១ សាំយូអែល 23:1-5

១ សាំយូអែល 23:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ មាន​គេ​មក​ជម្រាប​ដាវីឌ​ថា៖ «ពួក​ភីលី‌ស្ទីន គេ​មក​ច្បាំង​នឹង​ក្រុង​កៃឡា គេ​កំពុង​តែ​ប្លន់​យក​ស្រូវ​ពី​លាន​ទាំង​ប៉ុន្មាន​ហើយ»។ ដូច្នេះ ដាវីឌ​ក៏​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា៖ «តើ​ទូល‌បង្គំ​ត្រូវ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន​នោះ​ឬ​ទេ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន ហើយ​សង្គ្រោះ​ពួក​កៃឡា​ចុះ»។ តែ​ពួក​មនុស្ស​របស់​ដាវីឌ គេ​និយាយ​ឡើង​ថា៖ «មើល៍ នៅ​ក្នុង​ស្រុក​យូដា​នេះ យើង​មាន​សេចក្ដី​ភ័យ​ខ្លាច​ទៅ​ហើយ ចំណង់​បើ​យើង​ទៅ​ដល់​កៃឡា ទាស់​នឹង​ពួក​ពល​ទ័ព​នៃ​សាសន៍​ភីលី‌ស្ទីន​នោះ តើ​នឹង​ភ័យ​ជា​ជាង​យ៉ាង​ណា​ទៅ​ទៀត?» ដាវីឌ​ក៏​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ម្តង​ទៀត ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ចូរ​រៀបចំ​ចុះ​ទៅ​កៃឡា​ចុះ ដ្បិត​យើង​នឹង​ប្រគល់​ពួក​ភីលី‌ស្ទីន​នោះ មក​ក្នុង​កណ្ដាប់​ដៃ​ឯង​ហើយ»។ នោះ​ដាវីឌ និង​ពួក​លោក ក៏​ទៅ​កៃឡា ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន ហើយ​ចាប់​យក​បាន​ហ្វូង​សត្វ​របស់​គេ ព្រម​ទាំង​ប្រហារ​ជីវិត​គេ​យ៉ាង​សម្បើម គឺ​យ៉ាង​នោះ​ហើយ​ដែល​ដាវីឌ​បាន​ជួយ​សង្គ្រោះ​ដល់​ពួក​អ្នក​នៅ​កៃឡា។

១ សាំយូអែល 23:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​មួយ មាន​មនុស្ស​ម្នាក់​មក​ប្រាប់​លោក​ដាវីឌ​ថា៖ «ពួក​ភីលីស្ទីន​មក​វាយ​ក្រុង​កៃឡា ហើយ​ប្លន់​យក​ស្រូវ​ពី​លាន​បោក​បែន»។ លោក​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ចេញ​ទៅ​វាយ​ពួក​ភីលីស្ទីន​ទាំង​នោះ​ឬ​ទេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​រំដោះ​ក្រុង​កៃឡា​ចុះ!»។ ប៉ុន្តែ អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ដាវីឌ ជម្រាប​លោក​ថា៖ «នៅ​ស្រុក​យូដា​នេះ យើង​ភ័យ​ខ្លាច​ទៅ​ហើយ ចុះ​ទម្រាំ​បើ​យើង​ទៅ​ក្រុង​កៃឡា ប្រយុទ្ធ​នឹង​ទ័ព​ភីលីស្ទីន​នោះ តើ​យើង​រឹត​តែ​ភ័យ​យ៉ាង​ណា​ទៅ​ទៀត?»។ លោក​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ជា​ថ្មី ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​វិញ​ថា៖ «ចូរ​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា​ចុះ យើង​ប្រគល់​ពួក​ភីលីស្ទីន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ»។ លោក​ដាវីឌ និង​អ្នក​ដែល​នៅ​ជា​មួយ​លោក​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា ហើយ​វាយ​ពួក​ភីលីស្ទីន។ ពួក​គេ​ដណ្ដើម​បាន​ហ្វូង​សត្វ ព្រម​ទាំង​ធ្វើ​ឲ្យ​ពួក​ភីលីស្ទីន​បរា‌ជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ។ លោក​ដាវីឌ​រំដោះ​អ្នក​ក្រុង​កៃឡា តាម​របៀប​នេះ​ឯង។

១ សាំយូអែល 23:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ មាន​គេ​មក​ជំរាប​ដាវីឌ​ថា ឥឡូវ​ពួក​ភីលីស្ទីន គេ​មក​ច្បាំង​នឹង​ក្រុង​កៃឡា គេ​កំពុង​តែ​ប្លន់​យក​ស្រូវ​ពី​លាន​ទាំង​ប៉ុន្មាន​ហើយ ដូច្នេះ ដាវីឌ​ក៏​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ទៅ​វាយ​ពួក​ភីលីស្ទីន​នោះ​ឬ​ទេ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​ជួយ​សង្គ្រោះ​ពួក​កៃឡា​ចុះ តែ​ពួក​មនុស្ស​របស់​ដាវីឌ គេ​និយាយ​ឡើង​ថា មើល នៅ​ក្នុង​ស្រុក​យូដា​នេះ យើង​មាន​សេចក្ដី​ភ័យ​ខ្លាច​ទៅ​ហើយ ចំណង់​បើ​យើង​ទៅ​ដល់​កៃឡា ទាស់​នឹង​ពួក​ពល​ទ័ព​នៃ​សាសន៍​ភីលីស្ទីន នោះ​តើ​នឹង​ភ័យ​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត ដាវីឌ​ក៏​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ម្តង​ទៀត ហើយ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​រៀបចំ​ចុះ​ទៅ​ឯ​កៃឡា​ចុះ ដ្បិត​អញ​នឹង​ប្រគល់​ពួក​ភីលីស្ទីន​នោះ មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ នោះ​ដាវីឌ នឹង​ពួក​លោក ក៏​ទៅ​ឯ​កៃឡា ច្បាំង​នឹង​ពួក​ភីលីស្ទីន ហើយ​ចាប់​យក​បាន​ហ្វូង​សត្វ​របស់​គេ ព្រម​ទាំង​ប្រហារ​សំឡាប់​គេ​យ៉ាង​សំបើម គឺ​យ៉ាង​នោះ​ហើយ​ដែល​ដាវីឌ​បាន​ជួយ​សង្គ្រោះ​ដល់​ពួក​អ្នក​នៅ​កៃឡា