១ សាំយូអែល 23:1-18
១ សាំយូអែល 23:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ មានគេមកជម្រាបដាវីឌថា៖ «ពួកភីលីស្ទីន គេមកច្បាំងនឹងក្រុងកៃឡា គេកំពុងតែប្លន់យកស្រូវពីលានទាំងប៉ុន្មានហើយ»។ ដូច្នេះ ដាវីឌក៏ទូលសួរព្រះយេហូវ៉ាថា៖ «តើទូលបង្គំត្រូវទៅវាយពួកភីលីស្ទីននោះឬទេ?» ព្រះយេហូវ៉ាមានព្រះបន្ទូលឆ្លើយថា៖ «ចូរទៅវាយពួកភីលីស្ទីន ហើយសង្គ្រោះពួកកៃឡាចុះ»។ តែពួកមនុស្សរបស់ដាវីឌ គេនិយាយឡើងថា៖ «មើល៍ នៅក្នុងស្រុកយូដានេះ យើងមានសេចក្ដីភ័យខ្លាចទៅហើយ ចំណង់បើយើងទៅដល់កៃឡា ទាស់នឹងពួកពលទ័ពនៃសាសន៍ភីលីស្ទីននោះ តើនឹងភ័យជាជាងយ៉ាងណាទៅទៀត?» ដាវីឌក៏ទូលសួរដល់ព្រះយេហូវ៉ាម្តងទៀត ហើយព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «ចូររៀបចំចុះទៅកៃឡាចុះ ដ្បិតយើងនឹងប្រគល់ពួកភីលីស្ទីននោះ មកក្នុងកណ្ដាប់ដៃឯងហើយ»។ នោះដាវីឌ និងពួកលោក ក៏ទៅកៃឡា ច្បាំងនឹងពួកភីលីស្ទីន ហើយចាប់យកបានហ្វូងសត្វរបស់គេ ព្រមទាំងប្រហារជីវិតគេយ៉ាងសម្បើម គឺយ៉ាងនោះហើយដែលដាវីឌបានជួយសង្គ្រោះដល់ពួកអ្នកនៅកៃឡា។ កាលអ័បៀថើរ ជាកូនអ័ហ៊ីម៉ាលេក បានរត់ទៅឯដាវីឌនៅត្រង់កៃឡា នោះលោកក៏យកអេផូឌមួយ ជាប់ទៅជាមួយដែរ។ មានគេទូលដល់សូលថា៖ «ដាវីឌបានចូលទៅក្នុងក្រុងកៃឡាហើយ» ដូច្នេះ ស្ដេចសូលមានរាជឱង្ការថា៖ «ព្រះបានប្រគល់វាមកក្នុងកណ្ដាប់ដៃយើង ដ្បិតវាទាល់ច្រកហើយ ដោយចូលទៅក្នុងទីក្រុងដែលមានទ្វារ និងរនុកដូច្នេះ»។ ស្ដេចសូលក៏ប្រមូលទ័ពទាំងអស់ឲ្យទៅច្បាំង ដើម្បីចុះទៅក្រុងកៃឡា ឡោមព័ទ្ធចាប់ដាវីឌ និងពួករបស់លោក។ ដាវីឌជ្រាបថា ស្ដេចសូលគិតការអាក្រក់ទាស់នឹងលោក លោកក៏មានប្រសាសន៍ទៅកាន់សង្ឃអ័បៀថើរថា៖ «សូមយកអេផូឌមក»។ រួចដាវីឌទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គបានឮប្រាកដថា ស្ដេចសូលចង់មកដល់កៃឡា ដើម្បីនឹងរំលាងបំផ្លាញក្រុងនេះ ដោយព្រោះទូលបង្គំហើយ ដូច្នេះ តើមនុស្សនៅក្រុងកៃឡានឹងប្រគល់ទូលបង្គំទៅក្នុងកណ្ដាប់ដៃសូលឬ? តើសូលនឹងចុះមក ដូចជាទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គបានឮមែនឬ? ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមព្រះអង្គប្រាប់ឲ្យទូលបង្គំជាអ្នកបម្រើបានដឹងផង»។ នោះព្រះយេហូវ៉ាឆ្លើយថា៖ «ស្ដេចនឹងចុះមកមែន»។ រួចដាវីឌទូលសួរថា៖ «តើពួកកៃឡានឹងប្រគល់ទូលបង្គំ និងពួកទូលបង្គំនេះ ទៅក្នុងកណ្ដាប់ដៃសូលដែរឬ?» នោះព្រះយេហូវ៉ាឆ្លើយថា៖ «គេនឹងប្រគល់ឯងទៅមែន» ដូច្នេះ ដាវីឌ និងពួកលោកដែលមានចំនួនប្រហែលជាប្រាំមួយរយនាក់ គេក៏ឡើងចេញពីកៃឡា ទៅកន្លែងមួយទៀត ហើយមានគេទូលដល់សូលថា ដាវីឌបានរត់ពីកៃឡាទៅបាត់ហើយ នោះទ្រង់ក៏លែងគិតទៅ។ ដាវីឌបានពួននៅក្នុងជម្រកលាក់ខ្លួន ក្នុងទីរហោស្ថាន ក៏នៅតែក្នុងស្រុកភ្នំនៃទីរហោស្ថានស៊ីភនោះ ចំណែកស្តេចសូលចេះតែរកលោករាល់តែថ្ងៃជានិច្ច តែព្រះមិនប្រគល់លោកទៅក្នុងកណ្ដាប់ដៃរបស់ស្តេចឡើយ។ ដាវីឌក៏ឃើញថា ស្ដេចសូលបានចេញមករកជីវិតខ្លួនដែរ បានជាលោកនៅជាប់តែក្នុងទីរហោស្ថានស៊ីភ ត្រង់ហូរ៉េសានោះ។ ឯយ៉ូណាថាន ជាបុត្រាសូល ក៏ចេញទៅរកដាវីឌនៅហូរ៉េសា ជួយចម្រើនឲ្យមានសេចក្ដីសង្ឃឹមក្នុងព្រះឡើង។ លោកមានប្រសាសន៍ថា៖ «កុំខ្លាចឡើយ ដ្បិតដៃរបស់បិតាខ្ញុំនឹងរាវរកអ្នកមិនឃើញទេ អ្នកនឹងបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយខ្ញុំនឹងធ្វើជាអ្នកទីពីរបន្ទាប់អ្នក ដំណើរនេះ បិតាខ្ញុំក៏បានជ្រាបដែរ»។ នោះអ្នកទាំងពីរក៏តាំងសញ្ញានឹងគ្នានៅចំពោះព្រះយេហូវ៉ា រួចដាវីឌក៏ស្នាក់នៅហូរ៉េសានោះទៅ តែយ៉ូណាថានវិលទៅឯលំនៅរបស់លោកវិញ។
១ សាំយូអែល 23:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ មានមនុស្សម្នាក់មកប្រាប់លោកដាវីឌថា៖ «ពួកភីលីស្ទីនមកវាយក្រុងកៃឡា ហើយប្លន់យកស្រូវពីលានបោកបែន»។ លោកដាវីឌទូលសួរព្រះអម្ចាស់ថា៖ «តើទូលបង្គំត្រូវចេញទៅវាយពួកភីលីស្ទីនទាំងនោះឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរចេញទៅវាយពួកភីលីស្ទីន ហើយរំដោះក្រុងកៃឡាចុះ!»។ ប៉ុន្តែ អស់អ្នកដែលនៅជាមួយលោកដាវីឌ ជម្រាបលោកថា៖ «នៅស្រុកយូដានេះ យើងភ័យខ្លាចទៅហើយ ចុះទម្រាំបើយើងទៅក្រុងកៃឡា ប្រយុទ្ធនឹងទ័ពភីលីស្ទីននោះ តើយើងរឹតតែភ័យយ៉ាងណាទៅទៀត?»។ លោកដាវីឌទូលសួរព្រះអម្ចាស់ជាថ្មី ព្រះអង្គមានព្រះបន្ទូលមកលោកវិញថា៖ «ចូរក្រោកឡើងចេញដំណើរទៅក្រុងកៃឡាចុះ យើងប្រគល់ពួកភីលីស្ទីនមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ លោកដាវីឌ និងអ្នកដែលនៅជាមួយលោកចេញដំណើរទៅក្រុងកៃឡា ហើយវាយពួកភីលីស្ទីន។ ពួកគេដណ្ដើមបានហ្វូងសត្វ ព្រមទាំងធ្វើឲ្យពួកភីលីស្ទីនបរាជ័យយ៉ាងធ្ងន់ធ្ងរ។ លោកដាវីឌរំដោះអ្នកក្រុងកៃឡា តាមរបៀបនេះឯង។ កាលលោកអបៀថើរជាកូនរបស់លោកអហ៊ីម៉ាឡេក ភៀសខ្លួនមកជ្រកជាមួយលោកដាវីឌនៅក្រុងកៃឡា លោកបាននាំអាវអេផូដ*មកជាមួយផង។ មានគេមកទូលព្រះបាទសូលថា លោកដាវីឌបានទៅដល់ក្រុងកៃឡា។ ព្រះបាទសូលក៏មានរាជឱង្ការថា៖ «ព្រះជាម្ចាស់ប្រគល់វាមកក្នុងកណ្ដាប់ដៃរបស់យើងហើយ ដ្បិតវាបានឃុំខ្លួនឯង ដោយចូលទៅក្នុងក្រុងដែលមានទ្វារ និងរនុក»។ ព្រះបាទសូលប្រមូលកងទ័ពទាំងមូល ដើម្បីទៅឡោមព័ទ្ធចាប់លោកដាវីឌ និងបក្សពួកនៅក្រុងកៃឡា។ លោកដាវីឌជ្រាបអំពីគម្រោងការអាក្រក់ដែលព្រះបាទសូលគ្រោងទុក ដើម្បីប្រឆាំងនឹងលោក លោកក៏សុំឲ្យបូជាចារ្យអបៀថើរយកអាវអេផូដមក ដើម្បីទូលសួរព្រះអម្ចាស់។ លោកដាវីឌទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ទូលបង្គំឮថា ព្រះបាទសូលបម្រុងនឹងមកក្រុងកៃឡា ដើម្បីកម្ទេចក្រុងនេះ ព្រោះតែទូលបង្គំ។ តើអ្នកក្រុងកៃឡានឹងប្រគល់ទូលបង្គំទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទសូលឬទេ? តើស្ដេចនឹងយាងមកវាយក្រុងនេះ ដូចគេប្រាប់ទូលបង្គំនោះមែនឬទេ។ ឱព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ សូមមេត្តាប្រាប់ឲ្យទូលបង្គំដឹងផង!»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ស្ដេចសូលនឹងមកមែន»។ លោកដាវីឌទូលសួរទៀតថា៖ «តើអ្នកក្រុងកៃឡានេះនឹងប្រគល់ទូលបង្គំ ព្រមទាំងអស់អ្នកដែលនៅជាមួយទូលបង្គំ ទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទសូលឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពួកគេនឹងប្រគល់មែន!»។ ពេលនោះ លោកដាវីឌ ព្រមទាំងអស់អ្នកដែលនៅជាមួយលោក មានចំនួនទាំងអស់ប្រមាណប្រាំមួយរយនាក់ ក៏ចាកចេញពីក្រុងកៃឡា ហើយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ មានគេទូលព្រះបាទសូលថា លោកដាវីឌបានរត់គេចចេញពីក្រុងកៃឡាហើយ ដូច្នេះ ស្ដេចក៏លែងដេញតាមលោកដាវីឌ។ លោកដាវីឌទៅពួននៅតាមវាលរហោស្ថានស៊ីភ ត្រង់កន្លែងដែលពិបាកទៅដល់ ហើយរស់នៅតាមតំបន់ភ្នំក្នុងវាលរហោស្ថាននោះ។ ព្រះបាទសូលតាមរកលោកដាវីឌជានិច្ច តែព្រះជាម្ចាស់មិនប្រគល់លោកដាវីឌទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចឡើយ។ លោកដាវីឌដឹងថា ព្រះបាទសូលតែងលើកទ័ពស្វែងរកសម្លាប់លោក ដូច្នេះ លោកស្នាក់នៅហូរ៉េសា ក្នុងវាលរហោស្ថានស៊ីភ។ ថ្ងៃមួយ សម្ដេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសូល បានទៅជួបលោកដាវីឌនៅហូរ៉េសា ដើម្បីលើកទឹកចិត្តលោកឲ្យពឹងផ្អែកលើព្រះជាម្ចាស់ ដោយពោលថា៖ «កុំខ្លាចអ្វីឡើយ! ព្រះបាទសូល ជាបិតាខ្ញុំ មិនអាចធ្វើអ្វីលោកប្អូនទេ ដ្បិតលោកប្អូននឹងសោយរាជ្យលើជនជាតិអ៊ីស្រាអែល រីឯខ្ញុំវិញ ខ្ញុំគ្រាន់តែជាអ្នកបន្ទាប់ពីលោកប្អូនប៉ុណ្ណោះ។ ព្រះបាទសូលជាបិតាខ្ញុំ ក៏ជ្រាបការនេះដែរ»។ លោកទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នា នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់។ បន្ទាប់មក សម្ដេចយ៉ូណាថានវិលត្រឡប់មកកាន់ទីលំនៅវិញ រីឯលោកដាវីឌស្នាក់នៅហូរ៉េសាដដែល។
១ សាំយូអែល 23:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ មានគេមកជំរាបដាវីឌថា ឥឡូវពួកភីលីស្ទីន គេមកច្បាំងនឹងក្រុងកៃឡា គេកំពុងតែប្លន់យកស្រូវពីលានទាំងប៉ុន្មានហើយ ដូច្នេះ ដាវីឌក៏ទូលសួរព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំទៅវាយពួកភីលីស្ទីននោះឬទេ ព្រះយេហូវ៉ាទ្រង់មានបន្ទូលឆ្លើយថា ចូរទៅវាយពួកភីលីស្ទីន ហើយជួយសង្គ្រោះពួកកៃឡាចុះ តែពួកមនុស្សរបស់ដាវីឌ គេនិយាយឡើងថា មើល នៅក្នុងស្រុកយូដានេះ យើងមានសេចក្ដីភ័យខ្លាចទៅហើយ ចំណង់បើយើងទៅដល់កៃឡា ទាស់នឹងពួកពលទ័ពនៃសាសន៍ភីលីស្ទីន នោះតើនឹងភ័យជាជាងអំបាលម៉ានទៅទៀត ដាវីឌក៏ទូលសួរដល់ព្រះយេហូវ៉ាម្តងទៀត ហើយទ្រង់មានបន្ទូលឆ្លើយថា ចូររៀបចំចុះទៅឯកៃឡាចុះ ដ្បិតអញនឹងប្រគល់ពួកភីលីស្ទីននោះ មកក្នុងកណ្តាប់ដៃឯងហើយ នោះដាវីឌ នឹងពួកលោក ក៏ទៅឯកៃឡា ច្បាំងនឹងពួកភីលីស្ទីន ហើយចាប់យកបានហ្វូងសត្វរបស់គេ ព្រមទាំងប្រហារសំឡាប់គេយ៉ាងសំបើម គឺយ៉ាងនោះហើយដែលដាវីឌបានជួយសង្គ្រោះដល់ពួកអ្នកនៅកៃឡា រីឯកាលអ័បៀថើរ ជាកូនអ័ហ៊ីម៉ាលេក បានរត់ទៅឯដាវីឌនៅត្រង់កៃឡា នោះលោកក៏យកអេផូឌ១ ជាប់ទៅជាមួយដែរ។ មានគេទូលដល់សូលថា ដាវីឌបានចូលទៅក្នុងក្រុងកៃឡាហើយ ដូច្នេះសូលមានបន្ទូលថា ព្រះទ្រង់បានប្រគល់វាមកក្នុងកណ្តាប់ដៃអញ ដ្បិតវាទាល់ផ្លូវរួចហើយ ដោយចូលទៅក្នុងទីក្រុងដែលមានទ្វារនឹងរនុកផង រួចសូលទ្រង់ក៏ហៅបណ្តាទ័ពទាំងឡាយ ឲ្យប្រជុំគ្នាធ្វើចំបាំង ដើម្បីនឹងចុះទៅឡោមព័ទ្ធចាប់ដាវីឌ ហើយនឹងពួកលោកនៅកៃឡានោះ ឯដាវីឌក៏ជ្រាបថា សូលគិតការអាក្រក់ទាស់នឹងខ្លួនដែរ បានជាលោកជំរាបដល់អ័បៀថើរដ៏ជាសង្ឃថា សូមយកអេផូឌមក រួចដាវីឌទូលថា ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ទូលបង្គំជាបាវបំរើទ្រង់ បានឮប្រាកដថា សូលចង់មកដល់កៃឡា ដើម្បីនឹងរំលាងបំផ្លាញក្រុងនេះ ដោយព្រោះទូលបង្គំហើយ ដូច្នេះ តើពួកមនុស្សនៅកៃឡានេះ នឹងប្រគល់ទូលបង្គំទៅក្នុងកណ្តាប់ដៃសូលឬអី តើសូលនឹងចុះមកតាម ដូចជាទូលបង្គំជាបាវទ្រង់បានឮនោះឬអី ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់ប្រាប់ឲ្យទូលបង្គំជាបាវបានដឹងផង នោះព្រះយេហូវ៉ាទ្រង់ឆ្លើយថា នឹងចុះមកមែន រួចដាវីឌទូលសួរថា តើពួកកៃឡានឹងប្រគល់ទូលបង្គំ ហើយនឹងពួកទូលបង្គំនេះ ទៅក្នុងកណ្តាប់ដៃនៃសូលដែរឬអី នោះព្រះយេហូវ៉ាទ្រង់ឆ្លើយថា គេនឹងប្រគល់ឯងទៅមែន ដូច្នេះ ដាវីឌ ហើយនឹងពួកលោកដែលមានចំនួនប្រហែលជា៦០០នាក់ គេក៏ឡើងចេញពីកៃឡា ទៅឯកន្លែង១ទៀត ហើយមានគេទូលដល់សូលថា ដាវីឌបានរត់ពីកៃឡាទៅបាត់ហើយ នោះទ្រង់ក៏លែងគិតទៅ ឯដាវីឌលោកអាស្រ័យនៅទីពំនួន ក្នុងទីរហោស្ថាន ក៏នៅតែក្នុងស្រុកភ្នំនៃទីរហោស្ថានស៊ីភនោះ ចំណែកសូលទ្រង់ចេះតែរកលោករាល់តែថ្ងៃជានិច្ច តែព្រះទ្រង់មិនប្រគល់លោកទៅក្នុងកណ្តាប់ដៃនៃស្តេចឡើយ។ ដាវីឌក៏ឃើញថា សូលទ្រង់បានចេញមករកជីវិតខ្លួនដែរ បានជាលោកនៅជាប់តែក្នុងព្រៃនៅទីរហោស្ថានស៊ីភនោះ ឯយ៉ូណាថាន ជាបុត្រាសូល ក៏ចេញទៅឯដាវីឌនៅក្នុងព្រៃ ជួយចំរើនឲ្យមានសេចក្ដីសង្ឃឹមក្នុងព្រះឡើង លោកមានប្រសាសន៍ថា កុំឲ្យខ្លាចឡើយ ដ្បិតដៃរបស់បិតាខ្ញុំនឹងរាវរកអ្នកមិនឃើញទេ អ្នកនឹងបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយខ្ញុំនឹងបានជាបន្ទាប់របស់អ្នក ដំណើរនេះ បិតាខ្ញុំក៏បានជ្រាបដែរ នោះអ្នកទាំង២ក៏ចុះសញ្ញាគ្នានៅចំពោះព្រះយេហូវ៉ា រួចដាវីឌក៏នៅតែក្នុងព្រៃនោះទៅ តែយ៉ូណាថានលោកវិលទៅឯលំនៅរបស់លោកវិញ។