១ សាំយូអែល 26:7-11 - Compare All Versions
១ សាំយូអែល 26:7-11 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ដូច្នេះ ដាវីឌ និងអ័ប៊ីសាយក៏ចូលទៅក្នុងបណ្ដាទ័ពទាំងយប់ ឃើញស្ដេចសូលកំពុងផ្ទំលក់នៅក្នុងវង់ទីបោះទ័ព មានលំពែងរបស់ទ្រង់ដោតនៅដីត្រង់ក្បាលដំណេក ឯអ័ប៊ីនើរ និងបណ្ដាទ័ពទាំងប៉ុន្មាន គេដេកព័ទ្ធជុំវិញទ្រង់។ នោះអ័ប៊ីសាយជម្រាបដាវីឌថា៖ «នៅថ្ងៃនេះ ព្រះបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃរបស់លោកហើយ ដូច្នេះ សូមអនុញ្ញាតឲ្យខ្ញុំចាក់នឹងលំពែងឲ្យធ្លុះដល់ដីតែម្តងទៅ ដើម្បីកុំឲ្យអំពល់ទៅមុខទៀត»។ ប៉ុន្តែ ដាវីឌឃាត់ថា៖ «កុំបំផ្លាញជីវិតទ្រង់ឡើយ ដ្បិតតើមានអ្នកណាអាចលូកដៃ ទៅទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងនោះ ហើយឥតមានទោសបានឬ?» ដាវីឌនិយាយទៀតថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ព្រះយេហូវ៉ានឹងប្រហារជីវិតទ្រង់ ឬថ្ងៃកំណត់ដែលទ្រង់ត្រូវសុគតនឹងមកដល់ ឬទ្រង់នឹងចេញទៅវិនាសក្នុងទីចម្បាំងណាមួយជាមិនខាន។ សូមព្រះយេហូវ៉ាឃាត់ខ្ញុំ កុំឲ្យលូកដៃទៅទាស់នឹងអ្នកដែលទ្រង់បានចាក់ប្រេងតាំងនោះឡើយ ដូច្នេះ ចូរយកតែលំពែងដែលនៅត្រង់ក្បាលដំណេកទ្រង់ និងក្អមទឹកប៉ុណ្ណោះ រួចយើងវិលទៅវិញ»។
១ សាំយូអែល 26:7-11 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
យប់នោះ លោកដាវីឌ និងលោកអប៊ីសាយ ចូលទៅក្នុងជំរំ ហើយឃើញព្រះបាទសូលផ្ទំនៅកណ្ដាលជំរំ ព្រមទាំងមានលំពែងដោតជាប់នឹងដី ជិតក្បាលដំណេកផង។ រីឯលោកអប៊ីនើរ និងពលទាហាន ដេកលក់នៅជុំវិញស្ដេច។ លោកអប៊ីសាយជម្រាបលោកដាវីឌថា៖ «យប់នេះ ព្រះជាម្ចាស់ប្រគល់សត្រូវរបស់លោកមកក្នុងកណ្ដាប់ដៃរបស់លោកហើយ។ សូមអនុញ្ញាតឲ្យខ្ញុំយកលំពែងចាក់ទម្លុះស្ដេចជាប់នឹងដី ខ្ញុំចាក់តែមួយលំពែង មិនបាច់លើកទីពីរទេ»។ ប៉ុន្តែ លោកដាវីឌមានប្រសាសន៍ទៅលោកអប៊ីសាយថា៖ «ទេ! កុំធ្វើគុតព្រះករុណា ដ្បិតអ្នកណាលើកដៃប្រហារស្ដេចដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក អ្នកនោះមិនអាចរួចខ្លួនឡើយ»។ លោកដាវីឌមានប្រសាសន៍ទៀតថា៖ «ព្រះអម្ចាស់មានព្រះជន្មគង់នៅ! ដូច្នេះ មានតែព្រះអង្គទេដែលផ្ដាច់ជីវិតស្ដេច ដោយឲ្យស្ដេចសុគតមកពីអស់អាយុ ឬសុគតនៅសមរភូមិ។ ប៉ុន្តែ សូមព្រះអម្ចាស់ឃាត់ខ្ញុំ កុំឲ្យលើកដៃប្រហារស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេកនោះឡើយ! ដូច្នេះ ចូរយកតែលំពែងដែលនៅក្បាលដំណេករបស់ស្ដេច និងក្អមទឹកប៉ុណ្ណោះ រួចយើងចេញទៅវិញ!»។
១ សាំយូអែល 26:7-11 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ដូច្នេះ ដាវីឌ នឹងអ័ប៊ីសាយក៏ចូលទៅក្នុងបណ្តាទ័ពទាំងយប់ ឃើញសូលកំពុងផ្ទំលក់នៅក្នុងវង់ទីបោះទ័ព មានលំពែងរបស់ទ្រង់ដោតនៅដីត្រង់ក្បាលដំណេក ឯអ័ប៊ីនើរ នឹងបណ្តាទ័ពទាំងប៉ុន្មាន គេដេកនៅព័ទ្ធជុំវិញទ្រង់ នោះអ័ប៊ីសាយជំរាបដាវីឌថា នៅថ្ងៃនេះ ព្រះទ្រង់បានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃលោកហើយ ដូច្នេះ សូមបើកឲ្យខ្ញុំចាក់នឹងលំពែងឲ្យធ្លុះដល់ដីតែ១ដងទៅ ដើម្បីកុំឲ្យអំពល់ទៅមុខទៀត តែដាវីឌឃាត់ថា កុំឲ្យបំផ្លាញជីវិតទ្រង់ឡើយ ដ្បិតតើមានអ្នកឯណាអាចនឹងលូកដៃ ទៅទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ ហើយឥតមានទោសបានឬទេ ដាវីឌក៏និយាយទៀតថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ព្រះយេហូវ៉ានឹងប្រហារជីវិតទ្រង់ ឬថ្ងៃកំណត់ដែលទ្រង់ត្រូវសុគតនឹងមកដល់ ឬទ្រង់នឹងចេញទៅវិនាសក្នុងទីចំបាំងណាមួយជាមិនខាន សូមឲ្យព្រះយេហូវ៉ាឃាត់ កុំឲ្យខ្ញុំលូកដៃទៅទាស់នឹងអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យឡើង ដូច្នេះ ចូរយកតែលំពែងដែលនៅត្រង់ក្បាលដំណេកទ្រង់ នឹងក្អមទឹកប៉ុណ្ណោះ រួចយើងវិលទៅវិញចុះ