១ សាំយូអែល 24:9-12

១ សាំយូអែល 24:9-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដា​វីឌ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ទ្រង់​ស្តាប់​តាម​ពាក្យ​អស់​អ្នក​ដែល​ថា "ដាវីឌ​ចង់​ធ្វើ​ឲ្យ​ទ្រង់​វិនាស"​ដូច្នេះ? ថ្ងៃ​នេះ ព្រះ‌នេត្រ​របស់ព្រះ‌ករុណា​ឃើញ​យ៉ាង​ណា​ហើយ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូល‌បង្គំ នៅ​ក្នុង​រអាង​ភ្នំ​នេះ​ក៏​មាន​អ្នក​ខ្លះ​ប្រាប់​ឲ្យ​ទូល‌បង្គំ​ធ្វើ​គុត​ព្រះ‌ករុណា តែ​ទូល‌បង្គំ​បាន​ប្រណី​ដល់​ទ្រង់​វិញ ដោយ​និយាយ​ថា "ទូល‌បង្គំ​មិន​ព្រម​លើក​ដៃ​ទាស់​នឹង​ចៅ‌ហ្វាយ​របស់​ទូល‌បង្គំ​ឡើយ ដ្បិតស្ដេច​ជាអ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង"។ បពិត្រ​ព្រះ‌បិតា​អើយ សូម​ទត​មើល​មក​នេះ នេះ​ជា​ជាយ​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ដៃ​ទូល‌បង្គំ ព្រោះ​ទូល‌បង្គំ​បាន​គ្រាន់​តែ​កាត់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ តែ​មិន​បាន​សម្លាប់​ទ្រង់​ទេ សូម​ពិចា‌រណា ហើយ​ជ្រាប​ថា គ្មាន​សេចក្ដី​អាក្រក់​ណា ឬ​ការ​ក្បត់​ណា នៅ​ដៃ​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​ក៏​មិន​បាន​ធ្វើ​បាប​ដល់​ទ្រង់​ដែរ ទោះ​បើ​ទ្រង់​លប​ចង់​ចាប់​យក​ជីវិត​ទូល‌បង្គំ​ក៏​ដោយ។ ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជំនុំ​ជម្រះ​រឿង​យើង​ទាំង​ពីរ​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង‌សឹក​នឹង​ទ្រង់ ជំនួស​ទូល‌បង្គំ​ផង តែ​ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ទាស់​នឹង​ទ្រង់​ឡើយ។

១ សាំយូអែល 24:9-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ចេះ​តែ​សណ្ដាប់​ពាក្យ​របស់​អស់​អ្នក​ដែល​ទូល​ស្ដេច​ថា “ដាវីឌ​ចង់​ព្យាបាទ​ព្រះ‌ករុណា”ដូច្នេះ? ព្រះ‌ករុណា​ទត​ឃើញ​ស្រាប់​ហើយ​ថា ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូលបង្គំ កាល​ព្រះ‌ករុណា​នៅ​ក្នុង​រអាង​ភ្នំ​នេះ។ គេ​សុំ​ឲ្យ​ទូលបង្គំ​ធ្វើ​គុត​ព្រះ‌ករុណា តែ​ទូលបង្គំ​មិន​ធ្វើ​តាម​ឡើយ។ ទូលបង្គំ​ពោល​ថា “ខ្ញុំ​មិន​លើក​ដៃ​ប្រហារ​ម្ចាស់​របស់​ខ្ញុំ​ជា​ដាច់​ខាត ដ្បិត​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ទ្រង់​ជា​ស្ដេច​ហើយ”។ បពិត្រ​ព្រះ‌បិតា សូម​ទត​មើល​មក​ជាយ​ព្រះ‌ភូសា ដែល​នៅ​ក្នុង​ដៃ​ទូលបង្គំ​នេះ។ ទូលបង្គំ​គ្រាន់​តែ​កាត់​ជាយ​ព្រះ‌ភូសា តែ​ទូលបង្គំ​មិន​ធ្វើ​គុត​ព្រះអង្គ​ទេ។ ដូច្នេះ សូម​ស្ដេច​ជ្រាប​ឲ្យ​ច្បាស់​ថា ទូលបង្គំ​គ្មាន​គំនិត​អាក្រក់​ចង់​ធ្វើ​គុត ឬ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌បិតា​ឡើយ ហើយ​ទូលបង្គំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​ព្រះអង្គ​ដែរ គឺ​មាន​តែ​ព្រះ‌ករុណា​ប៉ុណ្ណោះ ដែល​ចេះ​តែ​តាម​ប្រហារ​ជីវិត​ទូលបង្គំ។ សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​ចៅ‌ក្រម​កាត់​ក្ដី​ឲ្យ​យើង​ទាំង​ពីរ។ ព្រះ‌អម្ចាស់​នឹង​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ចំពោះ​អំពើ​ដែល​ព្រះ‌ករុណា​ប្រព្រឹត្ត​ដល់​ទូលបង្គំ។ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​មិន​ធ្វើ​គុត​ព្រះ‌ករុណា​ទេ

១ សាំយូអែល 24:9-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហេតុ​អ្វី​បាន​ជា​ទ្រង់​ស្តាប់​តាម​ពាក្យ​របស់​មនុស្ស​ដែល​ថា ដាវីឌ​រក​ធ្វើ​ឲ្យ​វិនាស​ដល់​ទ្រង់​ដូច្នេះ មើល ថ្ងៃ​នេះ​ឯងព្រះ‌នេត្រ​ទ្រង់​ឃើញ​ជា​យ៉ាង​ណា​ហើយ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ទ្រង់​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ទូលបង្គំ នៅ​ក្នុង​រអាង​ភ្នំ​នេះ​ក៏​មាន​អ្នក​ខ្លះ​ប្រាប់​ឲ្យ​ទូលបង្គំ​សំឡាប់​ទ្រង់​ចោល តែ​ទូលបង្គំ​បាន​ប្រណី​ដល់​ទ្រង់​វិញ ដោយ​ថា​ទូលបង្គំ​មិន​ព្រម​លើក​ដៃ​ទាស់​នឹង​ចៅហ្វាយ​នៃ​ទូលបង្គំ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ហើយ មួយ​ទៀត បពិត្រ​ព្រះ‌បិតា​អើយ សូម​ទត​មើល​មក​នេះ នេះ​នែ ជាយ​ព្រះ‌ពស្ត្រ​របស់​ទ្រង់​នៅ​ក្នុង​ដៃ​ទូលបង្គំ​ឯ​ណេះ ដូច្នេះដោយ​ព្រោះ​ទូលបង្គំ​បាន​គ្រាន់​តែ​កាត់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ តែ​មិន​បាន​សំឡាប់​ទ្រង់​ទេ នោះ​សូម​ពិចារណា ហើយ​ជ្រាប​ថា គ្មាន​សេចក្ដី​អាក្រក់​ណា ឬ​ការ​ក្បត់​ណា នៅ​ដៃ​ទូលបង្គំ​ឡើយ ទូលបង្គំ​ក៏​មិន​បាន​ធ្វើ​បាប​ដល់​ទ្រង់​ដែរ ទោះ​បើ​ទ្រង់​លប​ចង់​ចាប់​យក​ជីវិត​ទូលបង្គំ​ក៏​ដោយ ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​ជំនុំ​ជំរះ​រឿង​យើង​ខ្ញុំ​ទាំង​២​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង‌សឹក​នឹង​ទ្រង់ ជំនួស​ទូលបង្គំ​ផង តែ​ទូលបង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ដាក់​លើ​ទ្រង់​ឡើយ