១ សាំយូអែល 2:27-36
១ សាំយូអែល 2:27-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ មានអ្នកសំណព្វរបស់ព្រះមកជួបលោកអេលី ពោលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងដូច្នេះ "តើយើងមិនបានលេចមក ឲ្យបុព្វបុរសរបស់អ្នកឃើញនៅស្រុកអេស៊ីព្ទ កាលដែលគេនៅក្នុងដំណាក់ផារ៉ោនទេឬ? តើយើងមិនបានរើសយកគេ ពីកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកធ្វើជាសង្ឃរបស់យើង ឲ្យបានពាក់អេផូឌ ឡើងទៅអាសនារបស់យើង ដើម្បីដុតគ្រឿងក្រអូបនៅមុខយើង ព្រមទាំងចែកតង្វាយទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលដុតថ្វាយ ឲ្យដល់គ្រួសារនៃបុព្វបុរសរបស់អ្នករាល់គ្នាទេឬ? ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លីយញ្ញបូជា និងតង្វាយរបស់យើងទាំងប៉ុន្មាន ដែលយើងបានបង្គាប់ឲ្យថ្វាយនៅក្នុងដំណាក់របស់យើង ដោយរាប់អានកូនរបស់អ្នកជាជាងយើងទៅវិញ ដែលធ្វើឲ្យខ្លួនធំធាត់ ដោយសារចំណែកវិសេសជាងគេក្នុងអស់ទាំងតង្វាយរបស់សាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងដូច្នេះ?" ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលថា "យើងបានសន្យាដល់គ្រួសាររបស់អ្នក និងពូជពង្សបុព្វបុរសរបស់អ្នក ថាឲ្យដើរនៅមុខយើងជារៀងរហូត" តែឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងនេះវិញថា "យើងបានបោះបង់គំនិតនោះចោលឆ្ងាយពីយើងទៅហើយ ព្រោះអស់អ្នកណាដែលលើកតម្កើងយើង នោះយើងនឹងតម្កើងអ្នកនោះឡើងដែរ ហើយអ្នកណាដែលមើលងាយដល់យើង នោះយើងក៏មិនរាប់អានដល់គេដែរ។ មើល៍! នឹងមានគ្រាមកដល់ យើងនឹងកាត់អំណាចរបស់អ្នកចេញ ព្រមទាំងអំណាចរបស់បុព្វបុរសរបស់អ្នកដែរ រហូតដល់គ្មានមនុស្សចាស់នៅក្នុងជំនួរវង្សរបស់អ្នកឡើយ។ ពេលនោះ អ្នកនឹងមានចិត្តច្រណែន ទាំងឈឺចាប់ ដោយឃើញការចម្រុងចម្រើន ដែលព្រះប្រោសប្រទានដល់សាសន៍អ៊ីស្រាអែល ហើយនឹងគ្មានមនុស្សចាស់នៅក្នុងជំនួរវង្សរបស់អ្នកជារៀងរហូត។ ក្នុងចំណោមអ្នករាល់គ្នា មានតែម្នាក់ប៉ុណ្ណោះដែលយើងមិនកាត់ចេញពីអាសនារបស់យើង អ្នកដែលយើងមិនកាត់ចេញនោះ គឺទុកសម្រាប់នាំឲ្យស្រវាំងដល់ភ្នែករបស់អ្នក និងបញ្ឈឺចិត្តអ្នកវិញ ហើយកូនចៅក្នុងពូជពង្សរបស់អ្នក នឹងស្លាប់ដោយមុខដាវ ។ នេះជាទីសម្គាល់សម្រាប់អ្នក ជាការដែលត្រូវកើតដល់ហុបនី និងភីនេហាស កូនទាំងពីរនាក់របស់អ្នក គឺគេនឹងស្លាប់ទាំងពីរនាក់នៅថ្ងៃតែមួយ។ យើងនឹងបង្កើតឲ្យមានសង្ឃមួយដែលស្មោះត្រង់សម្រាប់យើង ជាអ្នកដែលធ្វើតាមចិត្តតាមគំនិតយើងវិញ ហើយយើងនឹងឲ្យអ្នកនោះមានគ្រួសារដ៏រឹងប៉ឹង អ្នកនោះនឹងដើរនៅចំពោះអ្នកដែលយើងចាក់ប្រេងតាំងឲ្យជារៀងរហូតទៅ។ ពួកអ្នកដែលនៅសល់ពីគ្រួសាររបស់អ្នក គេនឹងមកលុតក្រាបចំពោះអ្នកនោះ ដើម្បីឲ្យបានប្រាក់ និងនំបុ័ង ដោយពាក្យថា សូមឲ្យខ្ញុំបានធ្វើការងារជាសង្ឃណាមួយ ដើម្បីឲ្យបានអាហារបរិភោគផង"»។
១ សាំយូអែល 2:27-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានអ្នកជំនិតមួយរូបរបស់ព្រះជាម្ចាស់បានមកជួបលោកអេលី ពោលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “កាលបុព្វបុរសរបស់អ្នកស្ថិតនៅស្រុកអេស៊ីប ជាទាសកររបស់ស្ដេចផារ៉ោន យើងបានសម្តែងឲ្យគេស្គាល់យើង។ យើងជ្រើសរើសអើរ៉ុន ជាបុព្វបុរសរបស់អ្នក ពីក្នុងចំណោមកុលសម្ព័ន្ធទាំងអស់របស់ប្រជាជនអ៊ីស្រាអែល ឲ្យបំពេញមុខងារជាបូជាចារ្យ ដើម្បីឡើងទៅអាសនៈដុតគ្រឿងក្រអូប និងពាក់អាវអេផូដ* បម្រើយើង។ យើងបានចែកសាច់ដែលជនជាតិអ៊ីស្រាអែលយកមកដុតជាតង្វាយដល់យើង ឲ្យពូជពង្សនៃបុព្វបុរសរបស់អ្នករាល់គ្នា។ ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លីយញ្ញបូជា និងតង្វាយ ដែលយើងបង្គាប់ឲ្យប្រជាជនយកមកថ្វាយ នៅក្នុងដំណាក់របស់យើង? ហេតុអ្វីបានជាអ្នកលើកតម្កើងកូនរបស់អ្នកជាងយើង ដោយបណ្ដោយឲ្យកូនយកចំណែកតង្វាយល្អៗរបស់ជនជាតិអ៊ីស្រាអែល ជាប្រជាជនរបស់យើង យកទៅបំប៉នខ្លួនឯងដូច្នេះ?” ហេតុនេះ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: យើងធ្លាប់សន្យាពីមុនមកថា ពូជពង្សនៃបុព្វបុរសរបស់អ្នក គឺពូជពង្សរបស់អ្នក នឹងបម្រើយើងអស់កល្បជាអង្វែងតរៀងទៅ។ ក៏ប៉ុន្តែ ឥឡូវនេះ យើងសូមប្រកាសយ៉ាងឱឡារិកថា យើងលុបបំបាត់ចោលនូវពាក្យសន្យានោះហើយ! ដ្បិតយើងផ្ដល់កិត្តិយសដល់អស់អ្នកដែលលើកកិត្តិយសយើង តែបើអ្នកណាមើលងាយយើង យើងក៏លែងរាប់រកអ្នកនោះវិញដែរ! ទៅអនាគត យើងនឹងធ្វើឲ្យអ្នក ព្រមទាំងពូជពង្សរបស់អ្នក បាក់កម្លាំង ហើយក្នុងពូជពង្សរបស់អ្នក គ្មាននរណាម្នាក់មានអាយុវែងទៀតឡើយ។ អ្នកនឹងឃើញគូវិវាទរបស់អ្នក ស្ថិតនៅក្នុងដំណាក់របស់យើង។ ប្រជាជនអ៊ីស្រាអែលនឹងទទួលសេចក្ដីសុខចម្រើន ដោយសារអ្នកនោះ រីឯក្នុងពូជពង្សរបស់អ្នកវិញ គ្មាននរណាម្នាក់មានអាយុវែងទៀតឡើយ។ ទោះជាយ៉ាងណាក្ដី យើងនឹងទុកឲ្យមានមនុស្សម្នាក់ក្នុងពូជពង្សរបស់អ្នក បំពេញមុខងារនៅជិតអាសនៈរបស់យើង ដើម្បីឲ្យអ្នកឈឺចិត្ត និងបាត់បង់សេចក្ដីសង្ឃឹម។ រីឯកូនចៅឯទៀតៗរបស់អ្នកដែលកើតមកតាមក្រោយ នឹងត្រូវស្លាប់ ក្នុងពេលកំពុងតែពេញវ័យ។ អ្នកនឹងឃើញការដែលកើតមានចំពោះកូនប្រុសទាំងពីររបស់អ្នក គឺហូបនី និងភីនេហាស ទុកជាទីសម្គាល់។ ពួកគេទាំងពីរនាក់នឹងត្រូវស្លាប់ក្នុងថ្ងៃតែមួយ។ បន្ទាប់មក យើងជ្រើសរើសយកបូជាចារ្យមួយរូប ដែលមានចិត្តស្មោះត្រង់ ហើយប្រព្រឹត្តតាមចិត្ត និងតាមគោលគំនិតរបស់យើង។ យើងនឹងឲ្យគេមានពូជពង្សមួយដែលមានស្ថិរភាព គេនឹងបម្រើស្ដេចដែលយើងចាក់ប្រេងអភិសេកជារៀងរហូត។ ពេលនោះ ពូជពង្សរបស់អ្នកដែលនៅសេសសល់ នឹងមកក្រាបសំពះអ្នកនោះ ដើម្បីសុំប្រាក់ និងសុំអាហារទាំងអង្វរថា “សូមមេត្តាអនុញ្ញាតឲ្យខ្ញុំប្របាទ នៅបំពេញការងារជាបូជាចារ្យជាមួយលោក ដើម្បីឲ្យខ្ញុំប្របាទមានអាហារខ្លះសម្រាប់បរិភោគផង”»។
១ សាំយូអែល 2:27-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ មានអ្នកសំណប់របស់ព្រះមកឯអេលីពោលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលយ៉ាងដូច្នេះ តើអញមិនបានលេចមក ឲ្យពួកវង្សនៃឰយុកោឯងឃើញ ពីកាលដែលគេនៅក្នុងដំណាក់ផារ៉ោន នៅស្រុកអេស៊ីព្ទទេឬអី តើអញមិនបានរើសយកគេ ពីពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកធ្វើជាសង្ឃដល់អញ ឲ្យបានពាក់អេផូឌ ឡើងទៅឯអាសនាអញ ដើម្បីនឹងដុតគ្រឿងក្រអូបនៅមុខអញ ព្រមទាំងចែកដង្វាយទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលដុតថ្វាយ ឲ្យដល់ពួកគ្រួឰយុកោឯងផងទេឬអី បើដូច្នេះ ហេតុអ្វីបានជាឯងរាល់គ្នាជាន់ឈ្លីយញ្ញបូជា នឹងដង្វាយរបស់អញទាំងប៉ុន្មាន ដែលអញបានបង្គាប់ឲ្យថ្វាយនៅក្នុងដំណាក់អញ ដោយរាប់អានកូនឯងជាជាងអញវិញ ដើម្បីនឹងធ្វើឲ្យខ្លួនធាត់ធំ ដោយសារចំណែកវិសេសជាងគេក្នុងអស់ទាំងដង្វាយនៃសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់អញដូច្នេះ ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា អញបានសន្យាឲ្យពួកគ្រួឯង នឹងវង្សព្ធយុកោឯង បានដើរនៅមុខអញជាដរាបទៅ តែឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលយ៉ាងនេះវិញថា សូមឲ្យគំនិតនោះបានឆ្ងាយចេញពីអញទៅ ដ្បិតអស់អ្នកណាដែលលើកដំកើងអញ នោះអញនឹងដំកើងអ្នកនោះឡើងដែរ ហើយអ្នកណាដែលមើលងាយដល់អញ នោះអញក៏មិនរាប់អានដល់គេដែរ មើល នឹងមានគ្រាមកដល់ នោះអញនឹងកាត់អំណាចរបស់ឯងចេញ ព្រមទាំងអំណាចនៃពួកវង្សឰយុកោឯងដែរ រហូតដល់គ្មានមនុស្សចាស់នៅក្នុងជំនួរវង្សឯងឡើយ នៅកណ្តាលគ្រប់ទាំងការចំរើន ដែលព្រះទ្រង់នឹងប្រោសប្រទានដល់សាសន៍អ៊ីស្រាអែល នោះឯងនឹងឃើញមានទុក្ខវេទនាកើតដល់ពួកគ្រួសារឯងវិញ ហើយនឹងគ្មានមនុស្សចាស់នៅក្នុងជំនួរវង្សឯងជាដរាបទៅ អញមិនកាត់ពួកឯងទាំងអស់ចេញពីអាសនាអញទេ ចំណែកអ្នកដែលអញមិនកាត់ចេញ នោះនឹងបានសំរាប់នាំឲ្យស្រវាំងដល់ភ្នែកឯង ហើយនឹងបញ្ឈឺចិត្តឯងវិញ ឯពូជដែលចំរើននៅក្នុងគ្រួឯង គេនឹងស្លាប់ទៅ ពីកាលកំពុងនៅពេញវ័យ នេះជាទីសំគាល់ដល់ឯង ជាការដែលត្រូវកើតដល់ហុបនី នឹងភីនេហាស កូនឯងទាំង២ គឺគេនឹងស្លាប់ទៅទាំង២នាក់នៅថ្ងៃតែ១ រួចអញនឹងបង្កើតឲ្យមានសង្ឃ១ដែលស្មោះត្រង់ដល់អញ ជាអ្នកដែលនឹងធ្វើតាមចិត្តតាមគំនិតអញវិញ ហើយអញនឹងបង្កើតឲ្យអ្នកនោះមានគ្រួដ៏រឹងប៉ឹង អ្នកនោះនឹងដើរនៅចំពោះអ្នកដែលអញចាក់ប្រេងតាំងឲ្យ ជារៀងរាបដរាបទៅ គ្រានោះ ពួកអ្នកដែលនៅសល់ពីពួកគ្រួឯង គេនឹងមកលុតក្រាបចំពោះអ្នកនោះ ដើម្បីឲ្យបានប្រាក់ ហើយនឹងនំបុ័ង ដោយពាក្យថា សូមឲ្យខ្ញុំបានធ្វើការងារនៃពួកសង្ឃណាមួយ ដើម្បីឲ្យបានអាហារបរិភោគផង។