១ សាំយូអែល 22:1-4
១ សាំយូអែល 22:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដាវីឌក៏ចេញពីទីនោះ ភៀសខ្លួនទៅក្នុងរអាងអាឌូឡាម កាលពួកបងប្អូន និងគ្រួសាររបស់ឪពុកលោកទាំងប៉ុន្មានបានដឹង នោះគេក៏នាំគ្នាចុះទៅរកលោកនៅទីនោះ។ អស់អ្នកណាដែលមានសេចក្ដីវេទនា និងអស់អ្នកណាដែលជាប់បំណុល និងអស់អ្នកណាដែលមានសេចក្ដីជូរជ្រេញក្នុងចិត្ត គេក៏ប្រមូលគ្នាទៅជួបលោក មានចំនួនប្រហែលជាបួនរយនាក់នៅជាមួយលោក ហើយលោកធ្វើជាមេលើគេ។ ពីទីនោះ ដាវីឌក៏ចេញទៅមីសប៉ា នៅស្រុកម៉ូអាប់ លោកទូលសូមស្តេចម៉ូអាប់ថា៖ «សូមព្រះអង្គអនុញ្ញាតឲ្យឪពុកម្តាយរបស់ទូលបង្គំស្នាក់អាស្រ័យជាមួយព្រះករុណាផង រហូតដល់ទូលបង្គំដឹងជាព្រះនឹងប្រព្រឹត្តដល់ទូលបង្គំជាយ៉ាងណា»។ លោកក៏នាំឪពុកម្តាយទៅគាល់ស្តេចម៉ូអាប់ រួចគេអាស្រ័យនៅជាមួយទ្រង់ អស់កំណត់ពេលដែលដាវីឌនៅក្នុងជម្រកលាក់ខ្លួន។
១ សាំយូអែល 22:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកដាវីឌចាកចេញពីក្រុងកាថ ហើយភៀសខ្លួនទៅនៅរអាងភ្នំអាឌូឡាំ។ កាលបងប្អូន និងក្រុមគ្រួសាររបស់លោកទាំងប៉ុន្មានបានដឹង ពួកគេក៏នាំគ្នាទៅនៅទីនោះជាមួយលោក។ ម្យ៉ាងទៀត អស់អ្នកដែលមានបញ្ហាផ្សេងៗ អ្នកជំពាក់បំណុលគេ ព្រមទាំងអ្នកដែលមិនពេញចិត្តនឹងស្ដេច បានប្រមូលគ្នាមកនៅជាមួយលោក មានទាំងអស់ប្រមាណបួនរយនាក់ ហើយលោកក៏ឡើងធ្វើជាមេ។ បន្ទាប់មក លោកដាវីឌចាកចេញពីទីនោះឆ្ពោះទៅមីសប៉ា នៅស្រុកម៉ូអាប់។ លោកទូលស្ដេចស្រុកម៉ូអាប់ថា៖ «សូមមេត្តាអនុញ្ញាតឲ្យឪពុកម្ដាយរបស់ទូលបង្គំមកស្នាក់អាស្រ័យនៅក្នុងស្រុករបស់ព្រះករុណា រហូតដល់ពេលទូលបង្គំដឹងថា ព្រះជាម្ចាស់នឹងប្រព្រឹត្តយ៉ាងណាចំពោះទូលបង្គំ»។ លោកដាវីឌបាននាំឪពុកម្ដាយចូលគាល់ស្ដេចម៉ូអាប់ ហើយគាត់ទាំងពីរក៏ស្នាក់នៅជាមួយស្ដេច ក្នុងអំឡុងពេលលោកដាវីឌលាក់ខ្លួន។
១ សាំយូអែល 22:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះដាវីឌក៏ចេញពីទីនោះ ភៀសខ្លួនទៅឯរអាងអាឌូឡាម កាលពួកបងប្អូន នឹងពួកគ្រួរបស់ឪពុកលោកទាំងប៉ុន្មានបានដឹង នោះគេក៏នាំគ្នាចុះទៅឯលោកនៅទីនោះដែរ ហើយអស់អ្នកណាដែលមានសេចក្ដីវេទនា នឹងអស់អ្នកណាដែលជាប់បំណុល ហើយនឹងអស់អ្នកណាដែលមានសេចក្ដីជូរជ្រេញក្នុងចិត្ត គេក៏ទៅមូលជុំគ្នានៅឯលោក មានចំនួនប្រហែលជា៤០០នាក់នៅជាមួយនឹងលោក ហើយលោកធ្វើជាមេលើគេ។ ពីទីនោះ ដាវីឌក៏ចេញទៅឯមីសប៉ា នៅស្រុកម៉ូអាប់ លោកទូលសូមស្តេចម៉ូអាប់ថា សូមទ្រង់អនុញ្ញាតឲ្យឪពុកម្តាយរបស់ទូលបង្គំមកនៅអាស្រ័យនឹងទ្រង់ផង ដរាបដល់ទូលបង្គំបានដឹងជាព្រះទ្រង់នឹងប្រព្រឹត្តដល់ទូលបង្គំជាយ៉ាងណា លោកក៏នាំយកឪពុកម្តាយទៅគាល់នៅចំពោះស្តេចម៉ូអាប់ រួចគេអាស្រ័យនៅជាមួយនឹងទ្រង់ អស់កំណត់ពេលដែលដាវីឌនៅក្នុងទីពំនួន