទងខ្មោច»។ ព្រះបាទសូលក្លែងខ្លួន ដោយស្លៀកពាក់ដូចប្រជាជនធម្មតា រួចចេញដំណើរទៅជាមួយសេនាពីរនាក់ទៀត។ ស្ដេចយាងទៅដល់ផ្ទះស្ត្រីនោះនៅពេលយប់ ហើយមានរាជឱង្ការទៅនាងថា៖ «ខ្ញុំចង់ឲ្យនាងចូលរូប ហើយខាបព្រលឹងមនុស្សម្នាក់ ដែលខ្ញុំនឹងប្រាប់នាងឲ្យដឹង»។ ស្ត្រីនោះឆ្លើយថា៖ «លោកដឹងស្រាប់ហើយថា ព្រះបាទសូលបានលុបបំបាត់គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹងចេញពីស្រុក។ ហេតុអ្វីបានជាលោកចង់ដាក់អន្ទាក់ខ្ញុំ លោកចង់ឲ្យខ្ញុំបាត់បង់ជីវិតឬ?»។ ព្រះបាទសូលបានស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា «នាងមិនទទួលទោសអ្វីក្នុងរឿងនោះឡើយ»។ ស្ត្រីនោះសួរថា៖ «តើលោកចង់ឲ្យខ្ញុំខាបព្រលឹងនរណា?»។ ស្ដេចឆ្លើយថា៖ «ចូរហៅលោកសាំយូអែលឲ្យខ្ញុំ!»។
១ សាំយូអែល 28:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ ពួកភីលីស្ទីន គេប្រមូលពលទ័ពគេមក ដើម្បីច្បាំងនឹងសាសន៍អ៊ីស្រាអែល ហើយអ័គីសមានបន្ទូលទៅដាវីឌថា ចូរឲ្យអ្នកដឹងថា ត្រូវឲ្យអ្នក ព្រមទាំងពួកពលរបស់អ្នកផង ចេញទៅក្នុងកងទ័ពជាមួយនឹងយើង ដាវីឌទូលឆ្លើយថា បើដូច្នេះ ទ្រង់នឹងបានជ្រាបការដែលទូលបង្គំ ជាបាវទ្រង់ នឹងធ្វើជាយ៉ាងណា នោះអ័គីសមានបន្ទូលតបថា បើដូច្នោះមែន យើងនឹងតាំងអ្នកឲ្យការពារយើងជាដរាបតទៅ។ រីឯសាំយូអែល លោកបានស្លាប់ហើយ ពួកអ៊ីស្រាអែលទាំងអស់ក៏កាន់ទុក្ខនឹងលោក ហើយបានបញ្ចុះសពលោកនៅត្រង់រ៉ាម៉ា ក្នុងទីក្រុងរបស់លោករួចជាស្រេច ហើយសូលទ្រង់បានបណ្តេញអស់ទាំងពួកគ្រូខាប នឹងពួកគ្រូអន្ទងខ្មោចពីស្រុកចេញ គ្រានោះពួកភីលីស្ទីនគេប្រមូលគ្នាមកបោះទ័ពនៅត្រង់ស៊ូណែម ហើយសូលទ្រង់ក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់ ទៅបោះទ័ពនៅត្រង់គីលបោដែរ កាលសូលទ្រង់ទតឃើញពលទ័ពខាងពួកភីលីស្ទីន នោះទ្រង់ក៏ភ័យ ហើយមានព្រះទ័យញាប់ញ័រជាខ្លាំង តែកាលសូលទូលសួរដល់ព្រះយេហូវ៉ា នោះទ្រង់មិនឆ្លើយតបមកឡើយ ទោះបើដោយការពន្យល់សប្តិ ឬដោយសារយូរីម ឬដោយពួកហោរាក្តី ដូច្នេះ សូលទ្រង់មានបន្ទូលប្រាប់ទៅពួកអ្នកបំរើទ្រង់ថា ចូរទៅរកស្រីដែលចេះខាបខ្មោចឲ្យអញចុះ ដើម្បីឲ្យអញបានទៅសួរទំនាយពីស្រីនោះ ពួកអ្នកបំរើទ្រង់ក៏ទូលឆ្លើយថា មើលនៅឯអេន-ដោរ មានស្ត្រីម្នាក់ជាអ្នកចេះខាប។ នោះសូលទ្រង់ក៏ក្លែងខ្លួន ហើយផ្លាស់សំលៀកបំពាក់ រួចចេញទៅ មានមនុស្ស២នាក់ទៅជាមួយផង ក៏បានដល់ទៅស្រីនោះនៅពេលយប់ ហើយមានបន្ទូលថា សូមទាយប្រាប់ខ្ញុំដោយនូវខ្មោចចុះ ហើយសូមខាបយកអ្នក១ ដែលខ្ញុំនឹងប្រាប់អ្នកឲ្យមកឯខ្ញុំផង ស្ត្រីនោះឆ្លើយឡើងថា លោកជ្រាបហើយពីការដែលស្តេចសូលបានធ្វើជាយ៉ាងណា គឺទ្រង់បានបណ្តេញពួកចេះខាប នឹងពួកអន្ទងខ្មោចពីស្រុកចេញ ចុះហេតុអ្វីបានជាលោកដាក់អន្ទាក់ចាប់ជីវិតខ្ញុំឲ្យត្រូវស្លាប់ដូច្នេះ នោះសូលក៏ស្បថឲ្យស្ត្រីនោះ ដោយនូវព្រះយេហូវ៉ាថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា អ្នកមិនត្រូវមានទោសក្នុងការនេះឡើយ រួចស្រីនោះសួរថា តើចង់ឲ្យខ្ញុំខាបយកអ្នកណាមកឲ្យលោក នោះទ្រង់មានបន្ទូលថា សូមខាបយកសាំយូអែលមកឲ្យខ្ញុំចុះ