១ សាំយូអែល 26:9-23

១ សាំយូអែល 26:9-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ដាវីឌ​ឃាត់​ថា៖ «កុំ​បំផ្លាញ​ជីវិត​ទ្រង់​ឡើយ ដ្បិត​តើ​មាន​អ្នក​ណា​អាច​លូក​ដៃ ទៅ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​នោះ ហើយ​ឥត​មាន​ទោស​បាន​ឬ?» ដាវីឌ​និយាយ​ទៀត​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រហារ​ជីវិត​ទ្រង់ ឬ​ថ្ងៃ​កំណត់​ដែល​ទ្រង់​ត្រូវ​សុគត​នឹង​មក​ដល់ ឬ​ទ្រង់​នឹង​ចេញ​ទៅ​វិនាស​ក្នុង​ទី​ចម្បាំង​ណា​មួយ​ជា​មិន​ខាន។ សូម​ព្រះ‌យេហូវ៉ា​ឃាត់​ខ្ញុំ កុំ​ឲ្យ​លូក​ដៃ​ទៅ​ទាស់​នឹង​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​នោះ​ឡើយ ដូច្នេះ ចូរ​យក​តែ​លំពែង​ដែល​នៅ​ត្រង់​ក្បាល​ដំណេក​ទ្រង់ និង​ក្អម​ទឹក​ប៉ុណ្ណោះ រួច​យើង​វិល​ទៅ​វិញ»។ នោះ​ដាវីឌ​ក៏​យក​លំពែង និង​ក្អម​ទឹក​នៅ​ត្រង់​ក្បាល​ដំណេក​របស់​ស្តេច​សូល​ចេញ​បាត់​ទៅ ឥត​មាន​អ្នក​ណា​ឃើញ ឬ​ដឹង​ឡើយ ក៏​គ្មាន​អ្នក​ណា​ភ្ញាក់​ដែរ ដ្បិត​គ្រប់​គ្នា​កំពុង​ដេក​លក់ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គេ​លក់​ស៊ប់។ ដាវីឌ​បាន​ត្រឡប់​ទៅ​ខាង​ខ្លួន​វិញ ហើយ​ឈរ​លើ​កំពូល​ភ្នំ​ពី​ចម្ងាយ ដោយ​មាន​វាល​ធំ​មួយ​នៅ​កណ្ដាល។ ដាវីឌ​បាន​ស្រែក​ហៅ​ពួក​បណ្ដា​ទ័ព និង​អ័ប៊ី‌នើរ ជា​កូន​នើរ​ថា៖ «តើ​អ័ប៊ី‌នើរ​មិន​ឆ្លើយ​ទេ​ឬ?» អ័ប៊ី‌នើរ​ឆ្លើយ​តប​ថា៖ «តើ​អ្នក​ណា​ដែល​ស្រែក​ហៅ​ស្តេច​ដូច្នេះ?» ដាវីឌ​ឆ្លើយ​តប​ទៅ​អ័ប៊ី‌នើរ​ថា៖ «តើ​ឯង​មិន​មែន​ជា​មនុស្ស​ទេ​ឬ? តើ​មាន​អ្នក​ណា​ដូច​ជា​ឯង ក្នុង​ចំណោម​សាសន៍​អ៊ីស្រា‌អែល? ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​រក្សា​ស្ដេច ជា​ចៅ‌ហ្វាយ​របស់​ឯង? ដ្បិត​មាន​មនុស្ស​ម្នាក់​បាន​ចូល​មក ចង់​បំផ្លាញ​ស្តេច ជា​ចៅ‌ហ្វាយ​របស់​ឯង។ ឯង​ធ្វើ​យ៉ាង​ដូច្នេះ​មិន​ល្អ​ទេ យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ឯង​គួរ​តែ​ស្លាប់ ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​រក្សា​ចៅ‌ហ្វាយ​របស់​ខ្លួន ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង ឥឡូវ​នេះ ចូរ​ឯង​មើល​លំពែង​របស់​ស្តេច និង​ក្អម​ទឹក ដែល​នៅ​ត្រង់​ក្បាល​ដំណេក​ទ្រង់ តើ​នៅ​ឯ​ណា?» ស្ដេច​សូល​បាន​ស្គាល់​សំឡេង​ដាវីឌ ហើយ​ក៏​សួរ​ថា៖ «ដាវីឌ​កូន​អើយ នេះ​ជា​សំឡេង​ឯង​ឬ?»។ ដាវីឌ​ទូល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ​អើយ នេះ​ជា​សំឡេង​ទូល‌បង្គំ​មែន​ហើយ»។ រួច​ទូល​សួរ​ទៀត​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ ដេញ​តាម​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ដូច្នេះ? តើ​ទូល‌បង្គំ​បាន​ធ្វើ​អ្វី​ខុស? តើ​ទូល​បង្គំ​មាន​ទោស​អ្វី? សូម​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ ទ្រង់​ព្រះ​សណ្តាប់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បន្តិច ប្រសិន‌បើ​ព្រះ‌យេហូវ៉ា ដែល​ញុះ‌ញង់​ព្រះ‌ករុណា​ឲ្យ​ទាស់​នឹង​ទូល‌បង្គំ នោះ​សូម​ទ្រង់​ទទួល​តង្វាយ​មួយ​ចុះ តែ​បើ​ជា​ពួក​មនុស្ស​ទេ នោះ​សូម​ឲ្យ​គេ​ត្រូវ​បណ្ដាសា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​នៅ​ថ្ងៃ​នេះ គេ​បាន​បណ្តេញ​ទូល‌បង្គំ មិន​ឲ្យ​មាន​ចំណែក​ក្នុង​មត៌ក​របស់​ព្រះ‌យេហូវ៉ា​ហើយ ដោយ​ថា "ចូរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ចុះ"។ ដូច្នេះ សូម​កុំ​ឲ្យ​ឈាម​ទូល‌បង្គំ​បាន​ស្រក់​ចុះ​ទៅ​ដី ឃ្លាត​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​ឡើយ ដ្បិត​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ចេញ​មក ដើម្បី​រក​តែ​ចៃ​ទេ ដូច​ជា​កាល​គេ​ដេញ​តាម​ក្រួច​នៅ​លើ​ភ្នំ​ដែរ»។ ពេល​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ធ្វើ​បាប​ហើយ ដាវីឌ​កូន​អើយ ចូរ​មក​វិញ​ចុះ យើង​លែង​ធ្វើ​បាប​ឯង​ហើយ ព្រោះ​នៅ​ថ្ងៃ​នេះ ជីវិត​យើង​ថ្លៃ​វិសេស​នៅ​ចំពោះ​ឯង យើង​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដី​ចម្កួត ហើយ​ធ្វើ​ខុស​ធ្ងន់​ណាស់»។ ដាវីឌ​ទូល​ឆ្លើយ​ថា៖ «នេះ​ជា​លំពែង​របស់​ទ្រង់ សូម​ឲ្យ​នរណា​ម្នាក់​មក​យក​ទៅ​វិញ​ចុះ។ ព្រះ‌យេហូវ៉ា​នឹង​សង​ដល់​មនុស្ស​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​ស្មោះ​ត្រង់​របស់​គេ​រៀង​ខ្លួន ព្រោះ​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូល‌បង្គំ​ហើយ តែ​ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឡើយ។

១ សាំយូអែល 26:9-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​លោក​អប៊ី‌សាយ​ថា៖ «ទេ! កុំ​ធ្វើ​គុត​ព្រះ‌ករុណា ដ្បិត​អ្នក​ណា​លើក​ដៃ​ប្រហារ​ស្ដេច​ដែល​ព្រះ‌អម្ចាស់​ចាក់​ប្រេង​អភិសេក អ្នក​នោះ​មិន​អាច​រួច​ខ្លួន​ឡើយ»។ លោក​ដាវីឌ​មាន​ប្រសាសន៍​ទៀត​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​គង់​នៅ! ដូច្នេះ មាន​តែ​ព្រះអង្គ​ទេ​ដែល​ផ្ដាច់​ជីវិត​ស្ដេច ដោយ​ឲ្យ​ស្ដេច​សុគត​មក​ពី​អស់​អាយុ ឬ​សុគត​នៅ​សមរ‌ភូមិ។ ប៉ុន្តែ សូម​ព្រះ‌អម្ចាស់​ឃាត់​ខ្ញុំ កុំ​ឲ្យ​លើក​ដៃ​ប្រហារ​ស្ដេច​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក​នោះ​ឡើយ! ដូច្នេះ ចូរ​យក​តែ​លំពែង​ដែល​នៅ​ក្បាល​ដំណេក​របស់​ស្ដេច និង​ក្អម​ទឹក​ប៉ុណ្ណោះ រួច​យើង​ចេញ​ទៅ​វិញ!»។ លោក​ដាវីឌ​យក​លំពែង និង​ក្អម​ទឹក​ដែល​ស្ថិត​នៅ​ក្បាល​ដំណេក​របស់​ព្រះ‌បាទ​សូល ហើយ​នាំ​គ្នា​ចាក​ចេញ​ទៅ ដោយ​គ្មាន​ទាហាន​ម្នាក់​បាន​ឃើញ និង​ដឹង​ឡើយ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ភ្ញាក់​ដែរ។ ពួក​គេ​ដេក​លក់​ទាំង​អស់​គ្នា ព្រោះ​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​ដេក​លង់‌លក់ ឥត​ដឹង​ខ្លួន។ លោក​ដាវីឌ​ឆ្លង​ទៅ​ភ្នំ​ម្ខាង​ទៀត ហើយ​ឡើង​ទៅ​ឈរ​លើ​កំពូល​ភ្នំ ដែល​នៅ​ដាច់​ឆ្ងាយ​ពី​ជំរំ។ លោក​ស្រែក​ហៅ​កង‌ទ័ព រួច​ហៅ​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ​ថា៖ «លោក​អប៊ី‌នើរ​អើយ ម្ដេច​ក៏​មិន​ឆ្លើយ!»។ លោក​អប៊ី‌នើរ​ស្រែក​សួរ​វិញ​ថា៖ «តើ​អ្នក​ជា​នរណា បាន​ជា​ហ៊ាន​ស្រែក​ហៅ​ព្រះ‌ករុណា​ដូច្នេះ?»។ លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អប៊ី‌នើរ​ថា៖ «តើ​លោក​ជា​មនុស្ស​ដើម​ទ្រូង​ប្រាំ​ហត្ថ​មែន ឬ​មិន​មែន! នៅ​ស្រុក​អ៊ីស្រា‌អែល មាន​តែ​លោក​ទេ​ដែល​ប្រសើរ​ជាង​គេ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​មិន​យាម​ព្រះ‌ករុណា ជា​ម្ចាស់​របស់​លោក? ដ្បិត​មាន​ប្រជា‌ជន​មួយ​រូប​បាន​លប​ចូល​ទៅ​ធ្វើ​គុត​ព្រះ‌ករុណា ជា​ម្ចាស់​របស់​លោក។ ខ្ញុំ​សុំ​ជម្រាប​លោក ក្នុង​នាម​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា លោក​ធ្វេស‌ប្រហែស​ដូច្នេះ​មិន​ល្អ​ទេ! ពួក​លោក​គួរ​តែ​ស្លាប់ ដោយ​មិន​បាន​រក្សា​ការ‌ពារ​ម្ចាស់​របស់​ខ្លួន គឺ​ស្ដេច​ដែល​ព្រះ‌អម្ចាស់​បាន​អភិ‌សេក។ មើល! នេះ​នែ៎ លំពែង​របស់​ព្រះ‌ករុណា និង​ក្អម​ទឹក​ដែល​ស្ថិត​នៅ​ក្បាល​ដំណេក​របស់​ស្ដេច!»។ ព្រះ‌បាទ​សូល​ស្គាល់​សំឡេង​របស់​លោក​ដាវីឌ ក៏​មាន​រាជ‌ឱង្ការ​ថា៖ «ដាវីឌ កូន​អើយ! នេះ​ពិត​ជា​សំឡេង​កូន​មែន​ឬ?»។ លោក​ដាវីឌ​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! គឺ​ទូលបង្គំ​មែន!»។ លោក​ទូល​ទៀត​ថា៖ «ហេតុ​អ្វី​ព្រះ‌ករុណា​ជា​អម្ចាស់ ចេះ​តែ​តាម​ចាប់​ទូលបង្គំ​ដូច្នេះ? តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី? តើ​ទូលបង្គំ​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ខ្លះ? សូម​ព្រះ‌ករុណា​ជា​អម្ចាស់​មេត្តា​សណ្ដាប់​ពាក្យ​ទូលបង្គំ នៅ​ពេល​នេះ​ផង។ ប្រសិន​បើ​ព្រះ‌អម្ចាស់​ជំរុញ​ព្រះ‌ករុណា​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ទូលបង្គំ នោះ​សូម​ព្រះ‌អម្ចាស់​ទទួល​យក​តង្វាយ​មួយ​ចុះ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ជា​អ្នក​ជំរុញ​ព្រះ‌ករុណា​វិញ សូម​ឲ្យ​ពួក​គេ​ត្រូវ​បណ្ដាសា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដ្បិត​ថ្ងៃ​នេះ ពួក​គេ​បណ្ដេញ​ទូលបង្គំ​មិន​ឲ្យ​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ទុក​ជា​មត៌ក គឺ​ហាក់​ដូច​ជា​ចង់​ដេញ​ទូលបង្គំ​ឲ្យ​ទៅ​គោរព​ព្រះ​ឯ​ទៀត តែ​ទូលបង្គំ​មិន​ចង់​ឲ្យ​គេ​បង្ហូរ​ឈាម​ទូលបង្គំ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់​ឡើយ។ ព្រះ‌មហា‌ក្សត្រ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​តាម​ធ្វើ​សឹក​នឹង​ទូលបង្គំ ដែល​គ្រាន់​តែ​ជា​ចៃ​មួយ​ដ៏​តូច​ប៉ុណ្ណោះ ព្រះ‌ករុណា​ដេញ​តាម​ទូលបង្គំ ដូច​គេ​ដេញ​បាញ់​សត្វ​ទទា​នៅ​លើ​ភ្នំ»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ដាវីឌ កូន​អើយ បិតា​ខុស​ហើយ! ចូរ​វិល​ត្រឡប់​មក​វិញ បិតា​ឈប់​ធ្វើ​បាប​កូន​ទៀត​ហើយ ព្រោះ​ថ្ងៃ​នេះ កូន​បាន​ទុក​ជីវិត​ឲ្យ​បិតា។ បិតា​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​លេ‌លា បិតា​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់»។ លោក​ដាវីឌ​ទូល​ថា៖ «នេះ​ជា​លំពែង​របស់​ព្រះ‌ករុណា! សូម​ចាត់​សេនា​ម្នាក់​ឲ្យ​មក​យក​ទៅ​វិញ​ចុះ! សូម​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ចំពោះ​យើង តាម​សេចក្ដី​សុចរិត និង​ស្មោះ​ត្រង់​របស់​យើង​ម្នាក់ៗ។ ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូលបង្គំ តែ​ទូលបង្គំ​មិន​ព្រម​លើក​ដៃ​ប្រហារ​ស្ដេច​ដែល​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ឡើយ។

១ សាំយូអែល 26:9-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ដាវីឌ​ឃាត់​ថា កុំ​ឲ្យ​បំផ្លាញ​ជីវិត​ទ្រង់​ឡើយ ដ្បិត​តើ​មាន​អ្នក​ឯ​ណា​អាច​នឹង​លូក​ដៃ ទៅ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ ហើយ​ឥត​មាន​ទោស​បាន​ឬ​ទេ ដាវីឌ​ក៏​និយាយ​ទៀត​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រហារ​ជីវិត​ទ្រង់ ឬ​ថ្ងៃ​កំណត់​ដែល​ទ្រង់​ត្រូវ​សុគត​នឹង​មក​ដល់ ឬ​ទ្រង់​នឹង​ចេញ​ទៅ​វិនាស​ក្នុង​ទី​ចំបាំង​ណា​មួយ​ជា​មិន​ខាន សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ឃាត់ កុំ​ឲ្យ​ខ្ញុំ​លូក​ដៃ​ទៅ​ទាស់​នឹង​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ឡើង ដូច្នេះ ចូរ​យក​តែ​លំពែង​ដែល​នៅ​ត្រង់​ក្បាល​ដំណេក​ទ្រង់ នឹង​ក្អម​ទឹក​ប៉ុណ្ណោះ រួច​យើង​វិល​ទៅ​វិញ​ចុះ យ៉ាង​នោះដាវីឌ​ក៏​យក​លំពែងនឹង​ក្អម​ទឹក​ពី​ត្រង់​ក្បាល​ដំណេក​របស់​សូល​ចេញ​បាត់​ទៅ ឥត​មាន​អ្នក​ណា​ឃើញ ឬ​ដឹង​ឡើយ ក៏​គ្មាន​អ្នក​ណា​ភ្ញាក់​ផង ដោយ​គ្រប់​គ្នា​កំពុង​តែ​ដេក​លក់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​លក់​ស៊ប់។ ដាវីឌ​ក៏​ត្រឡប់​ទៅ​ឯ​ខាង​ខ្លួន​វិញ ហើយ​ឈរ​លើ​កំពូល​ភ្នំ​ពី​ចំងាយ មាន​ប្រឡោះ​ធំ​នៅ​ជា​កណ្តាល រួច​ស្រែក​ដាស់​ពួក​បណ្តា​ទ័ព នឹង​អ័ប៊ី‌នើរ ជា​កូន​នើរ​ថា នែ អ័ប៊ី‌នើរ​មិន​ឆ្លើយ​ទេ​ឬ នោះ​អ័ប៊ី‌នើរ​ឆ្លើយ​ឡើង​ថា តើ​អ្នក​ណា​ដែល​ស្រែក​ហៅ​ស្តេច​នោះ ដាវីឌ​ឆ្លើយ​តប​ទៅ​អ័ប៊ី‌នើរ​ថា តើ​ឯង​មិន​មែន​ជា​មនុស្ស​ទេ​ឬ​អី តើ​មាន​អ្នក​ឯ​ណា ក្នុង​បណ្តា​សាសន៍​អ៊ីស្រាអែល ឲ្យ​ដូច​ជា​ឯង​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​រក្សា​ស្តេច ជា​ចៅហ្វាយ​នៃ​ឯង ដ្បិត​មាន​មនុស្ស​ម្នាក់​បាន​ចូល​មក ចង់​បំផ្លាញ​ស្តេច ជា​ចៅហ្វាយ​នៃ​ឯង​ចោល ឯង​ធ្វើ​យ៉ាង​ដូច្នេះ​មិន​ល្អ​ទេ អញ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ឯង​គួរ​ស្លាប់​ហើយ ដោយ​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​រក្សា​ចៅហ្វាយ​របស់​ខ្លួន ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ ឥឡូវ​នេះ ចូរ​ឯង​មើល​លំពែង​របស់​ស្តេច នឹង​ក្អម​ទឹក ដែល​បាន​នៅ​ត្រង់​ក្បាល​ដំណេក​ទ្រង់ នោះ​តើ​នៅ​ឯ​ណា។ រីឯ​សូល ទ្រង់​បាន​ស្គាល់​សំឡេង​ដាវីឌ ហើយ​ក៏​សួរ​ថា ឱ​ដាវីឌ​កូន​អើយ នេះ​ជា​សំឡេង​ឯង​ឬ នោះ​ដាវីឌ​ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូលបង្គំ​អើយ នេះ​ជា​សំឡេង​ទូលបង្គំ​មែន​ហើយ រួច​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូលបង្គំ ដេញ​តាម​ទូលបង្គំ​ជា​បាវ​បំរើ​ទ្រង់​ដូច្នេះ តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី ឬ​មាន​ទោស​យ៉ាង​ណា ដូច្នេះ សូម​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូលបង្គំ ទ្រង់​ព្រះ‌សណ្តាប់​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់​បន្តិច បើ​សិន​ជា​គឺ​ព្រះ‌យេហូវ៉ា ដែល​ញុះ‌ញង់​ព្រះ‌ករុណា​ឲ្យ​ទាស់​នឹង​ទូលបង្គំ នោះ​សូម​ឲ្យ​ទ្រង់​ទទួល​ដង្វាយ​១​ចុះ តែ​បើ​គឺ​ជា​ពួក​មនុស្ស​ជាតិ​វិញ នោះ​សូម​ឲ្យ​គេ​ត្រូវ​បណ្តាសា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​នៅ​ថ្ងៃ​នេះ គេ​បាន​បណ្តេញ​ទូលបង្គំ មិន​ឲ្យ​មាន​ចំណែក​ក្នុង​មរដក​ផង​ព្រះ‌យេហូវ៉ា​ទេ ដោយ​ថា ចូរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ចុះ ដូច្នេះ សូម​កុំ​ឲ្យ​ឈាម​ទូលបង្គំ​បាន​ស្រក់​ចុះ​ទៅ​ដី ឃ្លាត​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​ឡើយ ដ្បិត​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ចេញ​មក ដើម្បី​រក​តែ​ចៃ​ទេ ដូច​ជា​កាល​គេ​ដេញ​តាម​ក្រួច​នៅ​លើ​ភ្នំ​ដែរ។ នោះ​សូល​មាន​បន្ទូល​ថា អញ​បាន​ធ្វើ​បាប ហើយ​ដាវីឌ កូន​អើយ ចូរ​មក​វិញ​ចុះ អញ​លែង​ធ្វើ​បាប​ឯង​ហើយ ពី​ព្រោះ​នៅ​ថ្ងៃ​នេះ ជីវិត​អញ​បាន​ថ្លៃ​វិសេស នៅ​ភ្នែក​ឯង មើល អញ​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដី​ចំកួត ហើយ​ធ្វើ​ខុស​ជា​ខ្លាំង​ណាស់ ដាវីឌ​ទូល​ឆ្លើយ​ថា មើល​នែ នេះ​លំពែង​របស់​ទ្រង់ សូម​ឲ្យ​ពួក​ទ្រង់​ម្នាក់​មក​យក​ទៅ​វិញ​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សង​ដល់​មនុស្ស​តាម​សេចក្ដី​សុចរិត នឹង​សេចក្ដី​ស្មោះ‌ត្រង់​របស់​គេ​រៀង​ខ្លួន ពី​ព្រោះ​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ព្រះ‌ករុណា មក​ក្នុង​កណ្តាប់​ដៃ​ទូលបង្គំ​ហើយ តែ​ទូលបង្គំ​មិន​ព្រម​លូក​ដៃ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ទេ