១ សាំយូអែល 2:1-36

១ សាំយូអែល 2:1-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នាង​ហា‌ណា​អធិស្ឋាន​ថា៖ «ចិត្ត​ខ្ញុំ​ម្ចាស់​រីក‌រាយ​នឹង​ព្រះ‌យេហូវ៉ា កម្លាំង​ខ្ញុំ​ម្ចាស់​បាន​ថ្កើង​ឡើង​ក្នុង​ព្រះ​របស់​ខ្ញុំ មាត់​ខ្ញុំ​ម្ចាស់​បាន​បង្គ្រប​លើ​គូ​វិវាទ​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​ម្ចាស់​មាន​អំណរ​នឹង​សេចក្ដី​សង្គ្រោះ របស់​ព្រះ‌អង្គ។ គ្មាន​ព្រះ​ណា​បរិសុទ្ធ​ដូច​ព្រះ‌យេហូវ៉ា​ឡើយ ដ្បិត​ក្រៅ​ពី​ព្រះ‌អង្គ​គ្មាន​ព្រះ​ណា​ទៀត​សោះ ក៏​គ្មាន​ថ្ម‌ដា​ដែល​រឹង​មាំ ដូច​ជា​ព្រះ​របស់​យើង​ខ្ញុំ​ដែរ។ កុំ​ពោល​ពាក្យ​អំនួត​លើស​លុប​ដូច្នេះ​ទៀត កុំ​ឲ្យ​មាន​សេចក្ដី​ឃ្នើស​ចេញ​ពី​មាត់​ឯង​ឡើយ ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ជ្រាប​ទាំង​អស់ គឺ​ព្រះ‌អង្គ​ហើយ​ដែល​ថ្លឹង​អស់​ទាំង​អំពើ។ ធ្នូ​របស់​ពួក​ខ្លាំង​ពូកែ​បាន​បាក់​ហើយ តែ​ពួក​អ្នក​ដែល​ល្វើយ បាន​ក្រវាត់​ឡើង​ដោយ​កម្លាំង។ ពួក​អ្នក​ដែល​ពី​ដើម​ឆ្អែត គេ​នឹង​ទៅ​ជា​ស៊ី​ឈ្នួល​ចិញ្ចឹម​ជីវិត ដល់​ពួក​អ្នក​ដែល​ធ្លាប់​អត់‌ឃ្លាន ឲ្យ​គេ​បាន​ឆ្អែត​វិញ បាន​ជា​ស្ត្រី​អារ​អាច​បង្កើត​កូន បាន​ដល់​ទៅ​ប្រាំពីរ​នាក់ តែ​ស្ត្រី​ដែល​ធ្លាប់​មាន​កូន​ច្រើន ទៅ​ជា​គ្មាន​កូន​ទៅ​វិញ។ សេចក្ដី​ស្លាប់ និង​ជីវិត គឺ​ស្រេច​លើ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​នាំ​ចុះ​ទៅ​ដល់ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ក៏​នាំ​ឡើង​មក​វិញ​បាន​ដែរ។ ព្រះ​ធ្វើ​ឲ្យ​មនុស្ស​ក្រ ហើយ​ធ្វើ​ឲ្យ​មាន​ក៏​បាន ព្រះ‌អង្គ​ជា​អ្នក​បន្ទាប ហើយ​ព្រះ‌អង្គ​ក៏​ជា​អ្នក​លើក​ឡើង​ដែរ។ ព្រះ‌អង្គ​លើក​មនុស្ស​ក្រីក្រ​ពី​ធូលី​ដី ហើយ​ស្រង់​មនុស្ស​កម្សត់​ទុគ៌ត ពី​គំនរ​លាមក​ឡើង ឲ្យ​គេ​បាន​អង្គុយ​ជា‌មួយ​ពួក​ត្រកូល​ខ្ពស់ ហើយ​ឲ្យ​គេ​គ្រង​មត៌ក​ជា​បល្ល័ង្ក​ឧត្តុង្គ‌ឧត្តម ដ្បិត​អស់​ទាំង​សសរ​នៃ​ផែនដី ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​បាន​ដាក់​ពិភព​លោក នៅ​លើ​សសរ​ទាំង​នោះ។ ព្រះ‌អង្គ​នឹង​គាំ‌ពារ​ជើង ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ តែ​ពួក​អាក្រក់​នឹង​ត្រូវ​ស្ងៀម‌ស្ងាត់ នៅ​ក្នុង​ទី​ងងឹត​វិញ ដ្បិត​មនុស្ស​មិន​មែន​ឈ្នះ​ដោយ​កម្លាំង​បាន​ទេ។ ពួក​អ្នក​ដែល​ត‌តាំង​នឹង​ព្រះ‌យេហូវ៉ា នោះ​នឹង​ត្រូវ​ខ្ទេច‌ខ្ទី​ទៅ ព្រះ‌អង្គ​នឹង​បញ្ចេញ​ផ្គរ‌លាន់ ពី​លើ​មេឃ​មក​ទាស់​នឹង​គេ ព្រះ‌យេហូវ៉ា​នឹង​ជំនុំ‌ជម្រះ រហូត​ដល់​អស់​ទាំង​ចុង​ផែនដី ហើយ​នឹង​ប្រទាន​អំណាច​ដល់​ស្តេច ដែល​ព្រះ‌អង្គ​តែង​តាំង ព្រម​ទាំង​ប្រទាន​កម្លាំង​ដល់​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ផង»។ បន្ទាប់​មក លោកអែល‌កា‌ណា​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ តែ​ទុក​កូន​តូច​ឲ្យ​នៅ​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា‌មួយ​សង្ឃ​អេលី។ កូន​ប្រុស​របស់​លោកអេលី​ជា​មនុស្ស​អាក្រក់ ឥត​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ គេ​ជា​សង្ឃ​ដែល​ទម្លាប់​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​យ៉ាង​ដូច្នេះ គឺ​បើ​មាន​អ្នក​ណា​ថ្វាយ​យញ្ញ‌បូជា នោះ​អ្នក​បម្រើ​របស់​សង្ឃ​តែង​យក​សម​មាន​ធ្មេញ​បី​មក​កាន់​នៅ​ដៃ ក្នុង​ពេល​ដែល​គេ​កំពុង​ស្ងោរ​សាច់ ហើយ​ចាក់​ចុះ​ទៅ​ក្នុង​ខ្ទះ ឬ​កំសៀវ ឬ​ថ្លាង ឬ​ឆ្នាំង រួច​សង្ឃ​យក​សាច់​ទាំង​អស់​ដែល​ជាប់​នឹង​សម​នោះ។ គេ​ធ្វើ​ដូច្នោះ​ដាក់​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​មក​ស៊ីឡូរ។ មួយ​ទៀត មុន​ដែល​គេ​ដុត​ខ្លាញ់ អ្នក​បម្រើ​របស់​ពួក​សង្ឃ ក៏​មក​និយាយ​ទៅ​កាន់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ថា៖ «ចូរ​ឲ្យ​សាច់​ដែល​ត្រូវ​អាំង​ដល់​ពួក​សង្ឃ​មក ព្រោះ​លោក​មិន​យក​សាច់​ស្ងោរ​ពី​អ្នក​ទេ លោក​យក​តែ​សាច់​ឆៅ​ប៉ុណ្ណោះ»។ ប្រសិន‌បើ​អ្នក​នោះ​ឆ្លើយ​ឃាត់​ថា៖ «ចាំ​ដុត​ខ្លាញ់​មុន​សិន រួច​សឹម​យក​តាម​ចិត្ត​ចុះ» គេ​ឆ្លើយ​ឡើង​ថា៖ «ទេ! ត្រូវ​តែ​ឲ្យ​មក​ឥឡូវ​នេះ បើ​មិន​ដូច្នោះ ខ្ញុំ​នឹង​យក​ទាំង​បង្ខំ»។ ដូច្នេះ យុវជន​ទាំង​នោះ​ធ្វើ​បាប​ធ្ងន់​ណាស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​គេ​បាន​មើល​ងាយ​តង្វាយ​របស់​ព្រះ‌យេហូវ៉ា។ កុមារ​សាំយូ‌អែល​តែង​តែ​បំពេញ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស។ រាល់​ឆ្នាំ ម្តាយ​របស់​គាត់​ធ្លាប់​ដេរ​អាវ​តូច​មួយ​យក​មក​ឲ្យ នៅ​ពេល​នាង​ឡើង​មក​ជា‌មួយ​ប្តី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដែល​ត្រូវ​ថ្វាយ​ប្រចាំ​ឆ្នាំ។ លោក​អេលី​បាន​ឲ្យ​ពរ​ដល់​លោក​អែល‌កា‌ណា និង​ប្រពន្ធ​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​អ្នក​មាន​កូន​តាម​រយៈ​ស្រ្តី​នេះ ជំនួស​កូន​ដែល​នាង​បានទូល​សូម​ពី​ព្រះ‌យេហូវ៉ា» ហើយ​គេ​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ក្រោយ​មក ព្រះ‌យេហូវ៉ា​ក៏​ប្រោស‌ប្រទាន​ឲ្យ​នាង​ហា‌ណា​មាន​ទម្ងន់ បង្កើត​បាន​កូន​ប្រុស​បី កូន​ស្រី​ពីរ​ទៀត ហើយ​កុមារ​សាំយូ‌អែល​នោះ ក៏​មាន​វ័យ​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ ឥឡូវ​នេះ លោកអេលី​ចាស់​ណាស់​ហើយ គាត់​បាន​ឮ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​កូន​របស់​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ព្រម​ទាំង​អំពើ​ដែល​គេ​តែង​ដេក​ជា‌មួយ​ពួក​ស្រីៗ ជា​អ្នក​ធ្វើ​ការ‌ងារ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​ផង។ លោក​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​ប្រព្រឹត្ត​អំពើ​យ៉ាង​នេះ? ពុក​បាន​ឮ​ប្រជាជន​គ្រប់​គ្នា​និយាយ​ពី​អំពើ​អាក្រក់​របស់​កូន។ កុំ​អី កូន​អើយ ជា​ការ​មិន​ល្អ​ទេ​ដែល​ពុក​ឮ​ប្រជាជន​និយាយ​យ៉ាង​នេះ គឺ​អាក្រក់​ហួស​ហេតុ​ណាស់។ ប្រសិន‌បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ម្នាក់​ទៀត ព្រះ​នឹង​សម្រុះ​សម្រួលឲ្យ​អ្នក​នោះ តែ​ប្រសិន‌បើ​មនុស្ស​ប្រព្រឹត្តអំពើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា តើ​មាន​អ្នក​ណា​នឹង​ជួយ​អង្វរ​ឲ្យ​អ្នក​នោះ​បាន?» ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្តាប់​តាម​ឪពុក​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រហារ​ជីវិត​ពួក​គេ​ចោល។ កុមារ​សាំយូ‌អែល​ក៏​ចេះ​តែ​មាន​វ័យ​ធំ​ឡើង ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គាប់​ចិត្ត​មនុស្ស​លោក​កាន់​តែ​ច្រើន​ឡើង។ គ្រា​នោះ មាន​អ្នក​សំណព្វ​របស់​ព្រះ​មក​ជួប​លោក​អេលី ពោល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ "តើ​យើង​មិន​បាន​លេច​មក ឲ្យ​បុព្វ‌បុរស​របស់​អ្នក​ឃើញ​នៅ​ស្រុក​អេស៊ីព្ទ កាល​ដែល​គេ​នៅ​ក្នុង​ដំណាក់​ផារ៉ោន​ទេ​ឬ? តើ​យើង​មិន​បាន​រើស​យក​គេ ពី​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​ធ្វើ​ជា​សង្ឃ​របស់​យើង ឲ្យ​បាន​ពាក់​អេផូឌ ឡើង​ទៅ​អាសនា​របស់​យើង ដើម្បី​ដុត​គ្រឿង​ក្រអូប​នៅ​មុខ​យើង ព្រម​ទាំង​ចែក​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដុត​ថ្វាយ ឲ្យ​ដល់​គ្រួសារ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​យញ្ញ‌បូជា និង​តង្វាយ​របស់​យើង​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្គាប់​ឲ្យ​ថ្វាយ​នៅ​ក្នុង​ដំណាក់​របស់​យើង ដោយ​រាប់​អាន​កូន​របស់​អ្នក​ជា​ជាង​យើង​ទៅ​វិញ ដែល​ធ្វើ​ឲ្យ​ខ្លួន​ធំ​ធាត់ ដោយ‌សារ​ចំណែក​វិសេស​ជាង​គេ​ក្នុង​អស់​ទាំង​តង្វាយ​របស់​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ដូច្នេះ?" ហេតុ​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា "យើង​បាន​សន្យា​ដល់​គ្រួសារ​របស់​អ្នក និង​ពូជ​ពង្ស​បុព្វ‌បុរស​របស់​អ្នក ថា​ឲ្យ​ដើរ​នៅ​មុខ​យើង​ជា​រៀង​រហូត" តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​យ៉ាង​នេះ​វិញ​ថា "យើង​បាន​បោះ​បង់​គំនិត​នោះ​ចោល​ឆ្ងាយ​ពី​យើង​ទៅ​ហើយ ព្រោះ​អស់​អ្នក​ណា​ដែល​លើក​តម្កើង​យើង នោះ​យើង​នឹង​តម្កើង​អ្នក​នោះ​ឡើង​ដែរ ហើយ​អ្នក​ណា​ដែល​មើល​ងាយ​ដល់​យើង នោះ​យើង​ក៏​មិន​រាប់​អាន​ដល់​គេ​ដែរ។ មើល៍! នឹង​មាន​គ្រា​មក​ដល់ យើង​នឹង​កាត់​អំណាច​របស់​អ្នក​ចេញ ព្រម​ទាំង​អំណាច​របស់​បុព្វ‌បុរស​របស់​អ្នក​ដែរ រហូត​ដល់​គ្មាន​មនុស្ស​ចាស់​នៅ​ក្នុង​ជំនួរ‌វង្ស​របស់​អ្នក​ឡើយ។ ពេល​នោះ អ្នក​នឹង​មានចិត្ត​ច្រណែន ទាំង​ឈឺ​ចាប់ ដោយ​ឃើញ​ការ​ចម្រុង​ចម្រើន ដែល​ព្រះ​ប្រោស​ប្រទាន​ដល់​សាសន៍​អ៊ីស្រា‌អែល ហើយ​នឹង​គ្មាន​មនុស្ស​ចាស់​នៅ​ក្នុង​ជំនួរ‌វង្ស​របស់​អ្នក​ជា​រៀង​រហូត។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​យើង​មិន​កាត់​ចេញ​ពី​អាសនា​របស់​យើង អ្នក​ដែល​យើង​មិន​កាត់​ចេញ​នោះ គឺ​ទុក​សម្រាប់​នាំ​ឲ្យ​ស្រវាំង​ដល់​ភ្នែក​របស់​អ្នក និង​បញ្ឈឺ​ចិត្ត​អ្នក​វិញ ហើយ​កូន​ចៅ​ក្នុង​ពូជ​ពង្ស​របស់​អ្នក នឹង​ស្លាប់​ដោយ​មុខ​ដាវ ។ នេះ​ជា​ទី​សម្គាល់​សម្រាប់​អ្នក ជា​ការ​ដែល​ត្រូវ​កើត​ដល់​ហុបនី និង​ភីនេ‌ហាស កូន​ទាំង​ពីរ​នាក់​របស់​អ្នក គឺ​គេ​នឹង​ស្លាប់​ទាំង​ពីរ​នាក់​នៅ​ថ្ងៃ​តែ​មួយ។ យើង​នឹង​បង្កើត​ឲ្យ​មាន​សង្ឃ​មួយ​ដែល​ស្មោះ​ត្រង់​សម្រាប់​យើង ជា​អ្នក​ដែល​ធ្វើ​តាម​ចិត្ត​តាម​គំនិត​យើង​វិញ ហើយ​យើង​នឹង​ឲ្យ​អ្នក​នោះ​មាន​គ្រួសារ​ដ៏​រឹង‌ប៉ឹង អ្នក​នោះ​នឹង​ដើរ​នៅ​ចំពោះ​អ្នក​ដែល​យើង​ចាក់​ប្រេង‌តាំង​ឲ្យ​ជា​រៀង​រហូត​ទៅ។ ពួក​អ្នក​ដែល​នៅ​សល់​ពី​គ្រួសារ​របស់​អ្នក គេ​នឹង​មក​លុត​ក្រាប​ចំពោះ​អ្នក​នោះ ដើម្បី​ឲ្យ​បាន​ប្រាក់ និង​នំបុ័ង ដោយ​ពាក្យ​ថា សូម​ឲ្យ​ខ្ញុំ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ណា​មួយ ដើម្បី​ឲ្យ​បាន​អាហារ​បរិ‌ភោគ​ផង"»។

ចែក​រំលែក
អាន ១ សាំយូអែល 2

១ សាំយូអែល 2:1-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ នាង​ហាណា​អធិស្ឋាន​ដូច​ត​ទៅ៖ «ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត ត្រេក​អរ​សប្បាយ​យ៉ាង​ខ្លាំង ព្រះ‌អម្ចាស់​លើក​ខ្ញុំ​ឡើង​ឲ្យ​បាន​ខ្ពស់​មុខ ខ្ញុំ​អាច​ហា​មាត់​និយាយ​តទល់​នឹង​ខ្មាំង​សត្រូវ​វិញ ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​ព្រះអង្គ​សង្គ្រោះ​ខ្ញុំ។ គ្មាន​នរណា​ម្នាក់​វិសុទ្ធ* ដូច​ព្រះ‌អម្ចាស់​ទេ គ្មាន​នរណា​ម្នាក់​ដូច​ព្រះអង្គ​ឡើយ ហើយ​ក៏​គ្មាន​ថ្ម‌ដា​ណា​រឹង‌មាំ ដូច​ព្រះ​នៃ​យើង​ដែរ។ កុំ​ចេះ​តែ​ពោល​ពាក្យ​អួត​បំប៉ោង​ឡើយ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​សម្ដី​ព្រហើន ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ដែរ ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ ដែល​ជ្រាប​សព្វ​គ្រប់​ទាំង​អស់ ព្រះអង្គ​វិនិច្ឆ័យ​គ្រប់​អំពើ​របស់​មនុស្ស។ ព្រះអង្គ​កាច់​បំបាក់​ធ្នូ​របស់​ទាហាន​ដ៏​ខ្លាំង​ពូកែ តែ​ព្រះអង្គ​ប្រទាន​កម្លាំង ដល់​មនុស្ស​ទន់​ខ្សោយ។ អស់​អ្នក​ដែល​ធ្លាប់​តែ​មាន​អាហារ​បរិបូណ៌ បែរ​ជា​នាំ​គ្នា​ស្វែង​រក​អាហារ​ចម្អែត​ក្រពះ រីឯ​អ្នក​ដែល​ធ្លាប់​តែ​អត់​ឃ្លាន បែរ​ជា​មាន​អាហារ​បរិបូណ៌​ទៅ​វិញ។ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ស្ត្រី​អារ សម្រាល​កូន​ដល់​ទៅ​ប្រាំ‌ពីរ​ដង តែ​ស្ត្រី​សាយ​កូន បែរ​ជា​គ្មាន​កូន​ទៅ​វិញ។ ជីវិត​របស់​មនុស្ស​ត្រូវ​ស្លាប់ ឬ​រស់ ស្រេច​តែ​លើ​ព្រះ‌អម្ចាស់ គេ​ត្រូវ​ធ្លាក់​ទៅ​ស្ថាន​មនុស្ស​ស្លាប់ ឬ​ឡើង​មក​វិញ ក៏​ស្រេច​តែ​លើ​ព្រះអង្គ​ដែរ មនុស្ស​យើង​មាន ឬ​ក្រ ស្រេច​តែ​លើ​ព្រះ‌អម្ចាស់ ព្រះអង្គ​បន្ទាប​នរណា​ក៏​បាន ឬ​លើក​នរណា​ឡើង​ក៏​បាន។ ព្រះអង្គ​លើក​មនុស្ស​កម្សត់​ទុគ៌ត​ចេញ​ពី​ធូលី​ដី ហើយ​ដក​មនុស្ស​ក្រីក្រ​ចេញ​ពី​គំនរ​សំរាម ដើម្បី​ឲ្យ​គេ​បាន​អង្គុយ​ទន្ទឹម​នឹង​អ្នក​ធំ ព្រម​ទាំង​បាន​គ្រង​រាជ​សម្បត្តិ​ដ៏​រុងរឿង ដ្បិត​ព្រះ‌អម្ចាស់​បាន​តែង‌តាំង​គ្រឹះ​នៃ​ផែនដី ហើយ​ព្រះអង្គ​ដាក់​ពិភព​លោក នៅ​លើ​គ្រឹះ​នេះ។ ព្រះអង្គ​ថែ‌រក្សា​ដំណើរ​ជីវិត របស់​អស់​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ រីឯ​មនុស្ស​អាក្រក់​វិញ គេ​នឹង​ត្រូវ​វិនាស​ក្នុង​ភាព​ងងឹត ដ្បិត​មនុស្ស​មិន​អាច​មាន​ជ័យ‌ជម្នះ ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ឡើយ។ អស់​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ មុខ​ជា​ត្រូវ​អន្តរាយ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​រន្ទះ​ពី​លើ​មេឃ​បាញ់​ចំ​ពួក​គេ។ ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ផែនដី​ទាំង​មូល ព្រះអង្គ​ប្រទាន​ឫទ្ធា‌នុភាព​ដល់​ស្ដេច ដែល​ព្រះអង្គ​តែង‌តាំង ព្រម​ទាំង​ប្រទាន​ព្រះ‌ចេស្ដា​ដល់​ព្រះ‌មហា‌ក្សត្រ ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក»។ បន្ទាប់​មក លោក​អែលកា‌ណា​ក៏​វិល​ទៅ​ផ្ទះ​របស់​គាត់​នៅ​ភូមិ​រ៉ាម៉ា​វិញ រីឯ​កុមារ​សាំយូ‌អែល​នៅ​បម្រើ​ព្រះ‌អម្ចាស់ ជា​មួយ​លោក​បូជា‌ចារ្យ​អេលី។ កូន​ប្រុស​របស់​លោក​អេលី​ជា​មនុស្ស​ពាល ពួក​គេ​មិន​ស្គាល់​ព្រះ‌អម្ចាស់​ទេ។ ទោះ​បី​អ្នក​ទាំង​នោះ​មាន​មុខងារ​ជា​បូជា‌ចារ្យ​ក្ដី គេ​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន ដូច​ត​ទៅ: កាល​ណា​មាន​គេ​យក​យញ្ញ‌បូជា​មក​ថ្វាយ​ព្រះ‌អម្ចាស់ អ្នក​បម្រើ​របស់​បូជា‌ចារ្យ​ក៏​ចូល​មក​ចំ​ពេល​ដែល​គេ​ចម្អិន​សាច់ ទាំង​កាន់​សម​មុខ​បី​មក​ជា​មួយ​ផង។ អ្នក​បម្រើ​នោះ​យក​សម​ចាក់​សាច់​ដែល​គេ​ស្ងោរ នៅ​ក្នុង​ខ្ទះ ក្នុង​ឆ្នាំង ឬ​ក្នុង​ថ្លាង ហើយ​សាច់​ទាំង​ប៉ុន្មាន​ដែល​នៅ​ជាប់​នឹង​សម​នោះ បូជា‌ចារ្យ​ប្រមូល​យក​ទាំង​អស់។ ពួក​គេ​តែងតែ​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​មក​ថ្វាយ​យញ្ញ‌បូជា​នៅ​ស៊ីឡូ។ ជួន​កាល​មុន​ពេល​គេ​ដុត​ខ្លាញ់ អ្នក​បម្រើ​របស់​បូជា‌ចារ្យ​មក​និយាយ​នឹង​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ថា៖ «ចូរ​ប្រគល់​សាច់​ដែល​ត្រូវ​អាំង​នេះ​ជូន​លោក​បូជា‌ចារ្យ​ទៅ ដ្បិត​លោក​មិន​ទទួល​សាច់​ឆ្អិន​ពី​អ្នក​ទេ គឺ​លោក​ទទួល​តែ​សាច់​ឆៅ​ប៉ុណ្ណោះ»។ ប្រសិន​បើ​អ្នក​នោះ​ឆ្លើយ​ថា «ត្រូវ​ដុត​ខ្លាញ់​ជា​មុន​សិន រួច​សឹម​អ្នក​យក​តាម​ចិត្ត​ចុះ!» នោះ​អ្នក​បម្រើ​ពោល​ឡើង​ថា «ទេ! ត្រូវ​ឲ្យ​ខ្ញុំ​ឥឡូវ​នេះ​មក បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​យក​ដោយ​ប្រើ​កម្លាំង​បាយ!»។ អំពើ​បាប​ដែល​កូន​ប្រុស​របស់​លោក​អេលី​ប្រព្រឹត្ត​នោះ ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់​ខ្លាំង​ណាស់ ដ្បិត​ពួក​គេ​ប្រមាថ​មើល‌ងាយ​តង្វាយ​របស់​ព្រះអង្គ។ កុមារ​សាំយូ‌អែល​បំពេញ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ គាត់​ពាក់​អាវ​អេផូដ*​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។ រៀង​រាល់​ឆ្នាំ ម្ដាយ​តែងតែ​ដេរ​អាវ​តូច​មួយ​យក​មក​ឲ្យ នៅ​ពេល​នាង​ឡើង​មក​ជា​មួយ​ប្ដី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ឆ្នាំ។ លោក​អេលី​ជូន​ពរ​លោក​អែល‌កាណា និង​នាង​ហាណា​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​អ្នក​មាន​កូន​ផ្សេង​ទៀត ជា​មួយ​ស្ត្រី​នេះ ជំនួស​កូន​ដែល​នាង​បាន​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់!»។ បន្ទាប់​មក ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​នាង​ហាណា នាង​ក៏​មាន​ផ្ទៃ​ពោះ​ជា​បន្ត​បន្ទាប់ ហើយ​សម្រាល​បាន​កូន​ប្រុស​បី​នាក់ និង​ស្រី​ពីរ​នាក់។ រីឯ​កុមារ​សាំយូ‌អែល​មាន​វ័យ​ចម្រើន​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។ លោក​អេលី​មាន​វ័យ​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ លោក​ឮ​គេ​និយាយ​ពី​អំពើ​ផ្សេងៗ​ដែល​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ជា​ពិសេស លោក​ឮ​ថា កូន​របស់​លោក​តែងតែ​ដេក​ជា​មួយ​ស្រីៗ​ដែល​ធ្វើ​ការ​នៅ​មាត់​ទ្វារ​ព្រះ‌ពន្លា។ លោក​អេលី​ក៏​ពោល​ទៅ​កូនៗ​របស់​លោក​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ពុក​បាន​ឮ​ប្រជា‌ជន​និយាយ​ពី​អំពើ​អាក្រក់​របស់​កូន​គ្រប់ៗ​គ្នា។ កូន​អើយ មិន​ត្រូវ​ធ្វើ​បែប​នេះ​ឡើយ អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ពុក​បាន​ឮ​ប្រជា‌ជន​និយាយ​ពី​កូន​នោះ អាក្រក់​ហួស​ហេតុ​ណាស់! ប្រសិន​បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើ​ម្នាក់​ទៀត ព្រះ‌ជាម្ចាស់​នឹង​រក​ខុស​ត្រូវ​ឲ្យ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​គេ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​លើ​ព្រះ‌អម្ចាស់ តើ​នឹង​មាន​នរណា​រក​ខុស​ត្រូវ​ឲ្យ?»។ កូនៗ​លោក​អេលី​ពុំ​ព្រម​ស្ដាប់​តាម​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​បាន​សម្រេច​ប្រហារ​ជីវិត​ពួក​គេ​ចោល។ រីឯ​កុមារ​សាំយូ‌អែល​មាន​វ័យ​ចម្រើន​ធំ​ឡើង ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ និង​ជា​ទី​ពេញ​ចិត្ត​របស់​មនុស្ស‌ម្នា​ទាំង‌ឡាយ។ មាន​អ្នក​ជំនិត​មួយ​រូប​របស់​ព្រះ‌ជាម្ចាស់​បាន​មក​ជួប​លោក​អេលី ពោល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “កាល​បុព្វបុរស​របស់​អ្នក​ស្ថិត​នៅ​ស្រុក​អេស៊ីប ជា​ទាសករ​របស់​ស្ដេច​ផារ៉ោន យើង​បាន​សម្តែង​ឲ្យ​គេ​ស្គាល់​យើង។ យើង​ជ្រើស​រើស​អើរ៉ុន ជា​បុព្វបុរស​របស់​អ្នក ពី​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ ដើម្បី​ឡើង​ទៅ​អាសនៈ​ដុត​គ្រឿង​ក្រអូប និង​ពាក់​អាវ​អេផូដ* បម្រើ​យើង។ យើង​បាន​ចែក​សាច់​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​ដុត​ជា​តង្វាយ​ដល់​យើង ឲ្យ​ពូជ‌ពង្ស​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​យញ្ញ‌បូជា និង​តង្វាយ ដែល​យើង​បង្គាប់​ឲ្យ​ប្រជា‌ជន​យក​មក​ថ្វាយ នៅ​ក្នុង​ដំណាក់​របស់​យើង? ហេតុ​អ្វី​បាន​ជា​អ្នក​លើក​តម្កើង​កូន​របស់​អ្នក​ជាង​យើង ដោយ​បណ្ដោយ​ឲ្យ​កូន​យក​ចំណែក​តង្វាយ​ល្អៗ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌ជន​របស់​យើង យក​ទៅ​បំប៉ន​ខ្លួន​ឯង​ដូច្នេះ?” ហេតុ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​ធ្លាប់​សន្យា​ពី​មុន​មក​ថា ពូជ‌ពង្ស​នៃ​បុព្វបុរស​របស់​អ្នក គឺ​ពូជ‌ពង្ស​របស់​អ្នក នឹង​បម្រើ​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ យើង​សូម​ប្រកាស​យ៉ាង​ឱឡា‌រិក​ថា យើង​លុប​បំបាត់​ចោល​នូវ​ពាក្យ​សន្យា​នោះ​ហើយ! ដ្បិត​យើង​ផ្ដល់​កិត្តិយស​ដល់​អស់​អ្នក​ដែល​លើក​កិត្តិយស​យើង តែ​បើ​អ្នក​ណា​មើល‌ងាយ​យើង យើង​ក៏​លែង​រាប់​រក​អ្នក​នោះ​វិញ​ដែរ! ទៅ​អនាគត យើង​នឹង​ធ្វើ​ឲ្យ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក បាក់​កម្លាំង ហើយ​ក្នុង​ពូជ‌ពង្ស​របស់​អ្នក គ្មាន​នរណា​ម្នាក់​មាន​អាយុ​វែង​ទៀត​ឡើយ។ អ្នក​នឹង​ឃើញ​គូ‌វិវាទ​របស់​អ្នក ស្ថិត​នៅ​ក្នុង​ដំណាក់​របស់​យើង។ ប្រជា‌ជន​អ៊ីស្រា‌អែល​នឹង​ទទួល​សេចក្ដី​សុខ​ចម្រើន ដោយ‌សារ​អ្នក​នោះ រីឯ​ក្នុង​ពូជ‌ពង្ស​របស់​អ្នក​វិញ គ្មាន​នរណា​ម្នាក់​មាន​អាយុ​វែង​ទៀត​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក្ដី យើង​នឹង​ទុក​ឲ្យ​មាន​មនុស្ស​ម្នាក់​ក្នុង​ពូជ‌ពង្ស​របស់​អ្នក បំពេញ​មុខងារ​នៅ​ជិត​អាសនៈ​របស់​យើង ដើម្បី​ឲ្យ​អ្នក​ឈឺ​ចិត្ត និង​បាត់​បង់​សេចក្ដី​សង្ឃឹម។ រីឯ​កូន​ចៅ​ឯ​ទៀតៗ​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ នឹង​ត្រូវ​ស្លាប់ ក្នុង​ពេល​កំពុង​តែ​ពេញ​វ័យ។ អ្នក​នឹង​ឃើញ​ការ​ដែល​កើត​មាន​ចំពោះ​កូន​ប្រុស​ទាំង​ពីរ​របស់​អ្នក គឺ​ហូប‌នី និង​ភីនេ‌ហាស ទុក​ជា​ទី​សម្គាល់។ ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ត្រូវ​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ។ បន្ទាប់​មក យើង​ជ្រើស​រើស​យក​បូជា‌ចារ្យ​មួយ​រូប ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ប្រព្រឹត្ត​តាម​ចិត្ត និង​តាម​គោល​គំនិត​របស់​យើង។ យើង​នឹង​ឲ្យ​គេ​មាន​ពូជ‌ពង្ស​មួយ​ដែល​មាន​ស្ថិរ‌ភាព គេ​នឹង​បម្រើ​ស្ដេច​ដែល​យើង​ចាក់​ប្រេង​អភិសេក​ជា​រៀង​រហូត។ ពេល​នោះ ពូជ‌ពង្ស​របស់​អ្នក​ដែល​នៅ​សេស‌សល់ នឹង​មក​ក្រាប​សំពះ​អ្នក​នោះ ដើម្បី​សុំ​ប្រាក់ និង​សុំ​អាហារ​ទាំង​អង្វរ​ថា “សូម​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ នៅ​បំពេញ​ការ‌ងារ​ជា​បូជា‌ចារ្យ​ជា​មួយ​លោក ដើម្បី​ឲ្យ​ខ្ញុំ​ប្របាទ​មាន​អាហារ​ខ្លះ​សម្រាប់​បរិភោគ​ផង”»។

ចែក​រំលែក
អាន ១ សាំយូអែល 2

១ សាំយូអែល 2:1-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លំដាប់​នោះ ហាណា​ក៏​អធិស្ឋាន​ថា ចិត្ត​ខ្ញុំ​ម្ចាស់​រីក‌រាយ​សាទរ​ចំពោះ​ព្រះ‌អង្គ ស្នែង​ខ្ញុំ​ម្ចាស់​បាន​ថ្កើង​ឡើង​ដោយ​នូវ​ព្រះ‌យេហូវ៉ា មាត់​ខ្ញុំ​ម្ចាស់​បាន​បង្គ្រប​លើ​គូ​វិវាទ​របស់​ខ្ញុំ​ម្ចាស់ ដោយ​ព្រោះ​ខ្ញុំ​ម្ចាស់​មាន​សេចក្ដី​អំណរ​ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ គ្មាន​ព្រះ​ណា​បរិសុទ្ធ ដូច​ព្រះ‌យេហូវ៉ា​ឡើយ ដ្បិត​ក្រៅ​ពី​ទ្រង់​គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ ក៏​គ្មាន​ព្រះ​ឯ​ណា​ដែល​ទុក​ជា​ថ្មដា ឲ្យ​ដូច​ព្រះ​នៃ​យើង​ខ្ញុំ​ដែរ កុំ​ឲ្យ​ពោល​ពាក្យ​អំនួត​ដ៏​លើស‌លប់​ដូច្នេះ​ទៀត កុំ​ឲ្យ​មាន​សេចក្ដី​ឃ្នើស‌ឃ្នង​ចេញ​ពី​មាត់​ឯង​ឡើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​ជ្រាប​ទាំង​អស់ គឺ​ទ្រង់​ហើយ ដែល​ថ្លឹង​អស់​ទាំង​អំពើ ធ្នូ​នៃ​ពួក​ខ្លាំង​ពូកែ​បាន​បាក់​ហើយ តែ​ពួក​អ្នក​ដែល​ល្វើយ បាន​ក្រវាត់​ឡើង​ដោយ​កំឡាំង​វិញ ពួក​អ្នក​ដែល​ពី​ដើម​ឆ្អែត គេ​បាន​ទៅ​ជា​ស៊ី​ឈ្នួល​ចិញ្ចឹម​ជីវិត តែ​ពួក​អ្នក​ដែល​ពី​ដើម​អត់‌ឃ្លានគេ​បាន​ឆ្អែត​វិញ បាន​ជា​នាង​ស្រី​អារ​បង្កើត​កូន​បាន​៧ ហើយ​នាង​ដែល​មាន​កូន​ច្រើន​បាន​រីងរៃ​ទៅ ឯ​សេចក្ដី​ស្លាប់ ហើយ​នឹង​ជីវិត នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា ទ្រង់​នាំ​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ក៏​នាំ​ឡើង​មក​វិញ​ដែរ ឯ​ការ​ក្រ ហើយ​នឹង​មាន នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា គឺ​ទ្រង់​ដែល​បន្ទាប​ទៅ ហើយ​គឺ​ទ្រង់​ដែល​លើក​ឡើង​ដែរ ទ្រង់​លើក​មនុស្ស​ក្រីក្រ​ពី​ធូលី​ដី ហើយ​ស្រង់​មនុស្ស​កំសត់​ទុរគត​ពី​គំនរ​លាមក​ឡើង ឲ្យ​គេ​បាន​អង្គុយ​ជា​មួយ​នឹង​ពួក​ត្រកូល​ខ្ពស់ ហើយ​ឲ្យ​គេ​គ្រង​មរដក​ជា​បល្ល័ង្ក​ឧត្តុង្គ‌ឧត្តម ដ្បិត​អស់​ទាំង​សសរ​នៃ​ផែនដី​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​ដាក់​លោកីយ​នៅ​លើ​សសរ​ទាំង​នោះ ទ្រង់​នឹង​គាំពារ​ជើង​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ តែ​ពួក​អាក្រក់​នឹង​ត្រូវ​ស្ងៀម‌ស្ងាត់​នៅ​ក្នុង​ទី​ងងឹត​វិញ ដ្បិត​មនុស្ស​មិន​មែន​ឈ្នះ​ដោយ​នូវ​កំឡាំង​បាន​ទេ ឯ​ពួក​អ្នក​ដែល​ត‌តាំង​នឹង​ព្រះ‌យេហូវ៉ា នោះ​នឹង​ត្រូវ​ខ្ទេច‌ខ្ទី​ទៅ ទ្រង់​នឹង​បញ្ចេញ​ផ្គរ‌លាន់​ពី​លើ​មេឃ​មក​ទាស់​នឹង​គេ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជំនុំ‌ជំរះ រហូត​ដល់​អស់​ទាំង​ចុង​ផែនដី ហើយ​ទ្រង់​នឹង​ប្រទាន​អំណាច​ដល់​ស្តេច​នៃ​ទ្រង់ ព្រម​ទាំង​ដំកើង​ស្នែង​នៃ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ផង រួច​ពី​នោះ​ហើយ អែល‌កាណា​ក៏​ត្រឡប់​វិល​ទៅ​ឯ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ តែ​ឯ​កូន​តូច​បាន​នៅ​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​អេលី​ដ៏​ជា​សង្ឃ។ រីឯ​ពួក​សង្ឃ ជា​កូន​របស់​អេលី គេ​ជា​មនុស្ស​គំរក់​អាក្រក់ ឥត​ស្គាល់​ដល់​ព្រះ‌យេហូវ៉ា​ទេ ឯ​ទំលាប់​ដែល​គេ​ប្រព្រឹត្ត​ចំពោះ​បណ្តាជន នោះ​គឺ​ដូច្នេះ បើ​មាន​អ្នក​ណា​ថ្វាយ​យញ្ញ‌បូជា នោះ​អ្នក​បំរើ​របស់​សង្ឃ​តែង​យក​សម​មាន​ធ្មេញ​៣​មក​កាន់​នៅ​ដៃ ក្នុង​ពេល​ដែល​គេ​កំពុង​ស្ងោរ​សាច់ ហើយ​ចាក់​ចុះ​ទៅ​ក្នុង​ខ្ទះ ឬ​ថ្លាង ឬ​ឆ្នាំង រួច​សង្ឃ​ក៏​យក​សាច់​ទាំង​អស់​ដែល​ជាប់​នឹង​សម​នោះ​មក គេ​ធ្វើ​ដូច្នោះ​ដល់​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​មក​ឯ​ស៊ីឡូរ មួយ​ទៀត​មុន​ដែល​គេ​ដុត​ខ្លាញ់ នោះ​អ្នក​បំរើ​របស់​ពួក​សង្ឃ​ក៏​មក​និយាយ​នឹង​មនុស្ស​ដែល​ថ្វាយ​យញ្ញ‌បូជា​ថា ចូរ​ឲ្យ​សាច់​ដែល​សំរាប់​អាំង​ដល់​ពួក​សង្ឃ​មក ដ្បិត​លោក​មិន​យក​សាច់​ស្ងោរ​ពី​ឯង​ទេ លោក​យក​តែ​សាច់​ឆៅ​វិញ បើ​សិន​ជា​អ្នក​នោះ​ឆ្លើយ​ឃាត់​ថា ចាំ​ឲ្យ​ដុត​ខ្លាញ់​មុន​សិន រួច​សឹម​យក​តាម​ចិត្ត​ចុះ នោះ​គេ​ឆ្លើយ​ឡើង​ថា ទេ ត្រូវ​តែ​ឲ្យ​មក​ឥឡូវ​នេះ បើ​មិន​ដូច្នោះ អញ​នឹង​យក​ទាំង​បង្ខំ ដូច្នេះបាប​របស់​មនុស្ស​កំឡោះ​ទាំង​នោះ មាន​ទំងន់​ខ្លាំង​ណាស់នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​គេ​បាន​មើល‌ងាយ​ដល់​ដង្វាយ​នៃ​ព្រះ‌យេហូវ៉ា។ ឯ​សាំយូ‌អែល ជា​ក្មេង​តូច​នោះ ក៏​តែង​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស ដើម្បី​សំរេច​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ម្តាយ​ក៏​ធ្វើ​អាវ​តូច​១ យក​មក​ឲ្យ​រាល់​តែ​ឆ្នាំ ក្នុង​កាល​ដែល​នាង​ឡើង​មក​ជា​មួយ​នឹង​ប្ដី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដែល​ត្រូវ​ថ្វាយ​រាល់​តែ​ឆ្នាំ នោះ​អេលី លោក​ឲ្យ​ពរ​ដល់​អែល‌កាណា នឹង​ប្រពន្ធ​ផង​ថា សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​អ្នក​បាន​ពូជ‌ពង្ស ដោយ‌សារ​ស្រី​នេះ ជំនួស​កូន​នេះ​ដែល​នាង​បាន​សូម​ពី​ទ្រង់ រួច​គេ​ក៏​ត្រឡប់​វិល​ទៅ​ផ្ទះ​វិញ ក្រោយ​មក ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស‌ប្រទាន​ឲ្យ​នាង​ហាណាមាន​ទំងន់ បង្កើត​បាន​កូន​ប្រុស​៣​កូន​ស្រី​២​ទៀត ឯ​សាំយូ‌អែល ជា​ក្មេង​តូច​នោះ ក៏​មាន​វ័យ​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ រីឯ​អេលី លោក​ចាស់​ណាស់​ហើយ លោក​ក៏​បាន​ឮ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ពួក​កូន​ខ្លួន​បាន​ប្រព្រឹត្ត​ដល់​ពួក​អ៊ីស្រាអែល​ទាំង​អស់ ព្រម​ទាំង​អំពើ ដែល​គេ​តែង​ដេក​នឹង​ពួក​ស្រីៗ ជា​អ្នក​ធ្វើ​ការ‌ងារនៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​ផង ដូច្នេះលោក​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង​ប្រព្រឹត្ត​អំពើ​យ៉ាង​នេះ ដ្បិត​អញ​បាន​ឮ​បណ្តាជន​និយាយ ពី​អំពើ​អាក្រក់​របស់​ឯង​នេះ កុំ​ឡើយ កូន​អើយ ដ្បិត​សេចក្ដី​ដែល​អញ​ឮ​គេ​និយាយ​នោះ​មិន​ល្អ​ទេ យ៉ាង​នោះ​ឯង​នាំ​ឲ្យ​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា​ប្រព្រឹត្ត​រំលង​ហើយ បើ​មនុស្ស​ម្នាក់​ធ្វើ​បាប​នឹង​ម្នាក់​ទៀត នោះ​មាន​ព្រះ‌ទ្រង់​ជំនុំ‌ជំរះ​ដល់​អ្នក​នោះ តែ​បើ​មនុស្ស​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​វិញ នោះ​តើ​មាន​អ្នក​ណា​នឹង​ជួយ​អង្វរ​ឲ្យ​អ្នក​នោះ​បាន ប៉ុន្តែគេ​មិន​ព្រម​ស្តាប់​តាម​ឪពុក​ទេ ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ប្រហារ​ជីវិត​គេ​ចោល ឯ​សាំយូ‌អែល ជា​ក្មេង​នោះ​ក៏​ចេះ​តែ​មាន​វ័យ​ចំរើន​ធំ​ឡើង ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គាប់​ចិត្ត​ដល់​មនុស្ស​លោក​កាន់​តែ​ច្រើន​ឡើង​ផង។ គ្រា​នោះ មាន​អ្នក​សំណប់​របស់​ព្រះ​មក​ឯ​អេលី​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​យ៉ាង​ដូច្នេះ តើ​អញ​មិន​បាន​លេច​មក ឲ្យ​ពួក​វង្ស​នៃ​ឰយុកោ​ឯង​ឃើញ ពី​កាល​ដែល​គេ​នៅ​ក្នុង​ដំណាក់​ផារ៉ោន នៅ​ស្រុក​អេស៊ីព្ទ​ទេ​ឬ​អី តើ​អញ​មិន​បាន​រើស​យក​គេ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន មក​ធ្វើ​ជា​សង្ឃ​ដល់​អញ ឲ្យ​បាន​ពាក់​អេផូឌ ឡើង​ទៅ​ឯ​អាសនា​អញ ដើម្បី​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​មុខ​អញ ព្រម​ទាំង​ចែក​ដង្វាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដុត​ថ្វាយ ឲ្យ​ដល់​ពួក​គ្រួ​ឰយុកោ​ឯង​ផង​ទេ​ឬ​អី បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ជាន់​ឈ្លី​យញ្ញ‌បូជា នឹង​ដង្វាយ​របស់​អញ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​បង្គាប់​ឲ្យ​ថ្វាយ​នៅ​ក្នុង​ដំណាក់​អញ ដោយ​រាប់​អាន​កូន​ឯង​ជា​ជាង​អញ​វិញ ដើម្បី​នឹង​ធ្វើ​ឲ្យ​ខ្លួន​ធាត់​ធំ ដោយ‌សារ​ចំណែក​វិសេស​ជាង​គេ​ក្នុង​អស់​ទាំង​ដង្វាយ​នៃ​សាសន៍​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​អញ​ដូច្នេះ ហេតុ​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា អញ​បាន​សន្យា​ឲ្យ​ពួក​គ្រួ​ឯង នឹង​វង្ស​ព្ធយុ‌កោ​ឯង បាន​ដើរ​នៅ​មុខ​អញ​ជា​ដរាប​ទៅ តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​យ៉ាង​នេះ​វិញ​ថា សូម​ឲ្យ​គំនិត​នោះ​បាន​ឆ្ងាយ​ចេញ​ពី​អញ​ទៅ ដ្បិត​អស់​អ្នក​ណា​ដែល​លើក​ដំកើង​អញ នោះ​អញ​នឹង​ដំកើង​អ្នក​នោះ​ឡើង​ដែរ ហើយ​អ្នក​ណា​ដែល​មើល‌ងាយ​ដល់​អញ នោះ​អញ​ក៏​មិន​រាប់​អាន​ដល់​គេ​ដែរ មើល នឹង​មាន​គ្រា​មក​ដល់ នោះ​អញ​នឹង​កាត់​អំណាច​របស់​ឯង​ចេញ ព្រម​ទាំង​អំណាច​នៃ​ពួក​វង្ស​ឰយុកោ​ឯង​ដែរ រហូត​ដល់​គ្មាន​មនុស្ស​ចាស់​នៅ​ក្នុង​ជំនួរ‌វង្ស​ឯង​ឡើយ នៅ​កណ្តាល​គ្រប់​ទាំង​ការ​ចំរើន ដែល​ព្រះ​ទ្រង់​នឹង​ប្រោស​ប្រទាន​ដល់​សាសន៍​អ៊ីស្រាអែល នោះ​ឯង​នឹង​ឃើញ​មាន​ទុក្ខ​វេទនា​កើត​ដល់​ពួក​គ្រួសារ​ឯង​វិញ ហើយ​នឹង​គ្មាន​មនុស្ស​ចាស់​នៅ​ក្នុង​ជំនួរ‌វង្ស​ឯង​ជា​ដរាប​ទៅ អញ​មិន​កាត់​ពួក​ឯង​ទាំង​អស់​ចេញ​ពី​អាសនា​អញ​ទេ ចំណែក​អ្នក​ដែល​អញ​មិន​កាត់​ចេញ នោះ​នឹង​បាន​សំរាប់​នាំ​ឲ្យ​ស្រវាំង​ដល់​ភ្នែក​ឯង ហើយ​នឹង​បញ្ឈឺ​ចិត្ត​ឯង​វិញ ឯ​ពូជ​ដែល​ចំរើន​នៅ​ក្នុង​គ្រួ​ឯង គេ​នឹង​ស្លាប់​ទៅ ពី​កាល​កំពុង​នៅ​ពេញ​វ័យ នេះ​ជា​ទី​សំគាល់​ដល់​ឯង ជា​ការ​ដែល​ត្រូវ​កើត​ដល់​ហុបនី នឹង​ភីនេ‌ហាស កូន​ឯង​ទាំង​២ គឺ​គេ​នឹង​ស្លាប់​ទៅ​ទាំង​២​នាក់​នៅ​ថ្ងៃ​តែ​១ រួច​អញ​នឹង​បង្កើត​ឲ្យ​មាន​សង្ឃ​១​ដែល​ស្មោះ‌ត្រង់​ដល់​អញ ជា​អ្នក​ដែល​នឹង​ធ្វើ​តាម​ចិត្ត​តាម​គំនិត​អញ​វិញ ហើយ​អញ​នឹង​បង្កើត​ឲ្យ​អ្នក​នោះ​មាន​គ្រួ​ដ៏​រឹង‌ប៉ឹង អ្នក​នោះ​នឹង​ដើរ​នៅ​ចំពោះ​អ្នក​ដែល​អញ​ចាក់​ប្រេង​តាំង​ឲ្យ ជា​រៀង​រាប​ដរាប​ទៅ គ្រា​នោះ ពួក​អ្នក​ដែល​នៅ​សល់​ពី​ពួក​គ្រួ​ឯង គេ​នឹង​មក​លុត​ក្រាប​ចំពោះ​អ្នក​នោះ ដើម្បី​ឲ្យ​បាន​ប្រាក់ ហើយ​នឹង​នំបុ័ង ដោយ​ពាក្យ​ថា សូម​ឲ្យ​ខ្ញុំ​បាន​ធ្វើ​ការ‌ងារ​នៃ​ពួក​សង្ឃ​ណា​មួយ ដើម្បី​ឲ្យ​បាន​អាហារ​បរិភោគ​ផង។

ចែក​រំលែក
អាន ១ សាំយូអែល 2

១ សាំយូអែល 2:1-36

១ សាំយូអែល 2:1-36 គខប១ សាំយូអែល 2:1-36 គខប