១ សាំយូអែល 26:1-25
១ សាំយូអែល 26:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ ពួកស្រុកស៊ីភបានចូលមកគាល់ស្តេចសូល នៅត្រង់គីបៀរទូលថា៖ «ដាវីឌកំពុងពួននៅក្នុងភ្នំហាគីឡា ដែលនៅប្រទល់មុខនឹងវាលយេស៊ីម៉ូន »។ ដូច្នេះ ស្ដេចសូលបានរៀបចំយាងចុះទៅទីរហោស្ថានស៊ីភ នាំទាំងមនុស្សជ្រើសរើសក្នុងពួកអ៊ីស្រាអែលបីពាន់នាក់ ដើម្បីនឹងរកដាវីឌក្នុងទីរហោស្ថាននោះ។ ស្តេចសូលបានបោះទ័ពនៅលើភ្នំហាគីឡា ដែលនៅប្រទល់មុខនឹងយេស៊ីម៉ូន ក្បែរផ្លូវ។ ប៉ុន្តែ ដាវីឌបានអាស្រ័យនៅក្នុងទីរហោស្ថាននោះដែរ ពេលបានដឹងថាស្តេចសូលតាមលោកដូច្នោះ នោះលោកបានចាត់គេឲ្យទៅស៊ើបមើល ដើម្បីឲ្យដឹងប្រាកដថា ស្ដេចសូលបានយាងមកមែន។ នោះដាវីឌរៀបចំចេញទៅកន្លែងដែលស្ដេចសូលបានបោះទ័ព លោកក៏ឃើញកន្លែងស្ដេចសូល និងអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់ព្រះអង្គបានដេកនៅ ឯស្ដេចសូលបានផ្ទំនៅកណ្ដាលវង់ទីបោះទ័ព ហើយបណ្ដាទ័ពដេកនៅព័ទ្ធជុំវិញ។ ដាវីឌសួរទៅអ័ហ៊ីម៉ាលេក ជាសាសន៍ហេត និងអ័ប៊ីសាយប្អូនយ៉ូអាប់ ជាកូនសេរូយ៉ាថា៖ «តើអ្នកណានឹងចុះទៅកន្លែងស្តេចសូលក្នុងទីបោះទ័ពជាមួយខ្ញុំ?» អ័ប៊ីសាយឆ្លើយថា៖ «ខ្ញុំនឹងចុះទៅជាមួយលោក»។ ដូច្នេះ ដាវីឌ និងអ័ប៊ីសាយក៏ចូលទៅក្នុងបណ្ដាទ័ពទាំងយប់ ឃើញស្ដេចសូលកំពុងផ្ទំលក់នៅក្នុងវង់ទីបោះទ័ព មានលំពែងរបស់ទ្រង់ដោតនៅដីត្រង់ក្បាលដំណេក ឯអ័ប៊ីនើរ និងបណ្ដាទ័ពទាំងប៉ុន្មាន គេដេកព័ទ្ធជុំវិញទ្រង់។ នោះអ័ប៊ីសាយជម្រាបដាវីឌថា៖ «នៅថ្ងៃនេះ ព្រះបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃរបស់លោកហើយ ដូច្នេះ សូមអនុញ្ញាតឲ្យខ្ញុំចាក់នឹងលំពែងឲ្យធ្លុះដល់ដីតែម្តងទៅ ដើម្បីកុំឲ្យអំពល់ទៅមុខទៀត»។ ប៉ុន្តែ ដាវីឌឃាត់ថា៖ «កុំបំផ្លាញជីវិតទ្រង់ឡើយ ដ្បិតតើមានអ្នកណាអាចលូកដៃ ទៅទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងនោះ ហើយឥតមានទោសបានឬ?» ដាវីឌនិយាយទៀតថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ព្រះយេហូវ៉ានឹងប្រហារជីវិតទ្រង់ ឬថ្ងៃកំណត់ដែលទ្រង់ត្រូវសុគតនឹងមកដល់ ឬទ្រង់នឹងចេញទៅវិនាសក្នុងទីចម្បាំងណាមួយជាមិនខាន។ សូមព្រះយេហូវ៉ាឃាត់ខ្ញុំ កុំឲ្យលូកដៃទៅទាស់នឹងអ្នកដែលទ្រង់បានចាក់ប្រេងតាំងនោះឡើយ ដូច្នេះ ចូរយកតែលំពែងដែលនៅត្រង់ក្បាលដំណេកទ្រង់ និងក្អមទឹកប៉ុណ្ណោះ រួចយើងវិលទៅវិញ»។ នោះដាវីឌក៏យកលំពែង និងក្អមទឹកនៅត្រង់ក្បាលដំណេករបស់ស្តេចសូលចេញបាត់ទៅ ឥតមានអ្នកណាឃើញ ឬដឹងឡើយ ក៏គ្មានអ្នកណាភ្ញាក់ដែរ ដ្បិតគ្រប់គ្នាកំពុងដេកលក់ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យគេលក់ស៊ប់។ ដាវីឌបានត្រឡប់ទៅខាងខ្លួនវិញ ហើយឈរលើកំពូលភ្នំពីចម្ងាយ ដោយមានវាលធំមួយនៅកណ្ដាល។ ដាវីឌបានស្រែកហៅពួកបណ្ដាទ័ព និងអ័ប៊ីនើរ ជាកូននើរថា៖ «តើអ័ប៊ីនើរមិនឆ្លើយទេឬ?» អ័ប៊ីនើរឆ្លើយតបថា៖ «តើអ្នកណាដែលស្រែកហៅស្តេចដូច្នេះ?» ដាវីឌឆ្លើយតបទៅអ័ប៊ីនើរថា៖ «តើឯងមិនមែនជាមនុស្សទេឬ? តើមានអ្នកណាដូចជាឯង ក្នុងចំណោមសាសន៍អ៊ីស្រាអែល? ហេតុអ្វីបានជាឯងមិនបានរក្សាស្ដេច ជាចៅហ្វាយរបស់ឯង? ដ្បិតមានមនុស្សម្នាក់បានចូលមក ចង់បំផ្លាញស្តេច ជាចៅហ្វាយរបស់ឯង។ ឯងធ្វើយ៉ាងដូច្នេះមិនល្អទេ យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ឯងគួរតែស្លាប់ ព្រោះអ្នករាល់គ្នាមិនបានរក្សាចៅហ្វាយរបស់ខ្លួន ដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង ឥឡូវនេះ ចូរឯងមើលលំពែងរបស់ស្តេច និងក្អមទឹក ដែលនៅត្រង់ក្បាលដំណេកទ្រង់ តើនៅឯណា?» ស្ដេចសូលបានស្គាល់សំឡេងដាវីឌ ហើយក៏សួរថា៖ «ដាវីឌកូនអើយ នេះជាសំឡេងឯងឬ?»។ ដាវីឌទូលឆ្លើយថា៖ «បពិត្រព្រះករុណា ជាម្ចាស់នៃទូលបង្គំអើយ នេះជាសំឡេងទូលបង្គំមែនហើយ»។ រួចទូលសួរទៀតថា៖ «ហេតុអ្វីបានជាព្រះករុណា ជាម្ចាស់នៃទូលបង្គំ ដេញតាមទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គដូច្នេះ? តើទូលបង្គំបានធ្វើអ្វីខុស? តើទូលបង្គំមានទោសអ្វី? សូមព្រះករុណា ជាម្ចាស់នៃទូលបង្គំ ទ្រង់ព្រះសណ្តាប់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គបន្តិច ប្រសិនបើព្រះយេហូវ៉ា ដែលញុះញង់ព្រះករុណាឲ្យទាស់នឹងទូលបង្គំ នោះសូមទ្រង់ទទួលតង្វាយមួយចុះ តែបើជាពួកមនុស្សទេ នោះសូមឲ្យគេត្រូវបណ្ដាសានៅចំពោះព្រះយេហូវ៉ាចុះ ដ្បិតនៅថ្ងៃនេះ គេបានបណ្តេញទូលបង្គំ មិនឲ្យមានចំណែកក្នុងមត៌ករបស់ព្រះយេហូវ៉ាហើយ ដោយថា "ចូរទៅគោរពប្រតិបត្តិដល់ព្រះដទៃចុះ"។ ដូច្នេះ សូមកុំឲ្យឈាមទូលបង្គំបានស្រក់ចុះទៅដី ឃ្លាតពីចំពោះព្រះយេហូវ៉ាឡើយ ដ្បិតស្តេចនៃសាសន៍អ៊ីស្រាអែលបានចេញមក ដើម្បីរកតែចៃទេ ដូចជាកាលគេដេញតាមក្រួចនៅលើភ្នំដែរ»។ ពេលនោះ ស្ដេចសូលមានរាជឱង្ការថា៖ «យើងបានធ្វើបាបហើយ ដាវីឌកូនអើយ ចូរមកវិញចុះ យើងលែងធ្វើបាបឯងហើយ ព្រោះនៅថ្ងៃនេះ ជីវិតយើងថ្លៃវិសេសនៅចំពោះឯង យើងបានប្រព្រឹត្តដោយសេចក្ដីចម្កួត ហើយធ្វើខុសធ្ងន់ណាស់»។ ដាវីឌទូលឆ្លើយថា៖ «នេះជាលំពែងរបស់ទ្រង់ សូមឲ្យនរណាម្នាក់មកយកទៅវិញចុះ។ ព្រះយេហូវ៉ានឹងសងដល់មនុស្សតាមសេចក្ដីសុចរិត និងសេចក្ដីស្មោះត្រង់របស់គេរៀងខ្លួន ព្រោះនៅថ្ងៃនេះ ព្រះយេហូវ៉ាបានប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំហើយ តែទូលបង្គំមិនព្រមលូកដៃទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឡើយ។ នៅថ្ងៃនេះ ដែលព្រះជន្មរបស់ព្រះករុណាថ្លៃវិសេសនៅចំពោះទូលបង្គំយ៉ាងណា សូមឲ្យជីវិតទូលបង្គំបានថ្លៃវិសេសនៅព្រះនេត្រព្រះយេហូវ៉ាយ៉ាងនោះដែរ ហើយសូមទ្រង់មេត្តាប្រោសឲ្យទូលបង្គំរួចចាកពីសេចក្ដីវេទនាគ្រប់យ៉ាងផង»។ ស្ដេចសូលមានរាជឱង្ការថា៖ «ដាវីឌកូនអើយ សូមព្រះទ្រង់ប្រទានពរដល់ឯងចុះ ឯងនឹងបានធ្វើការយ៉ាងពូកែ ហើយមានជ័យជម្នះផង» រួចដាវីឌក៏ចេញបាត់ទៅ ហើយស្តេចសូលបានវិលត្រឡប់ទៅកន្លែងរបស់ទ្រង់វិញ។
១ សាំយូអែល 26:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អស់អ្នកដែលរស់នៅវាលរហោស្ថានស៊ីភ ចូលទៅគាល់ព្រះបាទសូល នៅគីបៀរ ហើយទូលថា៖ «ដាវីឌលាក់ខ្លួននៅភ្នំហាគីឡា ទល់មុខនឹងវាលយេស៊ីម៉ូន»។ ដូច្នេះ ព្រះបាទសូលក្រោកឡើង ចេញដំណើរឆ្ពោះទៅវាលរហោស្ថានស៊ីភ ដើម្បីតាមចាប់លោកដាវីឌ។ ស្ដេចនាំទាហានដ៏អង់អាចក្នុងចំណោមជនជាតិអ៊ីស្រាអែល ចំនួនបីពាន់នាក់ទៅជាមួយ។ ស្ដេចបោះជំរំក្បែរផ្លូវនៅលើភ្នំហាគីឡា ទល់មុខនឹងវាលយេស៊ីម៉ូន។ លោកដាវីឌរស់នៅក្នុងវាលរហោស្ថាន ហើយឃើញព្រះបាទសូលតាមរកចាប់ខ្លួនលោក នៅវាលរហោស្ថាន លោកក៏ចាត់មនុស្សឲ្យទៅស៊ើបការណ៍ រួចដឹងថា ព្រះបាទសូលយាងមកដល់ប្រាកដមែន។ ពេលនោះ លោកដាវីឌចេញដំណើរទៅដល់ជំរំរបស់ព្រះបាទសូល។ លោកឃើញកន្លែងដែលស្ដេចផ្ទំ ហើយឃើញកន្លែងដែលលោកអប៊ីនើរ ជាកូនរបស់លោកនើរ និងជាមេទ័ពរបស់ស្ដេចសម្រាន្ដដែរ។ ព្រះបាទសូលផ្ទំនៅកណ្ដាលជំរំ ហើយពលទ័ពបោះជំរំជុំវិញ។ លោកដាវីឌមានប្រសាសន៍ទៅកាន់លោកអហ៊ីម៉ាឡេក ជាជនជាតិហេត ព្រមទាំងលោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាប្អូនរបស់លោកយ៉ូអាប់ថា៖ «តើនរណាស្ម័គ្រចិត្តចុះទៅជំរំរបស់ស្ដេចសូលជាមួយខ្ញុំ?»។ លោកអប៊ីសាយឆ្លើយថា៖ «ខ្ញុំស្ម័គ្រចិត្តទៅជាមួយលោក»។ យប់នោះ លោកដាវីឌ និងលោកអប៊ីសាយ ចូលទៅក្នុងជំរំ ហើយឃើញព្រះបាទសូលផ្ទំនៅកណ្ដាលជំរំ ព្រមទាំងមានលំពែងដោតជាប់នឹងដី ជិតក្បាលដំណេកផង។ រីឯលោកអប៊ីនើរ និងពលទាហាន ដេកលក់នៅជុំវិញស្ដេច។ លោកអប៊ីសាយជម្រាបលោកដាវីឌថា៖ «យប់នេះ ព្រះជាម្ចាស់ប្រគល់សត្រូវរបស់លោកមកក្នុងកណ្ដាប់ដៃរបស់លោកហើយ។ សូមអនុញ្ញាតឲ្យខ្ញុំយកលំពែងចាក់ទម្លុះស្ដេចជាប់នឹងដី ខ្ញុំចាក់តែមួយលំពែង មិនបាច់លើកទីពីរទេ»។ ប៉ុន្តែ លោកដាវីឌមានប្រសាសន៍ទៅលោកអប៊ីសាយថា៖ «ទេ! កុំធ្វើគុតព្រះករុណា ដ្បិតអ្នកណាលើកដៃប្រហារស្ដេចដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក អ្នកនោះមិនអាចរួចខ្លួនឡើយ»។ លោកដាវីឌមានប្រសាសន៍ទៀតថា៖ «ព្រះអម្ចាស់មានព្រះជន្មគង់នៅ! ដូច្នេះ មានតែព្រះអង្គទេដែលផ្ដាច់ជីវិតស្ដេច ដោយឲ្យស្ដេចសុគតមកពីអស់អាយុ ឬសុគតនៅសមរភូមិ។ ប៉ុន្តែ សូមព្រះអម្ចាស់ឃាត់ខ្ញុំ កុំឲ្យលើកដៃប្រហារស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេកនោះឡើយ! ដូច្នេះ ចូរយកតែលំពែងដែលនៅក្បាលដំណេករបស់ស្ដេច និងក្អមទឹកប៉ុណ្ណោះ រួចយើងចេញទៅវិញ!»។ លោកដាវីឌយកលំពែង និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ព្រះបាទសូល ហើយនាំគ្នាចាកចេញទៅ ដោយគ្មានទាហានម្នាក់បានឃើញ និងដឹងឡើយ ហើយក៏គ្មាននរណាម្នាក់ភ្ញាក់ដែរ។ ពួកគេដេកលក់ទាំងអស់គ្នា ព្រោះព្រះអម្ចាស់ធ្វើឲ្យពួកគេដេកលង់លក់ ឥតដឹងខ្លួន។ លោកដាវីឌឆ្លងទៅភ្នំម្ខាងទៀត ហើយឡើងទៅឈរលើកំពូលភ្នំ ដែលនៅដាច់ឆ្ងាយពីជំរំ។ លោកស្រែកហៅកងទ័ព រួចហៅលោកអប៊ីនើរ ជាកូនរបស់លោកនើរថា៖ «លោកអប៊ីនើរអើយ ម្ដេចក៏មិនឆ្លើយ!»។ លោកអប៊ីនើរស្រែកសួរវិញថា៖ «តើអ្នកជានរណា បានជាហ៊ានស្រែកហៅព្រះករុណាដូច្នេះ?»។ លោកដាវីឌមានប្រសាសន៍ទៅកាន់លោកអប៊ីនើរថា៖ «តើលោកជាមនុស្សដើមទ្រូងប្រាំហត្ថមែន ឬមិនមែន! នៅស្រុកអ៊ីស្រាអែល មានតែលោកទេដែលប្រសើរជាងគេ ចុះហេតុអ្វីបានជាលោកមិនយាមព្រះករុណា ជាម្ចាស់របស់លោក? ដ្បិតមានប្រជាជនមួយរូបបានលបចូលទៅធ្វើគុតព្រះករុណា ជាម្ចាស់របស់លោក។ ខ្ញុំសុំជម្រាបលោក ក្នុងនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅថា លោកធ្វេសប្រហែសដូច្នេះមិនល្អទេ! ពួកលោកគួរតែស្លាប់ ដោយមិនបានរក្សាការពារម្ចាស់របស់ខ្លួន គឺស្ដេចដែលព្រះអម្ចាស់បានអភិសេក។ មើល! នេះនែ៎ លំពែងរបស់ព្រះករុណា និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ស្ដេច!»។ ព្រះបាទសូលស្គាល់សំឡេងរបស់លោកដាវីឌ ក៏មានរាជឱង្ការថា៖ «ដាវីឌ កូនអើយ! នេះពិតជាសំឡេងកូនមែនឬ?»។ លោកដាវីឌទូលតបថា៖ «បពិត្រព្រះករុណាជាអម្ចាស់! គឺទូលបង្គំមែន!»។ លោកទូលទៀតថា៖ «ហេតុអ្វីព្រះករុណាជាអម្ចាស់ ចេះតែតាមចាប់ទូលបង្គំដូច្នេះ? តើទូលបង្គំបានធ្វើអ្វី? តើទូលបង្គំប្រព្រឹត្តអំពើអាក្រក់អ្វីខ្លះ? សូមព្រះករុណាជាអម្ចាស់មេត្តាសណ្ដាប់ពាក្យទូលបង្គំ នៅពេលនេះផង។ ប្រសិនបើព្រះអម្ចាស់ជំរុញព្រះករុណាឲ្យប្រព្រឹត្តដូច្នេះចំពោះទូលបង្គំ នោះសូមព្រះអម្ចាស់ទទួលយកតង្វាយមួយចុះ ប៉ុន្តែ ប្រសិនបើមនុស្សជាអ្នកជំរុញព្រះករុណាវិញ សូមឲ្យពួកគេត្រូវបណ្ដាសានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដ្បិតថ្ងៃនេះ ពួកគេបណ្ដេញទូលបង្គំមិនឲ្យរស់នៅលើទឹកដី ដែលព្រះអម្ចាស់ប្រទានមកប្រជារាស្ត្ររបស់ព្រះអង្គ ទុកជាមត៌ក គឺហាក់ដូចជាចង់ដេញទូលបង្គំឲ្យទៅគោរពព្រះឯទៀត តែទូលបង្គំមិនចង់ឲ្យគេបង្ហូរឈាមទូលបង្គំឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ឡើយ។ ព្រះមហាក្សត្រនៃជនជាតិអ៊ីស្រាអែលតាមធ្វើសឹកនឹងទូលបង្គំ ដែលគ្រាន់តែជាចៃមួយដ៏តូចប៉ុណ្ណោះ ព្រះករុណាដេញតាមទូលបង្គំ ដូចគេដេញបាញ់សត្វទទានៅលើភ្នំ»។ ព្រះបាទសូលមានរាជឱង្ការថា៖ «ដាវីឌ កូនអើយ បិតាខុសហើយ! ចូរវិលត្រឡប់មកវិញ បិតាឈប់ធ្វើបាបកូនទៀតហើយ ព្រោះថ្ងៃនេះ កូនបានទុកជីវិតឲ្យបិតា។ បិតាបានប្រព្រឹត្តដូចជាមនុស្សលេលា បិតាបានធ្វើខុសយ៉ាងធ្ងន់»។ លោកដាវីឌទូលថា៖ «នេះជាលំពែងរបស់ព្រះករុណា! សូមចាត់សេនាម្នាក់ឲ្យមកយកទៅវិញចុះ! សូមព្រះអម្ចាស់ប្រព្រឹត្តចំពោះយើង តាមសេចក្ដីសុចរិត និងស្មោះត្រង់របស់យើងម្នាក់ៗ។ ថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ តែទូលបង្គំមិនព្រមលើកដៃប្រហារស្ដេចដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកឡើយ។ ថ្ងៃនេះ ព្រះជន្មរបស់ព្រះករុណាមានតម្លៃចំពោះទូលបង្គំយ៉ាងណា សូមឲ្យជីវិតទូលបង្គំក៏មានតម្លៃនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់យ៉ាងនោះដែរ ហើយសូមព្រះអង្គរំដោះទូលបង្គំឲ្យរួចផុតពីគ្រោះកាចសព្វបែបយ៉ាង»។ ព្រះបាទសូលមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «ដាវីឌកូនអើយ សូមព្រះជាម្ចាស់ប្រទានពរដល់កូន! អ្វីៗទាំងប៉ុន្មានដែលកូនធ្វើ មុខជាបានសម្រេចពុំខាន!»។ លោកដាវីឌក៏បន្តដំណើរទៅមុខទៀត រីឯព្រះបាទសូលក៏វិលទៅកាន់ដំណាក់វិញដែរ។
១ សាំយូអែល 26:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ពួកស្រុកស៊ីភគេមកឯសូលនៅ ត្រង់គីបៀរទូលថា ដាវីឌកំពុងតែពួននៅក្នុងភ្នំហាគីឡា ដែលនៅប្រទល់មុខនឹងទីរហោស្ថាន នោះសូលទ្រង់ក៏រៀបចំយាងចុះទៅឯទីរហោស្ថានស៊ីភ នាំទាំងមនុស្សជ្រើសរើសក្នុងពួកអ៊ីស្រាអែល៣ពាន់នាក់ ដើម្បីនឹងរកដាវីឌ ក្នុងទីរហោស្ថាននោះ ទ្រង់បោះទ័ពក្បែរផ្លូវ នៅលើភ្នំហាគីឡា ដែលនៅប្រទល់មុខនឹងទីរហោស្ថាន ឯដាវីឌ លោកអាស្រ័យនៅក្នុងទីរហោស្ថាននោះឯង ក៏ឮថា សូលតាមលោកមកដូច្នោះ នោះលោកចាត់គេឲ្យទៅឈ្លបលបមើល ក៏ដឹងពិតថា សូលបានយាងមកហើយ ដូច្នេះ ដាវីឌរៀបចំចេញទៅឯកន្លែង ដែលសូលបានបោះទ័ពនោះ លោកក៏ឃើញកន្លែងដែលសូល នឹងអ័ប៊ីនើរ កូននើរ ជាមេទ័ពទ្រង់បានដេកនៅ ឯសូលទ្រង់ផ្ទំនៅកណ្តាលវង់ទីបោះទ័ព ហើយបណ្តាទ័ព គេដេកនៅព័ទ្ធជុំវិញ។ នោះដាវីឌសួរទៅអ័ហ៊ីម៉ាលេក ជាសាសន៍ហេត នឹងអ័ប៊ីសាយប្អូនយ៉ូអាប់ ជាកូនសេរូយ៉ាថា តើអ្នកណានឹងចុះទៅឯសូលក្នុងទីបោះទ័ពជាមួយនឹងខ្ញុំ អ័ប៊ីសាយឆ្លើយថា ខ្ញុំនេះនឹងចុះទៅ ដូច្នេះ ដាវីឌ នឹងអ័ប៊ីសាយក៏ចូលទៅក្នុងបណ្តាទ័ពទាំងយប់ ឃើញសូលកំពុងផ្ទំលក់នៅក្នុងវង់ទីបោះទ័ព មានលំពែងរបស់ទ្រង់ដោតនៅដីត្រង់ក្បាលដំណេក ឯអ័ប៊ីនើរ នឹងបណ្តាទ័ពទាំងប៉ុន្មាន គេដេកនៅព័ទ្ធជុំវិញទ្រង់ នោះអ័ប៊ីសាយជំរាបដាវីឌថា នៅថ្ងៃនេះ ព្រះទ្រង់បានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃលោកហើយ ដូច្នេះ សូមបើកឲ្យខ្ញុំចាក់នឹងលំពែងឲ្យធ្លុះដល់ដីតែ១ដងទៅ ដើម្បីកុំឲ្យអំពល់ទៅមុខទៀត តែដាវីឌឃាត់ថា កុំឲ្យបំផ្លាញជីវិតទ្រង់ឡើយ ដ្បិតតើមានអ្នកឯណាអាចនឹងលូកដៃ ទៅទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ ហើយឥតមានទោសបានឬទេ ដាវីឌក៏និយាយទៀតថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ព្រះយេហូវ៉ានឹងប្រហារជីវិតទ្រង់ ឬថ្ងៃកំណត់ដែលទ្រង់ត្រូវសុគតនឹងមកដល់ ឬទ្រង់នឹងចេញទៅវិនាសក្នុងទីចំបាំងណាមួយជាមិនខាន សូមឲ្យព្រះយេហូវ៉ាឃាត់ កុំឲ្យខ្ញុំលូកដៃទៅទាស់នឹងអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យឡើង ដូច្នេះ ចូរយកតែលំពែងដែលនៅត្រង់ក្បាលដំណេកទ្រង់ នឹងក្អមទឹកប៉ុណ្ណោះ រួចយើងវិលទៅវិញចុះ យ៉ាងនោះដាវីឌក៏យកលំពែងនឹងក្អមទឹកពីត្រង់ក្បាលដំណេករបស់សូលចេញបាត់ទៅ ឥតមានអ្នកណាឃើញ ឬដឹងឡើយ ក៏គ្មានអ្នកណាភ្ញាក់ផង ដោយគ្រប់គ្នាកំពុងតែដេកលក់ ពីព្រោះព្រះយេហូវ៉ាទ្រង់បានធ្វើឲ្យគេលក់ស៊ប់។ ដាវីឌក៏ត្រឡប់ទៅឯខាងខ្លួនវិញ ហើយឈរលើកំពូលភ្នំពីចំងាយ មានប្រឡោះធំនៅជាកណ្តាល រួចស្រែកដាស់ពួកបណ្តាទ័ព នឹងអ័ប៊ីនើរ ជាកូននើរថា នែ អ័ប៊ីនើរមិនឆ្លើយទេឬ នោះអ័ប៊ីនើរឆ្លើយឡើងថា តើអ្នកណាដែលស្រែកហៅស្តេចនោះ ដាវីឌឆ្លើយតបទៅអ័ប៊ីនើរថា តើឯងមិនមែនជាមនុស្សទេឬអី តើមានអ្នកឯណា ក្នុងបណ្តាសាសន៍អ៊ីស្រាអែល ឲ្យដូចជាឯងដូច្នេះ ហេតុអ្វីបានជាឯងមិនបានរក្សាស្តេច ជាចៅហ្វាយនៃឯង ដ្បិតមានមនុស្សម្នាក់បានចូលមក ចង់បំផ្លាញស្តេច ជាចៅហ្វាយនៃឯងចោល ឯងធ្វើយ៉ាងដូច្នេះមិនល្អទេ អញស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ឯងគួរស្លាប់ហើយ ដោយព្រោះឯងរាល់គ្នាមិនបានរក្សាចៅហ្វាយរបស់ខ្លួន ដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ ឥឡូវនេះ ចូរឯងមើលលំពែងរបស់ស្តេច នឹងក្អមទឹក ដែលបាននៅត្រង់ក្បាលដំណេកទ្រង់ នោះតើនៅឯណា។ រីឯសូល ទ្រង់បានស្គាល់សំឡេងដាវីឌ ហើយក៏សួរថា ឱដាវីឌកូនអើយ នេះជាសំឡេងឯងឬ នោះដាវីឌទូលឆ្លើយថា បពិត្រព្រះករុណា ជាម្ចាស់នៃទូលបង្គំអើយ នេះជាសំឡេងទូលបង្គំមែនហើយ រួចទូលសួរថា ហេតុអ្វីបានជាព្រះករុណា ជាម្ចាស់នៃទូលបង្គំ ដេញតាមទូលបង្គំជាបាវបំរើទ្រង់ដូច្នេះ តើទូលបង្គំបានធ្វើអ្វី ឬមានទោសយ៉ាងណា ដូច្នេះ សូមព្រះករុណា ជាម្ចាស់នៃទូលបង្គំ ទ្រង់ព្រះសណ្តាប់ទូលបង្គំ ជាបាវបំរើទ្រង់បន្តិច បើសិនជាគឺព្រះយេហូវ៉ា ដែលញុះញង់ព្រះករុណាឲ្យទាស់នឹងទូលបង្គំ នោះសូមឲ្យទ្រង់ទទួលដង្វាយ១ចុះ តែបើគឺជាពួកមនុស្សជាតិវិញ នោះសូមឲ្យគេត្រូវបណ្តាសានៅចំពោះព្រះយេហូវ៉ាចុះ ដ្បិតនៅថ្ងៃនេះ គេបានបណ្តេញទូលបង្គំ មិនឲ្យមានចំណែកក្នុងមរដកផងព្រះយេហូវ៉ាទេ ដោយថា ចូរទៅគោរពប្រតិបត្តិដល់ព្រះដទៃចុះ ដូច្នេះ សូមកុំឲ្យឈាមទូលបង្គំបានស្រក់ចុះទៅដី ឃ្លាតពីចំពោះព្រះយេហូវ៉ាឡើយ ដ្បិតស្តេចនៃសាសន៍អ៊ីស្រាអែលបានចេញមក ដើម្បីរកតែចៃទេ ដូចជាកាលគេដេញតាមក្រួចនៅលើភ្នំដែរ។ នោះសូលមានបន្ទូលថា អញបានធ្វើបាប ហើយដាវីឌ កូនអើយ ចូរមកវិញចុះ អញលែងធ្វើបាបឯងហើយ ពីព្រោះនៅថ្ងៃនេះ ជីវិតអញបានថ្លៃវិសេស នៅភ្នែកឯង មើល អញបានប្រព្រឹត្តដោយសេចក្ដីចំកួត ហើយធ្វើខុសជាខ្លាំងណាស់ ដាវីឌទូលឆ្លើយថា មើលនែ នេះលំពែងរបស់ទ្រង់ សូមឲ្យពួកទ្រង់ម្នាក់មកយកទៅវិញចុះ ព្រះយេហូវ៉ាទ្រង់នឹងសងដល់មនុស្សតាមសេចក្ដីសុចរិត នឹងសេចក្ដីស្មោះត្រង់របស់គេរៀងខ្លួន ពីព្រោះនៅថ្ងៃនេះ ព្រះយេហូវ៉ាទ្រង់បានប្រគល់ព្រះករុណា មកក្នុងកណ្តាប់ដៃទូលបង្គំហើយ តែទូលបង្គំមិនព្រមលូកដៃទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យទេ ហើយដែលព្រះជន្មនៃព្រះករុណា បានថ្លៃវិសេសនៅភ្នែកទូលបង្គំ នៅថ្ងៃនេះយ៉ាងណា នោះសូមឲ្យជីវិតទូលបង្គំបានថ្លៃវិសេសនៅព្រះនេត្រនៃព្រះយេហូវ៉ាយ៉ាងនោះដែរ ហើយសូមទ្រង់មេត្តាប្រោស ឲ្យទូលបង្គំរួចចាកពីគ្រប់ទាំងសេចក្ដីវេទនាផង នោះសូលមានបន្ទូលថា ដាវីឌកូនអើយ សូមព្រះទ្រង់ប្រទានពរដល់ឯងចុះ ឯងនឹងបានធ្វើការយ៉ាងពូកែ ហើយមានជ័យជំនះផង រួចដាវីឌក៏ចេញបាត់ទៅ ហើយសូលទ្រង់ត្រឡប់វិលទៅឯកន្លែងរបស់ទ្រង់វិញ។