១ សាំយូអែល 24:4-8 - Compare All Versions
១ សាំយូអែល 24:4-8 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ខណៈនោះ ពួកខាងដាវីឌជម្រាបថា៖ «មើល៍! នេះជាថ្ងៃដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោកថា "យើងនឹងប្រគល់ពួកខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃរបស់លោក ហើយលោកនឹងធ្វើសម្រេចតាមតែចិត្តបាន"» ដូច្នេះ ដាវីឌក៏ក្រោកឡើង លបចូលទៅថ្នមៗ កាត់ជាយព្រះពស្ត្ររបស់ស្ដេចសូល។ បន្ទាប់នោះមក ដាវីឌញាប់ញ័រក្នុងចិត្តជាខ្លាំង ដោយព្រោះបានកាត់ជាយព្រះពស្ត្ររបស់ស្តេចសូល។ គាត់និយាយទៅពួកខ្លួនថា៖ «សូមព្រះយេហូវ៉ាឃាត់ កុំឲ្យខ្ញុំប្រព្រឹត្តដូច្នេះដល់ចៅហ្វាយរបស់ខ្ញុំ ដែលព្រះអង្គបានចាក់ប្រេងតាំង ដោយលើកដៃទាស់នឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ»។ ដូច្នេះ ដាវីឌបានឃាត់ពួកខ្លួន មិនឲ្យគេលើកគ្នាទាស់នឹងស្តេចសូលឡើយ។ បន្ទាប់មក ស្ដេចសូលយាងចេញពីរអាងនោះ ហើយបន្តដំណើរទៅមុខទៀត។ ឯដាវីឌក៏ចេញពីរអាងតាមក្រោយ ស្រែកទូលដល់សូលថា៖ «បពិត្រព្រះរាជា ជាម្ចាស់នៃទូលបង្គំអើយ» ពេលស្ដេចសូលបែរទតមកក្រោយ ដាវីឌក៏ក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំស្តេច
១ សាំយូអែល 24:4-8 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
អស់អ្នកដែលនៅជាមួយជម្រាបលោកថា៖ «នេះជាថ្ងៃដែលព្រះអម្ចាស់បានសន្យាជាមួយលោកថា “យើងនឹងប្រគល់បច្ចាមិត្តមកក្នុងកណ្ដាប់ដៃរបស់អ្នក” សូមប្រព្រឹត្តចំពោះស្ដេច តាមលោកយល់ឃើញទៅចុះ»។ លោកដាវីឌក្រោកឡើង លបចូលទៅកាត់ជាយព្រះភូសារបស់ព្រះបាទសូល។ ប៉ុន្តែ ក្រោយពេលកាត់ជាយព្រះភូសារបស់ព្រះបាទសូលរួចហើយ ចិត្តរបស់លោកញាប់ញ័រជាខ្លាំង។ លោកមានប្រសាសន៍ទៅកាន់អស់អ្នកដែលនៅជាមួយលោកថា៖ «សូមព្រះអម្ចាស់ទប់ខ្ញុំ កុំឲ្យធ្វើគុតម្ចាស់របស់ខ្ញុំ ដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកជាស្ដេចនេះឡើយ គឺខ្ញុំមិនត្រូវលើកដៃប្រហារព្រះរាជា ដែលព្រះអម្ចាស់បានតែងតាំងជាស្ដេចនេះទេ»។ លោកដាវីឌបានឃាត់ពួកលោក ដោយសារពាក្យសម្ដីទាំងនោះ គឺលោកហាមពួកគេមិនឲ្យធ្វើគុតព្រះបាទសូល។ ព្រះបាទសូលយាងចេញពីរអាងភ្នំ បន្តដំណើរទៅមុខទៀត។ បន្តិចក្រោយមក លោកដាវីឌក្រោកឡើងចេញពីរអាងភ្នំ ហើយស្រែកពីក្រោយព្រះបាទសូលថា៖ «ព្រះករុណាជាអម្ចាស់នៃទូលបង្គំ!»។ ព្រះបាទសូលងាកមក លោកដាវីឌឱនមុខចុះ ក្រាបដល់ដី ថ្វាយបង្គំស្ដេច។
១ សាំយូអែល 24:4-8 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ខណនោះ ពួកខាងដាវីឌជំរាបថា មើល នេះហើយជាថ្ងៃដែលព្រះយេហូវ៉ាទ្រង់បានមានបន្ទូលនឹងលោកថា ទ្រង់នឹងប្រគល់ពួកខ្មាំងសត្រូវមកក្នុងកណ្តាប់ដៃនៃលោក នោះលោកនឹងធ្វើសំរេចតាមតែចិត្តបាន ដូច្នេះដាវីឌក៏ក្រោកឡើងលបចូលទៅថ្នមៗ កាត់ផ្តាច់ជាយព្រះពស្ត្ររបស់សូលចេញ តែបន្ទាប់នោះមក នោះដាវីឌក៏មានសេចក្ដីឈឺចិត្តស្តាយ ដោយព្រោះបានកាត់ជាយព្រះពស្ត្ររបស់សូល រួចនិយាយនឹងពួកខ្លួនថា សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យខ្ញុំប្រព្រឹត្តដូច្នេះ ដល់ចៅហ្វាយរបស់ខ្ញុំ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ គឺដែលខ្ញុំនឹងលើកដៃទាស់នឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ គឺដោយពាក្យយ៉ាងនោះឯង ដែលដាវីឌបានឃាត់ពួកខ្លួន មិនឲ្យគេលើកគ្នាទាស់នឹងសូលឡើយ រួចមកសូលក្រោកឡើងចេញពីរអាងយាងតាមផ្លូវទ្រង់ទៅ។ ឯដាវីឌ ក៏ក្រោកឡើងចេញពីរអាង តាមក្រោយស្រែកទូលដល់សូលថា បពិត្រព្រះរាជា ជាម្ចាស់នៃទូលបង្គំអើយ រួចកាលសូលបែរទតមកក្រោយ នោះដាវីឌក៏ក្រាបចុះផ្កាប់មុខដល់ដីថ្វាយបង្គំទូលថា