១ សាំយូអែល 19:1-7
១ សាំយូអែល 19:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្ដេចសូលបង្គាប់ដល់យ៉ូណាថានជាបុត្រា និងពួកមហាតលិកទាំងប៉ុន្មាន ឲ្យសម្លាប់ដាវីឌចោល តែយ៉ូណាថានជាបុត្រារបស់ស្ដេចសូល លោកមានចិត្តស្រឡាញ់ដាវីឌណាស់ បានជាលោកប្រាប់ដល់ដាវីឌថា៖ «បិតាខ្ញុំរកសម្លាប់អ្នក ដូច្នេះ ដល់ព្រឹកឡើង សូមអ្នកប្រយ័ត្នខ្លួន ត្រូវពួននៅក្នុងទីសម្ងាត់ណាមួយទៅ នោះខ្ញុំនឹងចេញទៅឈរជាមួយបិតាខ្ញុំក្នុងវាលជិតកន្លែងណាដែលអ្នកពួននោះ រួចខ្ញុំនឹងស្នើសុំពីដំណើរអ្នកចំពោះបិតាខ្ញុំ បើខ្ញុំឃើញហេតុជាយ៉ាងណា នោះខ្ញុំនឹងប្រាប់អ្នក»។ ដូច្នេះ យ៉ូណាថានក៏ដំណាលសេចក្ដីយ៉ាងល្អពីដំណើរដាវីឌ ទូលដល់ស្ដេចសូលជាបិតាថា៖ «សូមកុំឲ្យបិតាធ្វើបាបដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គឡើយ ដ្បិតគាត់មិនបានធ្វើខុសនឹងបិតាទេ ហើយការដែលគាត់ធ្វើនោះ សុទ្ធតែមានប្រយោជន៍ដល់បិតាទាំងអស់។ គាត់បានប្រថុយជីវិត ទៅវាយពួកភីលីស្ទីន ហើយព្រះយេហូវ៉ាបានប្រោសឲ្យមានជ័យជម្នះយ៉ាងធំ សម្រាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា បិតាក៏បានឃើញ ហើយមានអំណរដែរ ចុះហេតុអ្វីបានជាចង់ធ្វើបាបនឹងឈាមដែលឥតមានទោស ដោយសម្លាប់គាត់ឥតហេតុដូច្នេះធ្វើអី?» ស្ដេចសូលក៏ស្តាប់តាមពាក្យយ៉ូណាថាន ហើយស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា៖ «ដាវីឌមិនត្រូវស្លាប់ទេ»។ ដូច្នេះ យ៉ូណាថានហៅដាវីឌមក ប្រាប់សេចក្ដីទាំងនោះដល់លោក ក៏នាំដាវីឌទៅជួបស្ដេចសូល រួចលោកនៅចំពោះទ្រង់ ដូចកាលពីដើមវិញ។
១ សាំយូអែល 19:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទសូលបានប្រាប់សម្ដេចយ៉ូណាថានជាបុត្រ ព្រមទាំងនាម៉ឺនមន្ត្រី ពីបំណងដែលស្ដេចចង់សម្លាប់លោកដាវីឌ។ ប៉ុន្តែ សម្ដេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសូល ស្រឡាញ់លោកដាវីឌណាស់។ សម្ដេចយ៉ូណាថាននាំដំណឹងទៅប្រាប់លោកដាវីឌថា៖ «ព្រះបាទសូល ជាបិតារបស់ខ្ញុំ មានបំណងចង់សម្លាប់លោកប្អូន។ ដូច្នេះ ព្រឹកស្អែកនេះ ចូរប្រុងប្រយ័ត្ន ហើយរកកន្លែងលាក់ខ្លួនទៅ។ ខ្ញុំនឹងចេញមក ហើយឈរជាមួយបិតារបស់ខ្ញុំ ជិតចម្ការដែលលោកប្អូនលាក់ខ្លួន។ ខ្ញុំនឹងទូលបិតាអំពីរឿងលោកប្អូន ពេលណាខ្ញុំដឹងពីគោលបំណងរបស់បិតាហើយ ខ្ញុំនឹងប្រាប់ឲ្យលោកប្អូនដឹងដែរ»។ សម្ដេចយ៉ូណាថានទូលព្រះបាទសូល ជាបិតា អំពីគុណសម្បត្តិរបស់លោកដាវីឌថា៖ «សូមបិតាកុំធ្វើបាបលោកដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គឡើយ ដ្បិតគេពុំបានប្រព្រឹត្តអំពើខុសឆ្គងចំពោះបិតាទេ ផ្ទុយទៅវិញ ស្នាដៃអស្ចារ្យដែលដាវីឌធ្វើ សុទ្ធតែមានផលប្រយោជន៍យ៉ាងខ្លាំងដល់បិតា។ ដាវីឌបានប្រថុយជីវិតទៅសម្លាប់ជនភីលីស្ទីន គឺនៅថ្ងៃនោះ ព្រះអម្ចាស់បានប្រោសប្រទានជ័យជម្នះដ៏ធំធេងបំផុតដល់ប្រជាជនអ៊ីស្រាអែលទាំងមូល ដូចបិតាបានទតឃើញ និងសប្បាយព្រះហឫទ័យស្រាប់ហើយ។ ហេតុអ្វីបានជាបិតាចង់ប្រព្រឹត្តអំពើបាប ដោយបង្ហូរឈាមមនុស្សម្នាក់ដែលគ្មានទោសពៃរ៍ គឺចង់សម្លាប់ដាវីឌ ដោយគ្មានមូលហេតុដូច្នេះ?»។ ព្រះបាទសូលទ្រង់ព្រះសណ្ដាប់ពាក្យរបស់សម្ដេចយ៉ូណាថាន ហើយមានរាជឱង្ការថា៖ «បិតាសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា ដាវីឌមិនត្រូវស្លាប់ឡើយ!»។ បន្ទាប់មក សម្ដេចយ៉ូណាថានទៅហៅលោកដាវីឌមក ហើយរៀបរាប់សេចក្ដីទាំងនោះប្រាប់លោក រួចនាំលោកចូលមកគាល់ព្រះបាទសូល។ លោកដាវីឌក៏នៅបម្រើព្រះបាទសូលដូចពីមុន។
១ សាំយូអែល 19:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះសូលទ្រង់បង្គាប់ដល់យ៉ូណាថានជាបុត្រាទ្រង់ នឹងពួកមហាតលិកទាំងប៉ុន្មាន ឲ្យសំឡាប់ដាវីឌចោល តែយ៉ូណាថានជាបុត្រាសូល លោកមានចិត្តស្រឡាញ់ដាវីឌណាស់ បានជាលោកប្រាប់ដល់ដាវីឌថា សូលជាបិតាខ្ញុំរកសំឡាប់អ្នក ដូច្នេះ ដល់ព្រឹកឡើង សូមឲ្យអ្នកប្រយ័តខ្លួន ត្រូវឲ្យពួននៅក្នុងទីសំងាត់ណាមួយទៅ នោះខ្ញុំនឹងចេញទៅឈរជាមួយនឹងបិតាខ្ញុំក្នុងវាលជិតកន្លែងណាដែលអ្នកពួននោះ រួចខ្ញុំនឹងស្នើការពីដំណើរអ្នកចំពោះបិតាខ្ញុំ បើខ្ញុំឃើញហេតុជាយ៉ាងណា នោះខ្ញុំនឹងប្រាប់ដល់អ្នក ដូច្នេះ យ៉ូណាថានក៏ដំណាលសេចក្ដីយ៉ាងល្អពីដំណើរដាវីឌ ទូលដល់សូលជាបិតាថា សូមកុំឲ្យបិតាធ្វើបាបដល់ដាវីឌ ជាអ្នកបំរើទ្រង់ឡើយ ដ្បិតគាត់មិនបានធ្វើខុសនឹងបិតាទេ ហើយការដែលគាត់ធ្វើសោតនោះសុទ្ធតែមានប្រយោជន៍ដល់បិតាទាំងអស់ផង គាត់បានប្រថុយជីវិត ទៅវាយពួកភីលីស្ទីន ហើយព្រះយេហូវ៉ាទ្រង់បានប្រោសឲ្យមានជ័យជំនះជាធំ ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នា បិតាក៏បានឃើញ ហើយមានសេចក្ដីអំណរដែរ ចុះហេតុអ្វីបានជាចង់ធ្វើបាបនឹងឈាមដែលឥតមានទោសវិញ ដោយសំឡាប់គាត់ឥតហេតុដូច្នេះធ្វើអី នោះសូលទ្រង់ក៏ស្តាប់តាមពាក្យយ៉ូណាថាន ព្រមទាំងចេញវាចាស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា វាមិនត្រូវស្លាប់ទេ រួចមកយ៉ូណាថានហៅដាវីឌមក ប្រាប់សេចក្ដីទាំងនោះដល់លោក ក៏នាំដាវីឌទៅឯសូល រួចលោកនៅចំពោះទ្រង់ ដូចកាលពីដើមវិញ។