១ សាំយូអែល 21:10-15
១ សាំយូអែល 21:10-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃនោះ ដាវីឌក៏រត់ចេញទៅរកព្រះបាទអ័គីស ជាស្តេចក្រុងកាថ ដោយខ្លាចសូល។ ពួកមហាតលិករបស់ព្រះបាទអ័គីសទូលថា៖ «តើអ្នកនេះមិនមែនជាដាវីឌ ជាស្តេចនៃស្រុកនោះទេឬ? តើគេមិនបានច្រៀងឆ្លើយឆ្លងគ្នាពីដំណើរអ្នកនេះ ទាំងលោតកញ្ឆេងផងថា "សូលបានសម្លាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺនទេឬ"?» ដាវីឌក៏កំណត់ទុកពាក្យទាំងនោះនៅតែក្នុងចិត្ត ហើយមានសេចក្ដីភ័យដោយព្រោះព្រះបាទអ័គីស ជាស្តេចក្រុងកាថជាខ្លាំង។ ដូច្នេះ លោកប្ដូរឫកពានៅមុខគេ ហើយដោយព្រោះលោកនៅក្នុងកណ្ដាប់ដៃរបស់គេ លោកក៏ក្លែងធ្វើជាឆ្កួត ដោយធ្វើជាគូរវាសលើទ្វារ និងបង្ហៀរទឹកមាត់លើពុកចង្កា។ ពេលនោះ ព្រះបាទអ័គីសមានរាជឱង្ការទៅពួកមហាតលិកថា៖ «មើល៍! អ្នករាល់គ្នាឃើញថា មនុស្សនេះឆ្កួតដែរ ម្តេចក៏នាំវាមកជួបយើង? តើយើងខ្វះមនុស្សឆ្កួតឬ បានជាអ្នករាល់គ្នានាំអានេះមកឲ្យឆ្កួតនៅចំពោះមុខយើងទៀត តើគួរឲ្យវាចូលមកក្នុងដំណាក់យើងឬ?»
១ សាំយូអែល 21:10-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃដដែលនោះ លោកដាវីឌរត់គេចខ្លួនចេញពីព្រះបាទសូល ហើយទៅជួបព្រះបាទអគីស នៅក្រុងកាថ។ ពួករាជបម្រើរបស់ព្រះបាទអគីសទូលស្ដេចថា៖ «អ្នកនេះគឺដាវីឌ ជាស្ដេចស្រុកអ៊ីស្រាអែលទេតើ! អ្នកនេះហើយដែលពួកស្ត្រីៗនាំគ្នារាំ និងច្រៀងសរសើរថា: ព្រះបាទសូលប្រហារសត្រូវបានរាប់ពាន់នាក់ រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់»។ ពាក្យទាំងនេះបានធ្វើឲ្យលោកដាវីឌរន្ធត់ចិត្ត ហើយខ្លាចព្រះបាទអគីស ជាស្ដេចក្រុងកាថយ៉ាងខ្លាំង។ លោកធ្វើជាវិកលចរិតនៅចំពោះមុខជនជាតិភីលីស្ទីន។ ពេលពួកគេចាប់លោក លោកសម្តែងអាការៈលេលា ដោយលើកដៃគូសវាសជាសញ្ញានៅតាមសន្លឹកទ្វារ ព្រមទាំងបង្ហៀរទឹកមាត់លើពុកចង្កាទៀតផង។ ព្រះបាទអគីសមានរាជឱង្ការទៅកាន់ពួករាជបម្រើថា៖ «អស់លោកបានឃើញច្បាស់ថា មនុស្សនេះឡប់សតិហើយ ហេតុអ្វីបានជាអស់លោកនាំគេមកជួបយើងដូច្នេះ? តើយើងខ្វះមនុស្សឆ្កួតឬ បានជាអស់លោកនាំជននេះមកឲ្យសម្តែងភាពវិកលនៅចំពោះមុខយើងដូច្នេះ? ជននេះមិនគួរចូលមកក្នុងដំណាក់យើងទេ!»។
១ សាំយូអែល 21:10-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃនោះឯង ដាវីឌក៏ចេញរត់ទៅឯអ័គីស ជាស្តេចក្រុងកាថ ដោយខ្លាចសូល នោះពួកមហាតលិករបស់អ័គីសទូលថា អ្នកនេះតើមិនមែនជាដាវីឌ ជាស្តេចនៃស្រុកនោះទេឬអី តើគេមិនបានច្រៀងឆ្លើយឆ្លងគ្នាពីដំណើរអ្នកនេះ ទាំងលោតកញ្ឆេងផងថា សូលបានសំឡាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺនទេឬអី ដាវីឌក៏កំណត់ទុកពាក្យទាំងនោះ នៅតែក្នុងចិត្ត ហើយមានសេចក្ដីភ័យដោយព្រោះអ័គីស ជាស្តេចក្រុងកាថ ជាខ្លាំង ដូច្នេះ លោកផ្លាស់ភាពប្រព្រឹត្តនៅមុខគេ ទាំងក្លែងធ្វើជាឆ្កួតនៅកណ្តាលពួកគេ គឺធ្វើជាគូរវាសនៅនាទ្វារ ហើយបង្ហៀរទឹកមាត់លើពុកចង្កា នោះអ័គីសមានបន្ទូលទៅពួកមហាតលិកថា មើល ឯងរាល់គ្នាឃើញថា មនុស្សនេះឆ្កួតដែរ ម្តេចក៏នាំវាមកឯអញធ្វើអី តើអញខ្វះមនុស្សឆ្កួតឬអី បានជាឯងរាល់គ្នានាំអានេះមកឲ្យឆ្កួតនៅចំពោះមុខអញទៀត តើគួរឲ្យវាចូលមកក្នុងដំណាក់អញឬអី។