១ សាំយូអែល 19:1-24

១ សាំយូអែល 19:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ស្ដេច​សូល​បង្គាប់​ដល់​យ៉ូណា‌ថាន​ជា​បុត្រា និង​ពួក​មហា‌តលិក​ទាំង​ប៉ុន្មាន ឲ្យ​សម្លាប់​ដាវីឌ​ចោល តែ​យ៉ូណា‌ថាន​ជា​បុត្រា​របស់​ស្ដេច​សូល លោក​មាន​ចិត្ត​ស្រឡាញ់​ដាវីឌ​ណាស់ បាន​ជា​លោក​ប្រាប់​ដល់​ដាវីឌ​ថា៖ «បិតា​ខ្ញុំ​រក​សម្លាប់​អ្នក ដូច្នេះ ដល់​ព្រឹក​ឡើង សូម​អ្នក​ប្រយ័ត្ន​ខ្លួន ត្រូវ​ពួន​នៅ​ក្នុង​ទី​សម្ងាត់​ណា​មួយ​ទៅ នោះ​ខ្ញុំ​នឹង​ចេញ​ទៅ​ឈរ​ជា‌មួយ​បិតា​ខ្ញុំ​ក្នុង​វាល​ជិត​កន្លែង​ណា​ដែល​អ្នក​ពួន​នោះ រួច​ខ្ញុំ​នឹង​ស្នើសុំ​ពី​ដំណើរ​អ្នក​ចំពោះ​បិតា​ខ្ញុំ បើ​ខ្ញុំ​ឃើញ​ហេតុ​ជា​យ៉ាង​ណា នោះ​ខ្ញុំ​នឹង​ប្រាប់​អ្នក»។ ដូច្នេះ យ៉ូណា‌ថាន​ក៏​ដំណាល​សេចក្ដី​យ៉ាង​ល្អ​ពី​ដំណើរ​ដាវីឌ ទូល​ដល់​ស្ដេច​សូល​ជា​បិតា​ថា៖ «សូម​កុំ​ឲ្យ​បិតា​ធ្វើ​បាប​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​គាត់​មិន​បាន​ធ្វើ​ខុស​នឹង​បិតា​ទេ ហើយ​ការ​ដែល​គាត់​ធ្វើ​នោះ សុទ្ធ​តែ​មាន​ប្រ‌យោជន៍​ដល់​បិតា​ទាំង​អស់។ គាត់​បាន​ប្រថុយ​ជីវិត ទៅ​វាយ​ពួក​ភីលី‌ស្ទីន ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​មាន​ជ័យ‌ជម្នះ​យ៉ាង​ធំ សម្រាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បិតា​ក៏​បាន​ឃើញ ហើយ​មាន​អំណរ​ដែរ ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ធ្វើ​បាប​នឹង​ឈាម​ដែល​ឥត​មាន​ទោស ដោយ​សម្លាប់​គាត់​ឥត​ហេតុ​ដូច្នេះ​ធ្វើ​អី?» ស្ដេច​សូល​ក៏​ស្តាប់​តាម​ពាក្យ​យ៉ូណា‌ថាន ហើយ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា៖ «ដាវីឌ​មិន​ត្រូវ​ស្លាប់​ទេ»។ ដូច្នេះ យ៉ូណា‌ថាន​ហៅ​ដាវីឌ​មក ប្រាប់​សេចក្ដី​ទាំង​នោះ​ដល់​លោក ក៏​នាំ​ដាវីឌ​ទៅ​ជួប​ស្ដេច​សូល រួច​លោក​នៅ​ចំពោះ​ទ្រង់ ដូច​កាល​ពី​ដើម​វិញ។ សម័យ​នោះ កើត​មាន​ចម្បាំង​ម្តង​ទៀត ហើយ​ដាវីឌ​ក៏​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន ប្រហារ​សម្លាប់​ជីវិត​គេ​យ៉ាង​សម្បើម គេ​ក៏​រត់​ពី​មុខ​លោក​ទៅ។ រីឯ​កាល​សូល​កំពុង​តែ​គង់​ក្នុង​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត នោះ​វិញ្ញាណ​អាក្រក់​ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ទ្រង់ ឯ​ដាវីឌ លោក​កំពុង​តែ​លេង​ភ្លេង ស្រាប់​តែ​ស្ដេច​សូល​រក​ពួយ​ដាវីឌ​ភ្ជាប់​នឹង​ជញ្ជាំង ដោយ​ដែក​ពួយ តែ​លោក​គេច​ផុត​ចេញ​ពី​ចំពោះ​សូល​ទាន់ ហើយ​ដែក​ពួយ​នោះ​ត្រូវ​ជញ្ជាំង​វិញ ដូច្នេះ ដាវីឌ​ក៏​រត់​រួច​នៅ​យប់​នោះ​ឯង។ ស្ដេច​សូល​បាន​ចាត់​គេ​ឲ្យ​ទៅ​ផ្ទះ​ដាវីឌ ដើម្បី​ចាំ​យាម ហើយ​សម្លាប់​លោក​នៅ​ពេល​ព្រឹក។ តែ​មីកាល ជា​ប្រពន្ធ​ដាវីឌ ប្រាប់​លោក​ថា៖ «បើ​អ្នក​មិន​រត់​ទៅ​ឲ្យ​រួច​ជីវិត​នៅ​វេលា​យប់​នេះ​ទេ ថ្ងៃ​ស្អែក​អ្នក​នឹង​ត្រូវ​ស្លាប់​ហើយ»។ ដូច្នេះ មីកាល​បាន​សម្រូត​ដាវីឌ​ចុះ​តាម​បង្អួច ហើយ​លោក​ក៏​រត់​ចេញ​រួច។ នាង​មីកាល​យក​រូប​ព្រះ មួយ​ទៅ​ផ្តេក​នៅ​លើ​គ្រែ ហើយ​យក​ខ្នើយ​រោម​ពពែ​ដាក់​កើយ​ក្បាល ព្រម​ទាំង​ដណ្តប់​ផួយ​ផង ពេល​ស្ដេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ចាប់​ដាវីឌ នោះ​នាង​ប្រាប់​ថា៖ «លោក​ឈឺ»។ បន្ទាប់​មក ស្ដេច​សូល​ចាត់​គេ​ឲ្យ​ទៅ​មើល​ដាវីឌ​ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​សែង​យក​វា​ទាំង​ដេក​នៅ​លើ​គ្រែមក ឲ្យ​យើង​សម្លាប់​វា​ចោល»។ ពេល​ពួក​នោះ​បាន​ទៅ​ដល់ ឃើញ​មាន​តែ​រូប​ព្រះ​ផ្តេក​នៅ​លើ​គ្រែ និង​ខ្នើយ​រោម​ពពែ ដាក់​កើយ​ក្បាល​ទេ។ ស្ដេច​សូល​សួរ​មីកាល​ថា៖ «ម្តេច​ក៏​ឯង​បញ្ឆោត​បិតា ហើយ​ទុក​ឲ្យ​សត្រូវ​រត់​រួច​ទៅ​ដូច្នេះ?» មីកាល​ទូល​ឆ្លើយ​ថា៖ «គាត់​បាន​កំហែង​ខ្ញុំ​ម្ចាស់​ថា "ចូរ​ឲ្យ​ខ្ញុំ​ទៅ ចង់​ឲ្យ​ខ្ញុំ​សម្លាប់​ឯង​ឬ?"» ដាវីឌ​បាន​រត់​រួច​ទៅ​ដល់​សាំយូ‌អែល​នៅ​ឯ​រ៉ាម៉ា ហើយ​ជម្រាប​ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​សូល​បាន​ធ្វើ​ដល់​ខ្លួន រួច​លោក និង​សាំយូ‌អែល​ក៏​នាំ​គ្នា​ទៅ​នៅ​ឯ​ណា‌យ៉ូត។ មាន​គេ​ទូល​ដល់​ស្ដេច​សូល​ថា៖ «ដាវីឌ​នៅឯ​ណា‌យ៉ូត នៅ​ស្រុក​រ៉ាម៉ា»។ ពេល​នោះ ស្ដេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ចាប់ តែ​កាល​គេ​ឃើញ​ពួក​ហោរា​កំពុង​តែ​ទាយ និង​សាំយូ‌អែល​ឈរ​ធ្វើ​ជា​មេ​លើ​គេ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក៏​មក​សណ្ឋិត​លើ​ពួក​អ្នក​ដែល​សូល​ចាត់​ឲ្យ​ទៅ​នោះ ហើយ​គេ​ក៏​ថ្លែងទំនាយ​ដែរ។ កាល​ដំណឹង​នោះ​បាន​ឮ​ទៅ​ដល់​ស្ដេច​សូល ទ្រង់​ចាត់​មួយ​ពួក​ទៀត​ឲ្យ​ទៅ តែ​អ្នក​ទាំង​នោះ​ក៏​ថ្លែងទំនាយ​ដែរ ស្ដេច​សូល​ចាត់​មនុស្ស​ឲ្យ​ទៅ​ជា​គម្រប់​បី​ដង តែ​គេ​ថ្លែងទំនាយ​ដូច​គ្នា​ទាំង​អស់។ ពេល​នោះ ទ្រង់​ក៏​យាង​ទៅ​ឯ​រ៉ាម៉ា ដោយ​អង្គ​ទ្រង់​ផ្ទាល់ កាល​បាន​ទៅ​ដល់​អណ្តូង​មួយ​នៅ​ត្រង់​សេគូវ ទ្រង់​សួរ​គេ​ថា៖ «តើ​សាំយូ‌អែល និង​ដាវីឌ​នៅ​ឯ​ណា?» គេ​ឆ្លើយ​ថា៖ «លោក​នៅ​ឯ​ណា‌យ៉ូត ក្នុង​ស្រុក​រ៉ាម៉ា» ទ្រង់​ក៏​យាង​ទៅ​ឯ​ណា‌យ៉ូត ស្រុក​រ៉ាម៉ា​នោះ ស្រាប់​តែ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក៏​មក​សណ្ឋិត​លើ​ទ្រង់ ហើយ​ទ្រង់​យាង​ទៅ​ទាំង​ថ្លែងទំនាយ​បណ្តើរ រហូត​ដល់​ណា‌យ៉ូត​នៅ​ស្រុក​រ៉ាម៉ា។ ទ្រង់​ដោះ​ព្រះ‌ពស្ត្រ​ចេញ ហើយ​ក៏​ថ្លែងទំនាយ​នៅ​មុខ​សាំយូ‌អែល រួច​ដេក​អាក្រាត​នៅ​ដី​ពេញ​មួយ​ថ្ងៃ​មួយ​យប់ ហេតុ​នោះ​បាន​ជា​គេ​សួរ​ថា៖ «តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ?»។

១ សាំយូអែល 19:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​សូល​បាន​ប្រាប់​សម្ដេច​យ៉ូណា‌ថាន​ជា​បុត្រ ព្រម​ទាំង​នាម៉ឺន​មន្ត្រី ពី​បំណង​ដែល​ស្ដេច​ចង់​សម្លាប់​លោក​ដាវីឌ។ ប៉ុន្តែ សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ​របស់​ព្រះ‌បាទ​សូល ស្រឡាញ់​លោក​ដាវីឌ​ណាស់។ សម្ដេច​យ៉ូណា‌ថាន​នាំ​ដំណឹង​ទៅ​ប្រាប់​លោក​ដាវីឌ​ថា៖ «ព្រះ‌បាទ​សូល ជា​បិតា​របស់​ខ្ញុំ មាន​បំណង​ចង់​សម្លាប់​លោក​ប្អូន។ ដូច្នេះ ព្រឹក​ស្អែក​នេះ ចូរ​ប្រុង​ប្រយ័ត្ន ហើយ​រក​កន្លែង​លាក់​ខ្លួន​ទៅ។ ខ្ញុំ​នឹង​ចេញ​មក ហើយ​ឈរ​ជា​មួយ​បិតា​របស់​ខ្ញុំ ជិត​ចម្ការ​ដែល​លោក​ប្អូន​លាក់​ខ្លួន។ ខ្ញុំ​នឹង​ទូល​បិតា​អំពី​រឿង​លោក​ប្អូន ពេល​ណា​ខ្ញុំ​ដឹង​ពី​គោល​បំណង​របស់​បិតា​ហើយ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​លោក​ប្អូន​ដឹង​ដែរ»។ សម្ដេច​យ៉ូណា‌ថាន​ទូល​ព្រះ‌បាទ​សូល ជា​បិតា អំពី​គុណ​សម្បត្តិ​របស់​លោក​ដាវីឌ​ថា៖ «សូម​បិតា​កុំ​ធ្វើ​បាប​លោក​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ឡើយ ដ្បិត​គេ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​បិតា​ទេ ផ្ទុយ​ទៅ​វិញ ស្នា‌ដៃ​អស្ចារ្យ​ដែល​ដាវីឌ​ធ្វើ សុទ្ធ​តែ​មាន​ផល​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​បិតា។ ដាវីឌ​បាន​ប្រថុយ​ជីវិត​ទៅ​សម្លាប់​ជន​ភីលីស្ទីន គឺ​នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​បាន​ប្រោស​ប្រទាន​ជ័យ‌ជម្នះ​ដ៏​ធំ‌ធេង​បំផុត​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ដូច​បិតា​បាន​ទត​ឃើញ និង​សប្បាយ​ព្រះ‌ហឫទ័យ​ស្រាប់​ហើយ។ ហេតុ​អ្វី​បាន​ជា​បិតា​ចង់​ប្រព្រឹត្ត​អំពើ​បាប ដោយ​បង្ហូរ​ឈាម​មនុស្ស​ម្នាក់​ដែល​គ្មាន​ទោសពៃរ៍ គឺ​ចង់​សម្លាប់​ដាវីឌ ដោយ​គ្មាន​មូល​ហេតុ​ដូច្នេះ?»។ ព្រះ‌បាទ​សូល​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​សម្ដេច​យ៉ូណា‌ថាន ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «បិតា​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ដាវីឌ​មិន​ត្រូវ​ស្លាប់​ឡើយ!»។ បន្ទាប់​មក សម្ដេច​យ៉ូណា‌ថាន​ទៅ​ហៅ​លោក​ដាវីឌ​មក ហើយ​រៀប​រាប់​សេចក្ដី​ទាំង​នោះ​ប្រាប់​លោក រួច​នាំ​លោក​ចូល​មក​គាល់​ព្រះ‌បាទ​សូល។ លោក​ដាវីឌ​ក៏​នៅ​បម្រើ​ព្រះ‌បាទ​សូល​ដូច​ពី​មុន។ សង្គ្រាម​ចេះ​តែ​កើត​មាន​ត​ទៅ​មុខ​ទៀត។ លោក​ដាវីឌ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ​យ៉ាង​ធ្ងន់ ហើយ​បាក់​ទ័ព​រត់​ចំពោះ​មុខ​លោក។ ថ្ងៃ​មួយ ព្រះ‌បាទ​សូល​កំពុង​គង់​នៅ​ក្នុង​ដំណាក់ ទាំង​កាន់​លំពែង​ផង។ ពេល​នោះ មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះ‌អម្ចាស់​មក​ចូល​ស្ដេច ក្នុង​ពេល​លោក​ដាវីឌ​កំពុង​តែ​លេង​ពិណ។ រំពេច​នោះ ព្រះ‌បាទ​សូល​ចង់​ប្រហារ​លោក​ដាវីឌ ដោយ​គប់​លំពែង​ភ្ជាប់​លោក​ទៅ​នឹង​ជញ្ជាំង តែ​លោក​ដាវីឌ​គេច​ផុត ហើយ​លំពែង​នោះ​ដោត​ជាប់​នឹង​ជញ្ជាំង។ លោក​ដាវីឌ​រត់​គេច​ខ្លួន​នៅ​យប់​នោះ។ ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​ទៅ​ផ្ទះ​លោក​ដាវីឌ ឃ្លាំ​ចាំ​សម្លាប់​លោក​នៅ​ពេល​ព្រឹក។ ប៉ុន្តែ ព្រះ‌នាង​មិកាល់​ជា​ភរិយា ជម្រាប​លោក​ថា៖ «បើ​សិន​ជា​បង​មិន​រត់​នៅ​យប់​នេះ​ទេ ស្អែក បង​មុខ​ជា​ស្លាប់​មិន​ខាន»។ ព្រះ‌នាង​សម្រូត​លោក​ចុះ​តាម​បង្អួច ហើយ​លោក​រត់​គេច​ខ្លួន ដើម្បី​ឲ្យ​រួច​ជីវិត។ បន្ទាប់​មក ព្រះ‌នាង​មិកាល់​យក​រូប​បដិមា​មួយ​មក​ដាក់​លើ​គ្រែ ព្រម​ទាំង​យក​ស្បែក​ពពែ​មក​ដាក់​លើ​ខ្នើយ និង​យក​ភួយ​មក​ដណ្ដប់​ឲ្យ​ផង។ នៅ​ពេល​ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​ទៅ​ចាប់​លោក​ដាវីឌ​នោះ ព្រះ‌នាង​មិកាល់​ប្រាប់​ថា៖ «លោក​ឈឺ»។ ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​វិល​ទៅ​រក​លោក​ដាវីឌ​វិញ ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​សែង​ទាំង​គ្រែ នាំ​គេ​យក​មក ដើម្បី​ឲ្យ​យើង​សម្លាប់​ចោល!»។ ពួក​ទាហាន​វិល​ទៅ​វិញ ហើយ​ឃើញ​តែ​រូប​បដិមា​នៅ​លើ​គ្រែ និង​ស្បែក​ពពែ​នៅ​លើ​ខ្នើយ។ ព្រះ‌បាទ​សូល​សួរ​ព្រះ‌នាង​មិកាល់​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​បញ្ឆោត​បិតា​បែប​នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ទុក​ឲ្យ​សត្រូវ​របស់​បិតា​រត់​រួច?»។ ព្រះ‌នាង​មិកាល់​ទូល​ថា៖ «គឺ​គាត់​ទេ​តើ​ដែល​ប្រាប់​ខ្ញុំ​ម្ចាស់​ថា “ទុក​ឲ្យ​អញ​ទៅ​ចុះ! បើ​មិន​ដូច្នោះ​ទេ អញ​នឹង​សម្លាប់​ឯង​ចោល”»។ ពេល​នោះ លោក​ដាវីឌ​រត់​គេច​ខ្លួន ទៅ​ជ្រក​ជា​មួយ​លោក​សាំយូ‌អែល​នៅ​ភូមិ​រ៉ាម៉ា ហើយ​រៀប​រាប់​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​សូល​បាន​ប្រព្រឹត្ត​ចំពោះ​រូប​លោក។ បន្ទាប់​មក លោក​ទាំង​ពីរ​នាំ​គ្នា​ទៅ​នៅ​កន្លែង​មួយ ឈ្មោះ​ណា‌យ៉ូត។ មាន​គេ​ទូល​ព្រះ‌បាទ​សូល​ថា លោក​ដាវីឌ​ទៅ​នៅ​ណា‌យ៉ូត ជិត​ភូមិ​រ៉ាម៉ា។ ព្រះ‌បាទ​សូល​ចាត់​ទាហាន​ឲ្យ​ទៅ​ចាប់​លោក​ដាវីឌ។ កាល​ពួក​គេ​ទៅ​ដល់ ឃើញ​ក្រុម​ព្យាការី​ដែល​មាន​លោក​សាំយូ‌អែល​ជា​អ្នក​នាំ​មុខ កំពុង​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​សណ្ឋិត​លើ​ទាហាន​ទាំង​នោះ ធ្វើ​ឲ្យ​ពួក​គេ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ដែរ។ មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ទូល​ព្រះ‌បាទ​សូល ស្ដេច​ក៏​ចាត់​ទាហាន​មួយ​ក្រុម​ទៀត​ឲ្យ​ទៅ ប៉ុន្តែ ពួក​គេ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ដែរ។ ព្រះ‌បាទ​សូល​ចាត់​ក្រុម​ទី​បី​ឲ្យ​ទៅ តែ​ពួក​នេះ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ ដូច​ពួក​មុនៗ។ ដូច្នេះ ព្រះ‌បាទ​សូល​ក៏​យាង​ទៅ​ភូមិ​រ៉ាម៉ា​ដោយ​ផ្ទាល់។ កាល​ទៅ​ដល់​ស្រះ​ធំ នៅ​ភូមិ​សេគូវ ស្ដេច​សួរ​គេ​ថា៖ «តើ​លោក​សាំយូ‌អែល និង​ដាវីឌ​នៅ​ឯ​ណា?»។ គេ​ទូល​ថា៖ «លោក​នៅ​ឯ​ណា‌យ៉ូត ជិត​ភូមិ​រ៉ាម៉ា»។ ស្ដេច​ក៏​យាង​ទៅ​ទី​នោះ។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​មក​សណ្ឋិត​លើ​ស្ដេច ហើយ​ស្ដេច​យាង​រហូត​ដល់​ណា‌យ៉ូត នៅ​ភូមិ​រ៉ាម៉ា ទាំង​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ។ ស្ដេច​ដោះ​ព្រះ‌ភូសា​ចេញ​ដូច​គេ​ឯង​ដែរ ហើយ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ នៅ​ចំពោះ​មុខ​លោក​សាំយូ‌អែល។ ស្ដេច​ដួល​ដេក ទាំង​អាក្រាត នៅ​លើ​ដី​ពេញ​មួយ​ថ្ងៃ​មួយ​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​ស្លោក​ថា៖ «តើ​ព្រះ‌បាទ​សូល​ចូល​ក្រុម​ព្យាការី​ដែរ​ឬ?»។

១ សាំយូអែល 19:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះសូល​ទ្រង់​បង្គាប់​ដល់​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់ នឹង​ពួក​មហា‌តលិក​ទាំង​ប៉ុន្មាន ឲ្យ​សំឡាប់​ដាវីឌ​ចោល តែ​យ៉ូណា‌ថាន​ជា​បុត្រា​សូល លោក​មាន​ចិត្ត​ស្រឡាញ់​ដាវីឌ​ណាស់ បាន​ជា​លោក​ប្រាប់​ដល់​ដាវីឌ​ថា សូល​ជា​បិតា​ខ្ញុំ​រក​សំឡាប់​អ្នក ដូច្នេះ ដល់​ព្រឹក​ឡើង សូម​ឲ្យ​អ្នក​ប្រយ័ត​ខ្លួន ត្រូវ​ឲ្យ​ពួន​នៅ​ក្នុង​ទី​សំងាត់​ណា​មួយ​ទៅ នោះ​ខ្ញុំ​នឹង​ចេញ​ទៅ​ឈរ​ជា​មួយ​នឹង​បិតា​ខ្ញុំ​ក្នុង​វាល​ជិត​កន្លែង​ណា​ដែល​អ្នក​ពួន​នោះ រួច​ខ្ញុំ​នឹង​ស្នើ​ការ​ពី​ដំណើរ​អ្នក​ចំពោះ​បិតា​ខ្ញុំ បើ​ខ្ញុំ​ឃើញ​ហេតុ​ជា​យ៉ាង​ណា នោះ​ខ្ញុំ​នឹង​ប្រាប់​ដល់​អ្នក ដូច្នេះ យ៉ូណា‌ថាន​ក៏​ដំណាល​សេចក្ដី​យ៉ាង​ល្អ​ពី​ដំណើរ​ដាវីឌ ទូល​ដល់​សូល​ជា​បិតា​ថា សូម​កុំ​ឲ្យ​បិតា​ធ្វើ​បាប​ដល់​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ឡើយ ដ្បិត​គាត់​មិន​បាន​ធ្វើ​ខុស​នឹង​បិតា​ទេ ហើយ​ការ​ដែល​គាត់​ធ្វើ​សោត​នោះ​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​បិតា​ទាំង​អស់​ផង គាត់​បាន​ប្រថុយ​ជីវិត ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ឲ្យ​មាន​ជ័យ‌ជំនះ​ជា​ធំ ដល់​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា បិតា​ក៏​បាន​ឃើញ ហើយ​មាន​សេចក្ដី​អំណរ​ដែរ ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ធ្វើ​បាប​នឹង​ឈាម​ដែល​ឥត​មាន​ទោស​វិញ ដោយ​សំឡាប់​គាត់​ឥត​ហេតុ​ដូច្នេះ​ធ្វើ​អី នោះ​សូល​ទ្រង់​ក៏​ស្តាប់​តាម​ពាក្យ​យ៉ូណា‌ថាន ព្រម​ទាំង​ចេញ​វាចា​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា វា​មិន​ត្រូវ​ស្លាប់​ទេ រួច​មក​យ៉ូណា‌ថាន​ហៅ​ដាវីឌ​មក ប្រាប់​សេចក្ដី​ទាំង​នោះ​ដល់​លោក ក៏​នាំ​ដាវីឌ​ទៅ​ឯ​សូល រួច​លោក​នៅ​ចំពោះ​ទ្រង់ ដូច​កាល​ពី​ដើម​វិញ។ សម័យ​នោះ កើត​មាន​ចំបាំង​ម្តង​ទៀត ហើយ​ដាវីឌ​ក៏​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន ប្រហារ​សំឡាប់​ជីវិត​គេ​យ៉ាង​សំបើម គេ​ក៏​រត់​ពី​មុខ​លោក​ទៅ។ រីឯ​កាល​សូល​កំពុង​តែ​គង់​ក្នុង​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត នោះ​វិញ្ញាណ​អាក្រក់​ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ទ្រង់ ឯ​ដាវីឌ លោក​កំពុង​តែ​លេង​ភ្លេង ស្រាប់​តែ​សូល​ទ្រង់​រក​ពួយ​ដាវីឌ​ភ្ជាប់​នឹង​ជញ្ជាំង ដោយ​ដែក​ពួយ ដែល​លោក​គេច​ផុត​ចេញ​ពី​ចំពោះ​សូល​ទាន់ ហើយ​ដែក​ពួយ​នោះ​ត្រូវ​ជញ្ជាំង​វិញ ដូច្នេះដាវីឌ​ក៏​រត់​រួច​នៅ​យប់​នោះ​ឯង ឯ​សូល​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​ផ្ទះ​ដាវីឌ​ដើម្បី​នឹង​ចាំ​យាម ហើយ​នឹង​សំឡាប់​លោក​ដល់​ព្រឹក​ឡើង តែ​មីកាល ជា​ប្រពន្ធ​ដាវីឌ ប្រាប់​លោក​ថា បើ​អ្នក​មិន​រត់​ទៅ​ឲ្យ​រួច​ជីវិត​នៅ​វេលា​យប់​នេះ​ទេ នោះ​ស្អែក​ឡើង អ្នក​នឹង​ត្រូវ​ស្លាប់​ហើយ ដូច្នេះមីកាល​បាន​សំរូត​បញ្ចុះ​ដាវីឌ​តាម​បង្អួច​ទៅ ហើយ​លោក​ក៏​រត់​ចេញ​រួច ឯ​មីកាល​នាង​យក​រូប​១​ទៅ​ផ្តេក​នៅ​លើ​គ្រែ ហើយ​យក​ខ្នើយ​រោម​ពពែ​ដាក់​កើយ​ក្បាល ព្រម​ទាំង​ដណ្តប់​ផួយ​ផង លុះ​កាល​សូល​ទ្រង់​ចាត់​គេ ឲ្យ​ទៅ​ចាប់​ដាវីឌ នោះ​នាង​ប្រាប់​ថា លោក​ឈឺ រួច​សូល​ទ្រង់​ចាត់​គេ ឲ្យ​ទៅ​មើល​ដាវីឌ​ដោយ​ប្រាប់​ថា ចូរ​សែង​នាំ​យក​វា​ទាំង​ដេក​នៅ​លើ​គ្រែ មក​ឲ្យ​អញ​បាន​សំឡាប់​ចេញ តែ​កាល​ពួក​នោះ​បាន​ទៅ​ដល់ នោះ​ឃើញ​មាន​តែ​រូប​ផ្តេក​នៅ​គ្រែ ហើយ​នឹង​ខ្នើយ​រោម​ពពែ ដាក់​កើយ​ក្បាល​ទេ ដូច្នេះសូល​ទ្រង់​សួរ​មីកាល​ថា ម្តេច​ក៏​ឯង​បញ្ឆោត​អញ ហើយ​ទុក​ឲ្យ​សត្រូវ​អញ​រួច​ទៅ​ដូច្នេះ មីកាល​ទូល​ឆ្លើយ​ថា គាត់​បាន​កំហែង​ខ្ញុំ​ម្ចាស់​ថា ចូរ​ឲ្យ​អញ​ទៅ ចង់​ឲ្យ​អញ​សំឡាប់​ឯង​ឬ។ រីឯ​ដាវីឌ លោក​រត់​រួច​ទៅ​ដល់​សាំយូ‌អែល នៅ​ឯ​រ៉ាម៉ា ហើយ​ជំរាប​ពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​សូល​បាន​ធ្វើ​ដល់​ខ្លួន រួច​លោក នឹង​សាំយូ‌អែល​ក៏​នាំ​គ្នា​ទៅ​នៅ​ឯ​ណា‌យ៉ូត មាន​គេ​ទូល​ដល់​សូល​ថា មើល ដាវីឌ​នៅ​ត្រង់​ណា‌យ៉ូត​ដែល​នៅ​ស្រុក​រ៉ាម៉ា នោះ​សូល​ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ចាប់ តែ​កាល​គេ​ឃើញ​ពួក​ហោរា​កំពុង​តែ​ទាយ នឹង​សាំយូ‌អែល​ឈរ​ធ្វើ​ជា​មេ​លើ​គេ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ ទ្រង់​ក៏​មក​សណ្ឋិត​លើ​ពួក​អ្នក ដែល​សូល​ចាត់​ឲ្យ​ទៅ​នោះ ហើយ​គេ​ក៏​ទាយ​ដែរ កាល​ដំណឹង​នោះ​បាន​ឮ​ទៅ​ដល់​សូល នោះ​ទ្រង់​ចាត់​១​ពួក​ឲ្យ​ទៅ​ទៀត តែ​អ្នក​ទាំង​នោះ​ក៏​ទាយ​ដែរ សូល​ទ្រង់​ចាត់​ពួក​មនុស្ស​ឲ្យ​ទៅ​អស់​វារៈ​ជា​គំរប់​៣​ដង តែ​គេ​ទាយ​ដូច​គ្នា​ទាំង​អស់ ពេល​នោះទ្រង់​ក៏​យាង​ទៅ​ឯ​រ៉ាម៉ា ដោយ​ព្រះ‌អង្គ​ទ្រង់​វិញ កាល​បាន​ដល់​ទៅ​អណ្តូង​១​នៅ​ត្រង់​សេគូវ នោះ​ទ្រង់​សួរ​គេ​ថា តើ​សាំយូ‌អែលនឹង​ដាវីឌ​នៅ​ឯ​ណា គេ​ឆ្លើយ​ថា លោក​នៅ​ឯ​ណា‌យ៉ូត ក្នុង​ស្រុក​រ៉ាម៉ា ទ្រង់​ក៏​យាង​ទៅ​ឯ​ណា‌យ៉ូត​ស្រុក​រ៉ាម៉ា​នោះ ស្រាប់​តែ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក៏​មក​សណ្ឋិត​លើ​ទ្រង់ ហើយ​ទ្រង់​យាង​ទៅ​ទាំង​ទាយ​បណ្តើរ​រហូត​ដល់​ណា‌យ៉ូត​នៅ​ស្រុក​រ៉ាម៉ា ទ្រង់​ដោះ​ព្រះ‌ពស្ត្រ​ចេញ ហើយ​ក៏​ទាយ​នៅ​មុខ​សាំយូ‌អែល រួច​ដេក​អាក្រាត​នៅ​ដី​ពេញ​១​ថ្ងៃ​១​យប់​នោះ ហេតុ​នោះ​បាន​ជា​គេ​សួរ​ថា តើ​សូល​ជា​ពួក​ហោរា​ដែរ​ឬ​អី។